លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាក្នុងដំណើររបស់លោកទៅចិន។ ទោះបីជាយ៉ាងណា អ្នកវិភាគបារម្ភថា កម្ពុជាដឹកនាំដោយលោក ហ៊ុន សែន អាចលម្អៀងទៅរកប្រទេសចិន ដែលធ្វើឲ្យប្រទេសលោកខាងលិចមិនពេញចិត្ត ហើយកម្ពុជាអាចខាតបង់ប្រយោជន៍។
ភាគីចិន និងកម្ពុជាយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការកសាងជោគវាសនាចិនកម្ពុជារួមគ្នាតែមួយនាថ្ងៃអនាគត។
ភាគីចិន និងកម្ពុជា ក៏បានប្ដេជ្ញាការពារ គាំទ្រនយោបាយការទូតដល់គ្នាទៅវិញទៅមក និងបន្តរក្សាទំនាក់ទំនងក្នុងនាមជាមិត្តដែកថែប និងបង្កើនទំនាក់ទំនងល្អនឹងគ្នាឱ្យកាន់តែស៊ីជម្រៅ។
សេចក្ដីថ្លែងការណ៍រួមធ្វើឡើងនៅក្រុងប៉េកាំងនៅថ្ងៃទី១១ ខែកុម្ភៈ ស្ដីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជាចិនរបស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ភាគីកម្ពុជា និងចិន ប្រកាសថា ទោះបីជាស្ថានភាពនៃប្រទេសអន្តរជាតិផ្លាស់ប្ដូរដល់កម្រិតណាក្ដី ក៏ភាគីទាំងពីរនៅតែបន្តទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅឥតងាករេ ដើម្បីផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ក្រៅពីនេះ ភាគីកម្ពុជា និងចិនក៏បានឯកភាពគ្នាបង្កើតកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ត្បូងពេជ្រ ដែលផ្ដោតសំខាន់លើវិស័យ កិច្ចសហប្រតិបត្តិការនយោបាយ ការទូត សមត្ថភាពផលិត កសិកម្ម ថាមពល សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន ជាដើម។
ភាគីកម្ពុជា និងចិន ក៏បានឯកភាពក្នុងការពន្លឿន និងអនុវត្តគម្រោងនៃកិច្ចសហប្រតិបត្តិការជំរុញឱ្យមានការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ ប្រព័ន្ធធារាសាស្ត្រ និងគម្រោងនានានៅតាមទីជនបរទេសនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍រួមដដែល ឱ្យដឹងទៀតថា ភាគីកម្ពុជា និងក៏បានឯកភាពគ្នាបង្កើនទំនាក់ទំនងលើវិស័យយោធាគ្រប់លំដាប់ថ្នាក់ ដោយចាប់យកសក្ដានុពលតាមរយៈការពង្រឹងការផ្លាស់ប្ដូរកងកម្លាំងរវាងកម្ពុជាចិន ក្នុងការធ្វើសមយុទ្ធ ការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលយោធា និងភស្តុភារកម្មក្នុងកិច្ចការពារសន្តិសុខពហុភាគី។ ទោះបីជាយ៉ាងណា ក្រសួងមិនបានបញ្ជាក់ពីមូលហេតុដែលលោក ហ៊ុន សែនដឹកដៃកូនប្រុសលោកគឺ លោក ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី ទៅជួបមេដឹកនាំកំពូលចិននៅឡើយទេ។ អ្នកវិភាគសង្ស័យថា លោក ហ៊ុន សែន អាចសុំឲ្យចិនគាំទ្រ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីជំនួសលោក។
ពាក់ព័ន្ធដំណើររបស់លោក ហ៊ុន សែន ទៅចិននេះដែរ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ថា បើកម្ពុជាប្រឹងប្រែងកសាងទំនាក់ទំនងក្របខ័ណ្ឌផ្នែកវិស័យយោធាជាមួយតែប្រទេសចិនកាន់តែស៊ីជម្រៅ ហើយកម្ពុជាគ្មានកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយបណ្ដាប្រទេសលោកខាងលិចនោះ ទោះកម្ពុជាប្រឹងប្រកាសថា ខ្លួនប្រកាន់ជំហរអព្យាក្រឹត្យយ៉ាងណា ក៏សហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា កម្ពុជាហាក់លម្អៀងទៅរកចិនដែរ។
