អ្នក​​ជំនាញ​​កិច្ចការ​​បោះឆ្នោត​​ថា​ គណបក្ស​​នយោបាយ​​ពុំមាន​​សិទ្ធិ​កោះ​ហៅ​មន្ត្រី​បោះ​ឆ្នោត​​ឱ្យ​​មក​​ចូល​រួម​​វគ្គ​​បំពាក់​​បំប៉ន​​​របស់​​ខ្លួន​​ឡើយ

0:00 / 0:00

អ្នកជំនាញ​កិច្ចការ​បោះ​ឆ្នោត​ថា គណបក្ស​នយោបាយ​ពុំមាន​តួនាទី ឬសិទ្ធិកោះហៅ​មន្ត្រីបោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ឱ្យ​មកចូលរួម​វគ្គបំពាក់បំប៉ន​​របស់​គណបក្យ​នយោបាយ​ឡើយ។

អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូមតិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) លោក កន សាវាង្ស ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ល្ងាច​ថ្ងៃទី២២ ខែឧសភា មុនម៉ោងផ្សាយ​នេះថា ប្រសិន​បើ​មាន​ករណី​គណបក្ស​នយោបាយ​កោះហៅ​មន្ត្រីបោះឆ្នោត គ.ជ.ប ឱ្យ​មកចូលរួម​វគ្គបំពាក់បំប៉ន​ណាមួយ​ដែលធ្វើឡើង​ដោយ​គណបក្ស​នយោបាយ នោះ​លោកថា ករណីនោះ​គឺជា​ការជ្រៀតជ្រែក​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន គ.ជ.ប ដែល​អាច​បង្ក​ឱ្យ​មាន​ភាពសង្ស័យ ឬការតវ៉ា​ពី​គណបក្ស​នយោបាយ​ដទៃទៀត​ដែល​ចូលរួម​ការបោះឆ្នោត៖ « កាលណា​បើសិន​ជា​គណបក្ស​នយោបាយ​មានការធ្វើដូច្នេះ វាសម្តែង​អំពីភាព​មិនត្រឹមត្រូវមួយ​នៅក្នុង​ការលូកលាន់​ចូលការងារ​ផ្ទៃក្នុង​របស់​ស្ថាប័ន គ . . ប ហើយ។ ដោយសារតែ តើមាន​ហេតុផល​ត្រង់ណា​ដែល​ខ្លួន​មានតួនាទី​ទៅហៅ​ស្ថាប័ន​ដែលជ្រើសរើស​ដោយ​ភាពស្មើគ្នានោះ ឱ្យ​យកមកធ្វើ​កិច្ចការងារ​អីមួយ។ អញ្ចឹង​គឺមានន័យ​ថា ខ្លួន​មាន​ចំណុចមួយ​ដែល​ខ្ញុំយល់ឃើញ​ថា សារនេះ​មិនបាន​បង្ហាញ​អំពីតួនាទី​របស់​ស្ថាប័ន ឬតម្លៃ​របស់​ស្ថាប័ន គ . . ប ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ទេ។ គឺវាធ្វើឱ្យ​មានការសង្ស័យ​ហើយ ចង់ឬមិនចង់ គណបក្សនយោបាយ​គេមាន​ភាពសង្ស័យ​ទៅលើ​ចំណុចទាំងអស់​នេះ។ នេះគឺជា​រឿងមួយ​ដែល​គណបក្ស​នយោបាយ ឬស្ថាប័ន គ . . ប គួរតែ​ពិនិត្យមើល យកចិត្តទុកដាក់​នៅក្នុង​ចំណុចនេះ ដើម្បី​ជៀសវាង​នូវ​ការមិនសុខព្រម ការមិនពេញចិត្ត ឬក៏​កិច្ចការងារ​មួយ​ដែល​គណបក្ស​នយោបាយ​មាន​ការតវ៉ា »

វិទ្យុអាស៊ីសេរី មិន​អាចទាក់ទង​អ្នកនាំពាក្យ​ គ.ជ.ប ដើម្បី​សុំការបកស្រាយ​ជុំវិញ​ករណី​នេះនៅឡើយទេ គិតត្រឹមម៉ោង​ផ្សាយនេះ។

លិខិត​ចុះថ្ងៃទី១៩ ខែឧសភា ចុះហត្ថលេខា​ដោយ​ប្រធាន​មន្ទីរគណបក្ស​ប្រជាជន​កម្ពុជា​រាជធានីភ្នំពេញ លោក ង៉ែត ចន្តាវី ដែល​វិទ្យុអាស៊ីសេរី​ទទួលបាន ឱ្យដឹងថា ប្រធាន​មន្ទីរ​បក្ស​ប្រចាំ​រាជធានី​ភ្នំពេញ​រូបនេះ បាន​ស្នើឱ្យ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខណ្ឌ៧មករា និង​ខណ្ឌសែនសុខ ឱ្យ​ចាត់អញ្ជើញ​ប្រធាន អនុប្រធាន និង​លេខាការិយាល័យ​បោះឆ្នោត ឱ្យ​មក​ចូលរួម​វគ្គ​បំពាក់បំប៉ន​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់ នៅថ្ងៃទី២២ ខែឧសភា។

វគ្គបំពាក់បំប៉ន​នេះ​ធ្វើឡើង​នៅ​មន្ទីរគណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានីភ្នំពេញ។ វិទ្យុអាស៊ីសេរី ក៏ទទួលបាន​លិខិតមួយទៀត​​ដែលមាន​ខ្លឹមសារ​ស្រដៀងគ្នានេះ ចុះហត្ថលេខា​ដោយ​ប្រធាន​គណៈអចិន្ត្រៃយ៍​គណៈកម្មាការធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌទួលគោក លោក ជា ពិសី ប្រាប់​ទៅ​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បឹងកក់ទី២ ឱ្យ​ចាត់​អញ្ជើញ​ប្រធាន អនុប្រធាន និង​លេខាធិការ​ការិយាល័យ​បោះឆ្នោត​ទាំងអស់​ក្នុងសង្កាត់​បឹងកក់ទី២ ចូលរួម​វគ្គបំពាក់បំប៉ន​មន្ត្រីការិយាល័យ​បោះឆ្នោត​ នៅថ្ងៃទី២២ ខែឧសភា នេះដែរ។

វិទ្យុអាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរគណបក្ស​ប្រជាជន​កម្ពុជា​រាជធានីភ្នំពេញ​លោក ង៉ែត ចដ្តាវី នៅ​ល្ងាចថ្ងៃទី២២ ខែឧសភា ដើម្បី​សុំការបញ្ជាក់​ជុំវិញ​ករណីនេះ ក៏ប៉ុន្តែពុំទទួលបាន​ការឆ្លើយតប។ ដោយឡែក លោក ឃុត សុខា ដែលជា​មន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ឈ្មោះ​នៅលើ​លិខិត​របស់​ប្រធាន​មន្ទីរ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំរាជធានី​ភ្នំពេញ បាន​បដិសេធ​ថា​លោកមិនបាន​ដឹង​ព័ត៌មាន​នេះទេ។ វិទ្យុអាស៊ីសេរី ក៏បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត ដើម្បី​សុំ​ការពន្យល់​ជុំវិញ​ករណីនេះ ក៏ប៉ុន្តែ ពុំទទួលបាន​ការឆ្លើយតប​គិតត្រឹម​ម៉ោងផ្សាយនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។