លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារឱ្យពលរដ្ឋខ្មែរចាត់ទុក ថ្ងៃជ័យជំនះ ៧ មករា ក្នុងក្រអៅបេះដូង ដែលប្រជាជនកម្ពុជាបាន រួចផុតពីរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម។ មន្ត្រីគណបក្សប្រឆាំងស្នើមេដឹកនាំខ្មែរ ហ៊ាននិយាយការពិតពីប្រវត្តិសាស្ត្រទាក់ទងនឹងព្រឹត្តិការណ៍ ៧ មករា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះសារក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ មករា ដោយបង្ហាញមោទនភាពថា ពលរដ្ឋកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ ដោយសារតែជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩។
មេបក្សកាន់អំណាចរូបនេះបានរំលឹកថា អតីតកាលមុនឆ្នាំ១៩៧៩ ពលរដ្ឋខ្មែរគ្រប់រូប រស់នៅក្រោមការបង្ខិតបង្ខំ ធ្វើការលើសកម្លាំង ហូបមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ហើយសិទ្ធិសេរីភាពរបស់ពលរដ្ឋ ត្រូវបានរបបខ្មែរក្រហមរាំងខ្ទប់។ លោកថា របបនេះ ធ្វើឱ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ លោកថ្លែងទៀតថា ក្រោយថ្ងៃរំដោះ ៧ មករា ពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ។ លោក ហ៊ុន សែន លើកសរសើរខ្លួនឯងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកកម្ពុជាមានកិត្យានុភាព និងមុខមាត់សាជាថ្មីលើឆាកអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកតម្កើងថ្ងៃ ៧ មករានេះ ស្ទើរខ្ពស់ជាងពិធីបុណ្យជាតិដទៃទៀត។ លោកសុខចិត្តលុបចោលថ្ងៃបុណ្យដទៃទៀត ចេញពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ ដូចជា ខួបកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា និងទិវាសិទ្ធិមនុស្ស ១០ ធ្នូជាដើម។ ប៉ុន្តែបន្តរក្សាទុកថ្ងៃ០៧ មករាដដែល។ ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជារបស់លោក តែងរៀបចំកម្មវិធីយ៉ាងអធិកអធម ដើម្បីអបអរទិវានេះជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារឆ្នាំនេះមានការផ្ទុះជំងឺឆ្លងកូវីដ-១៩ ទើបមិនប្រារព្ធពិធីដូចឆ្នាំមុនៗ។
ទោះជាបែបនេះក្តី អ្នកនយោបាយបក្សប្រឆាំង អ្នកវិភាគ និងពលរដ្ឋមួយចំនួន មិនយល់ស្របនឹងការលើកឡើងរបស់លោក ហ៊ុន សែន នេះទេ ដោយពួកគេចាត់ទុកថ្ងៃទី៧ មករា គឺជាខួបនៃ ការឈ្លានពានកម្ពុជាពីសំណាក់កងទ័ពវៀតណាម។ ការលើកឡើងបែបនេះ គឺដោយសារតែអន្តរាគមន៍យោធារបស់វៀតណាមនៅពេលនោះ ធ្វើឡើងមិនក្រោមឆត្រអង្គការសហប្រជាជាតិ ហើយកងទ័ពវៀតណាមបានបន្តគ្រប់គ្រងកម្ពុជាប្រមាណ ១០ឆ្នាំទៀត ក្រោយផ្ដួលរំលំរបបខ្មែរក្រហម។
មន្ត្រីជាន់ខ្ពស់ និងជាអតីតអ្នកទោសនយោបាយ នៃគណបក្សសង្គ្រោះជាតិ លោក មាជ សុណ្ណរ៉ា ស្នើឱ្យប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ត្រូវនិយាយការពិតពីប្រវត្តិសាស្ត្រ ដោយកុំបង្ខំឱ្យពលរដ្ឋជឿ ក្នុងពេលដែលខ្លួនកំពុងក្ដាប់អំណាចជាង ៤០ឆ្នាំមកហើយ។ លោកថា ខ្មែរនៅមិនទាន់ឯកភាពគ្នា ទទួលស្គាល់ទិវា៧ មករា បានទូលំទូលាយនោះទេ ហើយទស្សនៈដ៏ចម្រូងចម្រាសនេះ នៅតែអូសបន្លាយពេលច្រើនឆ្នាំមកហើយ មិនទាន់ដោះស្រាយឱ្យជ្រះស្រឡះនៅឡើយទេ៖ «បក្សកាន់អំណាចកាន់មកដល់សព្វថ្ងៃនេះ គាត់សុទ្ធតែបានចូលរួមចំពោះការលះបង់ ប៉ុន្តែការលះបង់សាច់ស្រស់ឈាមស្រស់មកដល់សព្វថ្ងៃនេះ យើងសាទរ ប៉ុន្តែសាទរកុំឱ្យបំភ័ន្តប្រវត្តិសាស្ត្រ យើងបង្ហាញអ្វីដែលជាការពិតទៅ។ អ្នកដឹកនាំកុំបំភ្លៃប្រវត្តិសាស្ត្រ ព្រោះបំភ្លៃបានតែកំពុងកាន់អំណាចទេ ដល់ពេលខ្លួនអស់អំណាចប្រវត្ថិសាស្ត្រការពិត វានៅពាលវាលពាសកាលពេញសកលលោកទាំងមូល »។
ជាមួយគ្នានេះដែរ អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ទិវា ២៥ ធ្នូ ឆ្នាំ១៩៧៨ និង ៧ មករា ១៩៧៩ ជាការចាប់ផ្ដើមសង្គ្រាមយកកម្ពុជា ចំណុះឱ្យប្រទេសវៀតណាម។ លោកថា សង្គ្រាមនេះ បានក្លាយទៅជាសមរភូមិក្ដៅ រវាងមហាអំណាចកុម្មុយនិស្តចិន និងវៀតណាម ដែលគាំទ្រដោយសហភាពសូវៀត។
បន្ទាប់ពីផ្តួលរំលំរបបខ្មែរក្រហម និងគ្រប់គ្រងកម្ពុជាពេញដៃហើយ កងទ័ពវៀតណាមបានលើកបន្តុបលោក ហ៊ុន សែន ឱ្យកាន់តំណែងជាមេដឹកនាំកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥។ លោក ហ៊ុន សែន បានបន្តដឹកនាំកម្ពុជាមកដល់សព្វថ្ងៃ តាមរយៈទង្វើផ្ដាច់ការជាច្រើន រួមមាន ការធ្វើរដ្ឋប្រហារ ការកម្ចាត់គណបក្សប្រឆាំង និងរៀបចំការបោះឆ្នោត ដែលមិនស្របតាមស្តង់ដារប្រជាធិបតេយ្យ។ ក្រុមអ្នកសង្កេតការណ៍បានវាយតម្លៃថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កំពុងខូចមុខមាត់លើឆាកអន្តរជាតិ ដោយសារតែទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។
ជុំវិញរឿងថ្ងៃ ៧ មករា នេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារក្នុងទំព័រហ្វេសប៊ុកថា សហរដ្ឋអាមេរិកចងចាំរឿងរ៉ាវដែលប្រជាជនកម្ពុជារាប់លាននាក់បានបាត់បង់ជីវិត និងរងទុក្ខក្នុងអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។ ស្ថានទូតអាមេរិកគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយគាំទ្រដល់ប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេឱ្យមានយុត្តិធម៌ ប្រជាធិបតេយ្យ ឯករាជ្យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ព្រមទាំងធានាបានថា សោកនាដកម្មបែបនេះនឹងមិនកើតឡើងទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។