ក្រុមអ្នករិះគន់រដ្ឋាភិបាល ឬសកម្មជនបក្សប្រឆាំងជាច្រើននាក់រងការគំរាមកំហែង និងចាប់ខ្លួនដាក់គុក ជាបន្តបន្ទាប់ ដោយសារតែការបំពេញការងារនិងការតស៊ូមតិ។ មកទល់ពេលនេះ មានមនុស្សជាង ២០០នាក់ហើយ ដែលអាជ្ញាធរក្រុងភ្នំពេញចោទប្រកាន់ កោះហៅសួរនាំ និងចាប់ខ្លួនដាក់ពន្ធនាគារទាក់ទងនឹងរឿងនយោបាយ។ ក្រុមអ្នកការពារសិទ្ធិមនុស្សសង្កេតឃើញថា សកម្មជននយោបាយបក្សប្រឆាំងប្រឈមនឹងការចាប់ខ្លួនច្រើនជាងគេ។
ក្រុមអ្នករិះគន់ និងសកម្មជនបក្សប្រឆាំង ដែលក្លាយទៅជាអ្នកទោសនយោបាយ ឬអ្នកទោសមនសិការមានកាន់តែច្រើនឡើង នៅក្រោយពីគណបក្សជាប់ឆ្នោតទាំងពីរគឺ គណបក្សសង្គ្រោះជាតិ និង គណបក្សកាន់អំណាច បានបញ្ចប់វប្បធម៌សន្ទនាកាលពីឆ្នាំ២០១៥ មក។
បើទោះជារដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឱ្យតុលាការឯករាជ ឥតលំអៀងក៏ដោយ ក៏ស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ត្រូវបានអង្គការសិទ្ធិមនុស្ស និងអន្តរជាតិមើលឃើញថា ជាឧបករណ៍នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឬចាំតែធ្វើតាមបញ្ជាលោក ហ៊ុន សែន ក្នុងការកាត់សេចក្ដីរឿងពាក់ព័ន្ធនឹងរឿងនយោបាយ។
នាយករងផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០១៣ មក ការចាប់ខ្លួនអ្នករិះគន់ និងសកម្មជនបក្សប្រឆាំង គឺក្រោមរូបភាពនយោបាយ ជាជាងការអនុវត្តច្បាប់។ ការចាប់ខ្លួន និងកាត់ទោសតាអំពើចិត្តនេះហើយ ដែលរបបលោក ហ៊ុន សែន រងការរិះគន់យ៉ាងខ្លាំងថា កំពុងរំលោភសិទ្ធិមនុស្ស និងច្បាប់ជាតិ និងអន្តរជាតិ៖ «ជួនកាលគាត់ធ្វើខុសច្បាប់ដែរ តែមួយចំនួនធំហ្នឹងគឺយើងមើលឃើញថា ការចាប់ខ្លួនជាទិដ្ឋភាពនយោបាយច្រើនជាង មិនថាសកម្មជនបក្សប្រឆាំង តំណាងរាស្ត្រអ្វីទេ សូម្បីតែសកម្មជនដីធ្លី និងអ្នកការពារសិទ្ធិមនុស្សត្រូវបានចាប់ខ្លួន ទាក់ទងនិងរឿងនយោបាយជាជាងការអនុវត្តច្បាប់»។
របាយការណ៍របស់អង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) ឱ្យដឹងថា មកដល់ពេលនេះ តុលាការបានចាប់ឃុំខ្លួនអ្នកនយោបាយ សកម្មជនបក្សនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនការពារធនធានធម្មជាតិ និងបរិស្ថាន សកម្មជនដីធ្លី និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក សរុបចំនួន ៤១៨នាក់ ដែលអ្នកទាំងនេះ គឺត្រូវតុលាការចោទប្រកាន់ផ្សេងៗ គ្នា ដូចជា បទញុះញង់បង្កឱ្យមានចលាចលសង្គម បទបរិហារកេរ្តិ៍ និងបទប្រឆាំងរាជការសាធារណៈជាដើម។ សម្រាប់សកម្មជនគណបក្សនយោបាយ អ្នកនយោបាយ បានក្លាយទៅជាអ្នកទោសនយោបាយនៅក្នុងរបបលោក ហ៊ុន សែន គិតចាប់ឆ្នាំ២០១៤ មក គឺមានចំនួន ៦៦នាក់ ក្នុងនោះមួយចំនួន ត្រូវបានដោះលែងវិញ ហើយអ្នកទោសនយោបាយដែលនៅជាប់ឃុំឃាំងដល់ពេលបច្ចុប្បន្ននេះ មានចំនួន ១១នាក់។ រីឯចំនួន ១០នាក់ ក្នុងចំណោមអ្នកទោសនយោបាយចំនួន ៣០នាក់ តុលាការដោះលែងទៅហើយ តែនៅជាប់បណ្ដឹងនៅឡើយមានចំនួន ១០នាក់។
សម្រាប់នៅឆ្នាំ២០១៩នេះវិញ អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញរបាយការណ៍កាល ថ្មីៗ នេះថា សមត្ថកិច្ច និងតុលាការចេញដីកាកោះហៅអ្នកគាំទ្រ និងសមាជិកគណបក្សសង្គ្រោះជាតិ សរុប ១៤៧នាក់ នៅទូទាំងប្រទេស ឱ្យទៅឆ្លើយបំភ្លឺទាំងនៅតុលាការ និងនៅប៉ុស្តិ៍ប៉ូលិសមូលដ្ឋាន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់ទុកដីកាកោះហៅទាំងនោះថា ខ្វះមូលដ្ឋានច្បាប់ និងទាមទារឱ្យរបបក្រុងភ្នំពេញបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រព័ន្ធតុលាការ ធ្វើទុក្ខបុកម្នេញលើអ្នកគាំទ្របក្សប្រឆាំង។
ការចាប់ខ្លួនចុងក្រោយដែលធ្វើឱ្យកក្រើកពិភពលោកនោះ គឺការចាប់ឃុំខ្លួននិងចោទប្រកាន់ យុវជនកែម ឡី និយម លោក គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងថា របបលោក ហ៊ុន សែន មិនស៊ើបអង្កេត ដោយឯករាជ្យជុំវិញការចោទប្រកាន់ថា រដ្ឋអំណាចជាអ្នកនៅពីក្រោយខ្នងឃាតកម្មបណ្ឌិត កែម ឡី នោះទេ តែបែរជាបំផ្លាញពិធីរំឭកវិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី និងចាប់ខ្លួនយុវជន កែម ឡី និយមទាំងពីររូបនេះទៅវិញ។ លោក លោក ប្រ៊ែដ អាដាម ក៏ចាត់ទុកការចាប់ខ្លួនយុវជនទាំងពីររូបនេះ ជាប់ពាក់ព័ន្ធ និងរឿងនយោបាយដែរ។ លោកបញ្ជាក់ថា ប្រទេសជាម្ចាស់ជំនួយទាំងឡាយ ត្រូវតែដាក់សម្ពាធឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកជាប់ឃុំទាំងអស់ដែលជាប់ពាក់ព័ន្ធ និងរឿងនយោបាយនេះ៖ «ក្រុមម្ចាស់ជំនួយរបស់កម្ពុជា គួរតែអំពាវនាវឱ្យមានការដោះលែងអ្នកទាំងឡាយ ដែលគេបានចោទប្រកាន់រឿងតវ៉ាដោយសន្តិវិធី និងទាមទារជាថ្មីឱ្យមានការស៊ើបអង្កេតដោយឯករាជ្យក្នុងរឿងឃាតកម្មបណ្ឌិត កែម ឡី ឡើងវិញ។ លោកថា រដ្ឋាភិបាលមួយដែលគ្មានអ្វីលាក់បាំង គួរតែអនុញ្ញាតឱ្យមានការតវ៉ាដោយសន្តិវិធី ឬក៏ត្រូវរំពឹងទុកជាមុនថា នឹងឃើញការតវ៉ា ទាមទារយុត្តិធម៌ កើតឡើងនៅថ្ងៃខួបប្រចាំឆ្នាំនៃសោកនាដកម្មនេះ»។
