អាជ្ញាធរក្រុងភ្នំពេញដាក់កងកម្លាំងព័ទ្ធស្នាក់ការបក្សកម្លាំងជាតិ

0:00 / 0:00

សមត្ថកិច្ច​ចម្រុះ​ដាក់​កងកម្លាំង​ជាច្រើន​នាក់​ព័ទ្ធស្នាក់ការ​គណបក្ស​កម្លាំងជាតិ​នៅ​ភូមិ​ព្រែកតាឡុង១ សង្កាត់​ចាក់អង្រែក្រោមរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ២៥ ខែសីហា ដោយ​មិន​បញ្ជាក់​មូលហេតុ​អ្វី​ឡើយ។ មន្រ្តីបក្សកម្លាំងជាតិ និងមន្រ្តី​សិទ្ធិមនុស្ស​ចាត់ទុក​ករណី​នេះ​ថា​ជាការគំរាមកំហែង​បំបាក់​ស្មារតី​ដែល​ធ្វើឱ្យ​លំហ​សេរីភាព​នយោបាយ​នៅកម្ពុជា​កាន់តែ​រួមតូច។

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុអាស៊ីសេរី​ថា ​ថ្នាក់ដឹកនាំ​បក្ស​បាន​ប្រជុំ​សម្រេច និង​ប្រកាស​លើក​ពេល​សមាជ​វិសាមញ្ញ ពី​ថ្ងៃ​ទី២៥ ខែសីហា​ទៅ​រៀបចំ​នៅ​ពេល​ក្រោយ​រួចហើយ តាម​ស្មារតី​អង្គប្រជុំ​ពី​ភាគី​សាលារាជធានីភ្នំពេញ​កន្លងមក ក្នុង​គោល​បំណង​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ និងជៀស​វាង​ការប៉ះទង្គិច​ជាមួយ​អាជ្ញាធរ។ ប៉ុន្តែ​លោក​ភ្ញាក់​ផ្អើល​នៅ​ពេល​សមត្ថកិច្ចយក​នៅ​ថ្ងៃ​ទី២៥ ខែសីហា មក​ដាក់​កម្លាំង​ពង្រាយ​ច្រូងច្រាង នៅ​តាម​ផ្លូវ​មុខ​ទីស្នាក់ការ​បក្ស ស្ថិត​នៅ​សង្កាត់​ចាក់អង្រែក្រោម បើទោះបី​ជា​មន្រ្តី​របស់​គណបក្ស​បានលើកពេល​ធ្វើ​សមាជ​ហើយ​យ៉ាងណា​ក្តី។

លោក រ៉ុង ឈុន ថា​ការដាក់កងកម្លាំង​មានសមត្ថកិច្ច​នៅ​បរិវេណ​ជុំវិញ​ស្នាក់ការបក្ស​នេះ ហាក់​ជា​រូបភាព​នៃ​ការបំភិតបំភ័យ​ដល់​សកម្មជន និង​ប្រជាពលរដ្ឋ ព្រមទាំង​រឹតត្បិត​លើ​សកម្មភាព​របស់​គណបក្សប្រឆាំង​ដែល​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់។

លោក រ៉ុង ឈុន៖«គណបក្ស​បាន​ប្រកាស​ព័ត៌មាន​ហើយ​ថា​យើង​មិន​រៀបចំ​សមាជ​នៅ​ថ្ងៃ​ទី២៥ ខែសីហា នោះ​ទេ តែ​ព្រឹក​ឡើង​មាន​ការដាក់​កម្លាំង​ដាក់ពង្រាយ​អ៊ីចឹង ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​មែនទែន ហើយ​ជា​រូបភាព​មួយ​មិន​ល្អ​សម្រាប់សង្គម​យើង​ដែរ រូបភាព​អ៊ីចឹងៗ។ បើ​យើង​ពិនិត្យ​មើល​ស្ថានភាព​ដូច​ជា​មិន​មាន​អី​ទេ ហើយ​ថា​អ្នក​ដែល​មាន​បំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​អី បើ​ខ្ញុំ​មើល​ទៅ​គ្មាននរណា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​អី​ទេ គឺ​ពលរដ្ឋខ្មែរ​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា ដើម្បី​សុំ​ការបកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ ខែសីហា។

ការដាក់​កងកម្លាំង​ព័ទ្ធ​ស្នាក់ការបក្ស​កម្លាំងជាតិ​នេះ បន្ទាប់​ពី​សាលារាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២០ ខែសីហា បាន​ដាក់​កំហិត​ឱ្យ​គណបក្សកម្លាំងជាតិ​ពន្យារពេល​ធ្វើ​សមាជ នៅ​ថ្ងៃទី ២៥ ខែសីហា​ឲ្យ​ធ្វើ​នៅ​ក្រោយ​ថ្ងៃ​ទី៣០ ខែសីហា​វិញ។ បើទោះបីជា​ច្បាប់​ធានា​ចំពោះ​សេរីភាព​នៃ​ជួបជុំ​របស់​អង្គការ​សមាគម និង​គណក្សនយោបាយ​យ៉ាងណា សាលារាជធានីភ្នំពេញ​បាន​ព្រមាន​បង្ក្រាប​គណបក្សកម្លាំងជាតិ​បើ​នៅតែ​បន្ត​ធ្វើ​សមាជ​របស់​ខ្លួន។

