ក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត មានមន្ត្រីវ័យក្មេងមួយរូបដែលនឹងឡើងមកស៊ីកេរ្តិ៍ឪមិនខុសពីលោក ហ៊ុន ម៉ាណែត ទេ។ លោកជាអនាគតរដ្ឋមន្ត្រីម្នាក់ដែលហាក់គិតគូរពីរឿងសម្រស់ខ្លួនឯង និងប្រពន្ធកូន ការពារត្រកូល ច្រើនជាងគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋ និងការពារជាតិ។ អ្នកឃ្លាំមើលថា អនាគតរដ្ឋមន្ត្រីវ័យក្មេងរូបនោះគ្រាន់តែជា«តុក្កតា» ឬ «ទីងមោង» មួយដែលត្រូវក្រុមត្រកូលហ៊ុនបោកប្រើដើម្បីសម្រេចមហិច្ឆតាផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត ក្នុងពេលនេះតែប៉ុណ្ណោះ។ ពួកគេថា លោកអាចនឹងត្រូវលោក ហ៊ុន ម៉ាណែត «កម្ចាត់ចោល»វិញនៅក្រោយពេលបានអំណាចពេញដៃរួច។
តើអនាគតរដ្ឋមន្ត្រីវ័យក្មេងចាយសម្រស់ដែលអាចត្រូវត្រកូលហ៊ុន«បោកប្រើ»មួយគ្រាដើម្បីសម្រេចមហិច្ឆតាផ្ទេរអំណាចតពូជនេះ ជានរណា?
មនុស្សម្នាទូទៅច្រើននិយាយតៗគ្នាថា ឱកាសល្អកម្រកើតមានពីរដង ឬក៏ថាឱកាសកាន់តែច្រើននឹងកើតមានឡើងប្រសិនបើចេះចាប់យក។ ក៏ប៉ុន្តែ អនាគតរដ្ឋមន្ត្រីថ្មីរូបនេះសម្រេចមិនធ្វើដូច្នេះឡើយ។
បាត់បង់ឱកាសធ្វើនាយករដ្ឋមន្ត្រី ?
បុគ្គលពាក់ផ្កាយ៣លើស្មារូបនេះមានឱកាសធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ដែលទទួលបានការគាំទ្រមិនធ្លាប់មានពីមេបក្សប្រឆាំង។ តែ លោកបានធ្វើឱ្យឱកាសដ៏កម្រ និងអាចមានតែម្តងក្នុងមួយឆាកជីវិត បាត់បង់ទៅវិញដោយសារតែការមិនហ៊ានចាប់យក។ លោកសុខចិត្តឡើងដំណែងតាមជើងខោឪដូចតាមសេណារីយ៉ូមហិច្ឆតាផែនការផ្ទេរអំណាចតពូជគូសវាសដោយលោក ហ៊ុន សែន។ លោកនឹងឡើងជំនួសឪរបស់លោកដែលល្បីខាងគំរាមវាយពលរដ្ឋឱ្យ«បែកធ្មេញ»បើហ៊ានតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។

លោក ទៀ បាញ់៖«ពេលដែលបោះឆ្នោតចាញ់ហើយគឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាតមកទាមទារនេះ ទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ។ លើកនេះមិនទុកទេ ប្រាប់ឲ្យហើយ គឺនិយាយគ្នាត្រង់ចឹងម៉ង ថាម៉េចថាចុះរឿងពិតត្រូវនិយាយគ្នាចឹងមិនអនុញ្ញាតជាដាច់ខាត»។
លោកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៥នាក់ដែលផ្ទៃក្នុងបក្សធ្លាប់បានត្រៀមឱ្យធ្វើជាបេក្ខជនក្នុងជួរបក្សសម្រាប់ដំណែងអនាគតនាយករដ្ឋមន្ត្រី ក្រៅតែពីលោក ហ៊ុន ម៉ាណែត លោក ស សុខា លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជាម ច័ន្ទសោភ័ណ ដែលជាកូនរបស់លោក ជាម យៀប។
គ្រាន់តែជា « តុក្កតា » ឬ « ទីងមោង »
