សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសថ្នាក់ដឹកនាំនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន២១នាក់ ដាក់ពន្ធនាគារ ៥ ឆ្នាំ និង ១០ ឆ្នាំ ប៉ុន្តែមនុស្សមួយចំនួន តុលាការឱ្យអនុវត្តទោស៣ឆ្នាំ៨ខែ ហើយទោសដែលនៅសល់ព្យួរ ក្នុងបទចោទ «ញុះញង់ និងរួមគំនិតក្បត់» នៅព្រឹកថ្ងៃទី១៧ ខែមីនា។សាច់ញាតិជនជាប់ឃុំបានប្រតិកម្មនឹងការសម្រេចក្ដីនេះថា អយុត្តិធម៌មិនអាចទទួលយកបានឡើយ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានឡើងអានសាលក្រមនៅចំពោះមុខជនជាប់ឃុំដោយផ្ដន្ទាទោសសកម្មជនគណបក្សប្រឆាំង១៣នាក់ មានជាអាទិ៍ លោក កែវ ថៃ លោក ស៊ុន ធន់ លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក យឹម សារ៉េត លោកថៃ គន្ធា លោក ជុំ ចាន់ លោក ពៀត ម៉ាប់ ជាដើម ដាក់ពន្ធនាគារម្នាក់ ៥ឆ្នាំ ប៉ុន្តែឱ្យអនុវត្តទោសពន្ធនាគាររយៈពេល ៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ព្យួរ។ តាមរយៈសាលក្រមនេះ សកម្មជននយោបាយទាំង ១៣នាក់ នឹងត្រូវជាប់ឃុំរហូតដល់ក្រោយការបោះឆ្នោតតំណាងរាស្ត្រ ២០២៣ ខាងមុខ។
រីឯសកម្មជនបក្សប្រឆាំងម្នាក់ទៀត គឺលោក ហ៊ិន ឆាន តុលាការផ្ដន្ទាទោស ៥ ឆ្នាំដែរ តែព្យួរទោសទាំងអស់។ សកម្មជនគណបក្សសង្គ្រោះជាតិទាំង១៤នាក់នេះ ត្រូវបានតុលាការផ្ដន្ទាទោសពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទរួមគំនិតក្បត់» ដោយតុលាការទម្លាក់ចោលបទចោទ «ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់» លើពួកគេ។
ចំណែកថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន៧នាក់ទៀតរួមមាន លោក សម រង្ស៊ី អ្នកស្រី មួរ សុខហួរ លោក អេង ឆៃអ៊ាង និងមនុស្សមួយចំនួនទៀត តុលាការបានកាត់ក្ដីកំបាំងមុខដោយផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់១០ឆ្នាំ ក្នុងបទចោទចំនួន៣ គឺញុះញង់ រួមគំនិតក្បត់ និងញុះញង់មិនឱ្យយោធិនស្តាប់បង្គាប់ ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ ២០១៩ និងយុទ្ធនាការបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេសកាលពីឆ្នាំ២០១៨។ តុលាការបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំងទាំងនោះមកអនុវត្តន៍ទោសនៅកម្ពុជា។
ភ្លាមៗក្រោយពេលប្រកាសសាលក្រមមន្ត្រីបក្សសង្រ្គោះជាតិទាំងនោះបានបដិសេធនៅចំពោះមុខអង្គជំនុំជម្រះថា ការចោទប្រកាន់ និងផ្ដន្ទាទោសនេះ គឺជារឿងអយុត្តិធម៌មិនអាចទទួលបាននោះទេ។ សមត្ថកិច្ចបានដឹកជនជាប់ចោទឃុំទាំងនោះទៅពន្ធនាគារព្រៃសវិញក្រោយពេលចប់ការប្រកាសសាលក្រមនៅព្រឹកថ្ងៃដដែល។
ទោះជាយ៉ាងណា មេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំងលោក សំ សុគង់ មានប្រសាសន៍ថា ក្រុមមេធាវីខកចិត្តនឹងការសម្រេចរបស់តុលាការដែលបានកាត់ក្ដីមិនឈរលើគោលការណ៍ច្បាប់។ លោកបញ្ជាក់ថា អង្គហេតុ និងភស្តុតាងដែលតំណាងអយ្យការបានចោទប្រកាន់មកលើកូនក្ដីរបស់លោកនោះ គឺមិនមែនជាបទល្មើសក្នុងតាមមាត្រាដែលតុលាការបានចោទប្រកាន់នោះទេ៖ «ខ្ញុំយល់ថា សកម្មភាពរបស់ពួកគាត់ គឺគ្រាន់តែជាការបញ្ចេញមតិដែលនៅក្នុងប្រទេសប្រជាធិបតេយ្យការបញ្ចេញមតិ គឺជាសិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ។ ហើយនៅក្នុងប្រទេសប្រជាធិបតេយ្យហ្នឹងក៏ការបញ្ចេញមតិ បែបលក្ខណៈសមស្របហើយក្រុមប្រឆាំងហ្នឹងតែងតែមានការផ្ទុយគ្នា។ អីចឹងការបញ្ចេញមតិបែបស្ថាបនានេះគួរតែធានានិងការពារដោយច្បាប់ ក៏ដូចជាធានានិងការពារដោយរដ្ឋាភិបាលផងដែរ » ។
