លោក សម រង្ស៊ី ស្នើ​ពលរដ្ឋ​ជួយ​ទប់ស្កាត់​កុំ​ឱ្យ​លោក ហ៊ុន សែន យក​កម្ពុជា​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ

0:00 / 0:00

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​យក​ពលរដ្ឋ​ហុងកុង ដែល​បាន​ងើបឡើង​តវ៉ា​ការពារ​សិទ្ធិ​សេរីភាព​ធ្វើ​ជា​គំរូ ដើម្បី​ជា​បុព្វហេតុ​ការពារ​ជាតិ និង​ផល​ប្រយោជន៍​របស់​ជាតិ​ទាំងមូល។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ចាត់​ទុក​ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី គឺជា​រឿង​ឥតប្រយោជន៍។

លោក សម រង្ស៊ី អះអាង​ជា​ថ្មី​ថា កម្ពុជា​មែន​ជា​ប្រទេស​​របស់​ក្រុម​គ្រួសារ និង​បក្ខពួក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដាច់មុខ​ឡើយ។ លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មិន​ត្រូវ​បណ្ដែតបណ្ដោយ ឱ្យ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ និង​ប្រើ​អំពើ​​ហិង្សា​ដាក់​ពលរដ្ឋ​ឯង ដើម្បី​បាន​គ្រប់គ្រង​អំណាច​បន្ត​ទៅ​ទៀត​ឡើយ បើសិនជា​ចង់​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នីតិរដ្ឋ និង​សន្តិភាព​ពិតប្រាកដ​នោះ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​ទីក្រុង​ហុងកុង គឺជា​គំរូ​ដ៏​ល្អ​មួយ ​ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​យក​គំរូ​តាម ព្រោះ​ថា នៅ​ពេល​ដែល​មេដឹកនាំ​របស់​ពួកគេ​ធ្វើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​បត្យាប័ន​បញ្ជូន​ជនសង្ស័យ​ហុងកុង ទៅ​ឱ្យ​រដ្ឋាភិបាល​​ចិន​នោះ គឺ​ពលរដ្ឋ​ងើប​បះបោរ​ភ្លាមៗ ពីព្រោះ​ថា ​ពលរដ្ឋ​ហុងកុង​មិន​ចង់​ឱ្យ​អ្នកណាម្នាក់​ ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​រដ្ឋអំណាច​ចិន​កុម្មុយនិស្ត​ឡើយ ទោះបីជា​មេដឹកនាំ​របស់​គេ ឬ​ទីក្រុង​ហុងកុង​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋអំណាច​ទី​ក្រុង​​ប៉េកាំង​ក៏ដោយ៖ «ឥលូវ​នេះ​គ្មាន​អ្នកណា​អាច​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​បានទេ សូម្បីតែ​ទីក្រុង​ហុងកុង​ក៏​ដូច្នេះ​ដែរ ពលរដ្ឋ​នៅ​ទីក្រុង​ហុងកុង​គឺ​នាំគ្នា​ធ្វើបាតុកម្ម ហើយក៏​គ្មាន​ការបង្ក្រាប​ហិង្សា​ដូច​នៅ​កម្ពុជា​នៅ​ផ្លូវ​វេងស្រេង​បាញ់​បង្ក្រាប​កម្មករ ទោះ​បី​ជា​​នៅ​​ក្រុង​ហុងកុង ស្ថិត​នៅ​ក្រោម​អំណាច​កុម្មុយនិស្ត​ចិន​ក៏ដោយ ដោយសារតែ​តុលាការ​គេ​ឯករាជ្យ ដូច្នេះ នៅ​កម្ពុជា របប​លោក ហ៊ុន សែន ក៏​មិន​អាច​បង្ក្រាប​ឆន្ទៈ​ប្រជារាស្ត្រ​បាន​ទៀត​ដែរ»។

