លោក ហ៊ុន សែន និង​មន្ត្រី​​មួយ​ចំនួន​​​ធ្វើ​តេស្ត​​​កូវីដ១៩ លើក​ទី២ ខណៈ​​មន្ត្រី​ទូត​​ខ្មែរ​នៅ​ប្រទេស​បារាំង ៤នាក់ មាន​ផ្ទុក​ជំងឺ​កូវីដ១៩

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​មន្ត្រី​​​រដ្ឋាភិបាល ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល ជាមួយ​គណៈ​ប្រតិភូ​ប្រទេស​ហុងគ្រី ធ្វើតេស្ត​ជំងឺ​​​​កូវីដ១៩ (Covid-19) លើក​ទី២ នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន និង​អ្នក​ពាក់ព័ន្ធ​ខ្លះ ធ្វើតេស្ត​នៅ​ក្នុង​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ។ ជាមួយ​គ្នា​នេះ មន្ត្រី​​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង ចំនួន ៤នាក់ មាន​ផ្ទុក​ជំងឺ​កូវីដ១៩។ ពលរដ្ឋ​ខ្លះ​សោកស្ដាយ​ចំពោះ​ការ​ធ្វេស​ប្រហែល​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ជួប​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូវីដ១៩ សា​ជា​ថ្មី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល ព្រម​ទាំង​មនុស្ស​សរុប ៨៩២នាក់ ដល់​ថ្ងៃ​កំណត់​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ ជា​លើក​ទី២ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ប៉ុន្តែ​ក្រសួង​សុខាភិបាល​មិន​ទាន់​បង្ហាញ​លទ្ធផល​ធ្វើតេស្ត​នៅ​ឡើយ​ទេ ដោយ​អាច​រង់ចាំ​នៅ​ថ្ងៃ​ទី១០ វិច្ឆិកា។ នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​សុខាភិបាល ក៏​បាន​ប្រកាស​រក​ឃើញ​អ្នក​ប៉ះពាល់​ជាមួយ​គណៈ​ប្រតិភូ​ប្រទេស​ហុងគ្រី​ចំនួន ៥២នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​សង្ស័យ​សរុប​កើន​ដល់ ៩៤៤នាក់។

ចំពោះ​លទ្ធផល​ធ្វើតេស្ត​អ្នក​សង្ស័យ​ថ្មី​ទាំង ៥២នាក់​នោះ គឺ​មិន​មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ទេ ក្រៅ​ពី​អង្គរក្ស​ខ្មែរ​ម្នាក់ ដែល​ការពារ​គណៈ​ប្រតិភូ​ហុងគ្រី​ដោយ​ផ្ទាល់ ដែល​បាន​រក​ឃើញ​មាន​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី៦ វិច្ឆិកា។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​ក្រើន​រំលឹក​ឲ្យ​អ្នក​ពាក់ព័ន្ធ​នឹង​គណៈ​ប្រតិភូ​ប្រទេស​ហុងគ្រី ធ្វើ​ចត្តាឡឺស័ក​តាម​ផ្ទះ ឬ​នៅ​ក្នុង​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ និង​ត្រូវ​ទៅ​ពិនិត្យ ធ្វើតេស្ត​ឲ្យ​បាន​គ្រប់​ចំនួន ៤ដង តាម​កាលបរិច្ឆេទ និង​ការ​រៀបចំ​របស់​ក្រសួង។

ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត គឺ​ក្រសួង​សុខាភិបាល​ធ្វើតេស្ត​រក​ឃើញ​ជនជាតិ​ខ្មែរ​ចំនួន ២នាក់​ផ្សេង​ទៀត គឺ​ជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​ជប៉ុន​មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ក្រោយ​លទ្ធផល​ធ្វើ​តេស្ត​លើក​ទី២។ រីឯ​អ្នក​​រួម​ដំណើរ​ជាមួយ​ចំនួន ៣៥នាក់​​ផ្សេង​ទៀត កំពុង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក នៅ​ក្នុង​សណ្ឋាគារ ​២​កន្លែង និង​នៅ​វិទ្យាល័យ​ពោធិចិនតុង។

ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ នេះ​ដែរ ក្រសួង​ការ​បរទេស​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ថា មន្ត្រី​ស្ថានទូត​ខ្មែរ នៅ​ប្រទេស​បារាំង​ចំនួន ៤នាក់ មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ហើយ​មន្ត្រី​ស្ថានទូត​ម្នាក់​ទៀត កំពុង​រង់​ចាំ​លទ្ធផល​ធ្វើ​តេស្ត។

ជុំវិញ​ស្ថានភាព​​ជំងឺ​កូវីដ១៩ នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុង គួង បាន​ទេ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​វិញ​សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​ការ​ធ្វេស​ប្រហែល​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ឱកាស​ឲ្យ​មាន​ការ​ឆ្លង​​​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ ជា​ថ្មី​នៅ​កម្ពុជា។​

