យុវជន គង់ រ៉ៃយ៉ា បន្ត​ធ្វើ​ការងារ​​សង្គម​និង​រិះគន់​រដ្ឋាភិបាល​ទោះ​ជាប់​ពន្ធនាគារ​ពីរ​ដង

0:00 / 0:00

សកម្មជន​សង្គម​វ័យក្មេង គង់ រ៉ៃយ៉ា ត្រូវបាន​របប​ក្រុងភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​ដង តែ​នៅ​មិន​ខ្លាច​រិះគន់​រដ្ឋាភិបាល និង​រក្សា​ឆន្ទៈ​បន្ត​ធ្វើ​ការងារ​សង្គម​ដដែល​។ តើ​យុវជន​រូប​នេះ មាន​ដំណើរ​ជីវិត និង​សេចក្តី​ក្លាហាន​បែប​ណា​ខ្លះ?

មនុស្ស​មួយ​ចំនួន បាន​ស្គាល់​យុវជន គង់ រ៉ៃយ៉ា ថា ជា​យុវជន​បដិវត្តន៍​ពណ៌ ឬ​ជា​យុវជន កែម ឡី និយម ។ គេ​ស្គាល់​ដូច្នេះ ព្រោះ គង់ រ៉ៃយ៉ា គឺជា​យុវជន​ដំបូង​គេ ដែល​បាន​ជាប់ពន្ធនាគារ​ចំនួន​ពីរ​លើក។ លើក​ទី​១ ដោយសារតែ​លោក​ប្រកាស​លើ​ហ្វេសប៊ុក (Facebook) ថា នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ណាមួយ និង​លើក​ទី​២ ដោយសារតែ​លោក​ប្រកាស​លក់​អាវយឺត ដែល​មាន​រូប និង​ទស្សនៈ​លោក​បណ្ឌិត កែម ឡី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដូចគ្នា។

តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេច​ដោះលែង លោក គង់ រ៉ៃយ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៩ ដោយសារ​តែ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។ ប៉ុន្តែ តុលាការ ហាម​លោក​មិន​ឱ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា ត្រូវ​បង្ហាញខ្លួន​នៅមុខ​តុលាការ​ជា​រៀងរាល់​ខែ មិន​ឱ្យ​ផ្លាស់ប្ដូរ​ទីលំនៅ មិន​ឱ្យ​ធ្វើ​សកម្មភាព ឬ​និយាយ​ស្តី ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម និង​នយោបាយ និង​ត្រូវ​សហការ​ជាមួយ​តុលាការ​ជានិច្ច​។ លោក គង់ រ៉ៃយ៉ា ថា អ្វី​ដែល​លោក​ខ្លាច​នោះ គឺ​ការបាត់បង់​ឱកាស​ចូល​រួម​ជួយ​សង្គមជាតិ៖ «ខ្ញុំ​គិត​ថា ការ​ចាប់ខ្លួន​ខ្ញុំ ប្រហែលជា​មិនមែន​ដោយសារ​ខ្ញុំ​លក់​អាវ កែម ឡី ទេ ប៉ុន្តែ​ដោយសារ​ខ្ញុំ​បញ្ចេញមតិ​រិះគន់​ទៅលើ​រដ្ឋាភិបាល​ច្រើន ដូច្នេះ​ទើប​គេ​ចង់​សងសឹក ទើប​គេ​ចង់​បំផ្លាញ​យុវជន​ដែល​ហ៊ាន​ក្រោកឈរ​ហើយ​រិះគន់​រដ្ឋាភិបាល​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​ខ្លាច​ជាប់គុក និង​មិន​ខ្លាច​ស្លាប់​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ព្រួយបារម្ភ​ខ្លាច​មិនបាន​ធ្វើ​ការងារ​បម្រើ​សង្គមជាតិ​បាន​»​។​