បាតុកម្ម​ប្រឆាំង​មេដឹកនាំ​ទីក្រុង​ហុងកុង គឺជា​ប្រធានបទ​មួយ​ដ៏​សំខាន់ ដែល​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស អ្នកវិភាគ រួម​ទាំង​លោក សម រង្ស៊ី ផង ចាត់ទុកជា​សារ​ និង​ជា​គំរូ​មួយ​បញ្ជាក់​ថា ពលរដ្ឋ​មាន​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​សិទ្ធិ​ និង​រើ​បម្រាស​ពី​ការ​គាប​សង្កត់ និង​ជិះជាន់​នៅ​ក្នុង​សង្គម ហើយក៏​បង្ហាញ​ដល់​ពិភពលោក​ឱ្យ​ឃើញ​ដែរ​ថា ពលរដ្ឋ​រួម​កម្លាំង​គ្នា​ងើប​តវ៉ា​ចំពោះ​មេដឹកនាំ​ខ្លួន​ដែល​ធ្វើ​ច្បាប់ ឬ​គាបសង្កត់​ពលរដ្ឋ​នោះ គឺ​ពលរដ្ឋ​ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​និង​រដ្ឋាភិបាល​របស់​ខ្លួន​ផ្អាក​សកម្មភាព​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ ឬ​សង្គមជាតិ​ទាំងមូល។ តួយ៉ាង​ដូចជា​នៅ​ទីក្រុង​ហុងកុង​នេះ​ជាដើម ប្រមុខ​មេដឹកនាំ​ទីក្រុង​ហុងកុង គឺ​អ្នកស្រី ការីឡាំ (CarrieLam) បាន​បន្ទន់​ឥរិយាបថ​វិញ​ក្រោយ​ពី​មាន​ចលនា​បះបោរ​ប្រមាណ​ជាង ១​លាន​នាក់ ធ្វើ​បាតុកម្ម​តាំងពី​ដើមខែ​មិនា និង​បន្ត​មក​ដល់​ខែ​មិថុនា​នេះ រហូតដល់​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​និង​សមត្ថកិច្ច​កាន់តែ​ខ្លាំង។ ជា​ការ​កត់សម្គាល់​ឃើញ​ថា ក្រោយពី​ហេតុការណ៍​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​១២ មិថុនា មក គឺ​សភា​ហុងកុង​បានសម្រេច​លើក​ពេល​ពិនិត្យ​សេចក្ដីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ទៅ​ថ្ងៃ​ពិភាក្សា​នៅ​ក្រោយ​វិញ ហើយ​ស្ថានការណ៍​នេះ ហាក់​ស្ងប់ស្ងាត់​ជាង​មុន​បន្តិច ក៏ប៉ុន្តែ​ក្រុម​បាតុករ​បាន​ព្រមាន​ថា នឹង​មាន​ផ្ទុះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ទៀត ប្រសិនបើ​ថ្នាក់ដឹកនាំ​ហុងកុង​នៅតែ​ចិញ្ចឹម​ចិត្ត​លើក​យក​សេចក្ដីព្រាងច្បាប់​នេះ​ទៅ​ពិភាក្សា​តទៅទៀត​នោះ។

ងាក​មក​កម្ពុជា​វិញ លោក សម រង្ស៊ី បន្ថែម​ថា ប្រជារាស្ត្រ​ខ្មែរ​ជា​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​មាន​សេចក្ដី​ថ្លៃថ្នូរ ដូច្នេះ ពលរដ្ឋ​គ្រប់រូប​ត្រូវ​មាន​ស្មារតី​ឡើង និង​រួមគ្នា​ស្ដារ​ប្រទេស​កម្ពុជា​ឡើងវិញ​ហើយ​ត្រូវ​មើល​ពលរដ្ឋ​ហុងកុង ជា​គំរូ ក្នុង​ចលនា​ងើប​តវ៉ា​បាតុកម្ម​ប្រឆាំង​និង​មេដឹកនាំ​សព្វថ្ងៃ ពីព្រោះ លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បំផ្លាញ​ជាតិ និង​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជាច្រើន បង្កើត​ឱ្យ​មាន​អំពើ​និទ្ទណ្ឌភាព អំពើ​អយុត្តិធម៌ និង​អំពើពុករលួយ​ជាដើម៖ «ប្រជារាស្ត្រ​ខ្មែរ​ថ្លៃថ្នូរ មិន​គួរ​បណ្ដោយ​ឱ្យ​គ្រួសារ​ឃាតក​ដឹកនាំ​ប្រទេស​បែបនេះ​ទេ។ ប្រជារាស្ត្រ​ខ្មែរ​ត្រូវ​លើក​ស្ទួយ​កិត្តិយស​របស់​ខ្លួន គឺ​ត្រូវ​បំបាត់ចោល​របប​ផ្ដាច់ការ របប​ក្បត់ជាតិ ដឹកនាំ​ដោយ ហ៊ុន សែន និង​ក្រុម​គ្រួសារ ហ៊ុន សែន ដែល​ជា​ក្រុម​គ្រួសារ​ឃាតក»។

