ចិនគ្រោងបើកស្ថានអគ្គកុងស៊ុល និងសមាគមសារព័ត៌មានចិន នៅខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗ ខាងមុខ ក្រោយពីជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូតចិន និងអភិបាលខេត្តព្រះសីហនុ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ក្នុងជំនួបកាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនជៀន (Wang Wentian) បានយល់ព្រមតាមសំណើរបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដើម្បីសុំឲ្យបើកស្ថានកុងស៊ុលចិន និងបើកសមាគមសារព័ត៌មានចិន ក៏ប៉ុន្តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ។
លោក ឃាង ភារម្យ បញ្ជាក់ថា គោលបំណងសំខាន់នៃសំណើរបស់អភិបាលខេត្តព្រះសីហនុនេះ គឺដើម្បីអប់រំ ផ្សព្វផ្សាយ និងចែករំលែកការអនុវត្តនីតិវិធីច្បាប់ ចំពោះក្រុមហ៊ុនវិនិយោគចិន នៅខេត្តព្រះសីហនុ ឲ្យយល់ដឹងពី វប្បធម៌ ច្បាប់ សង្គម និងការផ្សព្វផ្សាយអប់រំនៅកម្ពុជា។ លោកបន្តថា នៅពេលមានស្ថានអគ្គកុងស៊ុលចិនប្រចាំនៅក្នុងខេត្តព្រះសីហនុ គឺជាការផ្ដល់ភាពងាយស្រួលចំពោះការគ្រប់គ្រងព័ត៌មាន ស្ថិតិប្រជាជនចិន អ្នកវិនិយោគ និងភ្ញៀវទេសចរចិន បានជាក់លាក់ ព្រមទាំងជួយសម្រួលបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងសន្តិសុខ បានទាន់ពេលវេលាទៀតផង។
គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា បានឲ្យដឹងថា ក្នុងជំនួបនេះដែរ ភាគីទាំង២ ក៏បានផ្លាស់ប្ដូរយោបល់ទៅវិញទៅមក ស្ដីពីកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ រវាងចិន និងកម្ពុជា ព្រមទាំងជំរុញការកសាងតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងព្រះសីហនុផងដែរ។
ទិន្នន័យរបស់អាជ្ញាធរខេត្តព្រះសីហនុ កាលពីដើមខែកក្កដា បង្ហាញថា អាជីវកម្មជាង ៩០ភាគរយ នៅក្រុងព្រះសីហនុ បច្ចុប្បន្ន ត្រូវបាន គ្រប់គ្រងដោយជនជាតិចិន ក្នុងនោះរួមមាន សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និងហាងម៉ាស្សាជាដើម។ ខេត្តព្រះសីហនុ ទើបតែមានស្ថានអគ្គកុងស៊ុលវៀតណាមមួយប៉ុណ្ណោះ ហើយស្របពេលដែលកំណើនវិនិយោគិនចិន និងប្រជាជនចិន មានការកើនឡើងជាគំហុក ទើបអភិបាលខេត្តព្រះសីហនុ ស្នើសុំឲ្យស្ថានទូតចិនបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តនេះផ្ទាល់តែម្ដង ដើម្បីសម្រួលដល់បញ្ហានានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។