ជុំវិញរឿងនេះ មន្រ្តី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក យី សុខសាន្ត លើកឡើង​ថា ​គណបក្សនយោបាយ​មាន​សិទ្ធិសេរីភាព​ក្នុង​ការជួបជុំ ឬ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដោយ​គ្មាន​ការរារាំង ឬ​ដាក់​កំហិត​អ្វី​ឡើយ ពីព្រោះ​សិទ្ធិ​ទាំងនោះ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោកយល់​ថា​ការពង្រាយ​កងកម្លាំង​មាន​សមត្ថកិច្ច​នៅ​ទីស្នាក់ការ​គណបក្ស​កម្លាំងជាតិ គឺ​អាជ្ញាធរ​ហាក់​បារម្ភ​ហួសហេតុ ដែល​បញ្ហា​នេះ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​មើលឃើញ​ថា ​លំហសេរីភាព​នៅ​កម្ពុជា​កំពុង​ដើរ​ថយក្រោយ​គួរ​ឱ្យ​ព្រួយបារម្ភ ហើយ​ជំរុញ​ដល់​ដ្ឋាភិបាល​ឱ្យ​បើក​លំហសិទ្ធិពលរដ្ឋ និង​នយោបាយ​ឡើងវិញ។

លោក យី សុខសាន្ត៖«វា​ជា​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ណាស់​ពាក់ព័ន្ធ​នឹង​សេរីភាព​របស់​​គណបក្សនយោបាយ​​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ មួយទៀត​ខ្ញុំ​យល់ថា​រដ្ឋាភិបាល​គួរតែ​បើក​លំហ​សេរីភាព​ទាំង​អង្គការ​សង្គមស៊ីវិស ក៏​ដូច​គណបក្សនយោបាយ បើ​មិន​អ៊ីចឹង​ទេ​​កម្ពុជា​យើង​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ស្ងាត់​ជ្រងំ​ដែលគ្មាន​អ្នកណា​មិន​ហ៊ានមក សូម្បីតែ​អ្នករកស៊ី​មិន​ហ៊ាន​មក​ស្រុក​យើង​ដែរ ដោយ​សារ​អី យើង​មើល​ជាក់ស្តែង​ហ្នឹង»។

អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​កម្លាំងជាតិ​មិនមែន​ជា​លើក​ទីមួយ​នោះទេ។ ជាក់ស្តែង​មន្រ្តី​គណបក្ស​នេះ​មួយចំនួន​ត្រូវចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ រួមមាន​ប្រធា​នគណបក្សលោក ស៊ុន ចន្ធី សមាជិក​បក្ស​លោក អ៊ុំ វីរៈរដ្ឋ និង​លោក គា វិសាស ជាដើម។ ចំណែក​មន្រ្តីសំខាន់​ផ្សេងទៀត​ត្រូវ​រង​ការគំរាមកំហែង តាមដាន​ពី​ដំណាក់​អាជ្ញាធរ​នៅ​រយៈពេល​ចុងក្រោយ​នេះ។

កាល​ពី​ថ្ងៃទី១២ ខែសីហា គណបក្ស​កម្លាំងជាតិ បាន​ដាក់​លិខិត​ជូនដំណឹង ទៅ​សាលារាជធានីភ្នំពេញ អំពី​ការជួបជុំ​គ្នា​ចំនួន​១ពាន់៥រយនាក់ ដើម្បី​ធ្វើ​សមាជវិសាមញ្ញ​នៅ​ទីលានប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី២៥ សីហាតែ​ត្រូវ​រដ្ឋបាល​រាជធានីភ្នំពេញ បដិសេធ​ដោយ​តម្រូវ​ឲ្យ​គណបក្សកម្លាំងជាតិ​រៀបចំ​ធ្វើ​សមាជ​នៅទីស្នាក់ការ​របស់​ខ្លួន។

លោក រ៉ុង ឈុន បញ្ជាក់​ថា​គណបក្ស​កម្លាំងជាតិ រក្សា​ជំហរ​ជួបជុំ​​គ្នា​ធ្វើសមាជ​ដដែល ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ចំពោះ​​ក្បាលម៉ាស៊ីដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​តាម​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃ​ក្នុង​របស់​គណបក្ស​ដែលបាន​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ។ ចំណែក​ពេលវេលា និង​ទីតាំង​ថ្នាក់ដឹកនាំ​បក្ស​នឹង​ប្រជុំ​សម្រេច​នៅ​ដើម​ខែកញ្ញា​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។