ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ គឺជាខួប ៦៥ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលទីបំផុតបានប្ដូរទៅជាគណបក្សប្រជាជនកម្ពុជា។ ឲ្យតែជិតដល់ថ្ងៃនេះ ក្រៅតែពីធ្វើពិធីរម្លឹកខួបផ្លូវការនៅរាជធានីភ្នំពេញ នៅតាមមូលដ្ឋាននានា មន្ត្រីគណបក្សប្រជាជនកម្ពុជា តែងប្រារព្ធពិធីនេះដើម្បីថ្លែងអួតពីសមិទ្ធផលផ្សេងៗក្រោមការដឹកនាំរបស់បក្សកាន់អំណាចជិត ៤០ឆ្នាំមកនេះ។
តើគណបក្សប្រជាជនកម្ពុជា ដែលឡើងកាន់អំណាចតាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មកនោះ មានឫសគល់ចេញមកពីណា?
គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើងដោយលោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន នៅឆ្នាំ១៩៥១។ លោក សឺន ង៉ុកមិញ ដែលមានឈ្មោះជាភាសាវៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និងដែលមានឪពុកជាខ្មែរក្រោម និងម្តាយជាជនជាតិវៀតណាម នៅខេត្តព្រះត្រពាំង កម្ពុជាក្រោមនោះ គឺជាអតីតសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយលោក ហូ ជី មិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០។
បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីយួន កុម្មុយនីស្តវៀតមិញ មានគោលបំណងបណ្ដេញអាណានិគមនិយមបារាំង ចេញឲ្យអស់ពីភូមិភាគឥណ្ឌូចិនទាំងមូល។ ចលនានេះ បានធ្វើការតស៊ូជារបៀបទ័ពព្រៃប្រឆាំងបារាំង រហូតដល់ឆ្នាំ១៩៥៤។
បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាក្រុងហ្សឺណែវ (Geneva) នៅខែកក្កដា ឆ្នាំ១៩៥៤ ដែលជាសន្ធិសញ្ញាបញ្ចប់ជាផ្លូវការនូវអាណានិគមរបស់បារាំង ក្នុងភូមិភាគឥណ្ឌូចិន សមាជិកបក្សប្រជាជនបដិវត្តន៍កម្ពុជា ក៏បានបែកចេញជា ៣ក្រុម។
ក្រុមទី១ ដឹកនាំដោយលោក សឺន ង៉ុកមិញ ដែលមានយុទ្ធជនប្រមាណ ២.៥០០នាក់ផ្សេងទៀត ក្នុងនោះក៏មានលោក ប៉ែន សុវណ្ណ ផងដែរ ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីធ្វើការបណ្តុះបណ្តាលផ្នែកនយោបាយ។ ក្រុមទី២ ដឹកនាំដោយលោក ទូ សាមុត លោក នួន ជា និងលោក សោ ភឹម ជាដើម នៅធ្វើចលនានៅក្នុងប្រទេសកម្ពុជា បន្តទៀត ដោយដេកក្រោមស្លាកបក្សប្រជាជនបដិវត្តន៍កម្ពុជា ដដែល។ ចំណែកមួយក្រុមទៀតដែលជាក្រុមទី៣ បានប្រមូលផ្តុំគ្នាបង្កើតជាគណបក្សនយោបាយស្របច្បាប់មួយឈ្មោះថា គណបក្សប្រជាជន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ១៩៥៥។
ទោះបីជាយ៉ាងណាក៏ដោយ គណបក្សប្រជាជន មិនអាចប្រជែងជាមួយចលនាសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តម សីហនុ ដែលជាចលនាធំ និងមានការគាំទ្រខ្លាំងពីពលរដ្ឋនោះទេ។ ទោះជាបែបនេះក្តី សម្ដេចព្រះនរោត្តម សីហនុ ក៏មិនបានមើលស្រាលចំពោះចលនារបស់ពួកកុម្មុយនីស្តនេះដែរ ហើយព្រះអង្គនៅតែចាត់ទុកក្រុមនេះ ថាអាចធ្វើឲ្យប៉ះពាល់ដល់អំណាចរបស់ព្រះអង្គដដែល។ អាស្រ័យហេតុនេះហើយ ទើបនៅក្រោយការបោះឆ្នោតឆ្នាំ១៩៥៥ កងនគរបាលរបស់សម្ដេចព្រះនរោត្តម សីហនុ មិនបានធ្វើឲ្យចលនាខ្មែរកុម្មុយនីស្តនៅកម្ពុជា បាននៅសុខស្រួលនោះទេ។ យ៉ាងណាក៏ដោយចុះ ពួកកុម្មុយនីស្តនៅតែអាចលបលាក់ធ្វើសកម្មភាពរបស់ពួកគេបានដដែល។
