តុលាការក្រុងភ្នំពេញនៅថ្ងៃទី២១ ខែមីនា បន្តសវនាការសួរដេញដោលដាក់បន្ទុកអ្នកច្បាប់ និងជាសកម្មជនតស៊ូមតិកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំចំនួន៣នាក់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ មេធាវី និងជនជាប់ចោទនៅតែយល់ថា សវនាការនេះសមត្ថកិច្ច និងតំណាងអយ្យការគ្មានភស្តុតាងរឹងមាំណាមួយក្នុងការចោទប្រកាន់ដដែល។
អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្រ្តនយោបាយកញ្ញា សេង ធារី បានតុបតែងខ្លួនខុសប្លែកពីលើកមុនៗទៀត ដើម្បីចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ។ កញ្ញា សេង ធារី រួមជាមួយសកម្មជនសង្គមដែលទើបចេញពីពន្ធនាគារលោកស្រី សាត ផា បានលាបមុខ ក្រង់សក់ និងស្លៀកពាក់ឈុតពណ៌ក្រហម ដែលស្រដៀងទៅនឹងខោអាវប្រពៃណីជនជាតិចិន។ ការស្លៀកពាក់នេះចង់បង្ហាញទៅកាន់ពលរដ្ឋខ្មែរទាក់ទងទៅនឹងវត្តមានយោធារបស់ចិននៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការ ដោយការបង្ហាញភស្តុតាងរបស់មន្រ្តីនគរបាលផ្នែកប្រឆាំងអំពើភេរវកម្ម ដែលបានកសាងសំណុំរឿងបញ្ជូនមកតុលាការ។ ជុំវិញសវនាការនេះ មេធាវី និងជនជាប់ចោទសង្កេតឃើញថា តុលាការនៅតែគ្មានភស្តុតាងរឹងមាំណាមួយ ដើម្បីការចោទប្រកាន់នោះទេ។
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី គឺលោក សំ សុគង់ ប្រាប់វិទ្យុអាស៊ីសេរី ក្រោយចប់សវនាការថា សមត្ថកិច្ចបានបង្ហាញភស្តុតាង ដែលទាញពីហ្វេសប៊ុករបស់ជនជាប់ចោទ និងហ្វេសប៊ុករបស់លោក សម រង្ស៊ី ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាការ។ លោកបន្តថា ការប្រមូលភស្តុតាង និងកសាងសំណុំរឿងរបស់សមត្ថកិច្ចនោះធ្វើឡើងមិនច្បាស់លាស់ ហើយមិនទាន់មានភស្តុតាងបង្ហាញអំពីវិមតិសង្ស័យដែលនាំឱ្យតុលាការធ្វើការពិចារណានោះទេ ដោយសមត្ថកិច្ចសន្និដ្ឋានដោយខ្លួនឯង ខណៈករណីនេះជាប់ពាក់ព័ន្ធរឿងនយោបាយ៖ «សាក្សីខាងសមត្ថកិច្ចនេះក្រុមមេធាវីយល់ឃើញថា អ្វីដែលសមត្ថកិច្ចធ្វើកន្លងមក គឺមិនទាន់មានភស្តុតាងពីវិមតិសង្ស័យក្រៅពីសមត្ថកិច្ចសន្និដ្ឋានខ្លួនឯង និងដោយសាររឿងនេះ ជារឿងនយោបាយផង ជួយកសាងសំណុំរឿងមិនមានភស្តុតាងគាំទ្រលើសំណុំរឿងនេះឡើយ»។
