ប៉ូលិសបញ្ជូនមន្ត្រីគណបក្សភ្លើងទៀន ៦នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ កញ្ញា ដើម្បីសាកសួរបន្តពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃប្រជាពលរដ្ឋបង្កើតគណបក្សថ្មី។ សាច់ញាតិចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
សាច់ញាតិមន្ត្រីគណបក្សភ្លើងទៀនដែលសមត្ថកិច្ចចាប់ខ្លួននៅខេត្តបន្ទាយមានជ័យលើកឡើងថា មន្ត្រីបក្សប្រឆាំងទាំង៦នាក់នោះមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ ដូច្នេះតុលាការគួរតែដោះលែងពួកគេឱ្យមានសេរីភាពវិញ។
ប្រពន្ធលោក ស៊ិន វត្ថា ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ គឺលោកស្រី សួន សោមាលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ កញ្ញាថា ប៉ូលិសបានបញ្ជូនប្ដីរបស់លោកស្រីនិងសកម្មជនបក្សភ្លើងទៀន៥នាក់ទៀតទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ ដើម្បីសាកសួរបន្តពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃប្រជាពលរដ្ឋបង្កើតគណបក្សថ្មី។ លោកស្រីចាត់ទុកការបន្តឃុំខ្លួនប្ដីលោកស្រីនេះថា ជារឿងអយុត្តិធម៌និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
លោកស្រី សួន សោមាលី៖ «ចុះចង់និយាយថាអត់បានធ្វើអីខុសផងដល់ពេលចាប់ខ្លួនគាត់ទៅអីចឹង។ព្រោះស្នាមមេដៃការបង្កើតគណបក្សនឹងខាងថ្នាក់លើគេឱ្យយើងបង្កើតហើយ គេអោយយើងបង្កើតហើយអីហើយយើងស្មានតែវាស្របហើយ ខ្ញុំឆ្ងល់ដែរ ម៉េចបានខុសច្បាប់រឿងអី ? ។ ខ្ញុំសុំឱ្យរដ្ឋាភិបាលឬក៏អ្នកខាងលើមានអំណាចអីសូមឱ្យដោះលែងគាត់ទាំង៦នាក់នឹងវិញមកព្រោះពួកគាត់មិនបានទៅធ្វើអ្វីខុសនោះទេ » ។
មន្ត្រីគណបក្សប្រឆាំង ដែលតុលាការបន្តសាកសួរនេះភាគច្រើនជាថ្នាក់ដឹកនាំបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ រួមមាន លោក ស៊ិន វត្ថា លោក ទេព សម្បត្តិ វឌ្ឍនោ លោក ឡុង ឡាវី លោក ទួត វាសនា និងមនុស្សមួយចំនួនទៀត។ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី៨ និងទី៩ ខែកញ្ញា ហើយមកដល់រសៀលថ្ងៃទី១២ កញ្ញា មិនទាន់ដោះលែងនៅឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោករឿន លីណា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១២កញ្ញា។
ទោះជាយ៉ាងណាក្ដី អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអនុញ្ញាតឱ្យបង្កើតគណបក្សបញ្ញាទំនើប តបតាមការស្នើសុំរបស់តំណាងស្ថាបនិកគណបក្សនេះគឺ លោក អ៊ឹម សូនិត ដែលជាអតីតប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ។លិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ថា ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល ក្នុងរយៈពេល ១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ។ គណបក្សបញ្ញាទំនើបត្រូវរៀបចំ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ ថ្មី មាត្រា១៩ ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើការចាប់ខ្លួននេះដោយសារតែមន្ត្រីបក្សប្រឆាំងទាំងនោះចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីបង្កើតគណបក្សថ្មី គឺជារឿងមិនត្រឹមត្រូវឡើយ។ លោកបញ្ជាក់ថា ការចូលរួមក្នុងជីវភាពនយោបាយ គឺជាសិទ្ធសេរីភាពរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។
លោក អំ សំអាត៖ «ហើយត្រូវចោទប្រកាន់ជាបទល្មើសអាហ្នឹងវាជារឿងមួយមិនសមស្របហើយវាទៅជាគេចោទប្រកាន់ទៅជារឿងនយោបាយអីទៅវិញ។ ហើយមួយទៀតយើងឃើញថា បញ្ហាស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាយើងតាំងពីមុនបោះឆ្នោតមកក៏មានស្ថានភាពមួយមិនសូវល្អដែរ ជាពិសេសដែលគេមើលទៅលើលំហសេរីភាពនយោបាយ ហើយសហគមន៍អន្តរជាតិមានការរិះគន់ ហើយក៏មានការស្នើសុំឱ្យបើកទូលាយទាក់ទងទៅនឹងលំហសេរីភាព លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សហ្នឹង » ។
រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មជនក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយណាពីប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ចំណែកច្បាប់ស្ដីពីគណបក្សនយោបាយមាត្រា៩ ចែងថា ប្រជាពលរដ្ឋខ្មែរយ៉ាងតិច ៨០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមានទីលំនៅអចិន្ត្រៃយ៍នៅកម្ពុជាមានសិទ្ធបង្កើតគណបក្សនយោបាយមួយបាន ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ។ ដោយឡែក មាត្រា១៩ នៃច្បាប់ដដែលនេះចែងថា ដើម្បីទទួលបានសុពលភាព គណបក្សនយោបាយត្រូវសុំចុះបញ្ជីគណបក្សនយោបាយ ដោយត្រូវមានសមាជិកយ៉ាងតិច ៤ពាន់ (៤.០០០) នាក់ មកពីតាមបណ្ដាខេត្តក្រុងមួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។