ព្រះសព​​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ​បាន​យាង​ដង្ហែ​មក​ដល់​កម្ពុជា​ហើយ

0:00 / 0:00

​ព្រះសព​របស់​សម្តេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ​ត្រូវ​បាន​យាង​ដង្ហែ​ពី​ប្រទេស​បារាំង​(France) ​​​មក​​ដល់​​កម្ពុជា​​ហើយ​​នៅព្រឹក​ថ្ងៃទី៥ ខែធ្នូ។ រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំងលោក គង់ សំអុល ​​ព្រះរាជវង្សានុវង្ស ​និង​មន្រ្តីគណបក្សហ្វុនស៊ីនប៉ិច​ប្រមាណ ​១០០នាក់ ​បាន​ទៅ​ទទួល​ព្រះសព​នៅ​វាលយន្តហោះ​អន្តរជាតិភ្នំពេញ។ ព្រះសព​របស់​ព្រះអង្គ​ កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ព្រះរាជ​បវេណី​និង​ព្រះពុទ្ធសាសនា​រយៈ​ពេល ៤​ថ្ងៃ ​ស្ថិតនៅ​អតី​ត​ព្រះរាជ​ដំណាក់​របស់​ព្រះអង្គ​នៅ​ផ្លូវ​សម្តេច​ប៉ាន​ ក្រោយ​ព្រះ​បរម​រាជ​វាំង។

Norodom Ranariddh Body Arrived PP Airport on Sunday 5 of December 2021_05.jpg
ព្រះសព​​របស់​​ព្រះ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ពេលមក​យាងដង្ហែ​ដល់ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពី​ប្រទេស​បារាំង​នៅ​ព្រឹកថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ គេផ្តល់ឱ្យ)
Norodom Ranariddh Body Arrived PP Airport on Sunday 5 of December 2021_04.jpg
ព្រះសព​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ​បាន​យាង​ដង្ហែ​មកដល់​កម្ពុជា តាម​ព្រះទីនាំង​យន្តហោះ​ពិសេស​ពី​ប្រទេស​បារាំង នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ គេផ្តល់ឱ្យ)

រដ្ឋាភិបាលកម្ពុជា​ បាន​កំណត់​យក​ថ្ងៃទី៨ ​ខែធ្នូ​ខាង​ជាថ្ងៃ​កាន់​ព្រះមរណទុក្ខ​ផ្លូវការ​ទូទាំង​ប្រទេស។ ​រដ្ឋាភិបាល ​ណែនាំឱ្យ​គ្រប់​ក្រសួង ​ស្ថាប័ន ​សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ​ឯកជន​ទាំងអស់ ​និង​មន្ត្រី​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ គ្រប់​ទីវត្តអារាម ​ព្រមទាំង​ប្រជាជន​ទូទាំងប្រទេស ​ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់​កណ្តាល​ដង ​នៅ​ថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការ គឺថ្ងៃទី៨ ខែធ្នូ​។ បន្ថែម​លើនេះ គ្រប់​ស្ថានីយ៍វិទ្យុ និង​ទូរ​ទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការ​សម្តែង​ និង​ចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ​ដែល​មាន​លក្ខណៈសប្បាយ​គគ្រឹកគគ្រេង​ផងដែរ។រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​ថា ​សម្តេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ​ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ទី១ និង​ជា​អតីត​ប្រធាន​រដ្ឋសភាជាតិ ​មាន​គុណ​បំណាច់​ដ៏ធំធេង​ចំពោះ​ជាតិ ​សាសនា ​និង​ព្រះមហា​ក្សត្រ។

Norodom Ranariddh Body Arrived PP Airport on Sunday 5 of December 2021_02.jpg
ព្រះសព​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ​បាន​យាង​ដង្ហែ​មកដល់​កម្ពុជា តាម​ព្រះទីនាំង​យន្តហោះ​ពិសេស​ពី​ប្រទេស​បារាំង នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ គេផ្តល់ឱ្យ)

សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិបាន​សោយ​ទីវង្គត់ក្នុងព្រះជន្ម ៧៧ព្រះវស្សា​ ​នៅ​ប្រទេស​បារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា។ ទ្រង់​ជា​បុត្រា​ច្បង​របស់ព្រះបាទ ​នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កាញ៉ុល ហើយត្រូវជា​ព្រះ​ជេដ្ឋា ​(​ឬ​បងប្រុស​) ​របស់​ព្រះមហាក្សត្របច្ចុប្បន្ន គឺព្រះករុណា​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្ដម​ សីហមុនី​ ​ប៉ុន្តែ​ព្រះ​មាតា​ទីទៃ​ ​បិតា​តែមួយ​។ ព្រះអង្គ​ គឺជា​ព្រះប្រធានក្រុមឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ លើសពីនេះ ​ទ្រង់ក៏​ធ្លាប់ឈ្នះឆ្នោត​ឡើង​ធ្វើ​ជានា​យក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជាដែរ​ ប៉ុន្តែ​ត្រូវបាន​លោក ហ៊ុន សែន ​ធ្វើរដ្ឋ​ប្រហារ​ដណ្តើមយក​អំណាច​វិញ​ នៅខែកក្កដា ​ឆ្នាំ១៩៩៧។

Norodom Ranariddh Body Arrived PP Airport on Sunday 5 of December 2021_06.jpg
ព្រះសព​របស់​ព្រះអង្គ​ កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ព្រះរាជ​បវេណី​និង​ព្រះពុទ្ធសាសនា​រយៈ​ពេល ៤​ថ្ងៃ ​ស្ថិតនៅ​អតី​ត​ព្រះរាជ​ដំណាក់​របស់​ព្រះអង្គ​នៅ​ផ្លូវ​សម្តេច​ប៉ាន​ ក្រោយ​ព្រះ​បរម​រាជ​វាំង។ (រូប៖ គេផ្តល់ឱ្យ)

នៅមុនការយាងសោយទីវង្គត់នេះ សម្តេច​ក្រុម​ព្រះ បាន​បាត់​ព្រះភ័ក្ត្រ​ជាង​បី​ឆ្នាំ​មក​ហើយក្រោយ​ពី​ទ្រង់​យាង​ទៅ​ព្យាបាល​ព្រះរោគនៅ​ប្រទេស​បារាំងបន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយនៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ ក្នុង​គ្រោះ​ថ្នាក់​នោះទ្រង់​បាន​រងរបួស​ធ្ងន់​ និង​អ្នកម្នាង អ៊ុក ផល្លា ទទួល​មរណភាព៕

Norodom Ranariddh Body Arrived PP Airport on Sunday 5 of December 2021_03.jpg
ព្រះសពព្រះអង្គ កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ព្រះរាជ​បវេណី​និង​ព្រះពុទ្ធសាសនា​រយៈ​ពេល ៤​ថ្ងៃ ​ស្ថិតនៅ​អតី​ត​ព្រះរាជ​ដំណាក់​របស់​ព្រះអង្គ​នៅ​ផ្លូវ​សម្តេច​ប៉ាន​ ក្រោយ​ព្រះ​បរម​រាជ​វាំង។ (រូប៖ គេផ្តល់ឱ្យ)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។