ប្រជាពលរដ្ឋ និងអ្នកនយោបាយមួយចំនួន បញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅក្នុងប្រទេសកម្ពុជានៅចុងសប្ដាហ៍នេះ។ ពួកគេថា ដំណើរទស្សនកិច្ចមន្ត្រីការទូតចិននេះ នឹងមិនធ្វើឲ្យប្រសើរឡើងនូវស្ថានភាពប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងបញ្ហាសេដ្ឋកិច្ចនោះទេ។ លើសពីនេះកាន់តែធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជាជាមួយក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិច មានភាពចម្រូងចម្រាសកាន់តែខ្លាំងថែមទៀត។
ប្រជាពលរដ្ឋ និងអ្នកនយោបាយមួយចំនួន ព្រួយបារម្ភច្រើនជាងសាទរចំពោះដំណើរទស្សនកិច្ចប្រមុខការទូតចិននៅក្នុងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោកស្រី គីម សុគន្ធនីសា ថ្លែងថា ចិន គឺជាប្រទេសកុម្មុយនីស្ត ដូច្នេះច្បាស់ណាស់ថា ចិនមកវិនិយោគនៅកម្ពុជា គ្មានសុចរិតភាព តម្លាភាព និងលើកស្ទួយសិទ្ធិមនុស្ស ព្រមទាំងលទ្ធិប្រជាធិបតេយ្យឡើយ។ លោកស្រី បន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏មិនអាចពង្រឹងសេដ្ឋកិច្ចកម្ពុជាជំនួសប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុបបានដែរ៖ «ធ្វើឲ្យប្រទេសយើងបាត់បង់លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋ គ្មាន សិទ្ធិសេរីភាពក្នុងការរស់នៅ និងការបញ្ចេញមតិ»។
ពលរដ្ឋមួយរូបទៀត រស់នៅខេត្តស្វាយរៀង លោក យិន សុធាវី ព្រួយបារម្ភថា ការដែលរដ្ឋាភិបាលកម្ពុជា ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងជាមួយប្រទេសចិននេះ នឹងមិនផ្តល់ប្រយោជន៍ច្រើនសម្រាប់កម្ពុជានោះទេ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យប្រទេសកម្ពុជាដើរឆ្ងាយពីគន្លងប្រជាធិបតេយ្យជាដើម៖ «ចិនមកធ្វើកិច្ចសហប្រតិបត្តិការជាមួយខ្មែរ ឬមកទស្សនកិច្ចផ្សេងៗ ឬមកទំនាក់ទំនងការរកស៊ីហ្នឹង គឺយើងមើលទៅ ចិនមិនដែលនិយាយអំពីប្រជាធិបតេយ្យ គេមិននិយាយអំពីការគោរពសិទ្ធិមនុស្សទេ ហើយបើយើងមើលការទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនេះ គឺកម្ពុជា ជាប្រទេសផលិតនិងនាំចេញ ហើយសួរថា តើចិនមានទីផ្សារសម្រាប់យើងនាំចេញអត់ តែតាមដែលខ្ញុំយល់ និងដឹងកន្លងមក គឺភាគច្រើនមានតែចិននាំយកវត្ថុធាតុដើមមួយចំនួនមកលក់នូវស្រុកខ្មែរយើង ឬយកមកកែឆ្នៃនៅស្រុកខ្មែរយើង ដើម្បីនាំទៅលក់នៅសហភាពអឺរ៉ុប»។
ការបញ្ចេញប្រតិកម្មនេះ ស្របពេលទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងធ្វើដំណើរមកទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ។ លោក វ៉ាង យី នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ខ្មែរមួយចំនួនទៀត ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងកង្វល់រួម។ ក្រៅពីនេះ ប្រមុខការទូតចិនរូបនេះ ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់មួយចំនួនទៀតផងដែរ។
ជុំវិញដំណើរប្រមុខការទូតចិននេះដែរ សកម្មជនបក្សប្រឆាំងកំពុងភៀសខ្លួនក្នុងប្រទេសថៃម្នាក់ទៀត គឺលោក អាត វិចិត្រ ព្រួយបារម្ភថា ដំណើររបស់លោក វ៉ាង យី (Wang Yi) ខណៈដែលទំនាក់ទំនងរវាងកម្ពុជា និងក្រុមប្រទេសប្រជាធិបតេយ្យធំៗមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម កំពុងស្ថិតក្នុងដំណាក់កាលប្រេះស្រាំកាន់តែខ្លាំង បន្ទាប់ពីរបបក្រុងភ្នំពេញ វាយកម្ទេចអគារកងទ័ពជើងទឹករាម ជាជំនួយរបស់សហរដ្ឋអាមេរិក និងមិនព្រមស្តារប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ។ លោកយល់ថា វត្តមានប្រមុខការទូតចិន នេះ ក៏បង្ហាញឲ្យឃើញថា ចិនអាចជាប់ពាក់ព័ន្ធនឹងការវាយកម្ទេចអគារជំនួយអាមេរិកនៅរាម ហើយចិនស្ម័គ្រចិត្តធ្វើជាខ្នងបង្អែកសម្រាប់ការពារអំណាចត្រកូលហ៊ុន៖ «ទី១សេដ្ឋកិច្ច និងលំហប្រជាធិបតេយ្យវាកាន់តែធ្លាក់ដុនដាប ព្រោះថា ចាប់យករដ្ឋាភិបាលកុម្មុយនិស្តដូចគ្នា ហើយផ្តាច់ទំនាក់ទំនងជាមួយប្រទេសសេរីនៅលើ ឆាកអន្តរជាតិ ដូច្នេះយើងមិនសម្លឹងឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងងាកមកខាងប្រជាធិបតេយ្យវិញទេ»។