​ទោះជា​យ៉ាង​នេះ​ក្តី លោក គង់ រ៉ៃ​យ៉ា បាន​បង្ខំចិត្ត​ចាកចោល​ប្រពន្ធ​កូន​ទៅ​រស់​នៅ​ឯ​ក្រៅ​ប្រទេស​មួយ​រយៈ ដើម្បី​រក្សា​សុវត្ថិភាព និង​អាច​មានឱកាស​បន្ត​ធ្វើ​កិច្ច​ការងារ​សង្គម​តទៅទៀត​។ លោក អះអាង​ថា បើ​លោក មិន​គេចខ្លួន​មួយ​រយៈ​សិន​ទេ គឺ​មិន​យូរ​មិន​ឆាប់ អាជ្ញាធរ​របប​ក្រុងភ្នំពេញ នឹង​ចាប់ខ្លួន​លោក​ទាំង​គ្មាន​កំហុស​ម្តង​ទៀត ។ បច្ចុប្បន្ន យុវជន​រូប​នេះ កំពុង​រស់នៅ​ក្នុង​បន្ទប់​ជួល​តូច​ចង្អៀត​ក្នុង​អគារ​ដ៏​ចំណាស់​មួយ៖ «សុវត្ថិភាព​គឺជា​រឿង​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​យើង​មានលទ្ធភាព​បន្ត​សកម្មភាព​ជួយ​សង្គម​យើង​បាន។ ខ្ញុំ​មក​រស់នៅ​ប្រទេស​ថៃ​ម្នាក់ឯង​ទេ ដោយសារ​ទីនេះ​លំបាក​ណាស់ ព្រោះ​ត្រូវ​ចំណាយ​ខ្ពស់។ រាល់ថ្ងៃ​ខ្ញុំ​ត្រូវ​ស្ថិត​ក្នុង​បន្ទប់​ជួល​នេះ​ប្រមាណ​ពី ២២​ទៅ ២៣​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ ហើយ​ខ្ញុំ​ចេញ​ទៅ​ហូបបាយ​តែម្ដង​គត់​ក្នុង ១​ថ្ងៃ»។

លោក គង់ រ៉ៃយ៉ា កើត​នៅ​ឆ្នាំ​១៩៩១ ក្នុង​ត្រកូល​កសិករ​ក្រីក្រ​មួយ​នៅ​ក្នុង​ស្រុក​កងមាស ខេត្ត​កំពង់ចាម។ លោក​គឺជា​កូន​ទី​៨ ក្នុងចំណោម​បងប្អូន ៩​នាក់។ យុវជន​មាឌ​ធំ​ក្រអាញ​រូប​នេះ ដំបូង​ឡើយ លោក​គឺជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដូច​ឪពុក​របស់​លោក​ដែរ ប៉ុន្តែ​គាត់​ទើបតែ​ស្លាប់​នៅ​មុន​ពេល​លោក​ជាប់​ពន្ធនាគារ​លើក​ទី​២។ បន្ទាប់​មក​លោក បាន​ចាប់ផ្តើម​ចូលរួម​ធ្វើ​កិច្ច​ការងារ​សង្គម ដោយ​ស្ម័គ្រចិត្ត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣៖ «នៅ​ពេល​ខ្ញុំ​ចូល​ប្រឡូក​ការងារ​សង្គម​កាន់តែ​ច្រើន ខ្ញុំ​កាន់តែ​ឃើញ​ភាព​អយុត្តិធម៌​ក្នុង​សង្គម ដូច​ជា​ការ​ប្លន់​ដីធ្លី​នៅ​សហគមន៍​បឹងកក់ វាយកម្ទេច​ផ្ទះសម្បែង​ពលរដ្ឋ​នៅ​បុរីកីឡា សំបុកចាប តំបន់​ដីក្រហម​ជាដើម។ ខ្ញុំ​ឃើញ​អ៊ីចឹង​ទៅ​គិត​ថា សង្គម​យើង​អយុត្តិធម៌​ខ្លាំង ហើយ​ក្នុងនាម​ជា​យុវជន ខ្ញុំ​គួរតែ​ចូលរួម​ចំណែក​ខ្លះ។ ខ្ញុំ​បាន​ចូលរួម​ជាមួយ​យុវជន​ខ្មែរ​មហានគរ ធ្វើ​សកម្មភាព​ចម្រុះ ដូចជា​ចូល​តវ៉ា​ជាមួយ​អ្នក​រងគ្រោះ​ដីធ្លី​នៅ​ភ្នំពេញ​និង​មកពី​តាម​បណ្ដា​ខេត្ត យើង​ចូលរួម​ការពារ បរិស្ថាន​នៅ​ព្រៃ​អារ៉ែង និង​ដឹកនាំ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​យួន ក្នុង​ទីក្រុង​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​យួន អះអាង​ថា ទឹកដី​កម្ពុជា​ក្រោម គឺជា​ទឹកដី​របស់​ប្រទេស​វៀតណាម តាំងពី​យូរយារ​ណាស់​មក​ហើយ»។

