ប្រជាពលរដ្ឋ និងឃ្លាំមើលថា លោក ហ៊ុន សែន ដកកម្ពុជាចេញគម្រោង CLV-DTA ជាលេសកេងចំណេញនយោបាយ។
ប្រជាពលរដ្ឋមួយចំនួនបង្ហាញការគាំទ្រ ដែលរដ្ឋាភិបាលសម្រេចដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជាមួយប្រទេសឡាវ និងវៀតណាម។ ប៉ុន្តែពួកគាត់ទាមទារឱ្យលោក ហ៊ុន សែន ត្រូវដោះលែងអ្នក ដែលអាជ្ញាធរបានចាប់ខ្លួន ដោយសារការបញ្ចេញមតិរឿង CLV ហើយត្រួតពិនិត្យមើលឡើងវិញ នូវកិច្ចសន្យាដីសម្បទានជាមួយក្រុមហ៊ុនវៀតណាម រួមទាំងលុបចោលសន្ធិសញ្ញាព្រំដែនទាំងឡាយណា ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាមកន្លងមក ឬប្រឈមហានិភ័យដល់ជាតិនៅថ្ងៃខាងមុខ។
ប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិលោក ម៉ាត់ វណ្ណី លើកឡើងថា កិច្ចសហប្រតិបត្តិការ CLV-DTA ជាគម្រោងគ្រោះថ្នាក់ជាតិ ដូច្នេះការសម្រេចចិត្តដកកម្ពុជាចេញពីគម្រោង CLV ជាសញ្ញាវិជ្ជមានជំហានដំបូង ដោយសារតវ៉ាធ្វើបាតុកម្មទាមទាររបស់ពលរដ្ឋខ្មែរមានសន្ទុះខ្លាំងបានធ្វើឱ្យលោក ហ៊ុន សែន ខ្លាចកម្លាំងមហាជនងើបប្រឆាំង ដែលគំរាមកំហែងដល់អំណាចក្រុមគ្រួសារត្រកូល ហ៊ុន។
លោក ម៉ាត់ វណ្ណនី៖ «យើងមិនទាន់មានការជឿទុកចិត្តទេ អ្វីដែលលោក ហ៊ុន សែន ដកខ្លួនចេញនេះ ដោយសារគាត់ព្រួយបារម្ភរឿងអំណាចរបស់គាត់ ដោយមិនមែនជារឿងគាត់ស្រឡាញ់ទឹកដី មានឆន្ទៈការពារបូរណភាពទឹកដីពិតប្រាកដទេ យើងរង់ចាំមើលតើក្រោយគាត់ដកខ្លួនចេញពីគម្រោងCLVនេះហើយ អ្វីៗ ផ្សេងៗ ទៀត ដែលពាក់ព័ន្ធជាមួយការការពារបូរណភាពដែនដីហ្នឹង ដូចជារឿងអន្តោប្រវេសន៍ អំពើពុករលួយតាមព្រំដែន រឿងបង្ខិតព្រំដែន ឬមានបាតុភាពណាមួយកើតឡើងនៅកម្ពុជា គឺយើងនៅតែបន្តចេញទាមទារ តស៊ូមតិទៀត»។
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ចេញមុខប្រកាសជំនួសកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថាកម្ពុជាបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។ លោកបញ្ជាក់ថា រដ្ឋាភិបាលបានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និងប្រទេសឡាវរួចហើយ។
លោក ហ៊ុន សែន ចោទប្រកាន់ពលរដ្ឋ ដែលប្រឆាំងនឹងគម្រោង CLV នេះថា ជាក្រុមជ្រុលនិយម ហើយលោកអះអាងថា ពួកគេនឹងលែងមានលទ្ធភាពប្រើប្រាស់រឿង CLV នេះ ដើម្បីនិយាយប្រាប់ពលរដ្ឋតទៅទៀត។ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា ជោគជ័យរបស់បក្សប្រជាជនកម្ពុជា ស្ថិតលើរដ្ឋាភិបាលចេះដោះស្រាយកង្វល់ពលរដ្ឋ និងចេះដកអាវុធចេញពីដៃសត្រូវ។
ថ្វីបើបានប្រកាសដកកម្ពុជាចេញពីគម្រោង CLV ក្ដី លោក ហ៊ុន សែន បាននិយាយថា លោកនឹងមិនដោះលែងអ្នកដែលត្រូវបានចាប់ខ្លួននោះទេ។ ក្នុងសារឆ្លើយតបទៅកាន់អ្នកប្រើហ្វេសប៊ុក ដែលសុំឱ្យលោកដោះលែងអ្នកជាប់ឃុំទាំងនោះ លោក ហ៊ុន សែន បានចោទថា ពួកគេឆ្លងបន្ទាត់ក្រហមទៅការផ្ដួលរំលំរដ្ឋាភិបាលក្រោមលេស CLV។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែន ករុណា មានប្រសាសន៍ថា បើតាមហេតុផលដែលរដ្ឋាភិបាលសម្រេចដកគម្រោង CLV គឺគ្រាន់តែការពារអំណាចខ្លួន ដោយមិនមែនធ្វើឡើងសម្រាប់បុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្របតាមបំណង និងការទាមទាររបស់ពលរដ្ឋខ្មែរនោះទេ។
ស៊ឹង សែនករុណា៖ «លោក ហ៊ុន សែន ដែលបញ្ជាក់នៅក្នុងរឿងហ្នឹង យើងឃើញថាជាការបញ្ជាក់ដោយសារខ្លួនបារម្ភគណបក្សប្រឆាំងមូលហេតុរឿងCLVហ្នឹងផ្តួលរំលំខ្លួន អ៊ីចឹងហើយបានជាពលរដ្ឋ ឬសាធារណជននៅតែមានមន្ទិលសង្ស័យថា ជាការធ្វើឡើងអត់ទាន់មានភាពស្មោះត្រង់នៅឡើយទេ។ កម្ពុជាយើងមានបញ្ហាច្រើនណាស់មិនត្រឹមតែដករឿងCLVដោយមិនស្មោះត្រង់ប៉ុណ្ណឹងទេ ហើយយើងយល់ថា វាមិនអាចចប់ត្រឹមហ្នឹង ឬសាទរទេ ពលរដ្ឋគួរតែពិនិត្យមើលឱ្យស៊ីជម្រៅកុំចេះតែអបអរ ហើយខ្លួនឯងនៅតែមានបញ្ហា ការដឹកនាំប្រទេសនៅតែមិនបានគិតពីពលរដ្ឋ គិតតែផលប្រយោជន៍មេដឹកនាំ»។
កន្លងទៅពលរដ្ឋខ្មែរនៅតាមប្រទេសជាច្រើន ដូចជា កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាដើម បាននាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ប្រឆាំងនឹងគម្រោង CLV នេះ ជាពិសេស មហាបាតុកម្មនៅកូរ៉េខាងត្បូងចំនួនពីរលើក ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។
ក្រុមអ្នកនិយមប្រជាធិបតេយ្យអះអាងថា ទោះជាលោក ហ៊ុន សែន ប្រកាសដកកម្ពុជាចេញពី CLV ក៏ដោយ ក៏ពួកគេនៅតែបន្តគម្រោងធ្វើបាតុកម្ម ឬសកម្មភាពនានា ប្រឆាំងនឹងរដ្ឋាភិបាលត្រកូល ហ៊ុនដដែល ដើម្បីទាមទារឱ្យមានការដោះលែងអ្នកជាប់ឃុំមនសិការទាំងឡាយ ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។