តុលាការខេត្តពោធិ៍សាត់ចេញសាលក្រមផ្ដន្ទាទោសសកម្មជនបក្សភ្លើងទៀន លោក អ៊ុក សៅវ៉ារិន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំក្នុងសំណុំរឿងក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងការដាក់ពាក្យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥។ ប៉ុន្តែក្រុមគ្រួសារជនជាប់ឃុំ និងមន្រ្តីសង្គមស៊ីវិលចាត់ទុកសេចក្ដីសម្រេចនេះថា ជារឿងអយុត្តិធម៌ និងមានចរិតនយោបាយ ព្រោះតុលាការហាក់ពុំមានភស្តុតាងច្បាស់លាស់ក្នុងការចោទប្រកាន់នោះទេ។
សាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែកក្កដា បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសសកម្មជនគណបក្សភ្លើងទៀន លោក អ៊ុក សៅវ៉ារិន ដែលជាបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំអន្សាចំបក់ ស្រុកក្រគរ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំក្នុងសំណុំរឿងក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងការដាក់ពាក្យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥។ លោក អ៊ុក សាវារិន ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១០ ខែមីនា។ ក្នុងសំណុំរឿងនេះដែរ តុលាការខេត្តនេះមិនទាន់ជំនុំជម្រះបេក្ខជនមេឃុំស្រែស្តុក ស្រុកកណ្តៀងម្នាក់ទៀត គឺលោក ឈួន ឈឿង នៅឡើយទេ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា។
កូនប្រុសលោក អ៊ុក សៅវ៉ារិន គឺលោក អ៊ុក សៅសុភារ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែកក្កដាថា លោកខកចិត្តជាខ្លាំង ចំពោះតុលាការខេត្តពោធិ៍សាត់ ដែលកាត់ទោសឱ្យឪពុករបស់លោកឱ្យជាប់ឃុំ ២ឆ្នាំទាំងគ្មានកំហុស ហើយលោកចាត់ទុកការសម្រេចនេះ គឺជារឿងនយោបាយ ដើម្បីធ្វើទុក្ខបុកម្នេញសកម្មជននយោបាយដោយមិនអាចទទួលយកបានឡើយ។ កូនប្រុសសកម្មជនបក្សភ្លើងទៀនរូបនេះ ព្រួយបារម្ភអំពីសុខភាពឪពុកជាខ្លាំងដោយសារ អាហារហូបចុកនៅក្នុងពន្ធនាគារមិនគ្រប់គ្រាន់ និងបន្ទាប់ឃុំឃាំងតូចចង្អៀតណែនជាដើម៖ « រឿងនេះជារឿងនយោបាយ ព្រោះឪពុករបស់ខ្ញុំមិន ដែលមានបញ្ហានៅក្នុងស្រុកភូមិនោះទេ ប៉ុន្តែចាប់តាំងគាត់ចូលគណបក្សភ្លើងទៀនហ្នឹងមក ចាប់ផ្ដើមមានការគាបសង្កត់នៅពេលយើងរើសបេក្ខជនហ្នឹង គេតែងតែតាមធ្វើទុក្ខបុកម្នេញ ហើយខ្ញុំមានការសោកស្ដាយមែនទែន នៅពេលឪពុករបស់ខ្ញុំមិនមានកំហុសបែរជាចាប់ឃាត់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ » ។
គ្រួសាររបស់លោក អ៊ុក សាវ៉ារិន អះអាងថា ពួកគាត់នឹងជួបជាមួយមេធាវីនៅថ្ងៃទី២៦ ខែកក្កដា ដើម្បីពិភាក្សាផ្នែកច្បាប់ និងត្រៀមដាក់បណ្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យតុលាការជាន់ខ្ពស់ច្រានចោលការចោទដោយគ្មានមូលដ្ឋានលើឪពុក និងប្ដីរបស់ខ្លួន។
វិទ្យុអាស៊ីសរីមិនអាចទាក់ទង អ្នកនាំពាក្យតុលាការខេត្តពោធិ៍សាត់ លោក ហេង ដូនីន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៥ ខែកក្កដា។