ការ​ចូល​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ និង​សង្គម​នេះ គឺ​នៅ​ពេល​លោក​មក​បន្ត​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។ ដោយសារតែ​អាជ្ញាធរ​ក្រុងភ្នំពេញ ចាប់​លោក​ដាក់ ពន្ធនាគារ​ចំនួន​ពីរ​លើក ធ្វើ​ឱ្យ​លោក​មិន​អាច​បញ្ចប់​ការសិក្សា​តាម​ក្តី​ប្រាថ្នា​បានទេ៖ «តាម​ពិត​ទៅ ខ្ញុំ​ចប់​បាក់​ឌុប​តាំងពី​ឆ្នាំ​២០១១ តែ​ខ្ញុំ​អត់​មាន​លទ្ធភាព បន្ត​ការសិក្សា​ភ្លាមៗ​ទេ​។​នៅ​ពេល​ខ្ញុំ​ចាប់ផ្ដើម​ការសិក្សា​នៅ​ចុង​ឆ្នាំ​២០១៣ គឺ​ខ្ញុំ​បាន​ប្រឡង​ធ្លាក់ ឆ្នាំ​ទី​១​នៅ​សកល​វិទ្យាល័យ​ន័រតុន ហើយ​បន្ទាប់មក​នៅ​ឆ្នាំ​២០១៥ ខ្ញុំ​បាន​ចូលរៀន​ឆ្នាំ​ទី​១ នៅ​សកល​វិទ្យាល័យ ខេមរៈ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​រឿង​បង្ហោះ​សារ​បដិវត្តន៍​ពណ៌។ ពេល​ចេញ​ពី​ពន្ធនាគារ​វិញ ក្នុង​ឆ្នាំ​២០១៧ ខ្ញុំ បាន​បន្ត​ការសិក្សា​នៅ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ឆ្នាំ​ទី​១ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ ចាប់ខ្លួន​ម្តង​ទៀត​រឿង​លក់​អាវ​បណ្ឌិត​កែម ឡី ។ ខ្ញុំ​រៀន​បាន​ត្រឹម​តែ​ឆ្នាំ​ទី​១ រហូត​ដដែល​ចំនួន​៣​សកលវិទ្យាល័យ។

យុវជន គង់ រ៉ៃយ៉ា (រូប​កណ្ដាល) ពេល​បញ្ជូន​មក​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
យុវជន គង់ រ៉ៃយ៉ា (រូប​កណ្ដាល) ពេល​បញ្ជូន​មក​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (RFA/Rann Samnang)

យុវជន គង់ រ៉ៃយ៉ា បាន​ជាប់​ពន្ធនាគារ​លើ​ក​ទីមួយ​រយៈពេល​១​ឆ្នាំ ៦​ខែ ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ ក្រោយ​ចេញពី​ពន្ធនាគារ យុវជន​រូបនេះ នៅតែ​បន្តធ្វើ​ការងារ​សង្គម ដូចជា​បន្ត​យុទ្ធនាការ​''១០០​រាត្រី​''​របស់​បណ្ឌិត​កែម ឡី ចុះទៅ​សិក្សា​ស្រាវជ្រាវ​តាម​ព្រំដែន តាម​កោះ ចុះ​ការពារ​ព្រៃឈើ និង​បាន​បើក​បណ្ណាល័យ​មួយ​ដាក់​ឈ្មោះ​ថា បណ្ណាល័យ​បណ្ឌិត កែម ឡី។ អ្នក កែម ឡី និយម​រូប​នេះ អះអាង​ថា ការ​បើក​បណ្ណាល័យ​នេះ ដើម្បី​រម្លឹក​ពី​វីរភាព​បណ្ឌិត កែម ឡី និង​លើកទឹកចិត្ត​ឱ្យ​មាន​ការ​អាន​នៅ​កម្ពុជា ប៉ុន្តែ​បណ្ណាល័យ មួយ​នេះ បាន​បិទ​ទៅវិញ​ចំ​ពេល​របប​ក្រុង​ភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែរ ដោយសារតែ​ពេលនោះ អាជ្ញាធរ​រាប់​សិប​នាក់ បាន​ឡោមព័ទ្ធ​បណ្ណាល័យ និង​ព្រមាន​ចាប់ខ្លួន​លោក បើ​នៅតែ​បន្ត​បើក​បណ្ណាល័យ​នេះ។

នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៨ អតីត​អ្នកទោស​មនសិការ​រូប​នេះ បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ សុខ ស្រីនិច ជា​កូន​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​ខេត្ត​សៀមរាប ហើយ​សព្វថ្ងៃ​នេះ ពួកគេ​មាន​កូន​ស្រី​ម្នាក់​អាយុ​ជាង​១​ឆ្នាំ​ហើយ​។ ក្រោយ​រៀបការ ប្តី​ប្រពន្ធ​មួយ​គូ​នេះ ពុំ​មាន​ជីវភាព​ធូរធារ​ទេ។ ពួកគេ បាន​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​បាន​បន្ត​រកស៊ី​លក់​ក្រម៉ា លក់​ទឹកឃ្មុំ​ធម្មជាតិ ព្រមទាំង​លក់​អាវ​មាន​រូប និង​ទស្សន​បណ្ឌិត​កែម ឡី ដើម្បី​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បី​រូប​នេះ​។ លោក​ថា ការ​លក់​អាវ​នេះ មាន​ការ​គាំទ្រ​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​លោក​មិនបាន​គិត​សោះ​ថា គ្រាន់តែ​ការ​លក់​អាវ​នេះ ធ្វើ​ឱ្យ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់ខ្លួន​លោក​ជាមួយ​កូនស្រី​ទើបតែ​អាយុ ៦​ខែ និង​ភរិយា ព្រមទាំង​បងប្អូន​បង្កើត ២​នាក់​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ នោះ​ឡើយ៖ «ខ្ញុំ​នឹកស្មាន​មិន​ដល់​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បញ្ជា​ដោយ​លោក ស ថេត ឱ្យ​ចាប់ខ្លួន​ខ្ញុំ​និង​ក្រុម​គ្រួសារ​ទេ​។ ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន នៅ​ពេល​អធិការ​ខណ្ឌ​សែនសុខ ប្រាប់​ថា ចាប់ខ្លួន​ខ្ញុំ​ដោយសារ​លក់​អាវ​បណ្ឌិត កែម ឡី។ ថ្ងៃ​នោះ វេលា​ម៉ោង​៩​ព្រឹក ខ្ញុំ​កំពុង​គេង​លែង​ជាមួយ​កូន និង​ប្រពន្ធ​ក្នុង​ផ្ទះ​ជួល ស្រាប់តែ​កម្លាំង​ស៊ីវិល សម្រុក ចូល​ចាប់​ខ្លួន​ខ្ញុំ​ទាំង​កម្រោល​ដោយ​គ្មាន​ដីកា។ រឹតតែ​ឈឺចាប់​ទៀត គឺ​ចាប់​ទាំង​កូន​ខ្ញុំ​និង​ក្រុម​គ្រួសារ​ដែល​ពួកគាត់​អត់​ដឹង​រឿង​អី​សោះ»។

យុវជន គង់ រ៉ៃយ៉ា និង​ភរិយា​គឺ​លោកស្រី សុខ ស្រីនិច បង្ហោះ​រូប​អាវ​មាន​រូប និង​បណ្ដាំ​បណ្ឌិត កែម ឡី នៃ​ខួប​៣​ឆ្នាំ។
យុវជន គង់ រ៉ៃយ៉ា និង​ភរិយា​គឺ​លោកស្រី សុខ ស្រីនិច បង្ហោះ​រូប​អាវ​មាន​រូប និង​បណ្ដាំ​បណ្ឌិត កែម ឡី នៃ​ខួប​៣​ឆ្នាំ។ (Photo courtesy)