មន្ត្រីរូបនេះគឺគ្មាននរណាក្រៅពីកូនប្រុសទីពីររបស់លោក ទៀ បាញ់ នោះទេ។ នោះគឺ លោក ទៀ សីហា មានឈ្មោះដើម ទៀ ទីហា។ លោកនឹងឡើងមកធ្វើជារដ្ឋមន្ត្រីការពារជាតិ ក្នុងវ័យ៤២ ឈានចូល៤៣ឆ្នាំ និងជាឧបនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមឧបនាយករដ្ឋមន្ត្រី ១០រូបរបស់លោក ហ៊ុន ម៉ាណែត។ ទោះយ៉ាងណា ជំងឺរ៉ាំរ៉ៃនៃការមិនទុកចិត្តគ្នាផ្ទៃក្នុងបក្ស ទំនងជាមិនអាចឱ្យលោក ទៀ សីហា មានឱកាសធ្វើជានាយករដ្ឋមន្ត្រីស្តីទីនាពេលអនាគតជំនួសលោក ហ៊ុន ម៉ាណែត បានឡើយក្នុងពេលដែលលោក ហ៊ុន ម៉ាណែត មិនមានវត្តមានក្នុងស្រុក។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន យល់ថា ការណ៍ដែលលោក ទៀ សីហា ឡើងមកកាន់ដំណែងនេះ គឺគ្រាន់តែជា «តុក្កតា» ឬ «ទីងមោង» មួយដែលក្រុមត្រកូលហ៊ុន«បោក»ប្រើប្រាស់ឱ្យសម្ដែងតែប៉ុណ្ណោះ។ រីឯធាតុពិតវិញ លោកគ្មានអំណាច ឬឥទ្ធិពលអ្វីឡើយក្នុងក្រសួងការពារជាតិ។
លោក អ៊ំ សំអាន៖« ខ្ញុំយល់ថានៅពេលដែលលោក ទៀ សីហា ឡើងជារដ្ឋមន្ត្រីការពារជាតិហ្នឹង អំណាចរបស់គាត់គឺមិនជាមានក្នុងដៃនោះទេ ព្រោះបើតាមយើងដឹងលោក ហ៊ុន ម៉ានិត នឹងអាចក្លាយទៅជាមេបញ្ជាការកងទ័ពជើងគោកជំនួសលោក ហ៊ុន ម៉ាណែត ដែលឡើងមកធ្វើជានាយករដ្ឋមន្ត្រី ព្រោះលោក ម៉ៅ សុផាន់ គឺគាត់អាយុ៧០ជាងហើយ។ អ៊ីចឹង អាចនឹងចូលនិវត្តឆាប់ៗហើយ។ ក្រោយមកទៀត បើតាមយើងឮព័ត៌មានហ្នឹង គឺថា លោក ហ៊ុន ម៉ានិត អាចនឹងមកកាន់ជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ ដូច្នេះ អំណាចគឺឋិតនៅលើលោក ហ៊ុន ម៉ានិត មិនមែនឋិតនៅលើលោក ទៀ សីហា ទេ។ ហើយលោក ទៀ សីហា គាត់មានបទពិសោធន៍តិចតួចនៅក្នុងកងកម្លាំងប្រដាប់អាវុធ ភាគច្រើន គាត់កាន់ជាមន្ត្រីរាជការស៊ីវិល ជាចៅហ្វាយខេត្តសៀមរាប »។
ការពង្រឹងអំណាចរបស់ត្រកូល « ហ៊ុន » ក្នុងក្រសួងការពារជាតិ
លោក អ៊ំ សំអាន ពន្យល់ថា លោក ទៀ សីហា ឡើងមកកាន់ដំណែងកំពូលក្នុងក្រសួងការពារជាតិនេះ ចំពេលដែលត្រកូល«ហ៊ុន»បានពង្រឹងអំណាចក្នុងក្រសួងការពារជាតិយ៉ាងរឹងមាំរួចទៅហើយ។ ទន្ទឹមពេលដែលប្អូនប្រុសលោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន ម៉ានិត អាចនឹងឡើងធ្វើជាមេបញ្ជាការកងទ័ពជើងគោក ឬអាចឈានទៅធ្វើជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទទាំងមូលជំនួសលោក វង្ស ពិសេន នៅឯខាងកងរាជអាវុធហត្ថ ឬប៉េអិមឯណោះវិញ លោកថា លោក រ័ត្ន ស្រ៊ាង ដែលជាមនុស្សជំនិតរបស់អ្នកស្រី ប៊ុន រ៉ានី នឹងឡើងធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជំនួសលោក សៅ សុខា ដែលនឹងចូលនិវត្តន៍។ លោកពន្យល់ថា ការណ៍នេះធ្វើឱ្យកម្លាំងគ្រប់គ្រងប្រទេសទាំងមូលត្រូវស្ថិតក្រោមការត្រួតត្រារបស់ត្រកូលហ៊ុនស្ទើរតែទាំងស្រុង ក្នុងពេលដែលក្រុមលោក ទៀ បាញ់ អាចគ្រប់គ្រងបានតែទៅលើកងទ័ពជើងទឹកដែលមានប្រមាណ ៣ពាន់នាក់។