ពលរដ្ឋ​រស់​នៅ​​ក្នុង​សហគមន៍​ក្រីក្រ​មួយ ក្នុង​រាជធានី​ភ្នំពេញ លោកស្រី ស៊ិន ស៊ីនួន ប្រាប់​ថា ផល​ប៉ះ​ពាល់​ពី​ការ​ធ្វេស​ប្រហែល​នេះ​បាន​ធ្លាក់​មក​លើ​ពលរដ្ឋ​ជា​បណ្ដើរ​ហើយ ដោយ​សារ​អាជ្ញាធរ​បាន​ចាប់​ផ្ដើម​បិទ​ហាង​ខារ៉ាអូខេ រង្គសាល និង​សាលា​រៀន​ឡើង​វិញ បណ្ដាល​ឲ្យ​អ្នក​រស់​នៅ​ក្នុង​សហគមន៍​បាត់បង់​ការងារ​ធ្វើ និង​បាត់បង់​មុខ​របរ​លក់​ដូរ​​តាម​កញ្ច្រែង​រទេះ លែង​ដាច់​ដូច​មុន។

លោកស្រី ស៊ិន ស៊ីនួន និយាយ​ថា អ្នក​ក្រីក្រ​ក្នុង​សហគមន៍​ខ្លាច​ការ​ប៉ះ​ពាល់​ជីវភាព​ប្រចាំ​ថ្ងៃ ជា​ជាង​ខ្លាច​ជំងឺ​កូវីដ១៩។ លោកស្រី​បញ្ជាក់​ថា សម្រាប់​មន្ត្រី​រដ្ឋាភិបាល​មិន​បារម្ភ​ជីវភាព​ទេ ព្រោះ​ពួក​គេ​មាន​ទ្រព្យ​ធន​ហូរហៀរ មិន​បាច់​ខ្វល់​ពី​ម្ហូប​អាហារ​កូនចៅ​ក្នុង​បន្ទុក និង​មាន​ទីកន្លែង​សម្រាក ឬ​ចត្តាឡឺស័ក ល្អៗ។ ប៉ុន្តែ​សម្រាប់​អ្នក​ក្រីក្រ​វិញ គឺ​ជា​កង្វល់ និង​ជា​បន្ទុក​ធ្ងន់ធ្ងរ៖ « សោក​ស្ដាយ​មែនទែន។ សោកស្ដាយ​ទី១ គាត់​ជា​កំពូល​មេដឹកនាំ​ហើយ​បែរ​ជា​គាត់​ធ្វើ​ការ​ធ្វេសប្រហែស​នោះ​ណា មិន​ប្រយ័ត្ន​មិន​ការពារ។ អ៊ីចឹង យើង​សោកស្ដាយ​មែន​ទេ។ តែ​ការ​និយាយ​របស់​យើង គឺ​មាន​ព្រំដែន​របស់​យើង​ណា​មិន​អាច​និយាយ​ទូលំទូលាយ​បាន។ ការ​សោកស្ដាយ​សោកស្ដាយ​បំផុត គឺ​មាន​ការ​សោកស្ដាយ​មែន​ទែន»

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វ៉ន ពៅ មាន​ប្រសាសន៍​ថា អ្នក​ក្រីក្រ​ចាប់​ផ្ដើម​រង​ផល​ប៉ះពាល់​​​ពិត​មែន ពី​ព្រោះ​ការ​បិទ​ក្លឹប​ហាង​ជា​ដើម បណ្ដាល​ឲ្យ​អ្នក​ធ្វើការ​អ្នក​រត់​រ៉ឺម៉ក​កម្មករ​លាង​សំអាត​ជា​ដើម អត់​ការងារ​ធ្វើ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ធ្វេស​ប្រហែល​របស់​មន្ត្រី​ជាន់​ខ្ពស់​​​​​​​រដ្ឋាភិបាល​​ទាំង​​អស់ ព្រោះ​​អាជ្ញាធរ​​តែង​តែ​​ហាម​​ឃាត់ និង​​រឹត​បន្តឹង​​ការ​​ជួបជុំ​​របស់​​ពលរដ្ឋ​ តែ​​​បែរ​​ជា​​រដ្ឋាភិបាល​​ធ្វេស​ប្រហែស​​ទៅ​​វិញ៖ « វា​ប៉ះ​ពាល់ ព្រោះ​ពួក​យើង​​ក្លឹប​​កម្សាន្ត​​ក្លឹប​​អ្វី ដូច​​អ្នក​​រត់​​រ៉ឺម៉ក​​រត់​​អ្វី​​គាត់​​រក​​ថ្ងៃ​​មិន​​បាន។ តែ​​ឥឡូវ គាត់​​រត់​​យប់​​អត់​​មាន​​អ្វី​ដឹង គឺ​សេរ៉ូ​តែ​ម្ដង។ យើង​រក​ស៊ី​ថ្ងៃ​មិន​បាន​ខំ​រក​ស៊ី​យប់ ហើយ​​ឥឡូវ គេ​​បិទ​​ក្លឹប​​កម្សាន្ត​​ក្លឹប​​អ្វី»

កាលពីល្ងាចថ្ងៃទី៨ វិច្ឆិកា ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ប្រកាស​​ចាត់វិធានការ​បន្ទាន់​ជាថ្មី​ទៀត ដោយ​បិទ​សាលា​រៀន សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កន្លែង​ហាត់​កីឡា និង​ក្លឹប​កម្សាន្ត​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។

គិត​ត្រឹម​ថ្ងៃ​ទី៩ វិច្ឆិកា កម្ពុជា​រក​ឃើញ​អ្នក​មាន​ជំងឺ​កូវីដ-១៩ សរុប ២៩៧នាក់។ ព្យាបាល​ជា​សះ​ស្បើយ​​ចំនួន ២៨៨​នាក់ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ចំនួន ៩នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។