ថ្វីបើ​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ ដែល​ធានា​សេរីភាព​ដល់ ពលរដ្ឋ​ទាំង​ពីរ​ភេទ ឱ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ និង​សង្គម​យ៉ាង​ណា​ក្តី ក៏​ត្រូវ​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់​កំពូល​របស់​ជាតិ​មួយ​នេះ។ ប្រទេស​លោក​សេរី និង​អង្គការ​អន្តរជាតិ​ធំៗ មាន​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃវច្ឆត៍ (HRW) និង​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporter Without Border) ហៅ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មានតែ​សំបក ដែល​គណបក្ស​កាន់អំណាច​ប្រើប្រាស់​តុលាការ កម្លាំង​ប្រដាប់​អាវុធ និង​គុក​ច្រវាក់ ជា​ឧបករណ៍​ក្នុង​ការ​បង្ក្រាប​សំឡេង​ប្រឆាំង ឬ​រិះគន់។

ប្រពន្ធ​របស់​លោក គង់ រ៉ៃយ៉ា គឺ​លោកស្រី សុខ ស្រីនិច រៀបរាប់​ថា លោកស្រី ជួប​ការ​លំបាក​ច្រើន នៅ​ពេល​ប្តី​ជាប់​ពន្ធនាគារ និង​បន្ទាប់មក​រស់នៅ​បែកខ្ញែក​គ្នា​ទៀត ប៉ុន្តែ​លោកស្រី មិនដែល​ខកចិត្ត និង​មិនដែល​ស្នើសុំ​ឱ្យ​លោក គង់ រ៉ៃយ៉ា ឈប់​ធ្វើ​ការងារ​សង្គម​ម្ដង​ណា​ទេ​។ សព្វថ្ងៃ​នេះ លោកស្រី ខំប្រឹង​បន្ត​រកស៊ី​លក់ដូរ​ក្រ​ម៉ា និង​ទឹកឃ្មុំ​ធម្មជាតិ​បន្ត​ពី​ប្ដី ដើម្បី​ជីវភាព៖ «ខ្ញុំ​អត់​ដែល​បង្ខំចិត្ត​ប្តី​របស់ខ្ញុំ​ឱ្យ​ឈប់​រឿង​ការងារ​សង្គម​ទេ ព្រោះ​អ្វី ដែល​គាត់​ធ្វើ​នោះ​អត់​ខុស​ទេ។ ខ្ញុំ​ក៏​ជា​អ្នក​ដែល​ឈឺឆ្អាល​នឹង​រឿង​សង្គម​ដែរ។ រាល់​សកម្មភាព​ដែល​ប្តី របស់ខ្ញុំ​ធ្វើ​គឺ​ត្រឹមត្រូវ ហើយ​ខ្ញុំ​គាំទ្រ។ គ្រាន់តែ​ថា គាត់​ធ្វើ​នេះ គឺ​អាច​ខាងគេ​ (​ រដ្ឋាភិបាល​ ) ថា ប៉ះពាល់​អ៊ីចឹង​ទៅ។ ប្តី​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ហ៊ាន​និយាយ​នូវ​ការពិត ហើយ​អត់​និយាយ​ការពារ​ទេ»។

លោកស្រី សុខ ស្រីនិច បន្ថែម​ថា បើ​ប្តី​របស់​លោកស្រី មិន​ភៀសខ្លួន​ទេ គឺ​ក្រុម​ចារកិច្ច​រដ្ឋាភិបាល​នឹង​បន្ត​តាមដាន ធ្វើទុក្ខបុកម្នេញ​មិន​ឱ្យ​ប្តី​របស់​លោកស្រី​រស់នៅ​សុខ​ស្ងប់​ឡើយ ដូច​ដែល​ពួកគេ​កំពុង​ធ្វើ​ចំពោះ​អ្នក​ផ្សេង​ទៀត ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។

បើ​ទោះ​ជា​កម្ពុជា​មិន​មាន​សង្គ្រាម​បាញ់​ប្រហារ​គ្នា​ដូច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​មែន ក៏​សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​កំពុង​រស់​នៅ​ភៀសខ្លួន ព្រាត់ប្រាស​គ្រួសារ​យ៉ាង​លំបាក​នៅ​ឯ​ក្រៅ​​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​ចាប់ខ្លួន និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ​។ អ្នក​ភៀសខ្លួន​ទាំងនោះ​ភាគច្រើន​ជា​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម និង​សកម្មជន​សិទ្ធិមនុស្ស ព្រមទាំង​អ្នកសារព័ត៌មាន​។ ចំណែក​អ្នក​រស់នៅ​ក្នុងស្រុក ដែលមាន​និន្នាការ​នយោបាយ​ផ្សេង​ពី​បក្ស​កាន់អំណាច​វិញ ប្រឈម​នឹង​សុវត្ថិភាព ផ្ទាល់ខ្លួន​។ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៥​នាក់ ដែល​នៅ​​មាន​ភក្ដី​ខ្ពស់​ចំពោះ​បក្ស​ខ្លួន ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​ពីក្រោយ​ខ្នង​ឱ្យ​រង​របួស​យ៉ាង​ដំណំ ប៉ុន្តែ​សមត្ថកិច្ច​មិនដែល​ចាប់​បាន​ជនល្មើស​ណា​ម្នាក់​ឡើយ រហូត​មក​ដល់​ពេល​នេះ។

