លោក ហ៊ុន សែន បន្ត​ការពារ​លោក ហ៊ុន ម៉ាណែត និង​ព្រមាន​ថា បើ​សិន​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​នឹង​ផ្ទុះ​សង្គ្រាម

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ការពារ​កូន​ប្រុស​ច្បង​របស់​លោក​ថា មិន​បាន​ទៅ​ពឹង​វៀតណាម​ឲ្យ​ជ្រោមជ្រែង លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ឈាន​ទៅ​ដឹកនាំ​ប្រទេស​នា​ពេល​ខាង​មុខ​នោះ​ទេ។ លោក​ក៏​ព្រមាន​ដែរ​ថា នឹង​ផ្ទុះ​សង្គ្រាម​ជា​ថ្មី បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត។ ទោះ​យ៉ាង​ណា​ក្ដី អ្នក​វិភាគ​យល់​ថា សារ​របស់​លោក ហ៊ុន សែន បែប​នេះ ទំនង​លោក​ចង់​គំរាម​ផ្ទៃក្នុង​គណបក្ស​របស់​លោក​ថា នឹង​មាន​ការ​បង្ហូរ​ឈាម បើ​មាន​អ្នក​ណា​នៅ​តែ​មិន​គាំទ្រ ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ការពារ​កូន​ប្រុស​ច្បង​របស់​លោក​ថា ការ​បំពេញ​ទស្សនកិច្ច​របស់ លោក ហ៊ុន ម៉ាណែត នៅ​ប្រទេស​វៀតណាម កាល​ពី​ពេល​ថ្មីៗ នេះ មិនមែន​ជា​ការ​ស្នើ​ទៅ​វៀតណាម ឲ្យ​គាំទ្រ​បេក្ខភាព លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។ នៅ​តែ​លោក​អះអាង​ថា កូន​ប្រុស​របស់​លោក​អាច​ដឹកនាំ​ប្រទេស​បាន ឬ​មិន​បាន គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​ពលរដ្ឋ។ លោក​ក៏​ព្រមាន​ដែរ​ថា បើ​គ្មាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​ទេ​នោះ អាច​នឹង​ផ្ទុះ​សង្គ្រាម​ជា​ថ្មី៖ « គឺ​សង្គ្រាម​នឹង​ផ្ទុះ​ខ្ញុំ​មាន​ហ៊ាន​អ៊ីចឹង មូលហេតុ​អី មាន​កត្តា​ពីរ​សំខាន់ ប្រើ​ពាក្យ​រឹបអូស​ទ្រព្យ​ពី​អ្នក​មាន​ឲ្យ​អ្នក​ក្រ អ៊ីចឹង​សង្គ្រាម​ផ្ទៃក្នុង​នឹង​ផ្ទុះ ម៉ែ​អា​ណា​ឲ្យ​ឯង​រឹប ទី២ ត្រៀម​វាយ​យក​ទឹកដី ដែល​បាត់បង់។ អ៊ីចឹង សង្គ្រាម​នៅ​កម្ពុជា​ជាមួយ​វៀតណាម ឬ​ជាមួយ​ថៃ​ជៀស​មិន​រួច »

ទោះ​យ៉ាង​ណា​ក្ដី ខណៈ​លោក ហ៊ុន សែន ព្យាយាម​ការពារ​ទាយាទ​របស់​លោក​បែប​នេះ លោក​ក៏​បង្ហាញ​សារ​កម្រ​របស់​លោក​ផ្ដាំ​ទៅ​កូន​ប្រុស​របស់​លោក​ថា បើ​លោក ហ៊ុន ម៉ាណែត មិន​ដើរ​តាម​គន្លង​របស់​លោក​ទេ នឹង​ត្រូវ​គណបក្ស​ប្រជាជន​ទាត់​ចេញ​ពី​មុខ​តំណែង៖ « បើ​ធ្វើ​ខុស​ពី​ឪ​មាន​តែ​ន័យ​ថា ធ្វើ​ខុស​ពី​គោល​ការណ៍​គណបក្ស​អ៊ីចឹង​មាន​តែ​បណ្ដេញ ហ៊ុន ម៉ាណែត ចេញ​ពី​គណបក្ស​តែ​ប៉ុណ្ណឹង តែ​ខុស​ពី​ឪពុក ឪពុក​មិន​ព្រម ឥឡូវ គណបក្ស​ប្រជាជន​គេ​អនុម័ត​ឲ្យ​ធ្វើ ហើយ​បើ​ឯង​ធ្វើ​ខុស មិន​ខុស​គោលការណ៍​គណបក្ស ព្រោះ​ពេល​បោះ​ឆ្នោត គណបក្ស​មួយៗ ប្រកាស​កម្មវិធី​គោល​នយោបាយ​របស់​ខ្លួន »

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​និស្សិត​នៃ​សាកល​វិទ្យាល័យ​អាស៊ី-អឺរ៉ុប​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែសីហា។

