ក្រុមបាតុករដែលចូលរួមធ្វើបាតុកម្មនៅទីក្រុងតូក្យូ កាលពីថ្ងៃទី០២ ខែមិថុនា រំពឹងថារដ្ឋាភិបាលជប៉ុន ដែលម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងងាកមកយកចិត្តទុកដាក់បញ្ហាធ្លាក់ចុះសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយដាក់សម្ពាធជាក់លាក់ទៅរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំត្រកូល ហ៊ុន គឺដោយឪពុក និងកូននាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
បាតុករឱ្យដឹងថា នៅក្រោយបាតុកម្មដែលមានមនុស្សប្រមាណ ៣០០នាក់ចូលរួមហែក្បួននេះរួច នៅពេលឆាប់ៗនេះ ពួកគេត្រៀមនឹងនាំគ្នាទៅដាក់ញត្តិទៅរដ្ឋាភិបាលជប៉ុន និងស្ថានទូតបណ្ដាប្រទេសប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ឱ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យងាកមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
ពលរដ្ឋ និងសកម្មជននយោបាយខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុនប្រមាណ ៣០០ នាក់ កាលពីថ្ងៃទី០២ ខែមិថុនា បាននាំគ្នាធ្វើបាតុកម្មនិងហែក្បួនពីសួនច្បារហ៊ីប៊ីយ៉ា (Hibiya) ឆ្ពោះទៅសួនតូគីវ៉ាក់បាស៊ី (Tokiwabashi) ក្នុងទីក្រុងតូក្យូ (Tokyo) ដោយទាមទារឱ្យដោះលែងប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី និងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និងអ្នកទោសមនសិការផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
ក្នុងពេលហែក្បួននេះ អ្នកតវ៉ាខ្លះបានស្លៀកពាក់ខោអាវអ្នកទោស ដៃជាប់ខ្នោះ ហើយខ្លះទៀតលើកបដាដោយភ្ជាប់រូបថត និងសារដែលមានន័យសេចក្ដីទាមទារឱ្យដោះលែងអ្នកទោសមនសិការ និងស្នើឱ្យភាគីពាក់ព័ន្ធធ្វើកំណែទម្រង់ប្រព័ន្ធតុលាការឱ្យឯករាជ្យផងដែរ។
អតីតអនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តព្រះសីហនុ ដែលកំពុងភៀស ខ្លួននៅប្រទេសជប៉ុន លោក គង់ ជិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០២ ខែមិថុនាថា មូលហេតុ ដែលពួកគាត់លើកឡើងពីតុលាការអយុត្តិធម៌នេះ ដោយសារតែមន្ត្រីដែល ធ្វើការក្នុងស្ថាប័នតុលាការបច្ចុប្បន្នគឺជាសមាជិកគណបក្សកាន់អំណាច ដែលមានលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំ។
លោក គង់ ជិ៖«សូម្បីតែគណបក្សកាន់អំណាចសព្វថ្ងៃ សូម្បីតែប្រជាពលរដ្ឋទូទៅ ក៏គេយល់ឃើញបែបហ្នឹងដែរ យល់ថាតុលាការកម្ពុជាបច្ចុប្បន្នមិនឯករាជ្យទេដោយសារតែគាត់ជាសមាជិកគណបក្ស ហើយបច្ចុប្បន្ននេះ តុលាការភាគច្រើនប្រព្រឹត្តអំពើពុករលួយខ្លាំងមែនទែន។ ដូច្នេះ គេគ្មានសង្ឃឹមយុត្តិធម៌ទេ បើសិនជាតុលាការជាសមាជិកបក្ស តុលាការពុករលួយវាប្រាកដណាស់ប្រជាពលរដ្ឋគឺតែងតែរងគ្រោះ»។