ជាក់ស្តែងនៅខែកញ្ញា ឆ្នាំ១៩៦០ ក្រោមការដឹកនាំរបស់ ទូ សាមុត បក្សប្រជាជនបដិវត្តន៍កម្ពុជា បានប្រមូលផ្តុំគ្នាធ្វើមហាសន្និបាតបក្សលើកទី២ នៅក្នុងទូរទេះភ្លើងមួយនាស្ថានីយរថភ្លើងក្នុងក្រុងភ្នំពេញ។ គឺនៅពេលនោះហើយដែលបក្សប្រជាជនបដិវត្តន៍កម្ពុជា បានប្ដូរឈ្មោះទៅជាបក្សពលករកម្ពុជា ដែលមានលោក ទូ សាមុត ជាលេខាបក្ស។
ប៉ុន្តែក្រោយមកទៀត លោក ទូ សាមុត ឬអាចារ្យ សុខ ដែលមានស្រុកកំណើតនៅកម្ពុជាក្រោមនោះ ត្រូវបានគេធ្វើឃាតដោយអាថ៌កំបាំងនៅឆ្នាំ១៩៦២ នៅក្នុងវត្តស្ទឹងមានជ័យ នារាជធានីភ្នំពេញ។ មរណភាពរបស់លោក ទូ សាមុត ត្រូវបានគេសង្ស័យថា ប៉ុល ពត ជាអ្នកប្រព្រឹត្តិដើម្បីដណ្ដើមតួនាទីជាលេខាបក្សរបស់លោក។ ទោះជាយ៉ាងណា ប៉ុល ពត បានច្រានចោលចំពោះការចោទប្រកាន់នេះ ហើយថា លោក ទូ សាមុត ត្រូវបានកម្លាំងនគរបាលរបស់លោក លន់ នល់ ដែលជាកូនចៅរបស់សម្ដេច សីហនុ ចាប់ខ្លួនបាន ហើយសម្លាប់ចោល។
ក្រោយពីលោក ទូ សាមុត ត្រូវបានគេសម្លាប់ បក្សពលករកម្ពុជា បានធ្វើមហាសន្និបាតបក្សនៅខែកុម្ភៈ ឆ្នាំ១៩៦៣ ដែលពេលនោះ លោក សាឡុត ស ឬ ប៉ុល ពត ត្រូវបានមហាសន្និបាតតែងតាំងឲ្យធ្វើជាអគ្គលេខាធិការបក្ស។
បក្សពលករកម្ពុជា ដែលពេលខ្លះរត់ទៅពឹងវៀតណាម ពេលខ្លះរត់ទៅពឹងចិន បានបន្តធ្វើការតស៊ូប្រឆាំងនឹងរបបដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ជាហូរហែ ហើយនៅខែកញ្ញា ឆ្នាំ១៩៦៦ បន្ទាប់ពីត្រឡប់មកពីទីក្រុងហាណូយ ប៉ុល ពត ក៏បានបើកកិច្ចប្រជុំមួយ។ គឺនៅក្នុងកិច្ចប្រជុំនោះហើយដែលមេដឹកនាំខ្មែរកុម្មុយនីស្ត បានប្ដូរឈ្មោះបក្សរបស់ខ្លួនពីបក្សពលករកម្ពុជា ទៅជាបក្សកុម្មុយនីស្តកម្ពុជា។ គឺពួកកុម្មុយនីស្តនេះហើយ ដែលក្រោយមកត្រូវបានសម្ដេចព្រះនរោត្តម សីហនុ ឲ្យឈ្មោះថាខ្មែរក្រហម។
លុះសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ នល់ និងបក្ខពួកធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនៅខែមីនា ឆ្នាំ១៩៧០ កម្លាំងរបស់ខ្មែរក្រហមបានកើនឡើងជាលំដាប់បន្ទាប់ពីសម្ដេចព្រះនរោត្តម សីហនុ ទ្រង់ប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា និងបានអំពាវនាវឲ្យពលរដ្ឋខ្មែរងើបឡើងដើម្បីប្រឆាំងនឹងរបបដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់។
ក្រោយពីទទួលបានជ័យជម្នះលើរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ នៅខែមេសា ឆ្នាំ១៩៧៥ បក្សកុម្មុយនីស្តកម្ពុជា របស់ខ្មែរក្រហម បានគ្រប់គ្រងប្រទេសតាំងពីពេលនោះរហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅពេលដែលវៀតណាម លើកទ័ពចូលឈ្លានពានកម្ពុជា រួចលើកបន្តុបរដ្ឋាភិបាលថ្មី។
សមាសភាពនៅក្នុងជួររដ្ឋាភិបាលថ្មីនោះ រួមមានទាំងក្រុមខ្មែរកុម្មុយនីស្តដែលបានទៅកាន់ប្រទេសវៀតណាម តាំងពីឆ្នាំ១៩៥៤ និងអតីតកម្មាភិបាលខ្មែរក្រហមរត់ទៅវៀតណាម នៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ ដើម្បីគេចពីការតាមសម្លាប់របស់ខ្មែរក្រហម ក្នុងនោះមានដូចជា លោក ហ៊ុន សែន លោក ជា ស៊ីម និងលោក ហេង សំរិន ជាដើម។ គឺអ្នកទាំងអស់នេះហើយដែលបានរួមគ្នាបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមការឧបត្ថម្ភគាំទ្ររបស់វៀតណាម។
