គណបក្សនយោបាយមួយចំនួនអះអាងថា ពួកគេបានត្រៀមរួចរាល់ហើយ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃ ដើម្បីទទួលបានគាំទ្រពីម្ចាស់ឆ្នោត សម្រាប់ប្រកួតប្រជែងដណ្ដើមយកអាសនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ មន្ត្រីសង្គមស៊ីវិលអំពាវនាវដល់អាជ្ញាធរ និង គ.ជ.ប ត្រូវបង្កបរិយាកាសល្អដល់គ្រប់គណបក្សនយោបាយ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅចុងសប្ដាហ៍នេះ។
គណបក្សនយោបាយមួយចំនួនដែលបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ លើកឡើងថា ពួកគេបានត្រៀមផែនការសកម្មភាព និងសម្ភារៈ ថវិកា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួចជាស្រេចហើយ ពីព្រោះការឃោសនារកសំឡេងឆ្នោតនេះ គឺចំណុចមួយដ៏សំខាន់ ដែលអាចគណបក្សនយោបាយកើនប្រជាប្រិយភាព។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា គណបក្សប្រជាជនកម្ពុជាមានបទពិសោធគ្រប់គ្រាន់ក្នុងការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតស្របតាមគោលការណ៍ច្បាប់ និងគោលនយោបាយឃុំសង្កាត់របស់គណបក្សសម្រាប់ឆ្នាំ២០២២ ដល់ ២០២៧ ដោយផ្ដោតលើគ្រប់វិស័យ រួមមានប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ លោកបញ្ជាក់ថា គណបក្សបានដាក់ចេញនូវសកម្មភាព ដូចជាការហែក្បួនចំនួនពីរដង គឺថ្ងៃចាប់ផ្ដើម និងថ្ងៃចុងបញ្ចប់នៃយុទ្ធនាការត្រៀមវាគ្មិនចូលរួមជាមួយ គ.ជ.ប និងអង្គការក្រៅរដ្ឋាភិបាល ហើយមានវីដេអូសម្រាប់ចាក់តាមប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងណែនាំដល់សកម្មជននៅតាមមូលដ្ឋានរៀបចំតុបតែងទីស្នាក់ការ និងចែកសៀវភៅកម្មវិធីនយោបាយបក្សដែរ៖ «ឆ្លងកាត់រយៈពេលដែលយើងដឹកនាំប្រទេសហ្នឹង គឺថាវាជួបនឹងបញ្ហាអីនៅនៅមូលដ្ឋាន ហើយយើងលើកបញ្ហាហ្នឹង ដើម្បីបង្ហាញប្រជាពលរដ្ឋម្ចាស់ឆ្នោតឱ្យមើលឃើញអំពីការរីកចម្រើន ការជឿនលឿនគោលនយោបាយ កម្មវិធីនយោបាយគណបក្ស និងតាមរយៈការអនុវត្តកម្មវិធីកន្លងទៅនេះតើហុចលទ្ធផលផ្លែផ្កាយ៉ាងមិចខ្លះ»។
ចំណែកអនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថ្លែងថា ទោះបីសកម្មជនរបស់លោកទទួលរងការគំរាមកំហែងស្ទើរគ្រប់រូបភាពពីសំណាក់អាជ្ញាធរយ៉ាងណាក្ដី ក៏ពួកគេនៅតែប្ដេជ្ញាចិត្តមោះមុតចូលរួមការបោះឆ្នោត និងធ្វើយុទ្ធនាការឃោសនាគោលនយោបាយអាទិភាពចំនួន ៧ចំណុចដើម្បីមានឱកាសការពារសិទ្ធិអំណាច និងបម្រើផលប្រយោជន៍របស់ពលរដ្ឋនៅតាមមូលដ្ឋាន។ លោកលើកឡើងថា