ឆ្លើយតប​នឹង​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី នេះ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​មិន​ព្រួយបារម្ភ​ចំពោះ​ការ​ងើប​បះបោរ​ណាមួយ​ឡើយ ហើយ​សមត្ថកិច្ច​ត្រៀម​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​សន្តិភាព​នៅ​កម្ពុជា៖ «យើង​មិន​ព្រួយបារម្ភ​ឡើយ ហើយ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​មាន​ភារកិច្ច​ការពារ​សន្តិសុខ និង​សន្តិភាព​ជូន​ប្រជាពលរដ្ឋ តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​យើង​បាន​ត្រៀម​កម្លាំង​ដើម្បី​ការពារ​កិច្ចការ​ទាំងនេះ»។

អ្នក​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​មួយ​រូប កាលពី​រាត្រី​ថ្ងៃ​ទី​១៨ មិថុនា គឺ​អ្នកស្រី សម្បូរ មាន​ប្រសាសន៍​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​មាន​សន្តិភាព​ដូចដែល​លោក ផៃ ស៊ីផាន លើកឡើង​នេះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា ពលរដ្ឋ​ភាគច្រើន​សព្វថ្ងៃ​នេះ​រងគ្រោះ​ហូរ​ទឹកភ្នែក ដោយសារតែ​រស់នៅ​ក្នុង​ការដឹកនាំ​របស់​លោក ហ៊ុន សែន ពោរពេញ​ដោយ​អំពើ​ហិង្សា ការរំលោភ​ដីធ្លី។ អ្នកស្រី​បន្ថែម​ថា ពលរដ្ឋ​សព្វថ្ងៃ​នេះ​លែង​ខ្លាចរអា​អ្វី​ទៀតហើយ គឺ​នៅ​រង់ចាំ​តែ​ថ្ងៃ​ងើបឡើង ដើម្បី​ប្រឆាំង​នឹង​ការជិះជាន់​តែប៉ុណ្ណោះ។ អ្នកស្រី​អះអាង​ថា ពាក្យ​ថា​សន្តិភាព​ដែល​មន្ត្រី​របប​លោក ហ៊ុន សែន លើកឡើង​នោះ គឺ​គ្រាន់តែ​ជា​ការ​លើកឡើង​ក្លែងក្លាយ​តែប៉ុណ្ណោះ ហើយ​ការរស់នៅ​សុខសាន្ត​វិញ គឺ​មានតែ​ក្រុម​បក្ខពួក​លោក ហ៊ុន សែន ជាដើម៖ «លោក ហ៊ុន សែន​មិនដែល​គិត​ពី​ផលប្រយោជន៍​ជាតិ​ទេ គាត់​ដើរ​ឃោសនា​កម្មករ ពលរដ្ឋ គាត់​មិន​ដឹង​ជា​កាន់អំណាច​នឹង​ធ្វើ​អ្វីខ្លះ​ ? គាត់​មិន​ឃើញ​ទេ ពលរដ្ឋ​រងគ្រោះ​ដោយសារតែ​ជម្លោះដីធ្លី ឯណា​ទៅ​សេចក្ដី​សុខ​របស់​ប្រជាពលរដ្ឋ​ ? មិន​ដឹង​ជា​គាត់​ចង់​កាន់​អំណាច​​យូរ​ដល់​ពេលណា ?»។

មន្ត្រី​នៃ​របប​ក្រុងភ្នំពេញ រួម​ទាំង​លោក ហ៊ុន សែន តែងតែ​លើកឡើង​ថា អ្វី​ដែល​របប​នេះ គឺ​ដើម្បី​រក្សា​សន្តិភាព ទោះជា​បង្កើត​ច្បាប់​រំលាយ​បក្ស​ប្រឆាំង​ហាម​សិទ្ធិ​ធ្វើ​នយោបាយ និង​ការ​បង្ក្រាប​ការ​តវ៉ា​កន្លងមក ក៏ដោយ​សន្តិភាព​ដែរ​។ តើ​នេះ​ពិតជា​ដើម្បី​រក្សា​សន្តិភាព ឬ​ដើម្បី​អំណាច​? សន្តិភាព​”​មិនមែន​និយាយ​ផ្ចង់​ឆ្ពោះ​ទៅ​ត្រឹមតែ​ការ​ទម្លាក់​អាវុធ បញ្ចប់​សង្គ្រាម​តែ​ម្យ៉ាង​ទេ វា​មានន័យ​ជ្រាលជ្រៅ​ដល់ ការ​រក្សា​ក្ដី​ស្ងប់​សតិអារម្មណ៍​មិន​ក្ដៅ​ក្រហល់​ក្រហាយ​របស់​ប្រជារាស្ត្រ​នៃ​សង្គមជាតិ​ថែមទៀត​ផង។ ភាព​ស្ងប់​សុខ​ក្នុង​សង្គម​មួយ ដែល​អាច​កើតមានឡើង​បាន លុះត្រាតែ​មេដឹកនាំ ឈប់​លោភលន់​ឈប់​ល្មោភ​អំណាច ឈប់​ដើរតួ​កាច​សាហាវ ហើយ​ងាក​មក​ប្រកាន់​នូវ​ទសពិធរាជធម៌។ ពាក្យ​សន្តិភាព​នេះ បើ​តាម​វចនានុក្រម​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត វិញ មាន​ន័យថា សេចក្ដី​ស្ងប់ សេចក្ដី​សាន្តត្រាណ ដំណើរ​សះ​ជា​នឹង​គ្នា។

