ពលរដ្ឋ​រាប់​រយ​នាក់​នៅ​ក្រុង​ប៉ោយប៉ែត​​មិន​អាច​ទៅ​ចុះ​បោះឆ្នោត​បាន

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ នា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រាប់​រយ​នាក់ មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ដោយសារ​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មេភូមិ​​ដែល​ពួកគាត់​រស់​នៅ​មិន​ចេញ​លិខិត​បញ្ជាក់​សៀវភៅ​ស្នាក់​នៅ​​ជូន​ពួកគាត់។ ប៉ុន្តែ​មេ​ភូមិ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​ដែល​ពុំ​បាន​​​​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ប៉ោយប៉ែត ប្រមាណ ៤០​នាក់ ដោយ​​​​អ្នក​ខ្លះ​មាន​កាន់​ឯកសារ​មក​ជា​មួយ​ផង​នោះ បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​​ផ្ទះ​របស់​អ្នក​ភូមិ​មួយ​កន្លែង ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​អូរ​ព្រំដែន​កម្ពុជា-​ថៃ ហើយ​បាន​រៀបរាប់​ប្រាប់​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ថា ពួកគាត់​មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​នោះ​ទេ។

អ្នក​ភូមិ​បញ្ជាក់​ថា មូលហេតុ​ដែល​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ ដោយសារ​ប៉ូលិស​សង្កាត់​ប៉ោយប៉ែត​ និង​មេភូមិ​ទំនប់កប្រាំ សង្កាត់​នេះ មិន​ព្រម​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ជូន​ពួកគាត់៖ «អាជ្ញាធរ​អត់​ធ្វើ​លិខិត​ស្នាម​ឲ្យ​ពួក​ខ្ញុំ​ទេ តើ​ឲ្យ​ខ្ញុំ​ទៅ​រំពឹង​អ្នក​ណា? ពួក​ខ្ញុំ​ជា​ពលរដ្ឋ​ក្រីក្រ​រក​បាន​ព្រឹក​ខ្លះ​ល្ងាច​គ្មាន​លទ្ធភាព​ធ្វើ​លិខិត​ស្នាម​ទេ។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ដែរ ហេតុ​អី​បាន​ជា​ខ្ញុំ​ចុះឈ្មោះ​បោះឆ្នោត​មិន​បាន​ដូច​គេ? ព្រឹក​មិញ​ខ្ញុំ​បញ្ជាក់​ពី​ប៉ូលិស​គាត់​ដេញ​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​ពី​មេ​ភូមិ ប៉ុន្តែ​មេ​ភូមិ​មិន​ធ្វើ​លិខិត​បញ្ជាក់​សៀវភៅ​ស្នាក់​នៅ​ឲ្យ​ខ្ញុំ​ទេ»

ពលរដ្ឋ​ដែល​បាន​យក​ឯកសារ​មក​បង្ហាញ​នៅ​កន្លែង​ជួប​ជុំ​គ្នា​នោះ ឃើញ​មាន​ឈ្មោះ​អ្នក​ដែល​មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ភូមិ​ទំនប់កប្រាំ សង្កាត់​ប៉ោយប៉ែត ប្រមាណ ១០០​នាក់។ ក្នុង​នោះ​អ្នក​ខ្លះ​មក​តាំង​ទីលំនៅ​ប្រមាណ​ពី​ ៥​ខែ ទៅ ១៥​ឆ្នាំ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ មេ​ភូមិ​ទំនប់កប្រាំ លោក ឈុន ស្រ៊ាង មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​ចេតនា​គេចវេះ​រឿង​ការ​បញ្ជាក់​សៀវភៅ​ស្នាក់​របស់​ប្រជាពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ លោក​អះអាង​ថា រហូត​មក​​លោក​យក​ចិត្ត​ទុកដាក់​ធ្វើ​ការងារ​នេះ​ជូន​ពលរដ្ឋ​ជា​ប្រចាំ៖ «ខ្ញុំ​មិន​ដែល​ប្រើ​ភាសា​បែប​នេះ​ជាមួយ​ប្រជាពលរដ្ឋ​ទេ​ កុំ​និយាយ​បង្ខូច​ឈ្មោះ​ខ្ញុំ​អី។ ជា​ទូទៅ​ខ្ញុំ​ឲ្យ​ប្រជាពលរដ្ឋ​មក​ធ្វើ​លិខិត​ស្នាម គឺ​ខ្ញុំ​ធ្វើ​ឲ្យ​ពួកគាត់​មិន​ដែល​គិត​រឿង​លុយ​កាក់​ទេ ហើយ​ថែម​ទាំង​ប្រាប់​ពួកគាត់​ប្រញាប់​មក​យក​ទៀត»

​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត​ គណបក្ស សម រង្ស៊ី លោក ចៅ វាសនា មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត ដែល​​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​ឆ្នោត​មាន​ប្រមាណ ២​ពាន់​នាក់។ លោក​បញ្ជាក់​ថា​ ពលរដ្ឋ​ទាំង​នោះ​ជួប​ការ​លំបាក ដោយសារ​អាជ្ញាធរ​សង្កាត់​បង្ក​ការ​លំបាក​ទៅ​លើ​ការ​​​ធ្វើ​លិខិតស្នាម​ជូន​ពួកគាត់៖ «សួរ​ទៅ​ខាង​ណា​ក៏​ឆ្លើយ​មូលហេតុ​អ៊ីចេះ​មូលហេតុ​អ៊ីចុះ រហូត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធុញ​ទ្រាន់ ហើយ​ក៏​​សម្រេច​ចិត្ត​បោះបង់​​ធ្វើ​ឯកសារ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ»

​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​ និង​តស៊ូ​មតិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា បញ្ជាក់​ថា ករណី​ដែល​អាជ្ញាធរ​មិន​បាន​​បញ្ជាក់​ឯកសារ​ជូន​ពលរដ្ឋ​ដើម្បី​យក​​ទៅ​ចុះឈ្មោះ​បោះឆ្នោត​​ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ៖ «ដើម្បី​ជា​ដំណោះ​ស្រាយ​ក្នុង​ករណី​នេះ​ អាជ្ញាធរ​គួរ​សម្របសម្រួល​ធ្វើ​ណា​ឲ្យ​ពលរដ្ឋ​ធ្វើ​លិខិត​បញ្ជាក់​ផ្សេងៗ​បាន ដើម្បី​ពួកគាត់​យក​ទៅ​តាម​បំពេញ​លក្ខខណ្ឌ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន»

ច្បាប់​បោះឆ្នោត​មាត្រា​ទី​៤៦ សម្រាប់​ការ​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ចែង​ថា ដើម្បី​បោះ​ឆ្នោត​បាន​ ពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ជា មាន​សញ្ជាតិ​ខ្មែរ​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​បោះឆ្នោត​មាន​ទីលំនៅ​ឋាន ឬ​ទីសំណាក់​ក្នុង​ឃុំ​សង្កាត់​ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ​ ឬ​មិន​ត្រូវ​ដក​សិទ្ធិ​បោះឆ្នោត ពុំ​មែន​ជា​ជន​វិកលចរិត ឬ​ស្ថិត​ក្រោម​អាណាព្យាបាល​ទូទៅ ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។