មេធាវី​​ការពារ​​ក្ដី​​លោក​ កឹម​ សុខា​ ប្រឆាំង​​ការ​​ដាក់​​ភស្តុតាង​​បន្ថែម​​របស់​​តំណាង​​អយ្យការ​

0:00 / 0:00

សវនាការ​ជំនុំជម្រះក្ដី​លោក​ កឹម​ សុខា​ នៅថ្ងៃ​ទី​១៦ ខែមីនា​​នេះ ​មាន​ភាព​ចម្រូងចម្រាស់ ​រវាង​តំណាង​អយ្យការ​ និង​មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា។​​ ​​តំណាង​​អយ្យការ​​បាន​បដិសេធការដាក់​ភស្តុតាង​មួយចំនួន​របស់​មេធាវីលោក កឹម សុខា ​ចំណែក​មេធាវី​ក៏​ប្រឆាំង​ទៅ​នឹង​ការ​ដាក់​ភស្តុតាង​បន្ថែម​របស់​តំណាង​អយ្យការ​វិញ​ដែរ​។​ មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​ឃ្លាំមើល​តុលាការ​លើកឡើងថា ការ​ដាក់​បន្ថែម​ភស្តុតាង​របស់​តំណាង​អយ្យការ​ពេល​នេះ​ ជា​ការ​បញ្ជាក់​ថា​ តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោក​ កឹម​ សុខា។​

តំណាង​អយ្យការ​​មិន​ទទួល​ស្គាល់​ភស្តុតាង​ដោះបន្ទុកមួយ​ចំនួន​របស់​មេធាវី​ការពារក្ដី​លោក​ កឹម​ សុខា ​​​​ដោយ​​ចោទ​ប្រកាន់​ថា ភស្តុតាង​ទាំង​នោះ​ គ្មាន​កាល​បរិច្ឆេទ​​ច្បាស់​លាស់។​ ចំណែក​មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ ក៏​ចោទ​​ប្រកាន់​តំណាង​អយ្យការ​​ថា ការ​ដាក់​បន្ថែម​ភស្តុតាងដាក់បន្ទុក​នៅ​ពេល​នេះ ​គឺ​ខុស​ទៅ​នឹង​​នីតិវិធី​។​

សហ​មេធាវី​ការពារ​ក្ដី​ឱ្យលោក កឹម សុខា ​គឺ​​​លោក​ អាង ឧត្តម​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ថា​ មុន​ឈាន​ដល់​ការ​ដេញដោល ​ក្រុម​​មេធាវី​លោក​ កឹម​ សុខា​ ​ចោទ​សួរ​តុលាការ​ពីករណី​ផ្អាក​សវនាការ​ញឹកញាប់​ ហើយក្រុម​មេធាវីក៏​ស្នើ​តុលាការ​ថា​ សវនាការ​នេះ​​មិន​គួរ​ផ្អាក​ព្រោះតែ​បញ្ហាសុខភាពមន្ត្រីកាត់ក្ដីឡើយ។ ក្រុមមេធាវីជំរុញទៅតុលាការថា ​គួរ​ចាត់ចែង​រក​មន្ត្រី​តុលាការមក​កាត់​ក្ដី​ជំនួស​​ព្រោះការ​បន្ត​អូស​បន្លាយ​នេះ​ប៉ះពាល់​សិទ្ធិ​​ និង​ផល​ប្រយោជន៍​​របស់​​លោក​ កឹម សុខា​។​ លោក​បន្ត​ទៀត​ថា​ ក្រុម​មេធាវី​ដាក់​ភស្តុតាងដោះបន្ទុក​បន្ថែម​ចំនួន​​២៨​​ ប៉ុន្តែ​ត្រូវ​បាន​តំណាង​អយ្យការ​ច្រានចោលនូវភស្តុតាង​​មួយ​​ចំ​នួន​។​ លោក​ថា​ តំណាង​អយ្យការ​ បាន​ដាក់​​ភស្តុតាងដាក់បន្ទុក​ថ្មី​ចំនួន​៧​ទំព័រ​ ​ប៉ុន្តែ​ក្រុម​មេធាវី​ លោក​ កឹម​ សុខា​ ជំទាស់​ដោយ​ចោទ​ប្រកាន់​ថា​ ខុស​នីតិវិធី​៖ «តំណាង​អយ្យការ​បញ្ជាក់​ច្បាស់​​ហើយ​ ថា​​មាន​ភស្តុតាង​​​ដាក់​បន្ទុក​គ្រប់គ្រាន់​ ​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់​ហើយ​ រឿង​អី​មក​ដាក់​ពេល​នេះ​ទៀត​​ ហើយ​សរុប​សេចក្ដី​មក​តំណាង​អយ្យការ​ទំនង​ទទួល​ស្គាល់​ថា​​គាត់​អត់​បាន​ដាក់​ភស្តុតាង​ថ្មី​ទេ​ គាត់​ដាក់​ភស្តុតាង​ដើម្បី​បញ្ជាក់​ពី​ភស្តុតាង​របស់​យើង​ទេ​ ចំណុច​នេះ​មួយ​យើង​អត់​បាន​និយាយ​ដោយសារ​ពេល​វា​ខើច​ពេក​យើង​ចង់​បង្ហាញ​ថា​ ភស្តុតាង​ដែល​គ្រប់​គ្រាន់​ម៉េច​មិន​បើ​ដោះ​បន្ទុក​​​លើ​ភស្តុតាង​យើង​ទៅ​​»។

