ប្រធាន​គណបក្សរស្មីខេមរា ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​

0:00 / 0:00

គណបក្ស​រស្មី​ខេមរា​ ​​បាន​ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោតថ្ងៃ​​ទី២៩ កក្កដា ដែល​មជ្ឈដ្ឋាន​ជាតិ​និ​ងអន្តរជាតិ​រិះគន់​ថា ជា​​ការបោះឆ្នោត​ក្លែង​ក្លាយនោះ ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ទេ។ ក្នុង​លិខិត​ជូន​ដំណឹងចុះ​ថ្ងៃ​ទី​៣១ កក្កដា ​​​ផ្ញើ​ទៅ​កាន់​ស្ថានទូ​ត​ចំនួន​៨ ប្រធាន​គណបក្ស​រស្មី​ខេមរា​ លោក ស៊ិន សុភាព បញ្ជាក់ថា គណបក្ស​លោក​មិន​​ទទួល​ស្គាល់​ជា​ដាច់​ខាតនូវ​លទ្ធផល​បោះឆ្នោត​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប ដោយ​សារ​ការ​បោះឆ្នោត​មិន​មាន​ភាព​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌។

អនុប្រធាន​គណបក្ស​រស្មី​ខេមរា​ លោក ហែម​ ប្រសើរ បញ្ជាក់ប្រាប់​អាស៊ីសេរី​តាម​ទូរសព្ទ​ថា គណបក្ស​លោក​បាន​សង្កេត​ឃើញ​ភាព​មិន​ប្រក្រតីជាច្រើន​នៅ​តាម​ភូមិ​ឃុំ​នៃ​មណ្ឌលបោះឆ្នោត​ចំនួន ​៧ ​​ដែល​គណបក្ស​លោក​បាន​ឈរ​ឈ្មោះដូចជា​ការ​បំភិត​បំភ័យ​​សកម្មជន​គណបក្ស​លោកពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​ការទិញ​សំឡេង​ឆ្នោត​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​​​បើក​ចំហហួស​​ពី​ការ​ស្មាន « ដូច​ថា មាន​ការ​ទៅ​បំភ័យ​ ដល់​សកម្មជន​របស់​ខ្ញុំ​ដល់​ផ្ទះ​ អ៊ីចឹង​បាន​ថា ខ្ញុំ​ថា អត់​មាន​សេរីភាព​។ និយាម​រួម​ទៅ ​មាន​គណបក្ស​ខ្លះ​ គេ​មាន​ការ​សូក​ប៉ាន់​ប្រជាពលរដ្ឋ​ និយាយ​រួម​គណបក្ស​កាន់​អំណាច​ និយាយ​រួម​ ដូចជា​អោយ​លុយ​ទៅ​ប្រជាពលរដ្ឋ​ ដើរ​តាម​គ្រប់​កន្លែង​​ទីកន្លែង​ទាំង​អស់។ ឃើញ​ហើយ​និយាយ​រួម​ទៅ មិន​ចាំ​បាច់​ខ្ញុំ​និយាយ​ទេ។ »

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​​​ លោក សុខ ឥសាន្ត​ ច្រាន​ចោល​​ការ​​ចោទ​ប្រកាន់​​ទាំង​នេះ​ទេ។ លោក​​​មាន​ប្រសាសន៍​ថា បើ​​គណបក្ស​រស្មី​ខេមរាមាន​ភស្ដុតាង​អ្វី​មួយ​ សូម​បង្ហាញ​ទៅគ.ជ.ប​តាម​នីតិវិធី។

​អនុប្រធាន​គណបក្ស​រស្មី​ខេមរា​ លោក ហែម​ ប្រសើរ អះអាង​ថា គណបក្ស​លោក​នឹង​ប្ដឹង​តវ៉ា​​ទៅ​ គ.ជ.ប ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះ​អាសន្ន​​នៅ​ថ្ងៃ​ទី​១១សីហា​ខាង​មុខ។ ​

គណបក្ស​រស្មី​ខេមរា​​ជា​គណបក្ស​ថ្មី​សន្លាង​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​​ទី៣០ ខែ​មេសា ឆ្នាំ​២០១៨នេះ​។​ លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ឆ្នោតចេញ​ផ្សាយ​ដោយ​ ​​គ.ជ.ប​ ​នៅ​ថ្ងៃ​​ទី៣០ កក្កដា​បង្ហាញ​ថា គណបក្សនេះ​​ទទួល​បាន​សំឡេង​ឆ្នោត​សរុប​ជាង​ ៤ពាន់​សំឡេង​ (៤៣៣៦សំឡេង) ស្មើនឹង​ ០.០៧% នៃ​ចំនួន​សន្លឹក​ឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជាង​៧៦​ភាគរយ។

ទោះ​យ៉ាង​ណា ​តួលេខ​ចេញ​ផ្សាយ​ដោយ​ គ.ជ.ប​ត្រូវ​បាន​​អ្នកតាមដាន​ការបោះឆ្នោត​នៅ​កម្ពុជា និង​គណបក្ស​​សង្គ្រោះជាតិ​​ ដែល​ត្រូវ​បាន​របប​លោក​ ហ៊ុន សែន ​រំលាយ​ចោល​នៅ​មុន​ការបោះឆ្នោត​នោះ​ ចាត់​ទុក​ថា ជា​តួលេខ​មិន​អាចយក​ជា​ការ​​បាន​ឡើយ​ ដោយ​សារ​ស្ថាប័ន​រៀបចំការបោះឆ្នោត​ចំណុះ​អោយ​គណបក្ស​កាន់​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។