លោក ឯម សុវណ្ណារ៉ា៖«ទំនាក់ទំនងទ្វេភាគីកម្ពុជាចិន យើងឃើញថា ដាក់សហគមន៍រួមគ្នា វាល្អពាក្យ។ ប៉ុន្តែសូមឱ្យការដាក់ពាក្យស្លោករួមគ្នាឱ្យវាបានផលទាំងពីរប្រទេស កុំឱ្យប្រទេសមួយបានផលច្រើនជាង។ ចំណុចមួយទៀតខ្ញុំជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ខិតខំយ៉ាងណា ធ្វើឱ្យទំនាក់ទំនង លោកខាងលិចសហរដ្ឋអាមេរិក ឬសហគមន៍អឺរ៉ុបជាដើមឱ្យមានភាពល្អូកល្អិន ឬល្អដូចទំនាក់ទំនងកម្ពុជាជាមួយចិន»។
ក្នុងដំណើរទៅចិនកម្ពុជាទទួលបានប្រាក់ជំនួយឥតសំណងពីមិត្តដែកថែបរបស់ប្រមាណ ៤៥លានដុល្លារ លើគម្រោងផ្លូវដែក និងផ្លូវល្បឿនក្នុងពេលលោកបំពេញទស្សនកិច្ចនៅចិន។ ក្រៅពីនេះ កម្ពុជា និងចិនចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសំខាន់ៗចំនួន១២រួមមាន កិច្ចព្រមព្រៀងស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការកសាងសហគមន៍វាសនារួមកម្ពុជាចិន អនុវត្តគម្រោងអភិវឌ្ឍសាកលវិទ្យាល័យក្រចេះដោយជំនួយឥតសំណងចិន ផែនសកម្មភាពស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤ លក្ខខណ្ឌតម្រូវចត្ដាឡីស័ក និងអនាម័យសម្រាប់នាំចេញសត្វរស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ ក្រៅពីនេះ ភាគីទាំងពីរចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ការទទួលនូវទឹកប្រាក់ជួយឥតសំណងរបស់ចិនប្រមាណ ៤៤លានដុល្លារ និងកិច្ចព្រមព្រៀងស្ដីពីគម្រោងជំនួយឥតសំណងរបស់ចិនលើអនុវត្តគម្រោងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធនានានៅកម្ពុជា។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី មានប្រសាសន៍ថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ទៅប្រទេសចិនគឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ ពោលគឺលោក ហ៊ុន សែន បានទាំងជំនួយ និងបានដឹកដៃកូនប្រុសរបស់ខ្លួនដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបង្កើតភាពស្និទ្ធស្នាលជាមួយមេដឹកនាំចិនកុម្មុយនីស្ត។
លោក សេង សារី៖«ប៉ុន្តែ ការងាកទៅរកចិនខ្លាំងមិនគិតអំពីតុល្យភាពនៃទំនាក់ទំនងការបរទេស រវាងមហាអំណាចចិនជាមួយមហាអំណាចដទៃទៀតនេះ អាចនឹងនាំកម្ពុជាផុងខ្លួនទៅក្នុងស្ថានភាពមួយត្រូវបានអន្តរជាតិមើលឃើញថា កម្ពុជាចាប់យកប្រទេសមហាអំណាចម្ខាងដោយ ប្រឡែងមហាអំណាចម្ខាងទៀត ជាពិសេសមហាអំណាចខាងប្រជាធិបតេយ្យ»។
បណ្ឌិត សេង សារី បន្ថែមទៀតថា បញ្ហាកម្ពុជាតែងទៅពឹងពាក់តាមរយៈទទួលជំនួយ ឬកម្ចីពីចិននេះ គឺជារឿងគួរឱ្យព្រួយបារម្ភ ប្រសិនរដ្ឋាភិបាលកម្ពុជាប្រើលុយទាំងនោះគ្មានតម្លាភាព និងមិនចំគោលដៅសម្រាប់ការអភិវឌ្ឍជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។