សវនាការ​ជម្រះក្ដី​លោក​ កឹម សុខា លើកទី៣៦​​ តំណាង​អយ្យការ​តាំង​សំនួរ​ឆ្ងាយ​ពី​​បទ​ចោទ​​

0:00 / 0:00

សំណុំរឿង​ក្បត់ជាតិ​របស់​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ឈាន​ដល់​ការ​ជំនុំ​ជម្រះ​សប្ដាហ៍​ទី៣៦ ហើយ នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​មេសា​នេះ។ តំណាង​អយ្យការ​បាន​សួរ​លោក កឹម សុខា ទាក់ទង​បច្ចេកទេស និង​បញ្ហា​នៃ​កិច្ចការ​បោះ​ឆ្នោត ទោះ​លោក កឹម សុខា ព្យាយាម​មិន​ឆ្លើយ​ប៉ុន្តែ តំណាង​អយ្យការ​ជំរិត​សួរ​ចង់​បាន​ចម្លើយ។ មេធាវី​លោក កឹម សុខា ស្នើ​តុលាការ​សួរ​កូន​ក្ដី​របស់​ខ្លួន​ឲ្យ​ត្រូវ​បទ​ចោទ ហើយ​បើ​ចង់​ដឹង​ពី​បច្ចេកទេស​បោះឆ្នោត​គួរ​កោះហៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ​មន្ត្រី គ.ជ.ប មក​បំភ្លឺ។

សវនាការ​លោក កឹម សុខា លើក​នេះ តំណាង​អយ្យការ​ហាក់​សួរ​សំនួរ​ចាក​ឆ្ងាយ​ពី​ប្រធានបទ និង​ឬ​បទ​ចោទ​លើ​លោក កឹម សុខា។ សវនាការ​សួរដេញដោល​នេះ​ផ្ដោត​សំខាន់​លើ​ព្រឹត្តិការ​ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៧ និង​ពី​ថ្ងៃ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្ងៃ​ចាប់​ខ្លួន​លោក កឹម សុខា និង​ជុំវិញ​បញ្ហា​នៃ​ការ​បោះឆ្នោត។

អ្នក​ឃ្លាំមើល​សវនាការ​យល់​ថា នេះ​ជា​ចេតនា​របស់​តុលាការ ដែល​ព្យាយាម​អូស​បន្លាយ​ពេល​សវនាការ​នេះ​ឲ្យ​កាន់​តែ​យូរ​ថែមទៀត ខណៈ​លោក កឹម សុខា បាន​រង​ការ​ចោទ​ប្រកាន់​ជិត ៥ឆ្នាំ​មក​ហើយ ប៉ុន្តែ តុលាការ​មិន​ទាន់​រក​ឃើញ​ថា មេ​ប្រឆាំង​រូប​នេះ​មាន​ទោស ឬ​គ្មាន​ទោស​នោះ​ទេ។ សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា គឺ​លោក ផែង ហេង ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចប់​សវនាការ​ថា តំណាង​អយ្យការ​បាន​ព្យាយាម​លើក​យក​បច្ចេកទេស​នៃ​ការ​បោះឆ្នោត​ រួម​មាន​មុន​ពេល​បោះ​ឆ្នោត ក្នុង​ដំណើរការ​បោះ​ឆ្នោត និង​ក្រោយ​ពេល​បោះ​ឆ្នោត​មក​សួរ​កូនក្ដី​របស់​លោក។ លោក​បន្ត​ទៀត​ថា ការ​តាំង​សំនួរ​របស់​តំណាង​អយ្យការ​បែប​នេះ គួរ​កោះហៅ​អ្នក​ជំនាញ គ.ជ.ប មក​សួរ​ ឬ​​យក​កំណត់​ហេតុ​របស់ គ.ជ.ប មក​ពិនិត្យ ត្បិត​លោក កឹម សុខា មិន​អាច​បក​ស្រាយ​លម្អិត​លើ​បញ្ហា​ទាំង​អស់​នេះ​ទេ៖ « ឯកឧត្ដម កឹម សុខា ជា​ប្រធាន​គណបក្ស​គាត់​មិន​អាច​ទៅ​លម្អិត​រឿង​ទាំង​នេះ​លើកលែង​តែ​ការងារ​ខ្លះ​ថ្នាក់​ដឹកនាំ​ចេញ​មុខ​​ដូច​ជា​ការ​ចរចា​គ្នា​ដូច​ជា​ការ​បង្កើត​គណ កម្មការ​ចម្រុះ​រវាង ស៊ីភីភី ( គណបក្ស​ប្រជាជន​កម្ពុជា ) និង​សង្គ្រោះ​ជាតិ​ទើប​ជា​កិច្ចការ​ថ្នាក់​ដឹកនាំ​ដឹង »