ត្រកូល « ទៀ » មិនដែលមានមហិច្ឆតាប្រជែងដំណែងនាយករដ្ឋមន្ត្រី
នៅមុនពេលលោក ហ៊ុន សែន ប្រកាសផ្ទេរអំណាចឱ្យកូនយ៉ាងទាន់ហន់ កាសែតអនឡាញ AsiaTimesដែលមានមូលដ្ឋាននៅទីក្រុងហុងកុង (Hong Kong) បានរាយការណ៍កាលពីថ្ងៃទី0៧ ខែមីនា ថា លោក ទៀ បាញ់ កំពុងទប់ទល់ និងអាចបំផ្លាញផែនការផ្ទេរអំណាចតពូជរបស់លោក ហ៊ុន សែន ខណៈលោក ទៀ បាញ់ គឺជាមនុស្សគន្លឹះម្នាក់ក្នុងការរក្សាទំនាក់ទំនងស្អិតល្មួតរវាងកម្ពុជានិងប្រទេសចិន។ កាសែតដដែលនេះបានរាយការណ៍ថា ផ្អែកតាមប្រភពសុំមិនបញ្ចេញឈ្មោះ សមាជិកគ្រួសាររបស់លោក ទៀ បាញ់ បានគំរាមកំហែងសាច់ញាតិរបស់លោក ហ៊ុន សែន ដែលត្រៀមឡើងឋានៈក្នុងជួរក្រសួងការពារជាតិ មិនឱ្យសាច់ញាតិលោក ហ៊ុន សែន រូបនោះទទួលយកតំណែងថ្មីឡើយ។
ភ្លាមៗក្រោយពីការចុះផ្សាយនោះ មេដឹកនាំបក្សប្រឆាំង និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាន ប្រកាសគាំទ្របេក្ខភាពលោក ទៀ សីហា ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិរដ្ឋសភាទី៧នេះ។ លោកជំរុញឱ្យប្រជារាស្ត្រខ្មែរដែលចង់បានសេរីភាព និងយុត្តិធម៌ត្រូវតែរួបរួមគ្នាជុំវិញលោក ទៀ សីហា លោក ទៀ បាញ់ និងលោក ទៀ វិញ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យនៅកម្ពុជា។
ក៏ប៉ុន្តែ ការប្រកាសគាំទ្ររបស់មេបក្សប្រឆាំងបែបនេះ មិនត្រូវបានលោក ទៀ សីហា និងឪពុករបស់លោកទទួលយកឡើយ។ ពួកគេបានប្រញាប់ប្រញាល់ចេញមុខបដិសេធចោល។ កាលនោះលោក ទៀ បាញ់ ថា លោកនឹងក្រុមគ្រួសារនៅតែប្រកាន់ជំហរគាំទ្រ«ទាំងស្រុង»ចំពោះផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្ត។ រីឯ លោក ទៀ សីហា វិញ លោកថ្លែងជាសាធារណៈថា ត្រកូល«ទៀ»មិនដែលមានមហិច្ឆតាប្រជែងដំណែងនាយករដ្ឋមន្ត្រីរបស់កម្ពុជាឡើយ។ លោកត្រូវបាន កាសែតក្នុងស្រុកស្រង់សម្ដីថា « ចាប់តាំងពីតូចដល់ធំដឹងក្តី នៅពេលទទួលទានអាហារជុំគ្នា សម្តេចពិជ័យសេនា ទៀ បាញ់ តែងតែទូន្មានកូនចៅឱ្យគោរពគាំទ្រការពារសម្តេចតេជោ ហ៊ុន សែន ដល់អស់ដង្ហើមរៀងៗខ្លួន »។
ប្រវត្តិសង្ខេបលោក ទៀ សីហា
លោក ទៀ សីហា កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨០ នៅក្រុងភ្នំពេញ ក្នុងត្រកូលដែលមានលោក ទៀ បាញ់ ឈ្មោះដើម ទៀ សង្វាន ជាឪពុក និងម្តាយឈ្មោះ តៅ តឿន។ បងប្រុសរបស់លោកឈ្មោះ ទៀ ស្យាម។ នៅខែធ្នូ ឆ្នាំ២០១៥ លោកបានរៀបការជាមួយភរិយាឈ្មោះ ទាង អេង ដែលពុំមានឯកសារណាមួយបញ្ជាក់ពីសាវតាររបស់គាត់ឡើយ។ លោក និងអ្នកស្រី ទាង អេង មានកូនបីនាក់ គឺកូនប្រុសច្បងឈ្មោះ ទៀ សង្ក្រាន្ត កូនស្រីឈ្មោះ ទៀ កល្បាណី និងកូនប្រុសពៅឈ្មោះ ទៀ សូរ្យកាន្ត។