ប្រធាន​ចលនា​មាតា​ធម្មជាតិ ជា​ជនជាតិ​អេស្ប៉ាញ ដែល​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់ជំនាញ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) និយាយ​ថា លោក​បាន​ស្គាល់ គង់ រ៉ៃយ៉ា ក្នុង​ឆ្នាំ​២០១៣ នៅ​ពេល​យុវជន​រូប​នេះ បាន​ទៅ​ចូលរួម​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​ការសាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ស្ទឹង​អារ៉ែង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ស៊ីណូហាយដ្រូ (Sinohydro) របស់​ប្រទេស​ចិន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជង្រុក​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ធំ​បំផុត​ចុងក្រោយ​របស់​ប្រទេស​កម្ពុជា។ សកម្មភាព​តវ៉ា​ប្រឆាំង​ដ៏​ខ្លាំងក្លា​កាល​ណោះ បាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ប្រកាស​ផ្អាក​គម្រោង​សាងសង់​វារអគ្គិសនី​នោះ​ក្នុង​ឆ្នាំ​២០១៥៖ «ក្នុង​យុទ្ធនា​ការសង្គ្រោះ​អារ៉ែង​កាលនោះ គឺ គង់ រ៉ៃយ៉ា មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​លក់​អាវ​រូប​ក្រពើ ដើម្បី​ឱ្យ​យុទ្ធនាការ​របស់​យើង​ល្បី និង​ដើម្បី​បាន​លុយ​សម្រាប់​ការ​តស៊ូ​មតិ។ ការ​លះបង់​របស់​គាត់​កាលនោះ គឺ​ច្រើន​សម្បើម​មែនទែន។ បន្ទាប់ពី​ខ្ញុំ ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ ក៏​ពួក​យើង​នៅ​តែ​មាន​ទំនាក់ទំនង​គ្នា​ដែរ។ ខ្ញុំ​យល់ថា គាត់ គឺជា​យុវជន​ដែល​មាន​សក្ដានុពល​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត»។

លោក អាឡិច បន្ត​ថា ចំណុច​អវិជ្ជមាន​របស់​យុវជន គង់ រ៉ៃយ៉ា គឺ​ការពិបាក​ធ្វើ​ការងារ​ជា​ក្រុម ប៉ុន្តែ​លោក​ថា នៅ​ក្នុង​សង្គម​មួយ ដែល​នៅ​មាន​ការ​គំរាមកំហែង និង​គ្រោះថ្នាក់​ចំពោះ​អ្នក​បញ្ចេញមតិ​រិះគន់ យុវជន គង់ រ៉ៃ​យ៉ា នៅតែ​មាន​សេចក្ដី​ក្លាហាន​ទាំង​ការ​និយាយ និង​សកម្មភាព ព្រមទាំង​ចូលចិត្ត លះបង់​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ផ្សេងៗ​ដើម្បី​ផលប្រយោជន៍​សង្គម​ជាតិ៖ «យើង​ឃើញ​ថា គាត់​ជាប់​ពន្ធនាគារ​២​ដង សរុប​ទាំងអស់ ជាង​២​ឆ្នាំ ដោយ​គ្មាន​កំហុស​ដោយ​គ្មាន​បទល្មើស​គឺជា​ការ​លះបង់​មួយ ហើយ​មក​ដល់​ពេល​នេះ ទោះបី​ជា​មាន​ប្រពន្ធ​មាន​កូន​ក្តី ក៏​គាត់​នៅតែ​តស៊ូ។ ខ្ញុំ​ទើបតែ​ជួប​សន្ទនា​ជាមួយ​គាត់​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​គាត់​ប្រាប់​ថា គាត់​ចង់​ធ្វើ​ការងារ​សង្គម​អស់​មួយ​ជីវិត​តែម្ដង ដើម្បី​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌ ដោយ​សន្តិវិធី ។​នេះ​គឺជា​គំរូ​ល្អ​មែនទែន ព្រោះ​យើង​ឃើញ​ថា ធម្មតា​យុវជន​ខ្លះ​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ម្តង ហើយ​ពេល​ចេញ​មកវិញ​គឺ​គាត់​ខ្លាច ហើយ​ឈប់​ធ្វើ​ការងារ​សង្គម​តែម្ដង ប៉ុន្តែ​គង់ រ៉ៃយ៉ា មិន​ដូច្នេះ​ទេ»។