សវនាការ​លោក កឹម សុខា នេះ​ដែរ មាន​ការ​ឃ្លាំមើល​ពី​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ តំណាង​សហភាព​អឺរ៉ុប និង​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ក្រៅ​ពី​នេះ​ក៏​មាន​តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អ្នកសារព័ត៌មាន​ចូល​ស្ដាប់​ផង​ដែរ​។ នៅ​ក្រៅ​តុលាការ​ឯណេះ​វិញ សមត្ថកិច្ច​បាន​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង និង​បាន​បណ្ដេញ​អ្នក​គាំទ្រ​លោក កឹម សុខា ជាង ២០នាក់​មិន​ឲ្យ​ឈរ​មុខ​តុលាការ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ដែល​មាន​ក្រុម​ការងារ​របស់​លោក​ចូល​ឃ្លាំមើល​សវនាការ​នេះ​ លើកឡើង​ថា រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​លោក កឹម សុខា ថា បាន​ឃុបឃិត​ជា​មួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដូច្នេះ លោក​យល់​ថា តុលាការ​គួរ​ព្យាយាម​រក​ឲ្យ​ឃើញ​ថា លោក កឹម សុខា បាន​ធ្វើ​អី​ខ្លះ​ជាមួយ​រដ្ឋ​បរទេស ហើយ​រដ្ឋ​បរទេស​ណា​ខ្លះ​បាន​រួម​គ្នា​ជាមួយ​លោក កឹម សុខា ធ្វើ​ឲ្យ​មហន្តរាយ​ដល់​ប្រទេស​កម្ពុជា។ លោក​ព្រួយ​បារម្ភ​ថា ការ​តាំង​សំនួរ​របស់​តំណាង​អយ្យការ​ដែល​ឆ្ងាយ​ពី​បទ​ចោទ​ដូច​នេះ​ នឹង​អូស​បន្លាយ​សវនាការ​នេះ​ឲ្យ​ស៊ី​ពេល​កាន់​តែ​យូរ​ថែម​ទៀត« អ៊ីចឹង ទៅ​ធ្វើ​ឲ្យ​ពេលវេលា ក៏​ត្រូវ​ចំណាយ​ពេល​ច្រើន​ទៅ​ទៀត​ដែរ។ អ៊ីចឹង​ខ្ញុំ​គិត​ថា នីតិវិធី​នេះ​គួរ​មាន​ការ​កែ​សម្រួល​ធ្វើ​ម៉េច ឲ្យ​មាន​ដំណើរការ​បាន​ឆាប់​រហ័ស ហើយ​ឲ្យ​ពាក់ព័ន្ធ​ទៅ​នឹង​អង្គហេតុ​ សំណុំរឿង និង​ការ​ចោទ​ប្រកាន់​ឲ្យ​ប្រទាក់​គ្នា​ដើម្បី​ឈាន​ទៅ​ការ​បញ្ចប់​នូវ​នីតិវិធី ឬ​ក៏​សវនាការ​បាន​ឆាប់​រហ័ស​ជាង​ហ្នឹង​បាទ »

Soeng_Sen_Karuna_at_ADHOC_2021_Lightningbug.jpg
លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក។ រូបគេផ្ដល់ឱ្យ

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ២០១៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ឬ​សន្ទិដ្ឋភាព​ជាមួយ​បរទេស និង​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស។ មេធាវី​តំណាង​រដ្ឋាភិបាល​ដែល​ជា​ដើម​បណ្ដឹង គឺ លោក គី តិច ចោទ​ប្រកាន់​ថា មាន​ប្រទេស​ចំនួន៩ ដែល​ពាក់ព័ន្ធ នឹង​លោក កឹម សុខា ក្នុង​នោះ រួម​មាន ឥណ្ឌូណេស៊ី (Indonesia) យូហ្គោស្លាវី (Yugoslavia) ស៊ែប៊ី (Serbia) អូស្ត្រាលី (Australia) អាមេរិក (USA) កាណាដា (Canada) សហភាព​អឺរ៉ុប (EU) តៃវ៉ាន់ (Taiwan) និង​ឥណ្ឌា (India)។

មេធាវី​លោក កឹម សុខា លោក ផែង ហេង អះអាង​ដែរ​ថា នៅ​ពេល​សវនាការ​ដំណើរការ​ដល់​ការ​សួរ​ដេញដោល​សាក្សី និង​អ្នក​ពាក់ព័ន្ធ ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា នឹង​ពិចារណា​ស្នើ​ទៅ​តុលាការ​ឲ្យ​តំណាង​រដ្ឋ​បរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ​មក​បំភ្លឺ​នៅ​តុលាការ។ តុលាការ​នឹង​បន្ត​សវនាការ​លោក កឹម សុខា នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ថ្ងៃ​ទី២០ ខែ​មេសា​ខាង​មុខ​បន្ត​ទៀត៕

Pheng_Heng101520.jpg
សហមេធាវី​ការពារ​ក្ដីឱ្យ​លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះ​ជាតិ លោក ផែង ហេង (កណ្ដាល) ពេល​ផ្ដល់​បទសម្ភាសន៍ដល់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូងរាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២០ អំពីសវនាការ​លោក កឹម សុខា។ រូបពីពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។