ទោះ​លោក ហ៊ុន សែន និយាយ​ដដែលៗ ថា លោក​មិន​ពឹង​វៀតណាម ឲ្យ​ជួយ​ជ្រោមជ្រែង ឲ្យ​លោក ហ៊ុន ម៉ាណែត បន្ត​ដំណែង​ពី​លោក​ក្ដី ប៉ុន្តែ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល ហ៊ុន សែន ហាក់​កំពុង​បំពេញ​ចិត្ត​វៀតណាម ដូចជា ផ្ដល់​ដី​រាប់​សិប​ហិកតារ​ឲ្យ​ជនជាតិ​វៀតណាម សង់​ផ្ទះ​នៅ​ខេត្តកំពង់ឆ្នាំង អនុញ្ញាត​ឲ្យ​មាន​បង្រៀន​ភាសា​វៀតណាម​នៅ​សកល​វិទ្យាល័យ នៅ​ភ្នំពេញ និង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម ដែល​គេ​មើល​ឃើញ​ថា វៀតណាម​ទទួល​បាន​ផល​ចំណេញ​ពី​កម្ពុជា​លើ​ការ​បោះ​បង្គោល​នេះ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា សម្ដី​របស់​លោក ហ៊ុន សែន បង្ហាញ​ពី​នយោបាយ​ប្រជាភិថុតិ ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ប្រឆាំង​ឡើយ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​ការណ៍​ប្រកាន់​ភ្ជាប់​នូវ​នីតិរដ្ឋ ឯករាជ្យ អព្យាក្រឹត្យ និង​អធិបតេយ្យភាព​ជាតិ៖ « បើ​ជាមួយ​ប្រទេស​ជិត​ខាង​យើង​មាន​ភារកិច្ច កាតព្វកិច្ច​ការពារ​បូរណភាព​ទឹកដី កុំ​ឱ្យ​តែ​បរទេស​ចេះ​តែ​រុញ​បង្គោល​ព្រំដែន គឺ​ត្រូវ​ការពារ តែ​យើង​គ្មាន​មហិច្ឆតា គ្មាន​គំនិត​ណា​ទៅ​វាយ​ប្រទេស​ជិត​ខាង ដើម្បី​យក​ដី​ទេ យើង​ត្រូវ​តែ​ការពារ​ដី​ខ្មែរ ដែល​សល់ ប៉ុន្តែ​យើង​អត់​មាន​ទៅ​ឃុបឃិត​ជាមួយ​បរទេស​ធ្វើ​ព្រំដែន​បោះ​បង្គោល​ឱ្យ​រំលោភ​បំពាន​មក​លើ​ទឹកដី​ខ្មែរ​ទេ គឺ​បង្គោល​ព្រំដែន​ណា ដែល​បោះ​ចូល​ទឹក​ដី​ខ្មែរ យើង​មាន​សិទ្ធិ​ក្នុង​ការ​ពិនិត្យ សើរើ​ឡើង​វិញ ព្រោះ​យើង​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ចែង​អំពី​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ខ្មែរ។ ដោយ​ឡែក សម្រាប់​រឿងរ៉ាវ បញ្ហា ដែល​មាន​ការ​រំលោភ​ដីធ្លី ការ​ឆក់​ប្លន់​ដី​រាស្ត្រ​ទៅ​ឱ្យ​ជន​ខិលខូច យើង​នឹង​ពិនិត្យ​ឡើង​វិញ​ទៅ​តាម​ច្បាប់»

មុន​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ២០២៣ ខាង​មុខ លោក ហ៊ុន សែន បាន​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​ត​ពូជ ដោយ​បាន​គំរាម​សម្លុត​ផ្ទៃក្នុង​បក្ស​របស់​លោក រហូត​មាន​ការ​បោះ​ឆ្នោត ផ្ទៃក្នុង​បក្ស​សម្រេច​លើក លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី​លោក ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់ថា មក​ដល់​ពេល​នេះ​ទំនង​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​មាន​ឯកភាព​ទាំង​ស្រុង​ក្នុង​ការ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​នៅ​ឡើយ។ លោក​បន្ត​ថា ការ​ព្រមាន​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​របស់​លោក ហ៊ុន សែន ពេល​នេះ គឺ​លោក ហ៊ុន សែន ព្រមាន​បង្ក្រាប​លើ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​រូប​ណា ដែល​មិន​គាំទ្រ​លោក ហ៊ុន ម៉ាណែត៖ « អាច​នឹង​មាន​ការ​ផ្ទុះ​សង្គ្រាម ហើយ​សង្គ្រាម​នោះ​យើង​ដឹង​ហើយ គឺ​ទំនាស់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អាវុធ​ភ្ជង់​គ្នា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចាំ​តែ​ពេល​ផ្ទុះ​ទេ ប្រសិន​បើ និយាយ​មិន​ត្រូវ​គ្នា​ណា »

ក្រុម​អ្នក​ឃ្លាំមើល​ព្យាករណ៍​ថា លោក ហ៊ុន សែន អាច​នឹង​ផ្ទេរ​អំណាច​ទៅ​កូន​ប្រុស​ច្បង​របស់​លោក​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ។ លោក ហ៊ុន សែន ទើបបញ្ជាឲ្យកែរដ្ឋធម្មនុញ្ញលើកទី១០ កាល​ពី​ពេល​ថ្មី អនុញ្ញាត​ឲ្យ​លោក ឬ​បក្ស​កាន់​អំណាច ស្នើ​តែងតាំង​បេក្ខជន​នាយក​មន្ត្រី​ទៅ​ព្រះមហាក្សត្រ ដោយ​មិន​ចាំបាច់​ឆ្លង​ការ​ព្រមព្រៀង​ពី​ក្បាល​ម៉ាស៊ីន​រដ្ឋសភា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។