បើតាមសារព័ត៌មានក្នុងស្រុកមួយចំនួន កាលពីនៅកុមារភាពលោកបានរៀននៅសាលាបឋមសិក្សាចតុមុខ មុននឹងបន្តការសិក្សាកម្រិតមធ្យមសិក្សានៅសាលា Lycée Passy Saint-Honoré នៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង (France) ចាប់ពីឆ្នាំ១៩៩៣។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីមហាវិទ្យាល័យ Passy Saint-Honoré នៅក្រុងប៉ារីស (Paris) ក្នុងឆ្នាំ២០០១។ ក្រោយមកលោកបានចូលសិក្សា១ឆ្នាំនៅសាលាទាហានឈ្មោះ École Spéciale Militaire de Saint-Cyr។
វិទ្យុអាស៊ីសេរី បានទាក់ទងទៅសាលាទាំងនេះដើម្បីសុំបញ្ជាក់ពីប្រវត្តិសិក្សារបស់លោក ទៀ សីហា នៅទីនោះ តែពុំទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ។ ទោះយ៉ាងណា ប្រភពពីសារព័ត៌មានក្នុងស្រុកដដែលថា លោក ទៀ សីហា បានវិលមកកម្ពុជាវិញនៅឆ្នាំ២០០១ ដោយចូលបម្រើការងារដំបូងជាមន្ត្រីកងរាជអាវុធហត្ថ។ លោកក៏បានបន្តការសិក្សាផ្នែកគ្រប់គ្រងនៅសាលាភូមិន្ទរដ្ឋបាលក្នុងឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។
លោក ទៀ សីហា ចាប់ផ្តើមលេចមុខមាត់ជាសាធារណៈនៅអំឡុងឆ្នាំ២០១០ នៅពេលដែលបក្សកាន់អំណាចចាត់តាំងលោកឱ្យធ្វើជាប្រធានក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីនៅខេត្តសៀមរាប។ យីអ៊ុនរបស់លោកបានឡើងក្រើតៗតាមរយៈឥទ្ធិពលរបស់ឪ រហូតក្លាយជាអភិបាលខេត្តសៀមរាបដល់ទៅពីរអាណត្តិ ចាប់ពីឆ្នាំ ២០១៨មក។ ចុងក្រោយនេះ តាមរយៈការបោះឆ្នោតដែលផាត់ចោលគណបក្សប្រឆាំងធំជាងគេ និងត្រូវសហគមន៍អន្តរជាតិថ្កោលទោសថា ជាការបោះឆ្នោត«ក្លែងក្លាយ» លោកជាប់ជា បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលសៀមរាបសម្រាប់រដ្ឋសភានីតិកាលទី៧នេះ ស្ថិតក្នុងចំណោម បេក្ខជនតំណាងរាស្ត្រ១២រូប របស់គណបក្សនេះដែលមានអាយុក្រោម ៤៥ឆ្នាំ។
លោក ទៀ សីហា ក៏ជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ជាសមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលដឹកនាំដោយកូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី។ សហភាពសហព័ន្ធយុវជនកម្ពុជាដ៏មានឥទ្ធិពលនេះ ត្រូវបានក្រុមលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបង្កើតឡើងដើម្បីទុកត្រៀមទប់ទល់នឹងចលនាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត និងដើម្បីពង្វក់ខួរក្បាលយុវជនជំនាន់ក្រោយឱ្យការពារត្រកូល«ហ៊ុន»។
ពីរអាណត្តិជាអភិបាលខេត្តសៀមរាប
