ក្រុមពលករខ្មែរមិនលុបចោលគម្រោងធ្វើបាតុកម្មប្រឆាំងនឹងរបបក្រុងភ្នំពេញដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញទេ បើទោះបីជាគ្មានវត្តមានលោក ហ៊ុន សែន នៅទឹកដីប្រទេសកូរ៉េខាងត្បូង។ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា ការធ្វើបាតុកម្មនេះធ្វើឡើងដើម្បីគាំទ្របក្សប្រឆាំង ហើយមិនប៉ះពាល់ដល់កិត្តិយសកម្ពុជាឡើយ។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូងលោក យឹម ស៊ីណន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ វិច្ឆិកា ថា ទោះបីអវត្តមានលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កូរ៉េនៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏គម្រោងធ្វើបាតុកម្មនៅបន្ត នៅថ្ងៃទី២៤ វិច្ឆិកា ដដែល។
លោកបញ្ជាក់ថា ពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង និងពលរដ្ឋខ្មែរមួយចំនួនមកពីសហរដ្ឋអាមេរិកបានត្រៀមរួចហើយនឹងដឹកនាំធ្វើមហាបាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងពូសាន់ ទល់មុខសាលាក្រុងពូសាន់ ដោយរំពឹងថា នឹងមានមនុស្សចូលរួមជាច្រើនពាន់នាក់។
លោកបញ្ជាក់ថា ការធ្វើបាតុកម្មនេះដើម្បីទាមទារឱ្យពិភពលោកចាប់អារម្មណ៍ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាឡើងវិញ ក្រោយពីរបបលោក ហ៊ុន សែន បានរុញច្រានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឱ្យធ្លាក់ចុះដុនដាបយ៉ាងខ្លាំង៖ «ជំហររបស់យើងអត់មានការប្រែប្រួលទេ បើលោក ហ៊ុន សែន មិនមកគឺជាជោគជ័យមួយសម្រាប់ការតស៊ូរបស់យើងទៅហើយទោះបីជាផ្ទៃក្នុងយ៉ាងម៉េច។ ប៉ុន្តែក្នុងរូបភាពបញ្ហាការទូត គឺយើងបានជោគជ័យក្នុងការទាមទាររបស់យើងហើយនៅក្នុងជំហររបស់ពួកយើងទៀតសោធ គឺអត់មានការដកថយទេ គឺនៅតែមានការធ្វើបាតុកម្មតាមការគ្រោងទុកដដែល»។
ការប្រកាន់ជំហររបស់ពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ បានកើតមានឡើងក្រោយពីមេដឹកនាំរបបលោក ហ៊ុន សែន បានប្រកាសផ្អាកមិនបានចូលរួមកិច្ចប្រសុំអាស៊ាន-កូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ វិច្ឆិកាខាងមុខនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា ពេលនេះ លោកកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្ដាយក្មេករបស់លោកកំពុងស្ថិតនៅសង្គ្រោះបន្ទាន់ និងពិនិត្យឃើញថា ពិបាកនឹងសង្គ្រោះបាន។ រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន នឹងជំនួសដំណើររបស់លោក ហ៊ុន សែន។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផែ ស៊ីផាន បញ្ជាក់ថា ក្រុមបាតុករដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលទៅកាន់ប្រទេសកូរ៉េលើកនេះ មិនប៉ះពាល់ដល់មុខមាត់របស់កម្ពុជាទេ គឺគ្រាន់តែធ្វើឡើងដើម្បីគាំទ្របក្សប្រឆាំងប៉ុណ្ណោះ៖ «មិនមានការយកចិត្តទុកដាក់អ្វីទេចំពោះរាជរដ្ឋាភិបាល។ ពួកហ្នឹងធ្វើបាតុកម្មគ្មានចំណោទអ្វីទេ។ ពីព្រោះសម្ដេចលោកអញ្ជើញទៅដើម្បីលក្ខខណ្ឌដល់កម្មករឱ្យប្រសើរ មិនមែនដូចពួកបាតុកម្មមិនមែនដូចពួកក្រុមឧទ្ទាមទេ»។
ក្រុមពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងគ្រោងនឹងដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន ក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២៤ វិច្ឆិកា ខាងមុខនេះ ដើម្បីទាមទារឱ្យកម្ពុជាស្ដារប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។