កញ្ញា សេង ធារី ឱ្យដឹងថា មុនពេលសវនាការកញ្ញារំពឹងថា មន្រ្តីនគរបាល នឹងបង្ហាញវីដេអូឃ្លីប ព្រោះកញ្ញាចង់ដឹងថា តើវីដេអូនោះកាត់ត ឬកែប្រែយ៉ាងណា ប៉ុន្តែក្នុងបន្ទប់សវនាការនគរបាលមិនបានបង្ហាញវីដេអូឃ្លីប ដែលលើកឡើងក្នុងរបាយការណ៍យកទៅចោទប្រកាន់នោះទេ។ កញ្ញាចាត់ទុកសវនាការនេះថា ជាការគួរឱ្យអស់សំណើចដែលតុលាការបន្តសួរដេញដោលរឿងដដែល៖ «ភស្តុតាងជាក់ស្តែងដែលគេមានជាក់ស្តែងប្រឆាំងនឹងខ្ញុំ ហើយគេថា អត់មានលើសប្រាំបួនទំព័រទេ ខ្ញុំអាចជាប់គុក ១២ឆ្នាំនៅកន្លែងចង្អៀត អត់មានសេរីភាព មកពីរូបភាពរបស់ខ្ញុំលើកដៃម្រាម ៩ហ្នឹង អស្ចារ្យ ! មានតែប្រទេសផ្តាច់ការឆ្កួតហ្នឹងទេ យករឿងនេះជាភស្តុតាង»។
ប្រពន្ធមន្រ្តីគណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ដែលចូលស្តាប់សវនាការនោះថា រហូតមកដល់ពេលនេះ តុលាការរពុំមានភស្តុតាងណាមួយបង្ហាញថា ប្តីរបស់លោកស្រី និងសកម្មជនគណបក្សប្រឆាំងដទៃទៀតមានទោសកំហុសដូចការចោទប្រកាន់ទេ។ លោកស្រីនៅតែយល់ថា សវនាការលើសំណុំរឿងនេះ មានចរិតនយោបាយ ដូច្នេះគ្មានសង្ឃឹមទទួលបានយុត្តិធម៌នោះទេ ខណៈប្តីលោកស្រីបានជាប់ពន្ធនាគាររយៈពេលជិត ២ឆ្នាំ ទាំងអយុត្តិធម៌៖ «ទោះបីជាមានភស្តុតាង ឬអត់ភស្តុតាង វាអត់មានទឹកចិត្តជឿជាក់លើប្រព័ន្ធតុលាការទាំងស្រុងទេ ដោយសារតុលាការត្លុកល្ខោនចឹង ទោះបីជាអត់មានភស្តុតាង អត់មានខុសផងតុលាការថា ខុស ដាក់គុកប្រាំឆ្នាំដដែល ជឿត្រង់ណាតុលាការដាក់ស្លាកសុទ្ធតែយុត្តិធម៌ កាត់ទោសដោយអត់លម្អៀង មិនយល់បងប្អូន មិនយល់សាច់ញាតិ ស្អីមិនខុសផងដាក់គុកដដែល ហើយអ្នកខ្លះនិយាយបន្តិចដាក់គុកប្រាំឆ្នាំហើយហ្នឹង។ អ៊ីចឹងកាត់ក្តីធ្វើអីប្រកាសតែម្តងទៅមិនចាំបាច់សម្តែងអីកុំឱ្យអស់លុយអស់កាក់ ម៉ាស៊ីនត្រជាក់»។
តុលាការបានចោទប្រកាន់ កញ្ញា សេង ធារី ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ក្រៅពីនេះ បានចោទប្រកាន់សកម្មជនបក្សប្រឆាំងជាង ៥០នាក់ផ្សេងទៀត ក្នុងនោះ សមត្ថកិច្ចបានបញ្ជូនសកម្មជនគណបក្សប្រឆាំងបីនាក់ ដែលកំពុងជាប់ឃុំ គឺលោក កាក់ កុម្ភារ លោក ហេង ច័ន្ទសុធី និងលោក ទុំ ប៊ុនថន មកសាកសួរដែរ។