ក្នុងអាណត្តិរបស់លោកជាអភិបាលខេត្តសៀមរាប លោកបានអួតអាងពីជោគជ័យក្នុងយុទ្ធនាការចាក់វាក់សាំងការពារជំងឺកូវីត១៩ ការកែលម្អសោភណភាពក្រុងសៀមរាបកាន់តែប្រសើរ ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អស្ទឹងសៀមរាបជាដើម។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់លើកឡើងថា លោក ទៀ សីហា ជាមនុស្ស«មានសមត្ថភាព» «ទេពកោសល្យ» «លទ្ធភាព» និង«ការទទួលខុសត្រូវខ្ពស់»។ ទោះយ៉ាងណា ជាជាងគិតគូរពីយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយសម្រាប់ខេត្តសៀមរាប លោកហាក់ជាមនុស្សដែលគិតគូរពីផលប្រយោជន៍ខ្លួនឯង ប្រពន្ធកូន និងក្រុមគ្រួសារ ច្រើនជាងបញ្ហាក្នុងខេត្ត និងប្រជាជនក្នុងមណ្ឌលរបស់លោក។ លោកនិយាយបែបកំប្លែងថា សម្រស់របស់អភិបាលខេត្តក៏ជាចំណុចទាក់ទាញភ្ញៀវទេសចរណ៍ដែរ។
៖«អភិបាលខេត្តក៏អាចថាជាចំណុចមួយក្នុងការទាក់ទាញដែរ។ បើមិនព្យាយាមធ្វើឱ្យសម្រស់កាន់តែស្អាត ក៏ប្រហែលជាភ្ញៀវទេសចរក៏គេមើលដែរថាបើអ្នកគ្រប់គ្រងខេត្តមានសម្រស់គួរឱ្យកត់សម្គាល់ ក៏អាចមានភាពទាក់ទាញដែរ។ ហើយថ្ងៃនេះ ខ្ញុំមានអភិបាលរងមក ក៏មានសម្រស់ស្រស់ស្អាតដែរ»។
មន្ត្រីរាជការម្នាក់នៅខេត្តសៀមរាបថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ យល់ថា លោក ទៀ សីហា ជាមនុស្សមិនសូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនោះទេ ឬសូម្បីតែកិច្ចការក្នុងបក្សក៏ដោយ។ តែលោកគិតគូរច្រើនតែពីសុខទុក្ខប្រពន្ធកូន និងក្រុមគ្រួសារត្រកូល«ទៀ»តែប៉ុណ្ណោះ។ មន្ត្រីរូបនោះបន្តថា ជាក់ស្តែង ការបំពេញការងាររបស់លោក ទៀ សីហា នៅមានកម្រិត និងថាបើគ្មានផែនការមេរបស់រដ្ឋាភិបាលទេ អភិបាលខេត្តសៀមរាបរូបនេះ ក៏ទំនងជាគ្មានសម្រេចបានអ្វីជាដុំកំភួននោះដែរ។
មន្ត្រីរាជការខេត្តសៀមរាប៖«តាមការស្តាប់ឮដែលខ្ញុំជាមន្ត្រីរាជការនៅក្នុងខេត្ត ហើយស្តាប់ឮពួកមន្ត្រីដែលគាត់ផ្សេងៗទៀតគាត់កំពុងតែបំពេញភារកិច្ចនៅក្នុងខេត្តហ្នឹង គាត់បានជជែកគ្នាមិនផ្លូវការ មានន័យថា គាត់ជជែកគ្នាទៅ គាត់ថា លោក ទៀ សីហា ឡើងកាន់ដំណែងនេះតាមរយៈឪពុក ហើយមកធ្វើកិច្ចការងារនេះរកស្នាដៃមួយណាដែលគួរឱ្យថាជាស្នាដៃរបស់គាត់មួយ វាមិនមានអីណាមួយដែលជាក់លាក់នោះទេ។ មានន័យថា គាត់មកឡើងកាន់តំណែងជិត១០ឆ្នាំមកនេះ វាអត់មានគុណសម្បត្តិណាមួយដែលវាគួរឱ្យកត់សម្គាល់ដែលបន្សល់ទុកនូវស្នាដៃសម្រាប់ក្មេងជំនាន់ក្រោយ ទោះបីស្នាដៃអីក៏ដោយ មានន័យថា មិនបាច់តែហេដ្ឋារចនាសម្ព័ន្ធ ឬក៏អីផ្សេងៗដែលយើងគិតថា គួរជាទីចាប់អារម្មណ៍ ហើយការដោះស្រាយនានាក្នុងខេត្តក៏ស្ថិតនៅកម្រិតមួយដែលវាពិបាកក្នុងការទទួលយក»។
