លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត​ហាមឃាត់​ពលរដ្ឋ​ទៅ​ជួយ​ច្បាំង​អ៊ុយក្រែន

0:00 / 0:00

ប្រជាពលរដ្ឋ និង​អ្នក​វិភាគ​ រិះគន់​ថា​ ដោយសារ​តែ​កងទ័ព​របស់​រុស្ស៊ី​កំពុង​បាក់​ស្រុត​កម្លាំង​ក្នុង​ការ​ច្បាំង​លុកលុយ​ប្រទេស​អ៊ុយក្រែន (Ukraine) ទើប​ធ្វើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ហ៊ាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ទៅ​ជួយ​ប្រទេស​មួយ​នេះ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​ហាមប្រាម​ជា​ថ្មី​ទៀត​លើ​ពលរដ្ឋ​ខ្មែរ ដែល​មាន​បំណង​ទៅ​ធ្វើ​ទាហាន​ជួយ​ច្បាំង​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​រុស្ស៊ី (Russia)។

ប្រជាពលរដ្ឋ និង​អ្នក​វិភាគ លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ភ័យ​ខ្លាច​ពី​ទំនាក់ទំនង​កាន់​តែ​ល្អក់​កករ​ជាមួយ​អតីត​ចៅហ្វាយ​នាយ​របស់​ខ្លួន គឺ​ប្រធានាធិបតី​រុស្សី គឺ​លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ទើប​លោក​មិន​ហ៊ាន​និយាយ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ទៅ​ធ្វើ​ទាហាន​ជួយ​ច្បាំង​ប្រទេស​អ៊ុយក្រែន។

អតីត​អ្នកទោស​មនសិការ​ម្នាក់ លោក កើត សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៨ មីនា​ថា បើ​ទោះ​ជា​កម្ពុជា​បាន​ចូលរួម​បោះ​ឆ្នោត​ថ្កោលទោស ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​យ៉ាងណាក្ដី ក៏​លោក ហ៊ុន សែន នៅ​តែ​មាន​ចិត្ត​ខ្លាច​រអា ខ្លាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការ​ទូត​ជាមួយ​មេ​ដឹកនាំ​ផ្ដាច់ការ​លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)ដែរ។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​ហាមប្រាម​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ទៅ​ជួយ​ពលរដ្ឋ​អ៊ុនក្រែន កម្ពុជា​គួរ​បង្កើត​ច្បាប់​ស្ដីពី​ការ​ហាមឃាត់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ទៅ​ជួយ​ច្បាំង​ជាមួយ​បរទេស​នេះ៖ «ដូច្នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ក្នុង​ស្រុក​ខ្មែរ​ហ្នឹង​ច្បាប់​នៅនឹង​មាត់​ ចាប់ផ្ដើម​យើង​ដូច​រស់​នៅ​សម័យ​អតីតកាល។ ឥឡូវ​ដូច​គ្នា នាយក​រដ្ឋមន្ត្រី​ទៅ​ស្រែក​វ៉ាស ! ទើប​មាន​មន្ត្រី​ប្រឹង​អនុវត្ត​ច្បាប់។ បញ្ហា​នេះ​កាន់តែ​ឆ្លុះ​បញ្ចាំង​ធ្វើ​ឱ្យ​ប្រទេស​យើង​ថា​ អត់មាន​ប្រសិទ្ធ​ភាព​ធ្វើ​ឱ្យ​ប្រព័ន្ធ​នីតិរដ្ឋ​ក្នុង​ប្រទេស។ ជាពិសេស​ប្រព័ន្ធ​យុត្តិធម៌​សឹងតែ​ធ្លាក់​សូន្យ​តែម្ដង »

