លោក កឹម សុខា ផ្ញើសារ​ថ្វាយពរ រីឯ​លោក សម រង្ស៊ី រិះគន់​ព្រះមហាក្សត្រ

0:00 / 0:00

នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀតទេ នឹងត្រូវ​ឆ្លងចូល​ឆ្នាំថ្មី​ឆ្នាំ២០២១ ប៉ុន្តែ​វិបត្តិ​នយោបាយ​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ដែល​អូសបន្លាយ​ជាង៣ឆ្នាំ​មក​ហើយ​នោះ​នៅតែមិនទាន់​ដល់​ទីបញ្ចប់​នៅឡើយ។ មេបក្ស​ប្រឆាំង ដែល​នៅ​ក្នុង​ប្រទេស លោក កឹម សុខា បង្ហោះសារ​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ ចំណែក​មេបក្សប្រឆាំង​មួយរូប​ទៀត ដែល​កំពុងនៅ​ក្រៅ​ប្រទេស​វិញ បាន​ផ្ញើសារ​រិះគន់​ព្រះមហាក្សត្រ​ថា​មិនបាន​បំពេញ​ព្រះរាជ​តួនាទី​ដោះស្រាយ​វិបត្តិ​នយោបាយ។

មេដឹកនាំ​គណបក្ស​គណបក្ស​សង្គ្រោះជាតិ​នៅតែ​ចោទប្រកាន់​ថា គណបក្ស​កាន់អំណាច​ជា​អ្នកបង្ក​ឱ្យមាន​វិបត្តិ​នយោបាយ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល នៅតែ​ប្រកាន់​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ គឺ​មានតែ​អ្នកនយោបាយ​មានទោស។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃ​ទី២៨ ខែធ្នូ បាន​បង្ហោះសារ​លិខិត​ថ្វាយ​ព្រះពរ​ជូន​ព្រះមហាក្សត្រព្រះបាទ​បរមនាថ នរោត្តម សីហមុនី ក្នុង​ឱកាស​ឆ្លង​ឆ្នាំថ្មី។ លោក កឹម សុខា បាន​បួងសួង​សូម​ព្រះមហាក្សត្រ​មាន​ព្រះបញ្ញាញាណ ព្រះរាជ​សុខភាព​ល្អបរិបូណ៍ ព្រះកាយពល​រឹងមាំ​ខ្លាំងក្លា ព្រះជន្មាយុ​យឺនយូរ និង​ទ្រង់គង់​ប្រថាប់​នៅ​ជាម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ត្រ។

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្ដម​ សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​...

Posted by Kem Sokha on Sunday, December 27, 2020

ទោះយ៉ាងណា លោក កឹម សុខា ដែល​កំពុង​រង​ការចោទប្រកាន់​ពី​តុលាការ និង​មិនទាន់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ មិនបាន​ស្នើ​ទៅ​ព្រះមហាក្សត្រ​ព្រះរាជ​អន្តរាគមន៍​លើ វិបត្តិ​នយោបាយ​ឡើយ។

ការផ្ញើ​សារលិខិត​ថ្វាយ​ព្រះពរ​ដល់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បាន​ប្រើ​សាររិះគន់​ធ្ងន់ៗ​ដល់​អង្គ​ព្រះមហាក្សត្រ ហើយ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ឆក់​ឱកាស​ប្រើ​ប្រព័ន្ធ​តុលាការ​ ចោទប្រកាន់​លោក​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​មួយ​ករណី​ថ្មី​ទៀត។

មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេ្ទស​ខ្លួន​នៅ​ប្រទេស​បារាំង​រូបនេះ​ថា លោក ហ៊ុន សែន យក​ព្រះមហាក្សត្រ​ដើម្បី​ធ្វើជា​ខែល​សម្រាប់​ការពារ​របបក្បត់ជាតិ​សព្វថ្ងៃ​ហើយ​ដើម្បី​ផ្តល់​ភាពស្របច្បាប់​ឲ្យ​របប​នេះ​ដែល​ប្រជារាស្ត្រ​ខ្មែរ​ស្អប់ខ្ពើម​ជាទី​បំផុត។

២០ ធ្នូ ២០២០ / 20 December 2020 - Hun Sen is cheating the Cambodian people with his plan to buy COVID-19 vaccines...