« ការជម្លៀសពលរដ្ឋពីលំនៅឋានដោយបង្ខំដ៏សម្បើម » នៅតំបន់អង្គរ
កាដូដ៏ធំមួយដែលជាចំណងដៃរបស់លោក ទៀ សីហា បន្សល់ទុក សម្រាប់អ្នកខេត្តសៀមរាប គឺគ្មានអ្វីក្រៅពីការអនុវត្តវិធានការ រដ្ឋាភិបាលបណ្តេញចេញទាំងបង្ខំពលរដ្ឋជាង ១ម៉ឺនគ្រួសារពីតំបន់អង្គរទៅតំបន់រុនតាឯក ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការរស់នៅដោយសមរម្យនោះ។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ហៅវិធានការនេះថាជា « ការជម្លៀសពលរដ្ឋ ពីលំនៅឋានដោយបង្ខំដ៏សម្បើម »នៅតំបន់អង្គរ។
លោក ទៀ សីហា ទម្លាក់កំហុសថា បញ្ហាដីធ្លីមួយចំនួនដែលបានអូសបន្លាយដោះស្រាយមិនរួចនោះគឺដោយសារតែជម្លោះដីធ្លីខ្លះជាជម្លោះរវាងប្រជាជននិងប្រជាជន ខណៈលោកថា ករណីតវ៉ាដីធ្លីខ្លះទៀត គឺបណ្តាលមកពីមានមេខ្យល់ជាអ្នកញុះញង់នៅពីក្រោយការតវ៉ាទាំងនោះនៅពេលជិតដល់រដូវកាលបោះឆ្នោតម្តងៗ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តសៀមរាប លោក ច័ន្ទ ចំរើន ថា ក្រោមការដឹកនាំរបស់លោក ទៀ សីហា បើទោះបីជាទំនាក់ទំនងភាពជាមួយដៃគូជាមួយអង្គការសង្គមស៊ីវិលហាក់មានដំណើរការល្អក៏ដោយ ក៏លោកសង្កេតឃើញថា នៅមានបញ្ហាអវិជ្ជមានមួយចំនួនទាក់ទងនឹងរឿងរ៉ាវជម្លោះដីធ្លី និងការជម្លៀសពលរដ្ឋចេញពីតំបន់អង្គរ។
លោក ច័ន្ទ ចំរើន៖«កន្លងមក ប្រជាពលរដ្ឋមានការត្អូញត្អែរពីរឿងដីធ្លីជាមួយអាជ្ញាធរអប្សរា គឹមានការត្អូញត្អែរមួយចំនួនថាគាត់ធ្វើអស់ថវិកា ត្រូវបានរុះរើចេញ ហើយការដោះស្រាយមានការយឺតយ៉ាវ គាត់មានការត្អូញត្អែរ ប៉ុន្តែ គាត់គ្រាន់តែថា ប្រជាពលរដ្ឋមានការពេញចិត្តឯកឧត្តម ទៀ សីហា កម្រិតណា ខ្ញុំពិបាកហ្នឹងឆ្លើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ទៀ សីហា ដើម្បីសុំការអត្ថាធិប្បាយជុំវិញការលើកឡើង និងការចោទប្រកាន់ទាំងនេះបានទេ។ ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងការពារថា លោក ទៀ សីហា មានលក្ខណៈសម្បត្តិ «គ្រប់គ្រាន់» ទើបថ្នាក់ដឹកនាំសម្រេចឱ្យលោកឡើងទៅធ្វើជារដ្ឋមន្ត្រីការពារជាតិ។
លោក សុខ ឥសាន៖«ខ្ញុំមិនបានដឹងពីប្រវត្តិរបស់គាត់ទេ ប៉ុន្តែ ខ្ញុំយល់ថា សុទ្ធតែគ្រប់លក្ខណៈសម្បត្តិ ទើបបានរាជរដ្ឋាភិបាល ប្រធានគណបក្សលោកជ្រើសរើសដើម្បីនឹងដាក់ឱ្យតាមកន្លែងនីមួយៗសមស្របទៅតាមគុណសម្បត្តិ និងលក្ខណៈវិនិច្ឆ័យរបស់បុគ្គលម្នាក់ៗ...។ និយាយរួមគឺមិនមែនតែចំពោះតែឯកឧត្តម ទៀ សីហា ទេ តែគឺចំពោះគ្រប់មន្ត្រីជាន់ខ្ពស់ទាំងអស់ក្នុងជួររដ្ឋាភិបាល ខ្ញុំនៅមានសេចក្តីសង្ឃឹម និងសុទិដ្ឋិនិយមដើម្បីនឹងគាត់បំពេញតួនាទីភារកិច្ចប្រកបដោយជោគជ័យស្របទៅតាមតម្រូវការរបស់គណបក្សប្រជាជនកម្ពុជា...»។