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ខេត្ត កោះកុង លោកស្រី ផាវ ញ៉ើង ថ្លែង​ថា បើ​ពលរដ្ឋ​ណា​មាន​ឆន្ទៈ​ចង់​ជួយ​ប្រទេស​អ៊ុយក្រែន គឺ​ជា​សិទ្ធិ​ពួក​គាត់ ហើយ​ក៏​មិន​ទាន់​មាន​ច្បាប់​ណា​មួយ​ហាមឃាត់​បែប​នេះ​ដែរ។ លោកស្រី យល់​ថា ការណ៍​ដែល​មាន​ពលរដ្ឋ ហ៊ាន​ប្រឈម​ជីវិត ក្នុង​ការ​ទៅ​ជួយ​ប្រជាជន​អ៊ុនក្រែន ច្បាំង​ការ​ឈ្លានពាន​រុស្ស៊ី នោះ គឺ​ជា​ចរន្ត​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ការ​ប្រមូលផ្ដុំ​កម្លាំង​ត​ទល់​នឹង​ការ​ឈ្លានពាន​របស់​មេ​ដឹកនាំ​ផ្ដាច់ការ​របស់​ប្រទេស​រុស្ស៊ី​តែ​ប៉ុណ្ណោះ៖ «នេះ​ជា​ជីវិត​ផ្ទាល់ខ្លួន​របស់​បុគ្គល ហើយ​ពលរដ្ឋ​គួរតែ​មាន​សេរីភាព។ ចំពោះ​ខ្ញុំ​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ មិន​ចង់​ឃើញ​អ៊ុយក្រែន​រង​ការ​បាញ់​សម្លាប់​ពី​រុស្សី​អ៊ីចឹង​ទេ។ ខ្ញុំ​ចង់​ឃើញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​អ៊ុយក្រែន ហើយ​ចង់​ឃើញ​ប្រទេស​ធំ ដើម្បី​ជួយ​អ៊ុយក្រែន »

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត ដោយ​ហាម​មិន​ឱ្យ​ពលរដ្ឋ​ណា ស្ម័គ្រចិត្ត​ទៅ​ជួយ​ច្បាំង​ប្រជាជន​អ៊ុយក្រែន​ឡើយ៖ « យើង​ជា​ប្រទេស​ដែល​ធ្លាប់​គេ​ឈ្លានពាន អ៊ីចឹង​យើង​ក៏​នឹកគិត​ដល់​ប្រទេស ដែល​ត្រូវ​គេ​ឈ្លានពាន។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​និយាយ​ដដែល​។ យើង​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​កម្ពុជា​ណា​មួយ ទៅ​ធ្វើ​ជា​ទាហានស្ម័គ្រចិត្ត​នៅ​ជួយ​ប្រទេស​អ៊ុយក្រែន​ ដូច​ប្រទេស​មួយ​ចំនួន​បណ្ដោយ​ពលរដ្ឋ​របស់​ខ្លួន​ទៅ​ប្រទេស​អ៊ុយក្រែន​អ៊ីចឹង​ទេ។ យើង​ជា​ប្រទេស​ក្រីក្រ​មួយ​ នៅ​ឆ្ងាយ​ណាស់។ ប៉ុន្តែ​ យើង​បាន​បង្ហាញ​សន្តាន​ចិត្ត​ជាមួយ​ប្រជាពលរដ្ឋ​អ៊ុយក្រែន ដែល​កំពុង​ភៀស​ខ្លួន​រាប់​លាន​នាក់​នៅ​ក្រៅ និង​កំពុង​ភៀស​ខ្លួន​ធ្វើ​សឹក​រាប់​លាន​នាក់​នៅ​ខាង​ក្នុង​ប្រទេស »

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​អង្គ ឌួង នៅ​ថ្ងៃ​ទី២៨ មីនា ក្នុង​រាជធានី​ភ្នំពេញ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក ហ៊ុន សែន ថ្លែង​សារ​បែប​នេះ។ ក្រោយ​ពី​មាន​សង្គ្រាម​រុស្សី​ឈ្លានពាន​ប្រទេស​អ៊ុនក្រែន​មក លោក ហ៊ុន សែន តែងតែ​ប្រកាស​ជា​បន្ត​បន្ទាប់​ដល់​ប្រជាពលរដ្ឋ មិន​ឱ្យ​ជួយ​ច្បាំង​អ៊ុយក្រែន​ឡើយ ដោយ​លោក​លើក​ហេតុផល​ថា ជីវភាព​ប្រជាជន​កម្ពុជា​នៅ​មាន​កម្រិត។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​ធ្លាប់​ចំអក​ថា អ្នក​ដែល​ចង់​ទៅ​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​មាន​សង្គ្រាម​នេះ​គឺ​គ្រាន់តែ​ចង់​បាន​សញ្ជាតិ​អ៊ុយក្រែន​តែ​ប៉ុណ្ណោះ និង​ថា បើ​គេ​បាញ់​នឹង​នាំ​គ្នា​រត់​ប្រាស​អាយុ។