រីឯស្ថានទូតអាមេរិកប្រចាំកម្ពុជាវិញ កាលពីថ្ងៃទី១៥ ខែកក្កដា អំពាវនាវឱ្យរបបលោក ហ៊ុន សែន ដោះលែងយុវជនពីររួប គឺ គង់ រ៉ៃយ៉ា សួង នាគព័ន្ធ និងមនុស្សមួយចំនួនទៀត ដែលរបបក្រុងភ្នំពេញចាប់ខ្លួននោះ ឱ្យមានសេរីភាពឡើងវិញ ព្រោះថា តុលាការចោទប្រកាន់ ពួកគេ “ គ្មានមូលដ្ឋានច្បាប់ និងមានលក្ខណៈនយោបាយ"។
មន្ត្រីសិទ្ធិមនុស្ស លោក អំ សំអាត បន្ថែមថា ប្រព័ន្ធយុត្តិធម៌គឺធានាសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ ប៉ុន្តែតុលាការមិនបានធ្វើដូច្នេះទេ ហើយ គឺបទញុះញង់ និងពាក្យចោទមិនច្បាស់លាស់មួយទៀតដែលតុលាការតែងលើកយមកប្រើទៅលើបក្សប្រឆាំង និងអ្នករិះគន់នោះ គឺការប្រព្រឹត្តិជាអាទិ៍៖ «យើងទទួលស្គាល់ការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍នេះ វាជាការពេញនិយមតាំងពីមុនមកពីព្រោះថា បទល្មើសនេះ ងាយទាញទៅរកការចោទប្រកាន់និងបទល្មើស ព្រោះបទចោទសន្តិសុខសាធារណៈ និងបទញុះញង់នេះនៅតែស្រពិចស្រពិលមិនមានការបកស្រាយច្បាស់លាស់ទេ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា កម្ពុជាគ្មានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយជាប់ទោស។ លោកហាក់តែងអះអាងជំនួសឱ្យឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមថា តុលាការចោទប្រកាន់ ឬកាត់ទោសតែងផ្អែកទៅលើមូលដ្ឋានច្បាប់ត្រឹមត្រូវ៖ «ជាយន្តការនៃការអនុវត្តច្បាប់របស់កម្ពុជា មិនថា អ្នកនោះជាអ្នកណាទេ សកម្មជននយោបាយមិននយោបាយ ឬមិននយោបាយក៏ដោយឱ្យតែប្រព្រឹត្តិបទល្មើសគឺត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចគ្នាៗទាំងអស់ ហើយសូមផ្ដាំទៅសកម្មជនសិទ្ធិមនុស្សគួរតែណែនាំទៅដល់អ្នកទាំងនោះ កុំឱ្យប្រព្រឹត្តិបទល្មើស ពីព្រោះសមត្ថកិច្ចអនុវត្តទៅតាមផ្លូវច្បាប់ដូចគ្នាទាំងអស់មិនមានការលើកលែងនោះទេបាទ»។