ទោះបីយ៉ាងណាក៏ដោយ លោក ហ៊ុន សែន អះអាងប្រាប់ពលរដ្ឋខ្មែរមុនដំណើររបស់លោក វ៉ាង យី (Wang Yi) ថា មានតែចិនទេ ដែលជួយកម្ពុជាច្រើនជាងគេ ក្នុងការ ផ្តល់ជំនួយ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោកក៏បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងមិនលំអៀងទៅចិន ក្នុងការប្រើប្រាស់ទីតាំងយោធាខ្មែរ នៅខេត្តព្រះសីហនុនោះទេ។ លោកថា កម្ពុជានឹងស្វាគមន៍នាវាបរទេសទាំងអស់ ប៉ុន្តែត្រូវសុំច្បាប់ជាមុនសិន មុននឹងអាចប្រើប្រាស់បាន។ ទោះបីលោក ហ៊ុន សែនអះអាងថា ដូច្នោះក៏ដោយ ក៏មន្ត្រីបក្សនយោបាយមួយចំនួននៅមិនទាន់ជឿជាក់ដែរ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មិនទាន់ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសអព្យាក្រឹតដូចបានចែងក្នុងរដ្ឋធម្មនុញ្ញនិងការប្រកាសរបស់ខ្លួននៅឡើយទេ ពោលគឺនយោបាយការបរទេសរបស់កម្ពុជា លម្អៀងខ្លាំងទៅរកមហាអំណាចចិន។ លោក បន្តថា ការងាកទៅរកចិនទាំងនយោបាយ ទាំងពាណិជ្ជកម្មនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា មានការរំលោភសិទ្ធិមនុស្ស និងគ្មានអភិបាលកិច្ចល្អ។ លោកសង្កេតឃើញថា ថ្វីដ្បិតចិនជាប្រទេសផ្តល់ជំនួយ និងកម្ចីធំមួយ តែចិនមិនដែលនិយាយសូម្បីមួយម៉ាត់ពីភាពអវិជ្ជមាននៅកម្ពុជា ដូចជាការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ ឬអយុត្តិធម៌សង្គម ជាដើម ខុសពីសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យលោកខាងលិច ដែលមិនត្រឹមតែផ្តល់ជំនួយមកកម្ពុជានោះទេ និងតែងតែរិះគន់ទៅលើការដឹកនាំរបស់លោក ហ៊ុន សែន ពិសេសពីការរំលោភសិទ្ធិមនុស្ស ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋជាដើម៖ «ដំណើរទស្សនកិច្ចនេះ ខ្ញុំឃើញក្នុងរូបភាពពីរដូចជាទី១ គឺពង្រឹង ទំនាក់ទំនងរវាងកម្ពុជា ជាមួយនឹងចិន និងការជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែរូបភាពទី២ យើងមើលឃើញហើយថា វាជាដំណើរទស្សនកិច្ចមួយដើម្បីជួយពង្រឹងអំណាចដល់រដ្ឋាភិបាលកម្ពុជា»។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សខ្មែរឈ្នះ លោក យិន ឈឿន លើកឡើងថា ប្រទេសកម្ពុជា នឹងជួបផលវិបាកដូចអតីតកាល ប្រសិនបើវិស័យការទូតកម្ពុជាលម្អៀងទៅរកចិន ហើយបោះបង់ប្រទេសអាមេរិក និងសហភាពអឺរ៉ុប។ លោក បារម្ភថា ការមកបំពេញទស្សនកិច្ចកម្ពុជារបស់ប្រមុខការទូតចិននេះ នឹងអាចធ្វើឲ្យកម្ពុជា ធ្លាក់ទៅក្នុងរបបផ្ដាច់ការសាជាថ្មី៖ «បើយើងទៅចាប់ចិន គឺអាមេរិកនឹងទះកំផ្លៀង ហើយបើយើងចាប់អាមេរិក គឺចិននឹងទះកំផ្លៀង នេះគឺជាទិដ្ឋភាពប្រវត្តិសាស្ត្រដែលធ្លាប់ឆ្លងកាត់ ។ កម្ពុជាគួរតែ រក្សាចំណងមិត្តភាពស្មោះត្រង់ទាំងជាមួយអាមេរិក និងចិន ពោលគឺមិនគួរចាប់មួយបោះចោលមួយបានទេ។ ទី២ ចិនមកដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអីនេះ ខ្ញុំមើលមិនឃើញពីភាពចំណេញរបស់កម្ពុជាប៉ុន្មានទេ»។
មជ្ឈដ្ឋានមួយចំនួនទៀត បញ្ចេញមតិលើបណ្ដាញសង្គម ក៏បានរិះគន់ថា ដោយសារមានចិនជាបង្អែកដ៏រឹងមាំនេះហើយ ទើបធ្វើឲ្យគណបក្សកាន់អំណាច ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តបែបនេះ។
ប្រជាពលរដ្ឋ និងអ្នកនយោបាយ អំពាវនាវថា សម្រាប់ប្រទេសក្រីក្រដូចកម្ពុជានេះ គួរតែរក្សាទំនាក់ទំនងជាមួយមហាអំណាចទាំងអស់ក្នុងពិភពលោកឲ្យមានតុល្យភាព ទើបធ្វើឲ្យកម្ពុជា បានសុខ និងរីកចម្រើនពិតប្រាកដ៕