ចំណែកនៅក្រៅរបងតុលាការវិញ មានការឃ្លាំមើលពីសាច់ញាតិ និងមិត្តភ័ក្ត្រអ្នកជាប់ឃុំជាង ១០នាក់ ដែលស្ថិតក្នុងការឃ្លាំមើល និងតឹងរ៉ឹង ពីក្រុមសមត្ថកិច្ចជាង ២០នាក់ ដែលឈរជើងជុំវិញបរិវេណតុលាការ។ តុលាការនឹងបន្តសវនាការជាថ្មីទៀត នៅថ្ងៃទី២៨ ខែមីនាខាងមុខ ដើម្បីបន្តសួរដេញលើភស្តុតាងផ្សេងៗ ទៀត។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា មតិជាតិ និងអន្តរជាតិ នៅតែចាត់ទុករឿងក្តីក្តាំនេះកើតចេញវិវាទនយោបាយ។ លោកសង្កេតឃើញថា ដំណើរការសំណុំរឿងនេះ បានអូសបន្លាយពេលវេលាយូរ រីឯភស្តុតាងយកមកចោទប្រកាន់សកម្មជនបក្សប្រឆាំងវិញ គឺសកម្មនយោបាយទាំងនោះទទួលរងភាពអយុត្តិធម៌ ដោយគ្រាន់តែស្រង់ចេញពីការបញ្ចេញមតិលើបណ្តាញសង្គមដោយសន្តិវិធី។ លោកស្នើឱ្យតុលារដោះលែងនិងទម្លាក់ចោលការចោទប្រកាន់លើសកម្មនទាំងនោះឱ្យមានសេរីភាពឡើងវិញ៖ « ប្រទេសប្រជាធិបតេយ្យគេឱ្យអ្នកកាត់សេចក្តីទៅលើក្រុមអ្នកនយោបាយហ្នឹង គឺប្រជាពលរដ្ឋមានសិទ្ធិស្របច្បាប់ មានសិទ្ធិក្នុងការបោះឆ្នោត ហើយបើមនុស្សដែលអាក្រក់ មនុស្សប្រព្រឹត្តផ្ទុយពីច្បាប់ ពីសីលធម៌ ច្បាស់ណាស់គ្មានពលរដ្ឋណាគេបោះឆ្នោតឱ្យទេ ក៏ប៉ុន្តែយើងឃើញថាបច្ចុប្បន្នបែរជាសកម្មជននយោបាយទាំងអស់ហ្នឹង រងការចោទប្រកាន់តាមផ្លូវតុលាការទៅវិញ»។
ទាក់ទងនឹងរឿងនេះ ប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ ប្រាប់វិទ្យុអាស៊ីសេរីដោយខ្លីថា រយៈពេលដំណើរការរឿងក្តីនេះ គឺអាស្រ័យលើទំហំនៃសំណុំរឿង ហើយលោកនឹងពិនិត្យមើលលទ្ធភាពជួយពន្លឿនបន្ថែមទៀត។ ដោយឡែកលោកមិនអាចបញ្ជាក់ជុំវិញការលើកឡើងរបស់មេធាវី និងជនជាប់ចោទបានទេ ប៉ុន្តែលោកស្នើឱ្យរងចាំការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះផ្អែកលើភស្តុតាង សំណើ និងសេចក្តីសន្និដ្ឋានរបស់មេធាវីជាចុងក្រោយ៖ «វាអាស្រ័យលើទំហំរឿងបើរឿងស្មុកស្មាញ មនុស្សច្រើនយើងចង់លឿនទៅអត់រួចទេ ហើយគាត់ចង់ថា យឺតធ្វើម៉េច ហើយជម្រះក្តីអ៊ីចឹងហើយ កុំឱ្យតែយើងមិនបានធ្វើការ។ ចង់លឿនតាមចិត្តយើងធ្វើម៉េចបាន ហើយយើងធ្វើការអស់ពីលទ្ធភាពហើយ»។
ទោះជាយ៉ាងណាកន្លងមកអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ បានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។