រដ្ឋាភិបាល​សរសើរ​កង​កម្លាំង​នគរបាល​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​ក្រោយ​បោះ​ឆ្នោត

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​កោត​សរសើរ​ចំពោះ​កង​កម្លាំង​នគរបាល​ជាតិ ដែល​លោក​អះអាង​ថា បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ កាល​ពី​ពេល​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​ថ្លែង​របស់ លោក ស ខេង ដូច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៦ ឧសភា។

ជោគជ័យ​នៃ​ការ​ថែ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​នៅ​ក្រោយ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ឆ្នាំ​២០១៣ និង​ការ​គ្រប់គ្រង​សន្តិសុខ​នៅ​ឆ្នាំ​២០១៤ គឺ​ជា​សមិទ្ធផល​សំខាន់​បំផុត​មួយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើក​ឡើង​នៅ​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា។

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ប្រមាណ ៥០០​នាក់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​នគរបាល​ជាតិ​ជាន់​ខ្ពស់ មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មន្ត្រី​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​អភិបាល​ខេត្ត​នានា លោក ស ខេង បាន​សម្ដែង​ការ​លើក​ទឹក​ចិត្ត និង​កោត​សរសើរ​ចំពោះ​កង​កម្លាំង​នគរបាល​ជាតិ ដែល​លោក​អះអាង​ថា ពួក​គេ​បាន​កសាង​គុណ​សម្បត្តិ​យ៉ាង​ធំធេង ក្នុង​ការ​ដោះស្រាយ​សភាពការណ៍​ទប់ស្កាត់ និង​បញ្ចៀស​បាន​នូវ​សកម្មភាព​បង្ក​មហន្តរាយ​ដល់​សង្គម ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជ្រុល​និយម​ក្នុង​បំណង​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

ការ​ថ្លែង​របស់ លោក ស ខេង ដូច​នេះ គឺ​នៅ​បន្ទាប់​ពី​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ឡើង​ថ្លែង​ប្រាប់​អ្នក​ចូលរួម​អំពី​សមិទ្ធផល​នានា​ដែល​កង​កម្លាំង​នគរបាល​ជាតិ សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៤ ក្នុង​នោះ​រួម​មាន ការ​រក្សា​សណ្ដាប់ធ្នាប់​នៅ​ក្រោយ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ និង​ការ​បង្ក្រាប​ទៅ​លើ​បទល្មើស​ជាច្រើន​ផ្សេង​ទៀត ដូចជា​ការ​ជួញ​ដូរ​គ្រឿង​ញៀន ការ​ជួញ​ដូរ​មនុស្ស និង​ផ្លូវ​ភេទ ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​បញ្ហា​ក្មេង​ទំនើង ជាដើម។

លោក ស ខេង ក៏​បាន​បញ្ជាក់​ប្រាប់​អ្នក​ចូលរួម​ដែរ​ថា ការ​រក្សា​សន្តិសុខ​ជាតិ គឺ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា កំណត់​ថា​ជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ និង​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល។ លោក ស ខេង ណែនាំ​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​បន្ត​ចូលរួម​ថែ​រក្សា​សណ្ដាប់ធ្នាប់​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត៖ «សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​រក្សា​បាន​រឹងមាំ​នូវ​ខឿន​សន្តិសុខ​ជាតិ បង្កើត​បាន​នូវ​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយ​ចីរភាព»

បច្ចុប្បន្ន កម្ពុជា មាន​កង​កម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស​ប្រមាណ​ជាង ៥​ម៉ឺន ៨​ពាន់​នាក់ ហើយ​ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ទី​៨​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ធ​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍​នៃ​ការ​បង្កើត​កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា។

ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​លិខិត​ជូន​ពរ​ទៅ​កាន់​កង​កម្លាំង​នគរបាល​ជាតិ បាន​ថ្លែង​ថា នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ និង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ​២០១៤ កង​កម្លាំង​នគរបាល​ជាតិ​បាន​ប្រឈម​មុខ​រែកពុន​ភារកិច្ច​ជាច្រើន ក្នុង​ការ​គ្រប់គ្រង​សភាពការណ៍​សង្គម ដើម្បី​បញ្ចៀស​នូវ​មហន្តរាយ​ដល់​សន្តិសុខ​ជាតិ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​ធានា​ប្រក្រតី​ភាព​ជីវភាព​សង្គម។