លោក​បន្ត​ទៀត​ថា​ ​ក្រុម​មេធាវី​រដ្ឋាភិបាល​ ក៏​ស្នើច្រានចោលភស្តុតាង​របស់​មេធាវី​លោក កឹម​ សុខា​ ដែល​បាន​ដក​ស្រង​ចេញ​ពី​គេហទំព័រ​​របស់​អង្គការ​ខុមហ្វ្រែល​ អង្គការ​លីកាដូ​ និង​អង្គការ​តម្លាភាព​​។​

ទាក់ទង​ចំណុច​នេះ​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី​ ចក់ សុភាព ​ដែល​តាមដាន​សវនាការ​នេះ​លើកឡើង​ថា​ ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ដែល​មេធាវី​រដ្ឋាភិបាល​ វាយ​តម្លៃ​ និង​​​បន្តុះបង្អាប់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​។​ អ្នកស្រី​បន្ត​ថា​ ​អង្គការ​ទាំង​​នេះ​ធ្វើ​ការ​ស្រប​ច្បាប់​ និង​មាន​ការ​​ទទួល​ស្គាល់​​ពី​ក្រសួង​មហាផ្ទៃ​ ហើយ​ភស្តុតាង​ទាំង​នេះ​ជា​ការ​ស្រាវ​ជ្រាវ​របស់​មេធាវី​ មិនមែន​ផ្តល់​ដោយ​អង្គការទាំងនោះ​ឡើយ​។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ​ លើកឡើង​ទៀត​ថា​ ​ជា​ថ្មី​ម្តង​ទៀត​ លោក កឹម សុខា និង​សមាជិក​បក្ស​ប្រឆាំង​ដទៃ​ទៀត មិន​គួរ​ត្រូវ​ប្រឈម​​បទចោទប្រកាន់​ដោយសារ​តែ​សកម្មភាព​ខាង​នយោបាយ​ និង​គណបក្ស​ខ្លួន​ឡើយ​។ អ្នកស្រី​ថា​ ការ​បន្ត​ចោទ​ប្រកាន់​និង​អូស​បន្លាយ​លើ​សំណុំ​រឿងក្តី​នេះ​ ជា​ការបំពាន​ដល់​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់​ក្នុង​រដ្ឋធម្មនុញ្ញ​និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​។