គណបក្សរបស់លោកនឹងរៀបចំយុទ្ធនាការហែក្បួនតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទូទាំងប្រទេស រួមទាំងរៀបចំសកម្មភាពចាក់មីក្រូតាមភូមិ ចែកខិតប័ណ្ណគោលនយោបាយតាមខ្នងផ្ទះជាដើម ដើម្បីឱ្យម្ចាស់ឆ្នោតបានយល់ពីសារនយោបាយទាំងនោះ៖ «សារនយោបាយនេះមិនថា គណបក្សណាទេឱ្យតែពួកគាត់ជាប្រជាពលរដ្ឋខ្មែរ យើងនឹងចែកជូន ហើយសូមឱ្យគាត់បោះឆ្នោតជូនគណបក្សភ្លើងទៀន ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋជាពិសេសផលប្រយោជន៍ពួកគាត់ផ្ទាល់ ដូចជា ការអភិវឌ្ឍទាំងឡាយណាដែលប៉ះពាល់ពួកគាត់និងជាតិ»។
ដោយឡែក ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា លើកឡើងថា គណបក្សបានណែនាំដល់សកម្មជនមូលដ្ឋានត្រៀមផ្សព្វផ្សាយគោលនយោបាយទាំងប្រាំពីរចំណុចដែលមេឃុំគណបក្សកាន់អំណាចមិនបានយកចិត្តទុកដាក់ដោះស្រាយអំពីក្ដីកង្វល់របស់ពលរដ្ឋនាពេលកន្លងមក។ លោកបញ្ជាក់ថាអំឡុងយុទ្ធនាការខាងមុខនេះខាងលោកបានជ្រើសរើសផែនការសកម្មភាពចុះជួបម្ចាស់ឆ្នោតនៅតាមឃុំ សង្កាត់ ដែលគណបក្សបានដាក់បេក្ខជនដោយមិនបានហែក្បួនទ្រង់ទ្រាយធំនោះទេ ពីព្រោះលោកយល់ថា ពុំមានប្រសិទ្ធភាពដល់អ្នកបោះឆ្នោត៖ «យើងបានពន្យល់អំពីគោលនយោបាយទាំងអស់ ដើម្បីពួកគាត់ផ្សព្វផ្សាយគោលនយោបាយ និងជំហររបស់គណបក្សឆន្ទៈខ្មែរដែលជាប៉ូលនយោបាយថ្មី ដើម្បីឱ្យប្រជាពលរដ្ឋ និងសាធារណៈជនបានជម្រាប ជាពិសេសការអនុវត្តយុទ្ធសាស្ត្រឃោសនាចូលពីផ្ទះមួយទៅផ្ទះមួយដោយពន្យល់ពីអ្វីដែលយើងនឹងធ្វើជួនគាត់នៅពេលជាប់ឆ្នោត យើងគិតថាជាយុទ្ធសាស្ត្រមួយមានប្រសិទ្ធភាពជាង » ។
ស្រដៀងគ្នានេះដែរ ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនៃគណបក្សកម្ពុជានិយម លោក យី សីហា ថា គណបក្សរបស់លោកបានត្រៀមសារនយោបាយ សម្ភារៈ បច្ចេកទេស និងមធ្យោបាយផ្សេងទៀតសម្រាប់យុទ្ធនាការរយៈពេល ១៤ថ្ងៃរួចហើយ។ លោកសង្ឃឹមថាតាមរយៈសមត្ថភាពបេក្ខជន និងសកម្មភាពហែក្បួន ចាក់មេក្រូ និងចែកខិត្តប័ណ្ណគោលនយោបាយដែលឆ្លុះបញ្ចាំងអំពីតម្រូវពលរដ្ឋជាក់ស្ដែងនៅមូលដ្ឋាននឹងទទួលបានការគាំទ្រសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ខាងមុខនេះ៖ «យុទ្ធនាការឃោសនារយៈពេល១៤ថ្ងៃនេះ ចំពោះគណបក្សកម្ពុជានិយមចាត់ទុកថាវាមានសារៈសំខាន់ណាស់សម្រាប់គណបក្សក្នុងការផ្សព្វផ្សាយអំពីគោលនយោបាយ ដើម្បីទទួលបានការគាំទ្រពីសំណាក់ម្ចាស់ឆ្នោត ដើម្បីឱ្យបេក្ខជននៃគណបក្សកម្ពុជានិយមនៅតាមឃុំ សង្កាត់ នីមួយៗទទួលបានឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន»។
យុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សនយោបាយខាងមុខ មានរយៈ ១៤ថ្ងៃ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនាខាងមុខ។ ច្បាប់បោះឆ្នោតអនុញ្ញាត គណបក្សនយោបាយហែក្បួនទ្រង់ទ្រាយធំចំនួនពីរដងប៉ុណ្ណោះក្នុងមួយឃុំ សង្កាត់ ហើយករណីចំនួនរថយន្តពីរគ្រឿង និងម៉ូតូ ១០គ្រឿង ឬម៉ូតូ ២០គ្រឿងឡើងទៅ គឺចាត់ទុកគណបក្សនយោបាយបានហែក្បួនឃោសនា។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីព្រឹកនៅថ្ងៃទី៥ ខែមីនាថា រយៈ ១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត គឺជាសមត្ថកិច្ចរបស់ គ.ជ.ប ទទួលខុសត្រូវ។ លោកបន្តថា គណបក្សនយោបាយត្រូវជូនដំណឹងទៅគណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោតដោយសហការជាមួយអាជ្ញាធរដែនដីសម្របសម្រួលទីកន្លែងសាធារណៈ និងពេលវេលា។ លោកអំពាវដល់គណបក្សនយោបាយ និងអាជ្ញាធរដែនដីអនុវត្តតាមក្រមសីលធម៌ និងច្បាប់ ដើម្បីបញ្ចៀសអំពើហិង្សានានា ហើយបើសិនបក្សនយោបាយរងការរំលោភបំពានណាមួយអាចដាក់ពាក្យបណ្ដឹងតាមនីតិវិធីបាន៖ «គ . ជ . ប សូមអំពាវនាវឱ្យមានសហការល្អមន្ត្រីរៀបចំការបោះឆ្នោត អាជ្ញាធរដែនដី គណបក្សនយោបាយ ជាពិសេសធ្វើយ៉ាងណាកុំឱ្យមានការប៉ះពារ ឬបង្កហិង្សារវាងគ្នា»។
ជំរុញរឿងនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និកហ្វិក (Nicfec) លោក សំ គន្ធាមី មានប្រសាសន៍ថាការដែលគណបក្សនយោបាយប្រកាសយកគោលនយោបាយមកប្រកួតប្រជែងគ្នាបែបនេះ គឺជារឿងល្អក្នុងសង្គមប្រជាធិបតេយ្យ។ ប៉ុន្តែលោកថាបើសិនការបោះឆ្នោតកើតឡើងក្រោមរូបភាពគំរាមកំហែង ទិញទឹកចិត្តអ្នកបោះឆ្នោតវិញ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ទោះយ៉ាងណាលោកថាអង្គការសង្គមស៊ីវិលបានដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតរបស់ខ្លួនដើម្បីតាមដានជុំវិញដំណើរការបោះឆ្នោតនេះដែរ៖ «សំខាន់បំផុតកម្មវិធីនយោបាយរបស់បក្សហ្នឹងតែម្ដង តើពេលគាត់ជាប់ឆ្នោតមានចំណុចអ្វីខ្លះ ដើម្បីបម្រើនិងអភិវឌ្ឍន៍នៅក្នុងសហគមន៍ឱ្យមូលដ្ឋានដំណើរការរលូត រួមទាំងការងាររដ្ឋបាល និងការរស់នៅរបស់ប្រជាពលរដ្ឋរីកចម្រើនក្នុងការដឹកនាំ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខ។ ក្នុងនោះគណបក្សនយោបាយចំនួន១៧ បានចូលប្រកួតប្រជែងដណ្ដើមយកអាសនៈសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួនជាង ១ម៉ឺន (១១.១២២) អាសនៈ ហើយប្រជាពលរដ្ឋជាង៩លាន២សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត៕