នគរបាលខេត្តពោធិ៍សាត់​ចាប់​ខ្លួន​យុវជន ៣នាក់ នៅ​ខេត្តពោធិ៍សាត់ រឿង CLV

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ទី១៦ ខែសីហា បាន​ចោទ​ប្រកាន់​យុវជន​ម្នាក់ ឈ្មោះ «ធា ធីវ» អាយុ ២២ឆ្នាំ អំពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​ចលាចល​សង្គម ក្រោយ​ពេល​យុវជន​រូប​នេះ បាន​ចេញ​វីដេអូ​អំពាវនាវ​ដល់​មហាជន​ឱ្យ​ចូលរួម​ធ្វើ​បាតុកម្ម ប្រឆាំង​គម្រោង​អភិវឌ្ឍន៍ នៅ​តំបន់​ត្រីកោណ រវាង​កម្ពុជា ឡាវ និង​វៀតណាម CLV។ យុវជន​រូប​នេះ ជា​កសិករ មាន​កម្រិត​វប្បធម៌​ថ្នាក់​ទី៩ ថ្មី រស់នៅ​ក្នុង​ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រៅពី​យុវជន «ធា ធីវ» ដែល​ត្រូវ​បាន​ចាប់​ខ្លួន សមត្ថកិច្ច​ខេត្តពោធិ៍សាត់ ក៏​បាន​ឃាត់​ខ្លួន​យុវជន ២នាក់​ផ្សេង​ទៀត នៅ​ស្រុកវាលវែង តែ​មិន​បាន​បញ្ជាក់​ឈ្មោះ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពី​បទ​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ និង​ញុះញង់​បង្ក​ចលាចល​សង្គម ចង់​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​ទទូច​ដល់​រដ្ឋាភិបាល ឲ្យ​គិត​គូរ​ដល់​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ។

លោក អំ សំអាត៖«ជា​តួ​លេខ យើងឃើញមានប្រមាណជាង១០នាក់ហើយដែលត្រូវបានចាប់ខ្លួន។ អ៊ីចឹង យើង​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស មាន​ការ​ព្រួយ​បារម្ភ​ណាស់ ចំពោះ​ការ​ចាប់​ខ្លួន​ចុង​ក្រោយ​នេះ។ យើង​ទទូច​ដល់​អ្នក​នយោបាយ​ទាំង​អស់ តម្កល់​ឧត្ដម​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ ហើយ​យើង​មើល​ឃើញ​ថា រាល់​បញ្ហា​កើត​ឡើង គឺ​ពលរដ្ឋ​ទេ ជា​ជន​រងគ្រោះ។ ហេតុ​នេះ រដ្ឋាភិបាល​ត្រូវ​គិតគូរ​ពី​ផល​ប្រយោជន៍​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ជា​ធំ»។

ក្រោយ​ពី​មាន​ក្រុម​តេឡេក្រាម​មួយ​ឈ្មោះ «រួបរួម​ដើម្បី​ជាតិ» ប្រកាស​គ្រោង​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី១៨ ខែសីហា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត​ទាំង​អស់ ត្រូវ​ទប់ស្កាត់​មិន​ឱ្យ​មាន​ការ​ជួបជុំ ឬ​ការ​ធ្វើ​ដំណើរ​ជា​ក្រុមៗ មក​រាជធានី​ភ្នំពេញ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។