ជាង ២​ទសវត្សរ៍​ចុងក្រោយ កម្ពុជា​បាន​ហែល​ឆ្លង​មិន​ផុត​ពី​ប្រទេស​ដែល​អសន្តិសុខ និង​មាន​សន្តិភាព​ឡើយ គឺ​អំពើ​ឃាតកម្ម​ និង​ការ​កាប់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ឡើយ ដោយសារតែ​អំពើ​និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជនល្មើស​រួច​​ទោស ហើយ​​ក្ដី​ស្រ​មៃ​​ក្លាយ​​ជា​​សង្គម​នីតិរដ្ឋ​នោះ ក៏​មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​ដែរ។ គិត​ពី​ឆ្នាំ​១៩៩៣​ ពេល​ដែល​កម្ពុជា​ចាប់​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ផ្លូវការ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន មាន​មនុស្ស​រាប់​រយ​នាក់ ហើយ​ដែល​ត្រូវ​បាន​គេ​ធ្វើឃាត និង​សម្លាប់​​ក្រៅ​ប្រព័ន្ធ​ច្បាប់។ ជនរងគ្រោះ​ទាំងនោះ​សុទ្ធ​សឹង​ជា​ជា​អ្នក​រិះគន់​រដ្ឋាភិបាល និង​អ្នក​ងើប​តវ៉ា​នឹង​របប​លោក ហ៊ុន សែន បច្ចុប្បន្ន។

លោក សម រង្ស៊ី ប្រកាស​ជាថ្មី​ទៀត​ថា បើសិនជា​ការ​ទាមទារ​គណបក្សប្រឆាំង​រួម​ទាំង​ការ​តស៊ូ​របស់​ពលរដ្ឋ​ផង ក្នុង​ការ​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​នឹម​ត្រួតត្រា​របស់​លោក ហ៊ុន សែន បាន​នោះ គឺ​លោក​នឹង​មិន​កាន់​តួនាទី​ជា​អ្នកដឹកនាំ​ប្រទេស​ឡើយ លោក​នឹង​ប្រគល់​តួនាទី​ជា​អ្នកដឹកនាំ​នេះ​ឱ្យ​ក្មេងៗ ​ជំនាន់​ក្រោយ ដែល​ជា​អ្នកមាន​សមត្ថភាព ​ដើម្បី​រៀបចំ​ការដឹកនាំ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ ដែល​មាន​សន្តិភាព​ពិតប្រាកដ៖ «តួនាទី​របស់ខ្ញុំ​នឹង​បញ្ចប់​នៅ​ពេល​ខ្ញុំ​ទម្លុះ​ទម្លាយ​កម្ចាត់​របស់​លោក ហ៊ុន សែន ពី​អំណាច ហើយ​នៅ​ពេល​នោះ​ខ្ញុំ​នឹង​ប្រគល់​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ដើម្បី​ដឹកនាំ​បន្ត ដើម្បី​ឱ្យ​គេ​មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេស»។

លោក សម រង្ស៊ី អះអាង​ពី​ផែនការ​វិល​ទៅ​កម្ពុជា​វិញ​ជាថ្មី​ទៀត​ថា លោក​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​វិល​ទៅ​កម្ពុជា​វិញ នៅ​ខែ​កញ្ញា​ខាងមុខ​ដូច​ការ​គ្រោងទុក ហើយ​លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​សកម្មភាព​តស៊ូ​រំដោះ​ប្រទេសជាតិ​ទាំងអស់​គ្នា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ​ ដែល​ជា​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ក្នុង​ការ​រស់នៅ​ដោយមាន​សេចក្ដី​សុខ​ទាំងអស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។