មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ថ្កោលទោសលោក ហ៊ុន សែន រឿងចំណាយលុយជិត ៤០លានដុល្លារអាមេរិក ទិញសព្វាវុធពីក្រុងប៉េកាំង។ លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន ទិញអាវុធពីចិននេះ គឺដើម្បីទុកយកទៅបង្ក្រាបពលរដ្ឋខ្មែរខ្លួនឯងដែលប្រឆាំងនឹងរបបខុសច្បាប់របស់លោក។
មួយថ្ងៃក្រោយលោក ហ៊ុន សែន ទម្លាយអាថ៌កំបាំងរឿងរបបរបស់លោកកំពុងបញ្ជាទិញអាវុធពីចិនរាប់ម៉ឺនដើម លោក សម រង្ស៊ី ថ្កោលទោសការចំណាយនេះ ដែលលោកអះអាងថា មិនមានភាពចាំបាច់ទាល់តែសោះ នៅពេលដែលកម្ពុជាពុំមានការគំរាមកំហែងពីខាងក្រៅណាមួយនោះ។
ក្នុងសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី៣០ កក្កដា លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ទិញអាវុធពីចិននេះ គឺដើម្បីទុកបង្ក្រាបប្រជាពលរដ្ឋក្នុងប្រទេស ដែលប្រឆាំងនឹងរបបរបស់លោក ដោយសារតែពលរដ្ឋស្អប់ខ្ពើមរបបពុករលួយ និងអយុត្តិធម៌មួយនេះ។ លោក សម រង្ស៊ី បន្តថា លោក ហ៊ុន សែន គ្មានជម្រើសអ្វីក្រៅពីការប្រើអំពើហិង្សា ដើម្បីឆ្លើយតបទៅនឹងកំហឹងរបស់ប្រជាពលរដ្ឋនោះទេ។
ថ្លែងក្នុងនាទីវេទិកាអាស៊ីសេរីកាលពីយប់ថ្ងៃទី៣០ កក្កដា លោក សម រង្ស៊ី ថា លោក ហ៊ុន សែន កាន់តែផ្ដាច់ការទៅៗ តាមរយៈការគាំទ្រចិន អាចអនុញ្ញាតឱ្យមានវត្តមានយោធាចិន និងទិញអាវុធពីចិនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គឺមិនខុសពីសម័យ ប៉ុល ពត នោះទេ៖ «លោក ហ៊ុន សែន ទិញពីចិន ចំណាយលុយខ្មែរទិញពីចិន តែយកមកប្រើប្រាស់ដើម្បីសម្លាប់ខ្មែរ។ អត់មានទៅការពារទឹកដីអីទេ ... ពីព្រោះប្រទេសជិតខាងយើង គឺប្រទេសសមាជិកអាស៊ាន ហើយប្រទេសអាស៊ានហ្នុង គេអត់មានទៅធ្វើសង្គ្រាម ឬមកប៉ះពាល់យើងទេ ... ។ គឺលោក ហ៊ុន សែន គាត់ព្រួយបារម្ភ ពីកម្លាំងរបស់ប្រជារាស្ត្រ កម្លាំងប្រជារាស្ត្រមិនពេញចិត្តរបបគាត់ ចង់ងើបតតាំងរបបគាត់ អ៊ីចឹងហើយបានជាគាត់ត្រូវទិញអាវុធពីចិន ដើម្បីបង្ក្រាបប្រជារាស្ត្រខ្លួនឯង»។
កាលពីថ្ងៃទី២៩ កក្កដា លោក ហ៊ុន សែន បានទម្លាយឱ្យដឹងក្រោយពីបានបាត់មុខមួយរយៈថា លោកបានចំណាយថវិកាទិញសព្វាវុធថ្មីជិត៤០លានដុល្លារអាមេរិក ពីចិន ដែលថវិកានេះ គឺជាថវិកាបន្ថែមលើទឹកប្រាក់ ២៩០ លានដុល្លារដែលចិនបានផ្តល់ជំនួយលើវិស័យយោធាដល់កម្ពុជាកាលពីពេលមុន។ លោក ហ៊ុន សែន ថា លោកពុំមានអ្វីត្រូវខ្លាចជុំវិញរឿងដែលលោកទើបបញ្ជាទិញអាវុធពីចិននេះទេ ព្រោះក្នុងនាមជាប្រទេសមួយ កម្ពុជាត្រូវការអាវុធដើម្បីពង្រឹងសមត្ថភាពកងទ័ព និងការពារជាតិ៖ «ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ពខ្ញុំ មានខ្លាចអីមកដល់កំពង់សោមអ្នកឯងមើលក៏មើល ទៅ ឃើញក៏ឃើញទៅ វាមានស្អីប្រទេសណាគ្មានកាំភ្លើងនៅលើលោកនេះតើប្រទេសណាអត់កាំភ្លើង… ? ។ កាំភ្លើងនៅកម្ពុជាវាចាស់ៗបន្តិចហើយ អ៊ីចឹងខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀតយកមកស្តុកទុក បំពាក់ដោះអាចាស់បញ្ចេញអាថ្មីយកអាចាស់មកជួសជុលតើប្រទេសមួយអត់កាំភ្លើងយ៉ាងម៉េច»។
