សកម្មជនគណបក្សសង្គ្រោះជាតិនៅតាមខេត្ត និងជាអ្នកគោរពស្រលាញ់ បណ្ឌិត កែម ឡី កំពុងត្រៀមសុំច្បាប់អាជ្ញាធរ ដើម្បីធ្វើបុណ្យឧទ្ទិសកុសល ជូនបណ្ឌិត កែម ឡី នៅក្នុងខួប៣ឆ្នាំ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី។ កម្មវិធីបុណ្យនោះ ពួកគេនឹងទទួលភ្ញៀវ ដោយនំបញ្ចុក។ អ្នកធ្វើការឃ្លាំមើលសិទ្ធិមនុស្ស ថា ពលរដ្ឋមានសិទ្ធិធ្វើបុណ្យ តាមជំនឿសាសនារៀងៗខ្លួន ដោយមិនចាំបាច់ជូនដំណឹង និងមិនត្រូវរំខានការធ្វើបុណ្យរបស់ពលរដ្ឋឡើយ។
សកម្មជនបក្សប្រឆាំងនៅខេត្តចំនួន៣ បានបោះពុម្ពលិខិតអញ្ជើញបុណ្យខួប ៣ឆ្នាំបណ្ឌិត កែម ឡី រួចហើយ គឺនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ។
ចៅសង្កាត់ជាប់ឆ្នោត នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក សួន សៀប ប្រាប់ថា អ្នកផ្ដួចផ្ដើមបុណ្យកំពុងត្រៀមផ្ដល់ដំណឹងឱ្យអាជ្ញាធរមូលដ្ឋានសិន ព្រោះបារម្ភខ្លាចរងការហាមឃាត់ មិនឱ្យពួកគេធ្វើបុណ្យជូនបណ្ឌិត កែម ឡី។ លោក សួន សៀប ថា ក្នុងកម្មវិធីបុណ្យ នឹងនិមន្តព្រះសង្ឃ២អង្គ សូត្រធម៌ជូនបណ្ឌិត កែម ឡី ហើយគ្មានការសង់រោងបុណ្យទេ តែម្ចាស់បុណ្យសម្រេចរៀបចំនំបញ្ចុកទទួលភ្ញៀវ។ សកម្មជនបក្សប្រឆាំង នឹងមិនថ្លែងសារនយោបាយអ្វីទាំងអស់។ ចៅសង្កាត់ជាប់ឆ្នោតរូបនេះ ឱ្យដឹងថា ពួកគេរៀបចំបុណ្យខួប៣ឆ្នាំ ជូនបណ្ឌិត កែម ឡី ដោយសារ លោកបណ្ឌិត ជាអ្នកស្នេហាជាតិ៖ «គាត់ ( កែម ឡី ) អ្នកស្នេហាជាតិ។ និយាយឱ្យចំ យើងធ្វើរំលឹកខួប៣ឆ្នាំរបស់គាត់។ អានេះ យើងផ្ដល់ជាព័ត៌មានជូនទៅមន្ត្រីមូលដ្ឋាន បើនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ គេមិនឱ្យធ្វើ ក្រុមការងារទៅ ( ធ្វើ ) ខាងប៉ោយប៉ែតវិញ»។
ចំណែកសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ លោក ថោង វិបុលសុខុម ប្រាប់ថា សកម្មជនបក្សប្រឆាំង និងអ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី នឹងជួបជុំគ្នានៅព្រឹកថ្ងៃទី១០ កក្កដា នៅគេហដ្ឋានរបស់សកម្មជនបក្សប្រឆាំងម្នាក់ ស្ថិតនៅភូមិបុស្សស្បែង ឃុំជ្រលង ស្រុកតាំងគោក។ លោកប្រាប់ថា នេះជាកម្មវិធីបុណ្យ និងជួបជុំអ្នកគាំទ្របក្សប្រឆាំងហូបនំបញ្ចុក បន្ថែមពីការហូបនំបញ្ចុករៀងរាល់សប្ដាហ៍។ កម្មវិធីបុណ្យខួប បណ្ឌិត កែម ឡី ក៏នឹងមានការចូលរួមពី លោក ស៊ុន ធន់ និង លោក ថៃ ធីម ដែលជាគ្រូបង្រៀនរងការគំរាមឱ្យបញ្ឈប់ពីសកម្មភាពនយោបាយដែរ។
សមាជិកព្រឹទ្ធសភាជាប់ឆ្នោតមណ្ឌលភូមិភាគ ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ លោក សោ ចាន់ដេត ឱ្យដឹងថា កម្មវិធីបុណ្យខួប៣ឆ្នាំបណ្ឌិត កែម ឡី នឹងត្រូវសកម្មជនបក្សប្រឆាំង ប្រារព្ធធ្វើឡើងតាមខេត្តរៀងៗខ្លួននៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែខេត្តខ្លះ មិនហ៊ានធ្វើតាមទម្រង់ធំ ចេញអញ្ជើញភ្ញៀវទេ គឺអាចធ្វើត្រឹមទម្រង់ជាការនិមន្តព្រះសង្ឃ សូត្រមន្ត ទ្រង់ទ្រាយតូចប៉ុណ្ណោះ។
ជុំវិញការត្រៀមសុំច្បាប់ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនបណ្ឌិត កែម ឡី នៅតាមខេត្តនីមួយៗនេះ អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពី អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី៦ កក្កដា ដោយសារមិនទទួលទូរស័ព្ទ។