ទោះ​ជា​យ៉ាង​ណា ការ​អនុវត្ត​ការងារ​របស់​កង​កម្លាំង​នគរបាល​ជាតិ​កន្លង​មក ជាពិសេស​ការ​បង្ក្រាប​របស់​នគរបាល​ទៅ​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ ការ​បង្ក្រាប​លើ​កម្មករ​ទាមទារ​ប្រាក់​ខែ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង និង​ការ​រំលោភ​បំពាន​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ សម្ដែង​ការ​រិះគន់ និង​ថ្កោលទោស​យ៉ាង​ខ្លាំង។

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ខួប​អនុស្សាវរីយ៍​ទី​៧០ នៃ​ការ​បង្កើត​កង​កម្លាំង​នគរបាល​ជាតិ​នោះ ក្រៅ​តែ​ពី​ថ្លែង​លើក​ទឹក​ចិត្ត និង​កោត​សរសើរ​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​កង​កម្លាំង​នគរបាល​ជាតិ លោក ស ខេង និង​លោក នេត សាវឿន មិន​បាន​លើក​ឡើង​ពី​កំហុស​ឆ្គង​របស់​កង​កម្លាំង​នគរបាល​ជាតិ ក្នុង​ការ​អនុវត្ត​ការងារ​នា​ពេល​កន្លង​មក​នោះ​ឡើយ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត កត់​សម្គាល់​ថា ក្រៅ​តែ​ពី​លើក​ឡើង​អំពី​សមិទ្ធផល​នានា​ដែល​កង​កម្លាំង​នគរបាល​សម្រេច​បាន រដ្ឋាភិបាល​ក៏​គួរ​លើក​ឡើង​អំពី​កំហុស​ឆ្គង និង​ចំណុច​អវិជ្ជមាន​ដែល​បាន​អនុវត្ត​កន្លង​មក ដើម្បី​យក​មក​សិក្សា​កែលំអ​កុំ​ឲ្យ​កំហុស​ឆ្គង​កើត​ឡើង​ជា​ថ្មី​ទៀត​ក្នុង​ពេល​ខាង​មុខ៖ «សង្គម​ស៊ីវិល​យើង​តែង​តែ​លើក​ឡើង​ជា​ហូរហែ​ហើយ​ថា នៅ​ដើម​ឆ្នាំ​២០១៤ យើង​ឃើញ​ថា​មាន​ការ​ប្រើប្រាស់​កង​កម្លាំង​យ៉ាង​ច្រើន​ហួស​ហេតុ ក្នុង​ការ​បង្ក្រាប​លើ​កម្មករ​កម្មការិនី ឬ​ក៏​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុកម្ម​ដោយ​សន្តិវិធី ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​នាក់ និង​មាន​ការ​ចាប់​ចង​ជា​បន្តបន្ទាប់ អា​ហ្នឹង​ក៏​ជា​ចំណុច​អវិជ្ជមាន​មួយ​ដែល​គេ​មើល​ឃើញ​ថា កង​កម្លាំង​នគរបាល​ជាតិ​វា​ហាក់​បី​ដូចជា​មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​ដែល​កាន់​អំណាច»

លោក អំ សំអាត ថ្លែង​ដែរ​ថា ការ​មិន​លើក​ឡើង​នូវ​កំហុស​ឆ្គង និង​ចំណុច​អវិជ្ជមាន​ការងារ​របស់​កង​កម្លាំង​នគរបាល​ជាតិ អាច​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ការ​អនុវត្ត​ការងារ​របស់​ពួក​គេ​ក្នុង​ពេល​ខាង​មុខ។ លើស​ពី​នេះ លោក​ថា វា​ក៏​អាច​ជា​ការ​លើក​ទឹក​ចិត្ត​ធ្វើ​ឲ្យ​មាន​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ចំពោះ​កម្លាំង​នគរបាល​នៅ​កម្ពុជា ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។