លោកបន្តថា កូនក្ដីបានស្នើសុំឱ្យមេធាវីប្ដឹងឧទ្ធរណ៍បន្តទៀត ដើម្បីឱ្យតុលាការជាន់ខ្ពស់មួយនេះពិនិត្យឡើងវិញពីសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ហើយលោកនឹងរៀបចំដាក់បណ្ដឹងក្នុងពេលឆាប់ៗ។
ដូចលើកមុនៗដែរ សវនាការនេះមានការចូលរួមឃ្លាំមើលពីតំណាងទូតសហភាពអឺរ៉ុប សហរដ្ឋអាមេរិក តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្រុមអង្គការសង្គមស៊ីវិល និងសាច់ញាតិរបស់ជនជាប់ចោទជាច្រើននាក់។
ចំណែកនៅខាងក្រៅរបងតុលាការវិញ អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងជាច្រើននាក់ និងបានបង្ក្រាបដោយហិង្សាលើក្រុមស្ត្រីថ្ងៃសុក្រនិងក្រុមគ្រួសាររបស់មន្ត្រីបក្សប្រឆាំង ដែលកំពុងឃ្លាំមើលនៅមុខតុលាការបណ្ដាលឱ្យស្ត្រី៤នាក់របួសរលាត់ដៃនិងជើងក្នុងនោះស្ត្រីម្នាក់របួសធ្ងន់ហូរឈាមបាតដៃខាងឆ្វេង។
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិលោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ដែលបានឃ្លាំមើលនៅមុខតុលាការថ្លែងថា សេចក្ដីសម្រេចរបស់តុលាការនេះជារឿងអយុត្តិធម៌ និងជាការធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ដែលមាននិន្នាការផ្ទុយពីបក្សកាន់អំណាច។ លោកស្រីបញ្ជាក់ថា ប្ដីរបស់លោកស្រីនិងសកម្មជនដទៃទៀតមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់ឡើយ៖ «និយាយទៅតុលាការជាតុលាការអាយ៉ងជាតុលាការដែលកាត់ក្ដីឱ្យអ្នកដែលស្នេហាជាតិ អ្នកដែលគ្មានកំហុសជាប់គុកជាប់ច្រវាក់អីចឹងគឺជារឿងអយុត្តិធម៌ខ្ញុំទទួលយកអត់បានទេខ្ញុំឈឺចាប់ណាស់។ គេចាប់គ្រួសារខ្ញុំឱ្យជាប់គុក៥ឆ្នាំ គាត់អត់មានកំហុសអីសោះ កាត់ទោសគាត់បែបហ្នឹងខ្ញុំជាគ្រួសារឈឺផងអីផង ជាមេគ្រួសារផងទៅរកស៊ីណាកើតទៅ បើជាប់៥ឆ្នាំឱ្យខ្ញុំធ្វើម៉េចទៅ » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៧ ខែមីនា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា សោកស្ដាយដែលតុលាការបានផ្ដន្ទាទោសលើជនជាប់ឃុំយ៉ាងធ្ងន់ធ្ងរ ដោយសារតែពួកគេបានប្រើសិទ្ធិសេរីភាពការសម្ដែងមតិដោយស្របច្បាប់នោះ។ លោកបញ្ជាក់ថា ការសម្រេចរបស់តុលាការនេះ នឹងមានការរិះគន់កាន់តែខ្លាំងពីសហគមន៍ជាតិនិងអន្តរជាតិមកលើរដ្ឋាភិបាលឯកបក្ស៖ «ចំពោះការសម្រេចរបស់តុលាការនេះនឹងមានការរិះគន់បន្តទៅទៀត ចំពោះស្ថាប័នយុត្តិធម៌ដែលគេមើលឃើញមិនមានភាពឯករាជ្យអំពីគណបក្សនយោបាយ។ ស្ថាប័នយុត្តិធម៌ដែលមិនផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ស្ថាប័នយុត្តិធម៌ដែលជាទីទុកចិត្តរបស់ប្រជាពលរដ្ឋជាទូទៅ ដែលមានទាំងនិន្នាការស្របនិងនិន្នាការប្រឆាំងនេះគឺថា នេះជារឿងមួយដែលយើងគួរតែឱ្យស្ដាយ។ហើយបន្តទៅថ្ងៃមុខទៀតនឹងរងការរិះគន់នូវប្រព័ន្ធយុត្តិធម៌កាន់តែខ្លាំង »។
កន្លងមកអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាច្រើនស្ថាប័នបានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ ចោលការចោទប្រកាន់និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ។
មន្ត្រីសង្គមស៊ីវិលលោក នី សុខា ជឿជាក់ថា ដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ មានតែមេដឹកនាំគណបក្សកាន់អំណាចងាកមកដើរតាមគន្លងប្រជាធិបតេយ្យ ហើយរកផ្លូវចរចាត្រូវរ៉ូវគ្នាជាមួយគណបក្សប្រឆាំង ដោយបើកឱ្យមានការចូលរួមប្រកួតប្រជែងការបោះឆ្នោត ប្រកបដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីបញ្ចប់វិបត្តិនយោបាយកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។