Posted by Sam Rainsy on Sunday, December 20, 2020

រីឯ​មេដឹកនាំ​កំពូលៗ​នៃ​គណបក្ស​កាន់អំណាច​រួមមាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ស ខេង ជាដើម​នោះ នៅមិនទាន់​បង្ហាញ​សារ​ជូនពរ ឬ​សារនយោបាយ​ក្នុង​ឱកាស​ចូលឆ្នាំថ្មី ​ឆ្នាំសកល​២០២១ ដែល​កាន់តែ​ខិតជិត​មកដល់​នេះ​នៅឡើយ​ទេ។

ទោះយ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅតែ​អះអាង​ថា កម្ពុជា​គ្មាន​វិបត្តិនយោបាយ​នោះ​ទេ ដោយ​លោក​និយាយ​ថា​ករណី​គណបក្ស​ប្រឆាំង​គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ។ លោក​ថា សព្វថ្ងៃ​រដ្ឋាភិបាល​នៅតែ​ដំណើរការ​ធម្មតា​ហើយ​ពលរដ្ឋ​នៅតែ​រស់នៅ​ធម្មតា។ លោក​ចោទប្រកាន់​ថា គណបក្ស​ប្រឆាំង​តែង​យកលេស​ករណី​ផ្លូវច្បាប់​ដែល​ខ្លួន​ប្រព្រឹត្តិ​ខុស​ទៅធ្វើ​ជា​រឿង​នយោបាយ៖​«ក្រុម​ហ្នឹង​តែង​យក​នយោបាយ​ទៅ​ដាក់​ឥទ្ធិពល​ទៅ​តុលាការ​ហើយ​ចោទ​មក​គណបក្ស​ប្រជាជន ឬ​រដ្ឋាភិបាល​ថា មាន​ឥទ្ធិពល​លើ​តុលាការ​មិនដឹង​ថា​ម៉េច គាត់​ត្រូវតែ​ទៅ​ដោះស្រាយ​ជាមួយ​តុលាការ​មិនមែន​ជា​វិបត្តិទេ។»

ចាប់តាំង​ពីចុង​ឆ្នាំ២០១៧ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​ប្រឆាំង និង​ចាប់​លោក កឹម សុខា ប្រធាន​គណបក្ស និង​សកម្មជន​បក្ស​នេះ​ដាក់​ពន្ធនាគារ និង​ធ្វើទុក្ខ​បុកម្នេញ​លើ​អ្នកកាសែត និង​សកម្មជន​សិទ្ធិមនុស្ស​ជាដើម។ សហគមន៍​ជាតិ និង​អន្តរជាតិ ថ្កោលទោស​ជុំទិស​ពី​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ និង​ការបំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ និង​ថែមទាំង​បាន​ដាក់​សម្ពាធ​ផ្នែកសេដ្ឋកិច្ច និង​ដាក់​ទណ្ឌកម្ម​បុគ្គល​មេដឹកនាំ​កំពូលៗ​នៃ​របប​ក្រុងភ្នំពេញ​ផងដែរ។

អ្នកសិក្សា​ការអភិវឌ្ឍន​សង្គម លោក បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា មហាជន​ទូទៅ​កំពុង​ស្រេកឃ្លាន​ចង់​ឃើញ​អ្នកនយោបាយ​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ។ លោក​ថា វិបត្តិ​នយោបាយ​បាន​ជះឥទ្ធិពល​ទៅលើ​ស្ទើរ​គ្រប់​វិស័យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ និង​ប្រកប​របរ​បស់​មហាជន​ទូទៅ ខណៈ​សហគមន៍​អន្តរជាតិ​បាន​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​មក​លើ​រដ្ឋាភិបាល៖«​បាទកាដូ​ឆ្នាំថ្មី​ឆ្នាំសកល​សម្រាប់​ខ្ញុំ​អ្នកវិភាគ​គ្មានអី​ខុស​ពី​មហាជន​ទទូច​ចង់ឃើញ​ស្ថានភាព​នយោបាយ​ធូរស្រាល។»

ជុំវិញ​វិបត្តិ​នយោបាយ​នេះ គណបក្ស​សង្គ្រោះជាតិ​សម្រេច​យកដើម​ឆ្នាំ២០២១​ខាងមុខ​វិលចូល​ស្រុកវិញ​ដើម្បី​តតាំង​ក្ដី​នៅ​តុលាការ និង​រក​ដំណោះស្រាយ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។