ទោះបីជាយ៉ាងនេះក្ដី អតីតអ្នកទោសជាប់ពន្ធនាគារចំនួន ១៨ខែ នៅក្នុងរបបលោក ហ៊ុន សែន គឺលោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយពីបញ្ហាសង្គម មានប្រសាសន៍ថា មូលហេតុសំខាន់ ដែលតុលាការនៃរបបលោក ហ៊ុន សែន ចោទប្រកាន់ និងចាប់ខ្លួនអ្នកតស៊ូមតិ អ្នកបញ្ចេញមតិ និងសកម្មជន អ្នកនយោបាយប្រឆាំង សហជីពនេះ ដោយសារតែរបបលោក ហ៊ុន សែន បានសាងកំហុសជាច្រើន ហើយចង់បិទបាំងទង្វើអាក្រក់របស់ខ្លួន៖ «កត្តាសំខាន់បំផុតគឺរបបក្រុងភ្នំពេញហ្នឹង របៀបផ្ដាច់ការរបស់លោក ហ៊ុន សែន ជិតដល់ពេលវេលាទុំជ្រុះ ហើយអ្នកដែលអង្រន់ឱ្យអំណាចផ្ដាច់ការនេះ ជ្រុះបានគឺមានការតែកម្លាំងរួមគ្នាអ្នកប្រជាធិបតេយ្យ ដូច្នេះហើយទើបរបបលោក ហ៊ុន សែន ទប់ស្កាត់ជាមុនបែបនេះ»។
លោក គឹម សុខ បញ្ជាក់ថា ដើម្បីស្វែងរកយុត្តិធម៌ជូនអ្នករងគ្រោះដោយសារតែរឿងនយោបាយបាននោះ លុះត្រាតែពលរដ្ឋត្រូវរូបរួមគ្នាជាកម្លាំងតែមួយ ដើម្បីផ្លាស់ប្ដូរមេដឹកនាំបច្ចុប្បន្ននេះ ជាមុនសិន ទើបអាចស្វែងរកយុត្តិធម៌បាន៖ «យុត្តិធម៌ពីប្រព័ន្ធយុត្តិធម៌មួយដែលសង្គមមិនទាន់មានការផ្លាស់ប្ដូរបែបនេះគឺមិនអាចទៅរួចទេ ម៉្លោះហើយ លុះត្រាតែកម្លាំងមហាជនទាំងអស់ត្រូវរួមគ្នាជាកម្លាំងតែមួយសិនទ ទើបអាចផ្លាស់ប្ដូររបបផ្ដាច់ការបាន ហើយនៅពេលនោះរដ្ឋាភិបាលថ្មីនឹងរកយុត្តិធម៌បាន»។
ចំណែកលោក អំ សំអាត វិញ លោកសំដែងក្តីព្រួយបារម្ភថា បើសិនជាតុលាការនៅតែជាស្ថាប័នមិនអាចផ្ដល់យុត្តិធម៌ជូនដល់ពលរដ្ឋដោយស្មើភាពទេ លោកបារម្ភថា ពលរដ្ឋនឹងដើរតួជាតុលាការមហាជនខ្លួនឯង៖ «កន្លងមកនេះ ការចាប់ខ្លួនប៉ះពាល់សេរីភាពធ្ងន់ធ្ងរណាស់ ទាំងសកម្មជនបក្សនយោបាយ ដីធ្លី សកម្មជនសិទ្ធិមនុស្សជាដើម គឺរំលោភសិទ្ធិរបស់ពួកគាត់ ផ្ទុយពីរដ្ឋធម្មនុញ្ញនិងធម្មនុញ្ញអង្គការសហប្រជាជាតិដែលកម្ពុជាផ្ដល់សច្ចាប័ន»។
ក្រោមការដឹកនាំនៃរបបលោក ហ៊ុន សែន ជិត ៣០ឆ្នាំមកនេះ ក្រៅពីចាប់មនុស្សដាក់ពន្ធនាគារដោយសារតែរឿងនយោបាយ និងការតស៊ូមតិនោះ ក៏មានមនុស្សជាង ១០០នាក់ ត្រូវបានបាញ់សម្លាប់ ដោយសារការបំពេញមុខងាររបស់ខ្លួន និងការបញ្ចេញមតិរិះគន់រដ្ឋាភិបាល អ្នកទាំងនោះរួមមាន អ្នកសារព័ត៌មាន សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនការពារដីធ្លី ព្រះសង្ឃ មេដឹកនាំសហជីព កម្មកររោងចក្រ និងអ្នកវិភាគនយោបាយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។