អាជ្ញាធររបបក្រុងភ្នំពេញកាលពីថ្ងៃទី១៤ វិច្ឆិកា បានយកដីកាកោះហៅ មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៦៨នាក់បន្ថែមទៀត ដើម្បីចូលរួមសវនាការ ជំនុំជម្រះនៅថ្ងៃទី២៦ វិច្ឆិកា ខាងមុខនេះពីបទ« រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ដែលបានប្រព្រឹត្តិកាលពីក្នុងអំឡុងឆ្នាំ២០១៩។
តុលាការក្រុងភ្នំពេញ កាលពីខែតុលា បានកោះហៅមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ចំនួន ៩រូបរួមទាំង ប្រធានស្ដីទីបក្សប្រឆាំង លោក សម រង្ស៊ី ផង ឲ្យចូលបំភ្លឺនៅមុខសាលាដំបូង ក្រុងភ្នំពេញនៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុងសំណុំរឿង រួមគំនិតក្បត់។
ដីកាកោះហៅមន្ត្រី បក្សសង្គ្រោះជាតិ ទាំងពីរលើកនេះត្រូវបានអាជ្ញាធរក្រុងភ្នំពេញយកទៅបិទនៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ដែលមានទីតាំងក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានចាត់ទុកដីកា កោះហៅរបស់តុលាការក្រុងភ្នំពេញថា ជារឿងកំប្លែង និងមានលក្ខណៈជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
លោកថា ដីកាកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិភាគច្រើន គឺជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ហើយបើតាមច្បាប់តុលាការ គួរតែផ្ដល់លិខិតនេះដល់ដៃនៅតាមផ្ទះរបស់សាមីខ្លួន នីមួយៗ មិនត្រូវយកទៅបិទនៅទីស្នាក់ការ គណបក្សដែលកំពុងជាប់បម្រាមរបស់តុលាការនោះទេ៖ « គេកោះហៅហ្នឹងគឺអ្នកហ្នឹងខ្មែរនៅក្រៅប្រទេស គាត់អត់មានអាសយដ្ឋាន នៅក្នុងប្រទេសកម្ពុជាទេ គាត់រស់នៅក្រៅប្រទេស។អញ្ចឹងប្រសិន បើតុលាការធ្វើតាមនីតិវិធីច្បាប់ គេត្រូវតែឱ្យអាជ្ញាធរ ទាក់ទងជាមួយ បណ្ដាប្រទេសដែលថា អ្នកទាំងអស់ហ្នឹងរស់នៅ បើថារឿងហ្នឹងជារឿងឧក្រិដ្ឋកម្ម »
ពាក់ព័ន្ធសំណុំរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១០ វិច្ឆិកា បានយកលិខិត ស្នើសុំសុពលភាពលិខិតឆ្លងដែន ទៅដាក់នៅស្ថានទូតខ្មែរប្រចាំទីក្រុង វ៉ាស៊ីតោនឌីស៊ី (Washington DC) ប៉ុន្តែមិនមានមន្ត្រីទូត ណាម្នាក់ចេញមកទទួលឡើយ ហើយចុងក្រោយមន្ត្រីបក្សប្រឆាំងបានត្រឹមតែដាក់លិខិតនៅក្នុងប្រអប់សំបុត្ររបស់ស្ថានទូតប៉ុណ្ណោះ។
មន្ត្រីបក្សប្រឆាំងចាត់ទុកថា ទង្វើបែបនេះជាការរើសអើង ធ្វើការបម្រើបក្សកាន់អំណាច ជាជាងបម្រើប្រយោជន៍ពលរដ្ឋខ្មែរទូទៅ។
ក្នុងលិខិតនោះបានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈស្ថានទូតខ្មែរ ឱ្យផ្ដល់សុពលភាព លិខិតឆ្លងដែន ដល់មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ១១រូបដែលត្រូវក្រសួងការបរទេសបញ្ឈប់សុពលភាព កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជាបានលុបចោលសុពលភាពលិខិតឆ្លងដែនមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ១២នាក់ បច្ចុប្បន្នមាន ១១នាក់កំពុងនិរទេសខ្លួននៅក្រៅប្រទេស និងម្នាក់កំពុងស្ថិតក្នុងប្រទេស។ នៅក្នុងខែវិច្ឆិកាដដែលនោះ ក្រសួងការបរទេសក៏បានលុបចោលសុពលភាពលិខិតឆ្លងដែនសកម្មជនចំនួន ២៧នាក់ផ្សេងទៀត៕