ចាប់តាំងខែមីនាមកដល់ពេលនេះ អាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ខ្លួនសកម្មជនរបស់គណបក្សភ្លើងទៀនដាក់ពន្ធនាគារ ៤នាក់ហើយ។ ក្នុងនោះ លោក ឈួន ឈឿង ជាបេក្ខជនមេឃុំស្រែស្តុក ស្រុកកណ្តៀង និងលោក អ៊ុក សៅវ៉ារិន ជាបេក្ខជនក្រុមប្រឹក្សាឃុំអន្សាចំបក់ ស្រុកក្រគរ ដោយចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ។ ចំណែកលោក ហែម ឆិល ជាបេក្ខជនក្រុមប្រឹក្សាឃុំស្យា ស្រុកកណ្តៀង និងកូនប្រុសអាយុ១៥ឆ្នាំម្នាក់ ដោយចោទពីបទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
ប៉ុន្តែក្រោយមកក្មេងប្រុសឈ្មោះ ពឹម ដារ៉ាន់ ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់ដោះលែងពីពន្ធនាគារវិញ កាលពីថ្ងៃទី៤ ខែឧសភា។ រីឯលោក ហែម ឆិល ត្រូវបានសាលាឧទ្ធរណ៍បាត់ដំបងចេញសាលដីកាសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី២១ ខែកក្កដា។
សកម្មជនបក្សភ្លើងទៀន លោក ហែម ឆិល ប្រាប់វិទ្យុអាស៊ីសេរីថា លោករីករាយពេលមានសេរីភាពជួបជុំគ្រួសារឡើងវិញ ប៉ុន្តែលោកនៅតែចាត់ទុកករណីនេះជារឿងនយោបាយ ព្រោះលោកគ្មានកំហុសដូចការចោទប្រកាន់របស់តុលាការឡើយ។ លោក ហែម ឆិល ប្តេជ្ញាចិត្តមុតមាំបន្តសកម្មភាពឥតរាថយជាមួយគណបក្សភ្លើងទៀនតទៅទៀត ទោះទទួលរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងណាក្តី៖ «ខ្ញុំយល់ថារឿងនេះ ជារឿងនយោបាយ ព្រោះខ្ញុំមិនមានកំហុសអ្វីទេ ខ្ញុំបូមស្រះរបស់ខ្ញុំ ហើយគេបូមដូចខ្ញុំដែរហេតុអ្វីមិនមានកំហុស គេភ្ជាប់រឿងនយោបាយ គេចាំធ្វើស៊ីខ្ញុំរហូតហ្នឹង។ ខ្ញុំនៅតែចូលគណបក្សភ្លើងទៀនដដែលហ្នឹង ដោយខ្ញុំជាប់ពន្ធនាគារនេះគេមិនបានហាមឃាត់មិនឱ្យដើរនយោបាយជាមួយគណបក្សភ្លើងទៀនទៀតណា ខ្ញុំនៅតែជួយប្រជាពលរដ្ឋ ហើយសង្ឃឹមថា ថ្ងៃណាមួយឈ្នះជាមិនខានឡើយ ព្រោះយើងជាមនុស្សស្អាតស្អំ»។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលដែលតាមដានរឿងនេះកត់សម្គាល់ឃើញថា ភស្តុតាងដែលអាជ្ញាធរយកមកដាក់បន្ទុកសម្រាប់ចោទប្រកាន់សកម្មជនទាំងនោះហាក់មិនច្បាស់លាស់ ហើយដំណើរការអនុវត្តនីតិវិធីទៀតសោតហាក់មានភាពមិនប្រក្រតីថែមទៀត។ អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់លោក ចឹក ចិត្រ្តា យល់ថា រឿងក្ដីក្ដាំនេះជារឿងនយោបាយ ជាជាងការអនុវត្តច្បាប់ ដែលតុលាការមិនគួរការចោទប្រកាន់លើសកម្មជនគណបក្សភ្លើងទៀន ដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាចបែបនេះទេ។ លោកបន្តថា អ្នកប្រើប្រាស់សិទ្ធិនយោបាយ ដែលធានាដោយរដ្ឋធម្មនុញ្ញតុលាការគួរទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ៖ «ក្នុងនាមសង្គមស៊ីវិលយើងឃើញថា ការចោទប្រកាន់ទៅលើសកម្មជន ក៏ដូចជា អ្នកដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច គឺជាការរំលោភបំពានលើសិទ្ធិនយោបាយរបស់ពួកគាត់ ដោយសារជាទូទៅសកម្មភាពពួកគាត់ធ្វើហាក់មានការរឹតត្បិតចូលរួមការបោះឆ្នោត មុនពេលបោះឆ្នោតជាទូទៅ ហើយរឿងហ្នឹង យើងមើលជាក់ស្តែងទៅថា ជារឿងនយោបាយជាងរឿងការអនុវត្តច្បាប់»។
ក្រុមគ្រួសារ និងអង្គការសង្គមស៊ីវិលជាតិបានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ក្រាបសំឡេងគណបក្សនយោបាយដែលលេចធ្លោ និងជាដៃគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ ពួកគេស្នើដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។