សកម្មជនគណបក្សសង្គ្រោះជាតិ ធ្លាប់រងការហាមឃាត់ និងចោទប្រកាន់ជាងមួយរយ (១៤៥) ករណីហើយ ដោយសារ ជួបជុំគ្នាហូបនំបញ្ចុក សម្ដែងមតិ គាំទ្រសារនយោបាយមេដឹកនាំគណបក្សប្រឆាំង។ នៅចុងខែមិថុនា សមត្ថកិច្ចបានចេញដីកាកោះ ហៅសកម្មជនបក្សប្រឆាំងម្នាក់ នៅខេត្តព្រៃវែង ឱ្យចូលខ្លួនឆ្លើយបំភ្លឺ ក្រោយពេលជួបជុំគ្នា បង្ហោះវីដេអូ ជូនពរខួបកំណើត លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ តែក្រោយមក សមត្ថកិច្ចបានលុបចោលដីកាកោះនោះវិញ។
ចំណែកនៅរាជធានីភ្នំពេញវិញ ក្រុមយុវជនធ្លាប់ទទួលបានការបណ្ដុះបណ្ដាលពីបណ្ឌិត កែម ឡី កាលនៅរស់បានស្នើសុំ សាលារាជធានីភ្នំពេញ ចូលដាក់កម្រងផ្កានៅម្ដុំស្ដារម៉ាត (Star mart) ការ៉ាសសាំងកាល់តិច (Caltex) ទីកន្លែង ដែលឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី តែត្រូវបដិសេធ។ អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់ក្រុមយុវជនថា មូលហេតុ សំណើត្រូវបដិសេធ ដោយសារទីតាំងស្ដារ ម៉ាតនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ឯកជន។ រដ្ឋបាលរាជធានីភ្នំពេញ ឱ្យសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ប្រារព្ធពិធីដាក់កម្រងផ្កា នៅផ្ទះគ្រួសារសព និងនៅទីស្នាក់ការរបស់ខ្លួនបាន។ អាជ្ញាធររាជធានីភ្នំពេញក៏ព្រមានថា ក្នុងករណីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ នៅតែជួបជុំនៅទីតាំងស្ដុកបូកគោ ឬតាមផ្លូវសាធារណៈ ដែលបណ្ដាលឱ្យប៉ះពាល់សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ គឺត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា បញ្ជាក់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិពេញទីក្នុងការសម្ដែងការគោរព ធ្វើបុណ្យឧទ្ទិសកុសលជូនបណ្ឌិត កែម ឡី ហើយកម្មវិធីបុណ្យនោះ ទោះហូបនំបញ្ចុក ឬហូបអ្វី ក៏មិនចាំបាច់ជូនដំណឹង ឬសុំច្បាប់ដែរ ព្រោះពលរដ្ឋមានសិទ្ធិធ្វើបុណ្យតាមសាសនាគ្រប់ពេល និងគ្មានច្បាប់ណា ចែងថា ពលរដ្ឋធ្វើបុណ្យត្រូវសុំច្បាប់ទេ។
ជាងនេះទៅទៀត លោក ស៊ឹង សែនករុណា ថា ពលរដ្ឋមានសិទ្ធិជជែក វែកញែក រឿងនយោបាយ បាន ក្នុងកម្មវិធីបុណ្យ និងគ្រប់កម្មវិធីទាំងអស់។ លោកថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច មិនត្រូវទៅរំខាន កម្មវិធីបុណ្យពលរដ្ឋឡើយ៖ «ទោះបីគាត់ហូបអ្វីក៏ដោយ ហើយការធ្វើពិធីបុណ្យនេះ បើយើងពិនិត្យមើលក្នុងផ្លូវច្បាប់ ដូចច្បាប់បាតុកម្មអ្វីជាដើមហ្នឹង គឺបុណ្យ ពិធីបែបសាសនា នេះ មិនបាច់ជូនដំណឹង ឬសុំច្បាប់អ្វីទេ ហើយការធ្វើពិធីបែបនេះ មិនមានប៉ះពាល់ទៅលើផ្លូវច្បាប់ ឬក៏រឿងខុសច្បាប់អ្វីទេ។ ច្បាប់ចែងអ៊ីចឹង បើអាជ្ញាធរទៅធ្វើការរារាំងពួកគាត់ គឺអាជ្ញាធរទៅវិញទេ ដែលអនុវត្តខុសច្បាប់»។
សកម្មជនបក្សប្រឆាំងថា មកដល់ពេលនេះ ពួកគេអស់ជំនឿលើរបបក្រុងភ្នំពេញ ព្រោះមិនព្រមចាប់ឃាតក និងអ្នកបញ្ជាពីក្រោយ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី។ ពួកគេអំពាវនាវឱ្យពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ ក្នុងកម្មវិធីបុណ្យខួប៣ឆ្នាំ ដើម្បីសម្ដែងការគោរព ស្រឡាញ់បណ្ឌិត កែម ឡី។ ពួកគេ ក៏ស្នើសុំកុំឱ្យអាជ្ញាធរទៅឃ្លាំមើលកម្មវិធីបុណ្យដែរ ដើម្បីកុំឱ្យអ្នកចូលរួមកម្មវិធីបុណ្យភ័យខ្លាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។