ទោះបីជាយ៉ាងណាក៏ដោយ ពីរថ្ងៃមុនពេលកងទ័ពវៀតណាម ចូលកាន់កាប់ទីក្រុងភ្នំពេញ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានឆ្លៀតធ្វើមហាសន្និបាតបក្សមួយដើម្បីរៀបចំស្ដារ និងកសាងឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំបក្សប្រជាជនបដិវត្តន៍កម្ពុជា។ មហាសន្និបាតបក្សនេះ ត្រូវបានថ្នាក់ដឹកនាំរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនោះមានលោក ប៉ែន សុវណ្ណ លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន ជាដើម ចាត់ទុកថាជាមហាសន្និបាតលើកទី៣ របស់បក្សប្រជាជនបដិវត្តន៍កម្ពុជា។ នេះសបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនទទួលស្គាល់ឡើយមហាសន្និបាតបក្សធ្វើឡើងដោយបក្សពលករកម្ពុជា និងបក្សកុម្មុយនីស្តកម្ពុជា របស់ខ្មែរក្រហមនៅឆ្នាំ១៩៦៣ ឆ្នាំ១៩៦៦ ឬឆ្នាំ១៩៧៥ នោះឡើយ បើទោះជាពួកខ្មែរក្រហមមានប្រភពដើមចេញពីបក្សប្រជាជនបដិវត្តន៍កម្ពុជា ក៏ដោយ។
ឈ្មោះបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានគេប្រើប្រាស់ឡើងវិញតាំងពីខែមករា ឆ្នាំ១៩៧៩ នោះមករហូតដល់ឆ្នាំ១៩៩១ នៅពេលដែលឈ្មោះនេះត្រូវបានគេប្ដូរទៅជាគណបក្សប្រជាជនកម្ពុជា ហើយដែលត្រូវគេស្គាល់រហូតមកទល់ពេលបច្ចុប្បន្ន។
បើនិយាយពីការដឹកនាំបក្សចាប់ពីឆ្នាំ១៩៧៩ វិញ លោក ប៉ែន សុវណ្ណ ត្រូវបានគណបក្សជ្រើសតាំងជាអគ្គលេខាធិការបក្ស រហូតដល់ពេលលោកត្រូវបានវៀតណាម ចាប់ខ្លួននៅឆ្នាំ១៩៨១។ លោក ហេង សំរិន ដឹកនាំបន្តពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩១។ លោក ជា ស៊ីម ពីឆ្នាំ១៩៩១ រហូតទល់ពេលលោកទទួលមរណភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ និងលោក ហ៊ុន សែន បានទទួលតំណែងជាប្រធានបក្សនេះចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ មក។
សរុបសេចក្តីមក បើទោះជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ព្យាយាមបង្ហាញថា ពួកគេមិនមានជាប់ទាក់ទងជាមួយពួកខ្មែរក្រហមក៏ដោយ ក៏ប៉ុន្តែអ្នកណាក៏ដឹងដែរថា ទាំងលោក ហ៊ុន សែន លោក ហេង សំរិន និងមន្ត្រីជាន់ខ្ពស់ជាច្រើនផ្សេងទៀតរបស់គណបក្សនេះ សុទ្ធតែជាអតីតកម្មាភិបាលខ្មែរក្រហមដែលស្ថិតក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា របស់ ប៉ុល ពត។ ម្យ៉ាងវិញទៀត ក្នុងចំណោមអ្នកទាំងនេះ តែងតែបដិសេធមិនទៅចូលខ្លួនបំភ្លឺនៅសាលាក្ដីខ្មែរក្រហម ដែលសហព្រះរាជអាជ្ញាអន្តរជាតិបានកោះហៅកន្លងមកនោះ។ លោក ហ៊ុន សែន ក៏ធ្លាប់ថ្លែងជាសាធារណៈថា លោកសុខចិត្តឲ្យសាលាក្ដីខ្មែរក្រហមបរាជ័យ ប៉ុន្តែមិនឲ្យមានសង្គ្រាមស៊ីវិលកើតឡើងទេ។
មួយវិញទៀត បើទោះជាថ្នាក់ដឹកនាំបច្ចុប្បន្នតែងចោទប្រកាន់ថា ពួកខ្មែរក្រហមបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅកម្ពុជា ក្តី ប៉ុន្តែអ្វីដែលគេមិនអាចប្រកែកបានដែរនោះ គឺទាំងបក្សពលករកម្ពុជា ទាំងបក្សកុម្មុយនីស្តកម្ពុជា របស់ខ្មែរក្រហម និងទាំងគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន សុទ្ធតែមានប្រភពដើមចេញមកពីបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលមានប្រទេសវៀតណាម ជាអ្នកជួយជ្រោមជ្រែងបង្កើតឡើងតែមួយដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។