ផ្ទុយពីការអះអាងនេះ សម្រាប់អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ វិញ លោកមិនអល់ឯកក្នុងការវាយតម្លៃពីការអសមត្ថភាពរបស់លោក ទៀ សីហា ឡើយ។ លោកថា លោក ទៀ សីហា ទៅគ្រប់គ្រងខេត្តសៀមរាបកន្លងមកគ្រាន់តែជាសេនារីយូតាមសែស្រឡាយប៉ុណ្ណោះ ក្នុងពេលដែលលោកមិនមានសមត្ថភាពជាបទពិសោធន៍ជាក់ស្តែងដើម្បីជួយប្រជាពលរដ្ឋ និងជាតិនោះទេ។ លោកថា លោក ទៀ សីហា បានបណ្តែតបណ្តោយឱ្យមានអំពើច្បាមយកដីធ្លីពីប្រជាពលរដ្ឋស្លូតត្រង់ និងការកាត់ឆ្វៀលដីទៅឱ្យក្រុមឈ្មួញទុចរិត។
លោក គឹម សុខ៖«មើលទៅ ទៀ សីហា ទៅធ្វើជាអភិបាលខេត្តសៀមរាបកន្លងមកគ្រាន់តែជាសេនារីយូតាមខ្សែទេ ខ្សែ ទៀ បាញ់ ដូចដែល ហ៊ុន ម៉ាណែត ខ្សែ ហ៊ុន សែន ទៅធ្វើកិច្ចការជាមេតំបន់នៅទីនោះតែម្តងទៅមិនមានសមត្ថភាពជាបទពិសោធន៍ជាក់ស្តែងក្នុងការជួយប្រជាពលរដ្ឋ និងប្រទេសជាតិទេ។ ហើយខ្ញុំកត់សម្គាល់ឃើញមានតែកើតឧក្រិដ្ឋកម្មផ្សេងៗទៅវិញ ឧទាហរណ៍ ឧក្រិដ្ឋកម្មនៃការប្លន់ដីធ្លីប្រជាពលរដ្ឋ ឧក្រិដ្ឋកម្មកាត់ដីប្រជាពលរដ្ឋនៅតំបន់ខ្លះឱ្យឈ្មួញ មានទាំង ឡេង ណាវាត្រា ផង យកដីនៅតំបន់ខេត្តសៀមរាបយកទៅធ្វើអាជីវកម្មងាយៗរាប់រយហិកតារ។ មែនទែន នាំតែចម្រើនទៅដល់ឈ្មួញរកស៊ីទុច្ចរិតនៅជុំវិញក្រុមគ្រួសារលោក ទៀ បាញ់ និងក្រុមគ្រួសារលោក ហ៊ុន សែន តែប៉ុណ្ណោះ វាអត់មានចម្រើនអីដល់ប្រជាពលរដ្ឋនិងប្រទេសជាតិទេ។ ប្រជាពលរដ្ឋកាន់តែវេទនា ប្រទេសជាតិកាន់តែហិនហោច»។
បញ្ហាចម្រូងចម្រាសនៃកំពង់ផែរាម
បញ្ហាសំខាន់មួយដែលលោក ទៀ សីហា ត្រូវប្រឈមនៅពេលឡើងកាន់ដំណែងធ្វើជាប្រមុខការពារជាតិ ក្រៅពីការពារឥទ្ធិពលនិងផលប្រយោជន៍ឱ្យត្រកូល«ទៀ»ហើយនោះ គឺលោកត្រូវដោះស្រាយបញ្ហាចម្រូងចម្រាសពាក់ព័ន្ធនឹងគម្រោង«ធ្វើទំនើបកម្ម»កំពង់ផែកងទ័ពជើងទឹករាម។ សហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិចដាក់ការសង្ស័យថាកម្ពុជាអាចលួចអនុញ្ញាតឱ្យកងទ័ពរំដោះប្រជាជនចិន (PLA) ឈរជើង និងដាក់មូលដ្ឋានទ័ពនៅទីនោះ។ ប្រសិនបើលោកមិនអាចដោះស្រាយបញ្ហានេះបាន ហើយឈានទៅសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែនេះជាផ្លូវការក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ នោះលោកអាចនឹងក្លាយជាគោលដៅបន្ទាប់នៃការដាក់ទណ្ឌកម្មរបស់អាមេរិក ខណៈពូរបស់លោកគឺ លោក ទៀ វិញ កំពុងជាប់ទណ្ឌកម្មពីអាមេរិកស្រាប់។ រីឯឪរបស់លោកវិញ គឺ លោក ទៀ បាញ់ ក៏ធ្លាប់ត្រូវអតីតតំណាងរាស្ត្រអាមេរិកស្នើឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្មប្រសិនបើសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មចូលជាធរមាន។

អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ លើកឡើងថា លោក ទៀ សីហា ពុំមានសមត្ថភាពដោះស្រាយរឿងកំពង់ផែរាមនេះទេ។ តែលោកគ្រាន់តែជួយចិនជំរុញឱ្យគម្រោង«ធ្វើទំនើបកម្ម»កំពង់ផែរាមនេះ និងគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) ដទៃទៀតនៅកម្ពុជា ឱ្យសម្រេចបានលឿន។ ក្នុងពេលជាមួយគ្នានេះ លោកថា ក្រុមត្រកូល«ទៀ»ក៏ព្យាយាមបង្កើនទំនាក់ទំនងផ្នែកយោធាជាមួយថៃ ដើម្បីពង្រីកឥទ្ធិពលទុកជាថ្នូរទៅតថ្លៃអំណាចជាមួយក្រុមលោក ហ៊ុន សែន។
លោក គឹម សុខ៖«រឿងសង់កំពង់ផែសមុទ្ររាមដែលមានការជាប់ពាក់ព័ន្ធទៅនឹងកងទ័ពចិន រឿងនេះមួយមិនមែន ទៀ បាញ់ និង ទៀ សីហា អាចទៅដោះស្រាយបានទេ។ គឺ ទៀ បាញ់ និង ទៀ សីហា យកចំណុចរឿងហ្នឹងជាគន្លឹះអែបឱ្យជាប់ចិន ជួយជំរុញចិនអនុវត្តផែនការហ្នឹងឱ្យលឿន ដើម្បីបានឥទ្ធិពលយកទៅតថ្លៃអំណាចជាមួយ ហ៊ុន សែន ពីព្រោះ ហ៊ុន សែន អត់ចិនមិនបានដែរ។ ហើយទីពីរធំ គឺក្រុមលោក ទៀ បាញ់ មានផលប្រយោជន៍ជ្រៅណាស់ជាមួយនឹងយោធាថៃ ជាពិសេសការរកស៊ីខុសច្បាប់នៅច្រកសមុទ្រដូចជា ដឹកប្រេងខុសច្បាប់ ដឹកឈើខុសច្បាប់ជាដើម និងមានគម្រោងផ្សេងៗទៀត។ អាហ្នឹងគឺជាឥទ្ធិពលនៃការពង្រាយកម្លាំងផង ប្រដាប់អាវុធផង ព្រមទាំងលុយកាក់ផង ទៅចិញ្ចឹមអំណាចក្រុមគ្រួសារហ៊ុនថ្ងៃក្រោយ អំណាចរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន។ ប៉ុន្តែ ក្រុមលោក ទៀ បាញ់ នៅមានឥទ្ធិពលទាំងអស់ហ្នឹងដែលអាចឈរជើងហ្នឹងជាមួយក្រុមគ្រួសារហ៊ុនបាន ទៅតថ្លៃអំណាចជាមួយក្រុមគ្រួសារហ៊ុន»។
ផ្អែកតាមសេណារីយូនៃការរៀបចំជើងព្រួលរបស់ត្រកូល «ហ៊ុន» ក្នុងក្រសួងការពារជាតិ លោក ទៀ សីហា ទំនងជាពិបាកនឹងឈរជើងនឹងបានយូរនៅក្នុងក្រសួងនេះណាស់ ជាពិសេសក្រោយពេលឪពុករបស់លោកអស់អំណាច។ គេក៏ពិបាកនឹងរំពឹងថា អាចនឹងមានការប្រែប្រួលណាមួយក្នុងក្រសួងការពារជាតិនេះដែរ ស្របពេលដែលអំពើពុករលួយ គ្រួសារសាច់ញាតិនិយម អតិផរណាផ្កាយ និងអំណាចកំពុងចាក់គ្រឹះជ្រៅក្នុងក្រសួងនេះ។
ថាតើការប្ដេជ្ញាគាំទ្រ និងការពារលោក ហ៊ុន សែន ដល់«អស់ដង្ហើម»រៀងៗខ្លួនរបស់ក្រុមត្រកូល«ទៀ»នេះ ត្រូវក្រុមលោក ហ៊ុន សែន គិតឃើញដូចគ្នា និងប្រព្រឹត្តមកវិញដូចគ្នាដែរឬយ៉ាងណានោះ ឬក៏គ្រាន់តែជាករណីពាលស៊ីពាលនោះ លោក អ៊ុំ សំអាន ព្រមានថា មិនយូរមិនឆាប់លោក ទៀ សីហា អាចនឹងត្រូវលោក ហ៊ុន ម៉ាណែត ឬក្រុមគ្រួសារត្រកូលហ៊ុន«កម្ចាត់ចោល» ប្រសិនបើពួកគេគិតថា លោក ទៀ សីហា អាចជាឆ្អឹងទទឹងកនៃការរក្សាអំណាចរបស់ត្រកូលហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។