ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី ជំរុញឱ្យរបបក្រុងភ្នំពេញ ប្ដឹងលោក ៣ករណី បន្ថែមទៀត ទៅតុលាការប្រទេសបារាំង ពាក់ព័ន្ធលោកចោទប្រកាន់ លោក សម រង្ស៊ី ពីបទមនុស្សឃាត។ អ្នកច្បាប់ថា រដ្ឋាភិបាលមានសិទ្ធិដាក់បណ្ដឹងទៅតុលាការបារាំងប្រឆាំងលោក សម រង្ស៊ី តែការបើកសវនាការស៊ើបអង្កេត ឬអត់ ជាឆន្ទានុសិទ្ធិរបស់តុលាការបារាំង។
លោក សម រង្ស៊ី បន្តអះអាងថា លោក ហ៊ុន សែន ជាមេខ្លោងដាក់គ្រាប់បែកបំផ្ទុះយន្តហោះ សម្លាប់ លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ។ លោកក៏បានចោទលោក ហ៊ុន សែនថា នៅពីក្រោយខ្នងឱ្យឃាតកគប់គ្រាប់បែកសម្លាប់មនុស្ស នៅឆ្នាំ១៩៩៧ និងបញ្ជាឱ្យឃាតក បាញ់សម្លាប់បណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦។ ចំណែកភរិយា លោក ហ៊ុន សែន។ លោក សម រង្ស៊ី ក៏អះអាងថា លោក ហ៊ុន សែន ក៏ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម អ្នកស្រី ពិសិដ្ឋ ពីលីកា កាលពីឆ្នាំ១៩៩៩ដែរ។
ការអំពាវនាវឱ្យប្ដឹងនេះដោយសារតែ លោក ហ៊ុន សែន បញ្ជាឱ្យមេធាវីសិក្សាដាក់ពាក្យប្ដឹង លោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំង ករណីដែល លោក សម រង្ស៊ី ចោទលោកករណីឃាតកម្មលើ លោក ហុក ឡង់ឌី។ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បណ្ដឹងដោយឡែក ប្ដឹងលោក សម រង្ស៊ី ដែរ ដោយសារ លោក សម រង្ស៊ី អះអាងថា កូនប្រុស លោក ហុក ឡង់ឌី គឺ លោក ឌី វិជ្ជា កំពុងរៀបចំផែនការសម្ងាត់ ជាមួយ លោក ស ខេង ដើម្បីសងសឹក និងរៀបចំផែនការផ្ដួលរំលំ លោក ហ៊ុន សែន។
សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី សួស វណ្ណៈ ពន្យល់ថា តាមផ្លូវច្បាប់ រដ្ឋាភិបាល អាចប្ដឹងបាន លោក សម រង្ស៊ី បានប្រសិនបើលោក សម រង្ស៊ី ប្រព្រឹត្តិបទល្មើសនៅក្នុងដែនដីប្រទេសបារាំង៖ «ឧបមាថា នៅប្រទេសបារាំងអ៊ីចឹង មានន័យថា ជនជាតិខ្មែរនៅក្នុងប្រទេសបារាំង គាត់ប្រព្រឹត្តិបទល្មើស។ បើគាត់ប្រព្រឹត្តិបទល្មើសអ៊ីចឹង មានន័យថា បទល្មើសហ្នឹងមានលក្ខណៈដូចគ្នាក្នុងប្រទេសកម្ពុជាយើង អ្នកប្ដឹងអាចប្ដឹងបាន»។