យ៉ាងណាក៏ដោយសម្រាប់លោក សម រង្ស៊ី ការចំណាយប្រាក់ដល់ទៅជិត ៤០លានដុល្លារដើម្បីទិញអាវុធពីចិន នឹងនាំមកនូវគ្រោះថ្នាក់ពីរយ៉ាងសម្រាប់កម្ពុជា។ គ្រោះថ្នាក់ទី១ លោក សម រង្ស៊ី ថា គឺជាការប្រើកម្លាំងយោធា និងគ្រឿងសាស្ត្រាវុធពីចិន ដើម្បីបង្ក្រាបប្រជាពលរដ្ឋ ដែលប្រឆាំងរបបលោក ហ៊ុន សែន។ រីឯ គ្រោះថ្នាក់ទីពីរ លោក សម រង្ស៊ី ផ្ដល់អំណះអំណាងថា ជាការធ្វើឱ្យស្ថានការណ៍នយោបាយ និងយោធាកាន់តែតានតឹងឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែលោក ហ៊ុន សែន គាំទ្រនយោបាយវាតទីនិយមរបស់ចិន។
កន្លងមក ជុំវិញនយោបាយវាតទីនិយមរបស់ចិននេះ លោក សម រង្ស៊ី ក៏ធ្លាប់អះអាងថា លោក ហ៊ុន សែន កំពុងបណ្ដែតបណ្ដោយឱ្យចិនប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាឈ្នាន់ដើម្បីឈ្លានពានប្រទេសទីបី ស្របពេលដែលចិនកំពុងមានជម្លោះរ៉ាំរ៉ៃក្នុងរឿងដណ្ដើមអធិបតេយ្យលើប្រជុំកោះនៅសមុទ្រចិនខាងត្បូង។ លោក សម រង្ស៊ី បានអំពាវនាវឱ្យមានការដណ្ដើមយកឯករាជ្យរបស់កម្ពុជា ពីប្រទេសចិន មកឱ្យខ្មែរគ្រប់គ្រងវិញ ដោយថា កម្ពុជាមិនត្រូវចូលដៃបម្រើនយោបាយឈ្លានពានរបស់ចិននោះទេ។
ការប្រកាសទម្លាយរឿងទិញអាវុធពីចិនជិត ៤០លានដុល្លារនេះ ធ្វើឡើងតែមួយសប្ដាហ៍ ក្រោយពីសារព័ត៌មានដ៏ល្បីល្បាញរបស់អាមេរិកឈ្មោះ The Wall Street Journal បានលាតត្រដាងផ្អែកលើប្រភពពីមន្ត្រីជាន់ខ្ពស់អាមេរិកាំង និងសម្ព័ន្ធមិត្តរបស់អាមេរិកថា កម្ពុជាបានចុះកិច្ចព្រមព្រៀងយោធាជាសម្ងាត់ជាមួយចិនរយៈពេល៣០ឆ្នាំ អនុញ្ញាតឱ្យចិនប្រើប្រាស់ផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។ ភ្លាមៗ របបលោក ហ៊ុន សែន បានចេញមុខច្រានចោលយ៉ាងដាច់អហង្ការចំពោះព័ត៌មាន ដែលរបបនេះចាត់ទុកថាជាព័ត៌មានប្រឌិត និងមានចេតនាអាក្រក់ប្រឆាំងនឹងកម្ពុជា។ ក៏ប៉ុន្តែ របបនេះ ពុំបានប្ដឹងផ្ដល់នឹងសារព័ត៌មានអាមេរិកមួយនេះឡើយ។ ទាំងលោក ហ៊ុន សែន និងមន្ត្រីគ្រាក់ៗរបស់លោក តែងអះអាងថា កម្ពុជាគ្មានភាពចាំបាច់អនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធាលើទឹកដីរបស់ខ្លួនឡើយ ព្រោះកម្ពុជាពុំមានធ្វើសង្គ្រាមជាមួយប្រទេសណាមួយឡើយ ហើយថា ការធ្វើនេះ ជាការផ្ទុយរដ្ឋធម្មនុញ្ញរបស់ខ្លួន។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេស និងក្រសួងការពារជាតិចិន បានចេញមុខមកទាត់ចោលព័ត៌មាននេះជាបន្តបន្ទាប់ ដោយអះអាងថា កិច្ចសហការយោធារវាងចិន និងកម្ពុជានេះ មានភាពបើកចំហ តម្លាភាព និងមិនសំដៅយកប្រទេសទីបីណាមួយធ្វើជាគោលដៅនោះទេ។
ទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងវិស័យយោធាជាមួយមហាអំណាចចិន និងព័ត៌មាននៃការឈានទៅអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅកម្ពុជានេះ កំពុងក្លាយជាក្តីកង្វល់ខ្លាំងរបស់សហរដ្ឋអាមេរិក។
សាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា រឿងរបបលោក ហ៊ុន សែន ចំណាយលុយជិត៤០លានដុល្លារអាមេរិក ទិញសព្វាវុធពីចិននេះ គឺជាទឹកប្រាក់ស្ដួចស្ដើងសម្រាប់ប្រទេសចិន។ ក៏ប៉ុន្តែ លោកថា ទង្វើនេះស្ដែងឱ្យឃើញនូវសញ្ញានៃការប្ដេជ្ញាចិត្តគ្មានទីបញ្ចប់នៃទំនាក់ទំនងផ្អែមល្ហែមរវាងក្រុងភ្នំពេញ និងក្រុងប៉េកាំង។
ជារឿយៗ ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិព្រមានថា កម្ពុជានឹងក្លាយជាចំណុចស្នូលនៃជម្លោះភូមិសាស្ត្រនយោបាយធ្ងន់ធ្ងរ ប្រសិនបើហ៊ានឈានទៅអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅលើទឹកដីខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។