មក​ដល់​ពេល​នេះ ទោះបីជា គង់ រ៉ៃយ៉ា កំពុង​រស់នៅ​ភៀសខ្លួន និង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​ក្តី ក៏​លោក មិន​នៅ​ស្ងៀម​ទេ។ ក្រៅពី​អាន​សៀវភៅ លោក​កំពុង​ធ្វើ​យុទ្ធនាការ​ថ្មី​មួយ​ជាមួយ​យុវជន ប្រមាណ​១០០​នាក់​ផ្សេងទៀត ដើម្បី​បញ្ឈប់​ការ​បង្ហោះ​គ្រឿង​ស្រវឹង​នៅ​លើ​ហ្វេសប៊ុក ដើម្បី​កាត់​បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា៖ «ឫសគល់​នៃ​បញ្ហា​ប្រទេស​កម្ពុជា គឺ​ខ្វះ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ។ ខ្ញុំ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​ការ​គិត និង​ចូលរួម​ទាំងអស់​គ្នា ព្រោះ​ពលរដ្ឋ​ខ្មែរ​យើង​ដឹង​ថា កម្ពុជា មាន​បញ្ហា​អី​ខ្លះ ប៉ុន្តែ​ពួកគាត់​ខ្វះ​ភាព​ក្លាហាន​ក្នុង​ការ​ចូលរួម​សកម្មភាព​ទាំងអស់​នេះ​។ ខ្ញុំ​គិត​ថា ការប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​លើសលប់​ក្នុង​ប្រទេស​កម្ពុជា ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ភាព​អាត្មានិយម​ដែរ​។ យើង​ត្រូវ​ប្រកាន់​យក​ទស្សនៈ​លោក​បណ្ឌិត កែម ឡី មក​ដាក់ខ្លួន​យើង​ថា​ '' ទោះបីជា​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់តែ​រងគ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់វេន​អ្នក ' ។ ទស្សនៈ​នេះ​ច្បាស់​មែនទែន​ថា សព្វថ្ងៃ​នេះ មិនមែន​តែ​អ្នកប្រឆាំង​ទេ​គឺ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន ក៏​ពួកគេ​សុទ្ធតែ​ជួប​បញ្ហា​ដូចគ្នា»។

អាជ្ញាធរ​ចាប់ខ្លួន​លោក គង់ រ៉ៃយ៉ា លើក​ទី២ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ ២០១៩ គឺ​១​ថ្ងៃមុន​ខួប​៣​ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី​។ កំហុស​តែ​១គត់​របស់​លោក គង់ រ៉ៃ​យ៉ា គឺ​ការ​បោះពុម្ព​អាវយឺត ដែល​មាន ចារ​អក្សរ​ថា «​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់​នឹង​រង​គ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ»។

ព្រះរាជអាជ្ញា​ចោទ​លោក គង់ រ៉ៃយ៉ា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា ប្រាក់ ១​លាន​រៀល ទៅ​៤​លាន​រៀល​។ ទោះជា​យ៉ាងណា បន្ទាប់ពី​មាន​សម្ពាធ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ តុលាការ​បាន​ដោះលែង​លោក គង់ រ៉ៃយ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រោយពី​ឃុំខ្លួន​អស់​រយៈពេល​ជិត ៥​ខែ។ សកម្មជន​សង្គម​រូប​នេះ ទាមទារ​ឱ្យ​មានការ​ទម្លាក់​ចោលការ​ចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន​ទៅលើ​រូបលោក​។

លោក​មាន​ក្តី​ស្រមៃ ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​យុត្តិធម៌ ការ​គោរព​សិទ្ធិមនុស្ស មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។