ចំណែក​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ លោក​ ស៊ឹង សែនករុណា​ ដែល​តាម​ដាន​ដំណើរ​​ការ​សវនាការ​នេះ​ដែរ​ លើកឡើង​ថា​ ​​ការ​បន្ថែម​ភស្តុតាង​ដាក់បន្ទុករបស់​តំណាង​អយ្យការ​ពេល​នេះ​ ជា​ការ​​បញ្ជាក់​ថា​ ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម​ សុខា​ កន្លង​មក​តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​។​ លោក​បន្ត​ថា​ ករណី​នេះ​បើ​ផ្អែក​តាម​ផ្លូវ​ច្បាប់ ផល​ប្រយោជន៍​ត្រូវ​បាន​ទៅ​លោក​ កឹម​ សុខា​ ដែល​ន័យ​ថា​ តុលាការ​គួរ​ពិចារណា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម​ សុខា៖ «ផ្ដោត​ទៅ​លើ​ច្បាប់​​បើ​យើង​និយាយ​ការ​ចោទ​ប្រកាន់លើ​ជន​ណាមួយ​ដែល​ជា​ជន​ប្រព្រឹត្តបទ​ល្មើស​លុះត្រា​តែ​យើង​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​ ពេញ​លេញ​ហើយ​បើ​សិន​ការ​ដាក់​ភស្តុតាង​មិន​ច្បាស់លាស់​​គ្រប់គ្រាន់​ទេ​​​ច្បាប់​មាន​ចែង​វិមតិ​សង្ស័យ​បាន​​ជា​ប្រយោជន៍​លើ​ជន​ជាប់ចោទ​​ ករណី​ទាំង​អស់​នេះ​​ព្រះរាជអាជ្ញា​ឬ​តំណាង​អយ្យការ​​ត្រូវ​ពិនិត្យ​ឡើង​វិញ​ដែរ​ មិនមែន​ថា​ ​មិន​គ្រប់​ត្រូវ​​រក​ឲ្យ​គ្រប់​​​​ដោយ​សារ​អ្នក​ហ្នឹង​យើង​មិន​ពេញ​ចិត្ត​ ឬ​ហេតុផល​នយោបាយ​ណា​មួយ​»។

​​សមត្ថកិច្ច​​បាន​ចាប់​លោក​ កឹម​ សុខា​​ ដាក់​គុក​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ដោយ​ចោទ​ប្រកាន់​ថា ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​។​ ​ទោះ​យ៉ាងណា​ រយៈ​ពេល​​ជាង​ ៤​​ឆ្នាំ​មក​នេះ ​តុលាការ​មិន​ទាន់​​​សម្រេច​ថា ​លោក​ កឹម​ សុខា​​ មាន​ទោស​ឬ​គ្មាន​ទោស​នៅឡើយ​ទេ​ ហើយ​តុលាការ​ក៏​មិន​បង្ហាញ​រដ្ឋ​បរទេស​មួយ​ណា​ ​ឃុបឃិត​ជាមួយ​លោក​ កឹម​ សុខា​ នោះ​ដែរ​​។​ តែកន្លងមក រដ្ឋាភិបាល និងគណបក្សកាន់អំណាចធ្លាប់ចោទប្រកាន់ថា សហរដ្ឋ​អាមេរិក​​ជាអ្នក​នៅពីក្រោយ​សំណុំរឿងក្បត់ជាតិ​របស់​លោក កឹម សុខា។

​​ដូច​រាល់​ដង​ដែរ​ សវនាការ​លោក កឹម សុខា ​សប្ដាហ៍​នេះ​មាន​ការ​ចូលរួម​តាមដាន​ពី​តំណាង​ស្ថានទូត​ប្រទេសសេរី តំណាង​អង្គការ​សិទ្ធិមនុស្ស​ ក្រុមអ្នកសារព័ត៌មាន និង​អ្នក​គាំទ្រ​លោក​ កឹម​ សុខា នៅ​ក្រៅ​របង​តុលាការ​​ប្រមាណ​ ៣០​នាក់​។ ចំណែក​សមត្ថកិច្ច​ប្រមាណ​ ៤០​នាក់​​​​បាន​ដាក់​យាម​កាម​យ៉ាង​តឹងរ៉ឹង​ជុំវិញ​បរិវេណ​តុលាការ​​ផង​ដែរ​។ ​

តុលាការ​នឹង​ចេញដីកា​សន្និដ្ឋាន​បញ្ជាក់​​ថា​ ​តុលាការ​នឹង​ទទួល​ស្គាល់​ភស្តុតាង​ណា​ខ្លះ​​​ និង​ច្រាន​ចោល​​ភស្តុតាង​ណា​ខ្លះ​​ ​​​ ក្នុង​​សវនាការ​លើក​ទី​៣៤ ​នៅ​​​សប្ដាហ៍​ក្រោយ​ថ្ងៃ​ទី​២៣​ ខែ​មីនា​​ខាង​មុខ​ ដែល​រួម​មាន​​ភស្តុតាង​ដាក់​បន្ថែម​​របស់​​​តំណាង​អយ្យការ​និង​សំណុំ​ភស្តុតាង​របស់​មេធាវី​ការពារ​ក្តី​​លោក​ កឹម សុខា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។