ប៉ុន្តែ ការ​ឡើង​របស់​មេ​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​រូប​នេះ បាន​រង​ការ​រិះគន់​ថា លោក ហ៊ុន សែន កំពុង​មើល​ងាយ​ប្រជាជន​ខ្លួន ដែល​ធ្លាប់​មាន​បទ​ពិសោធន៍ ហែល​ឆ្លង​កាត់​ភ្នក់​ភ្លើង​សង្គ្រាម​នា​ពេល​កន្លង​មក។ មតិ​រិះគន់​ភាគ​ច្រើន​ថា ពលរដ្ឋ​អាច​មាន​សិទ្ធិ​ចាប់​កាន់​អាវុធ​ជួយ​សង្គ្រោះ​មនុស្ស​ជាតិ ពេល​មាន​អាសន្ន​ពី​ការ​បាញ់​ប្រហារ​ពី​កងទ័ព​រុស្ស៊ី។

ផ្ទុយ​ពី​ការ​ហាមប្រាម​របស់​មេ​ដឹកនាំ​កម្ពុជា មាន​អតីតកងទ័ព ​ទាហាន​ចូល​និវត្តន៍​ និង​ប្រជាពលរដ្ឋ​ស៊ីវិល​​ពី​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប្រទេស​លោក​សេរី​ធំៗ ដូច​ជា​ សហរដ្ឋអាមេរិក និង​កាណាដា ជា​ដើម បាន​​ចេញ​មុខ​ចូល​ធ្វើ​ទាហាន​​ប្រឆាំង​នឹង​រុស្សី។ មក​ដល់​ពេល​នេះ អ៊ុយក្រែន​ទទួល​បាន​ពលរដ្ឋ​បរទេស​ស្ម័គ្រចិត្ត​ជាង ២ម៉ឺន​នាក់ ដើម្បី​ជួយ​ច្បាំង​បណ្ដេញ​ទ័ព​រុស្ស៊ី ដែល​ចូល​ឈ្លានពាន​ទឹក​ដី​អ៊ុយក្រែន។

ចំណែក​ឯ​អ្នក​វិភាគ​នយោបាយ​កំពុង​រស់នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ លោកមាន​ប្រសាសន៍ថា បើ​លោក ហ៊ុន សែន ហ៊ាន​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ស្ម័គ្រចិត្ត​ទៅ​ជួយ​ច្បាំង​អ៊ុយក្រែន នោះ​​អតីត​ចៅហ្វាយ​នាយ​របស់​លោក ហ៊ុន សែន គឺ​លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) នឹង​ខឹង​សម្បារ​កាន់​តែ​ខ្លាំង។ លោក​បន្ត​ថា ក្រោយ​ពី​កម្ពុជា​ចូលរួម​បោះ​ឆ្នោត​ជាមួយ​ប្រទេស១៤០ នៅ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​រុស្ស៊ី​មកដល់ពេលនេះ លោក ហ៊ុន សែន ក៏​ទំនង​នៅ​តែ​មាន​ភាព​តានតឹង​ជា​ដៃគូ​យុទ្ធសាស្ត្រ​រុស្ស៊ី និង​ជា​មិត្ត​ដែកថែប​របស់​លោក​គឺ ប្រទេស​ចិន​នៅ​ឡើយ៖ «ពូទីន គឺ​ជា​ចៅហ្វាយ​ចាស់​ក្រុម​លោក ហ៊ុន សែន ហើយ​ជា​មិត្ត​យល់​ចិត្ត​បំផុត​ក្នុង​សម័យថ្មី​នេះ​។ ដូច្នេះ​ ក្នុង​ពេល​ដែល​កងទ័ព​រុស្សី​កំពុង​បាក់​ស្រុត​កម្លាំង​យ៉ាង​ខ្លាំង​ ហើយ​ក៏​កំពុង​រៀប​ដកថយ​ក្នុង​សញ្ញា​ចាញ់​សង្គ្រាម។ លោក ហ៊ុន សែន មិន​ហ៊ាន​លើកទឹកចិត្ត​អ្នក​ទាំងឡាយ​ណា​ទៅ​ជួយ​អ៊ុយក្រែន​ ហើយ​ប្រឆាំង​នឹង​ពូទីន​ទេ »

ស្រប​ពេល​ដែល​លោក ហ៊ុន សែន រារាំង​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្ម័គ្រចិត្ត​ទៅ​ជួយ​ច្បាំង​នៅ​អ៊ុយ​ក្រែន​នេះ​ ​ពលរដ្ឋ​ខ្មែរ​​នៅ​​ក្រៅ​ប្រទេស បន្ត​ចូលរួម​សកម្មភាព​តវ៉ា​ឱ្យ​រុស្ស៊ី​ដកទ័ព​​ចេញ​ពី​អ៊ុយក្រែន និង​រៃ​អង្គៀស​ថវិកា​តាម​លទ្ធភាព ដើម្បី​ជួយ​ដល់​ពលរដ្ឋ​អ៊ុយក្រែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។