ក្រុមបាតុកររំពឹងថា សារដែលពួកគេទាមទារនេះនឹងបានជ្រួតជ្រាបក្នុងស្រទាប់សាធារណជនក្នុងទីក្រុងតូក្យូ និងដឹងឮដល់រដ្ឋាភិបាលជប៉ុន ដែលជាដៃគូអភិវឌ្ឍន៍មួយរបស់កម្ពុជា ហើយរដ្ឋាភិបាលនេះចាត់វិធានការជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងលោក ស៊ុន ចន្ធី លោក ថាច់ សេដ្ឋា និងអ្នកទោសមនសិការផ្សេងទៀត លើសពីនេះគឺងាកមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ។
អ្នកដឹកនាំបាតុករ និងជាពលករធ្វើការនៅប្រទេសជប៉ុន លោក គា ថាណា មានប្រសាសន៍ថា ក្រុមពលរដ្ឋខ្មែរនៅប្រទេសជប៉ុននឹងបន្តការទាមទារដាក់ញត្តិជាបន្តបន្ទាប់ទៀតនៅក្រោយបាតុកម្មនេះ ដើម្បីធានាថារដ្ឋាភិបាលជប៉ុន និងបណ្ដាប្រទេសប្រជាធិបតេយ្យនឹងយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហានយោបាយនៅកម្ពុជា។
លោក គា ថាណា៖«ស្នើទៅដល់លោកនាយករដ្ឋមន្ត្រី គីស៊ីដា ដើម្បីឱ្យលោកពិនិត្យឡើងវិញថាហេតុអ្វីបានជាឥស្សរជននយោបាយរបស់អ្នកប្រជាធិបតេយ្យ ពេលដែលអញ្ជើញមកទស្សនកិច្ចនៅប្រទេសជប៉ុន ហើយត្រឡប់ទៅវិញត្រូវបានអាជ្ញាធរក្រុងភ្នំពេញរៀបចំបទចោទអីទាំងអយុត្តិធម៌បំផុត។ យើងឃើញថាសុទ្ធតែរូបភាពនយោបាយ។ ខ្ញុំនៅតែមានជំនឿចិត្តជឿជាក់យ៉ាងមុតមាំថា បើសិនជាបងប្អូននៅតែតស៊ូថ្ងៃណាមួយយុត្តិធម៌យើងនឹងមាន។ ខ្ញុំមិនដែលបោះបង់ការតស៊ូទេ ល្គឹកណាមានដង្ហើមដកខ្ញុំនៅតែប្រឹង។ ប្រឹងនេះមិនមែនដើម្បីខ្លួនខ្ញុំទេ គឺដើម្បីអ្នកស្រឡាញ់យុត្តិធម៌ ដើម្បីកែប្រែសង្គមដែលស្មើមុខស្មើមាត់ជាមួយបរទេសផង ហើយយើងជាសង្គមនីតិរដ្ឋ»។
ទាក់ទងនឹងនយោបាយនៅកម្ពុជានេះដែរ កាលពីថ្ងៃទី១៩ ខែឧសភា ពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េខាងត្បូងប្រមាណ៥០០នាក់ ក៏បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ដើម្បីជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះស្រាយវិបត្តិសង្គម ហើយគិតគូរពីសុខទុក្ខពលរដ្ឋ ជាពិសេសបើកលំហសិទ្ធិសេរីភាព និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញដែរ។
ក្នុងកិច្ចប្រជុំដំណើរការពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់អង្គការសហប្រជាជាតិ កាលពីនៅថ្ងៃទី០៨ ខែឧសភា បណ្ដាប្រទេសជាច្រើននៅលើ ពិភពលោករិះគន់ មកលើរដ្ឋាភិបាលប្រទេសកម្ពុជា ថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយសិទ្ធិសេរីភាពកាន់តែធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគេទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសមនសិការជាពិសេសមេដឹកនាំបក្សប្រឆាំង និងកែទម្រង់ប្រព័ន្ធតុលាការឱ្យឯករាជ្យ និងមិនលំអៀងស្របតាមស្តង់ដារអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។