លោក សម រង្ស៊ី អះអាងថា ហ៊ុន សែន មានលទ្ធភាពឈ្នះក្ដីលោក តែក្នុងតុលាការកម្ពុជាប៉ុណ្ណោះ ព្រោះជាតុលាការកម្ពុជា ជាអាយ៉ងរបស់ លោក ហ៊ុន សែន។ លោក សម រង្ស៊ី អះអាងទៀតថា បើ ហ៊ុន សែន ហ៊ានប្ដឹងមែន លោក ហ៊ុន សែន ត្រូវជួបបញ្ហាធំ ព្រោះនៅមុខតុលាការឯករាជ្យ ដូចតុលាការបារាំង លោក ហ៊ុន សែន មិនអាចបិទបាំងការពិត ដូចនៅក្នុងតុលាការកម្ពុជាទេ។
អាស៊ីសេរី មិនអាចសុំការប្រតិកម្មពីអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី ៨ មិថុនា ដោយសារ លោកមិនទទួលទូរស័ព្ទ។ ប៉ុន្តែ លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៧ មិថុនា ថា រដ្ឋាភិបាលគ្រោងដាក់ពាក្យបណ្ដឹងប្រឆាំង លោក សម រង្ស៊ី នៅតុលាការប្រទេសបារាំង ដោយសារ លោក សម រង្ស៊ី មានសញ្ជាតិបារាំង។
អ្នកវិភាគ ថា ប្រសិនបើបណ្ដឹងរបស់ លោក ហ៊ុន សែន មិនត្រូវតុលាការបារាំងចាត់ការនោះ របបក្រុងភ្នំពេញ កាន់តែអាម៉ាស់មុខ។ មន្ត្រីរបបលោក ហ៊ុន សែន ធ្លាប់ចាញ់ក្ដី លោក សម រង្ស៊ី ម្ដងហើយ នៅតុលាការប្រទេសបារាំង គឺករណី លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសដែលបានប្ដឹងថា លោក សម រង្ស៊ី បរិហារកេរ្តិ៍លោក ជាមេគុកបឹងត្របែក កាលពីសម័យខ្មែរក្រហម។
សមាជិកក្រុមអ្នកវិភាគវ័យក្មេងលោក បុង ដែត យល់ថា លោក ហ៊ុន សែន គ្រោងប្ដឹងនៅបារាំងនោះ គឺគ្រាន់ចង់បង្ហាញប្រាប់ពលរដ្ឋថា លោកមិនមែនជាអ្នកបញ្ជាឱ្យសម្លាប់ លោក ហុក ឡង់ឌី៖ «អ៊ីចឹង លោក សម រង្ស៊ី បានដឹងពីចរិតពិតរបស់លោក ហ៊ុន សែន ពីព្រោះថា អាករណីនីមួយៗកើតឡើងហ្នឹង គឺបានន័យថា ធ្វើឱ្យលោក ហ៊ុន សែន មិនអាចនៅស្ងៀមបានទេ។ អ៊ីចឹង បើគាត់ ( លោក ហ៊ុន សែន ) ដាក់ពាក្យប្ដឹងក៏គាត់មិនហ៊ានប្ដឹងដែរ។ អ៊ីចឹងវាអាចចាញ់ទាំងពីរ ដូចលោក សម រង្ស៊ី បានប្រកាសហើយ ថា បើគាត់ប្ដឹង ក៏ចាញ់ បើគាត់មិនហ៊ានប្ដឹងក៏នៅតែចាញ់។ ចាញ់យ៉ាងដូចម្ដេច គឺចាញ់ទី១មានន័យថា ប្រជាពលរដ្ឋ ទទួលស្គាល់ថា អ្នកណា ជាអ្នកធ្វើអារឿងហ្នឹង។ លោក ហ៊ុន សែន គ្រាន់តែចង់ឱ្យសាធារណជនរំងាប់ចិត្ត ថាគាត់មិនមែនអ្នកប្រព្រឹត្តិរឿងហ្នឹង ហើយប្ដឹងទៅភាគីម្ខាងទៀត ថាគាត់ជាមនុស្សស្អាតស្អំ»។
លោក សម រង្ស៊ី រងបណ្ដឹងជាង១០ នៅតុលាការប្រទេសកម្ពុជា។ បណ្ដឹងភាគច្រើនប្ដឹងដោយមន្ត្រី និងលោក ហ៊ុន សែន ផ្ទាល់ ហើយតុលាការតែងកាត់ក្ដីឱ្យមន្ត្រីរបបលោក ហ៊ុន សែន និងលោក ហ៊ុន សែន ឈ្នះក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។