សាច់ញាតិ​ស្នើ​សាលា​ឧទ្ធរណ៍​ដោះ​លែង​លោក ចៅ វាសនា ឱ្យ​មាន​សេរីភាព​វិញ

សាច់ញាតិ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​បាត់ដំបង​ដោះលែង​លោក​ចៅ វាសនា ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​។ សំណើ​នេះ​ធ្វើ​ឡើង​ស្របពេល ដែល​សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក ចៅ វាសនា នៅ​ថ្ងៃ​ទី​២២ កញ្ញា​ចុង​សប្ដាហ៍​នេះ។

សាច់ញាតិ​មន្ត្រី​គណបក្ស​ប្រឆាំង​រំពឹង​ថា សាលាឧទ្ធរណ៍​បាត់ដំបង​នឹង​ដោះ​លែង​លោក ចៅ វាសនា​ឱ្យ​មាន​សេរីភាព​វិញ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី។

កូន​ស្រី​របស់​លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៩ កញ្ញា​ថា ឪពុក​របស់​អ្នក​ស្រី​ជា​មនុស្ស​ស្លូត​ត្រង់ ដែល​តែង​ចូល​រួម​សហការ​ជា​មួយ​តុលាការ​ពុំ​ដែល​ខកខាន​ឡើយ ដូច្នេះ សាលាឧទ្ធរណ៍​គួរ​តែ​អនុញ្ញាត​ឱ្យ​លោក ចៅ វាសនា បាន​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី។ អ្នក​ស្រី​បន្ត​ថា ​លោក ចៅ វាសនា មាន​វ័យ​កាន់​តែ​ចាស់ និង​មាន​សុខភាព​ទ្រុឌទ្រោម ហើយ​ប្រសិន​បើ​តុលាការ​បន្ត​ឃុំ​ខ្លួន​លោក​នៅ​ពន្ធនាគារ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កាន់​តែ​ខ្លាំង។

អ្នកស្រី ចៅ រតនៈ៖ «នៅ​ក្នុង​ពន្ធនាគារ ធម្មតា​បងប្អូន​ជា​ទូទៅ​គាត់​វា​មិន​ដូច​ជា​យើង​នៅ​ខាង​ក្រៅ​មាន​សេរីភាព វា​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ផង វា​ប៉ះពាល់​ដល់​ផ្លូវ​កាយ​ផង ការ​គេង​ការ​ស្នាក់​នៅ​ការ​ហូប​ចុក​អីចឹង។ ចិត្ត​គាត់​ចង់​និយាយ​តែ​ម្យ៉ាង​ទេ សង្ឃឹម​ថា តុលាការ​នឹង​ដោះ​លែង​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​ ព្រោះ​អី​គាត់​មិន​មែន​ជា​ឧក្រិដ្ឋជន ដែល​ចាំ​បាច់​ត្រូវ​តែ​នៅ​ក្នុង​មន្ទីរឃុំឃាំង​ទេ។ គាត់​ថា បើ​តុលាការ​ទាមទារ​ឱ្យ​គាត់​ឡើង​បំភ្លឺ​រឿង​ក្ដី ក៏​គាត់​នៅ​តែ​មាន​វត្តមាន​ក្នុង​ស្រុក​ដើម្បី​បំភ្លឺ​ជូន»។

សំណើ​សុំ​នេះ​បន្ទាប់​ពី​​​​តំណាង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង លោក អ៊ិត សុធា​បាន​អញ្ជើញ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ ចៅ វាសនា​ គឺ លោក សំ សុគង់ ចូល​រួម​សវនាការ​ក្នុង​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី២២ កញ្ញា​ខាង​មុខ។ សវនាការ​នេះ​ធ្វើ​ឡើង​តប​តាម​សំណើ​របស់​មេធាវី លោក ចៅ វាសនា ដែល​បាន​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដែល​មិន​​ឱ្យ​លោក ចៅ វាសនា នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​តាម​ការ​ស្នើ​សុំ។

ជុំ​វិញ​រឿង​នេះ​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ​​យល់​ឃើញ​ថា សាលាឧទ្ធរណ៍​គួរតែ​ដោះលែង​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​តាម​ការ​ស្នើ​សុំ​ ដោយសារ​កន្លង​មក​លោក ចៅ វាសនា ធ្លាប់​ជាប់​ឃុំ​ម្ដង​រួច​មក​ហើយ​ ដោយ​លោក​មិន​ដែល​គេចវេះ​ក្នុង​ការ​សហការ​ជា​មួយ​តុលាការ​នោះ​ទេ។

លោក ស៊ឹង សែន​ករុណា៖ «កន្លង​មក លោក​ក៏​ធ្លាប់​ទទួល​រក​នូវ​ការ​ផ្ដន្ទាទោស​នៅ​ក្នុង​កិច្ច​ការងារ​របស់​លោក​ក្នុង​នាម​ជា​សកម្មជន​នយោបាយ​មួយ​រូប នៅ​សង្កាត់​ប៉ោយប៉ែត ដែល​កន្លង​មក គាត់​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បោះឆ្នោត​ទុក​ចិត្ត​ឱ្យ​រហូត​ដល់​ក្លាយ​ទៅ​ជា​ចៅសង្កាត់។ ដូច្នេះ​ហើយ សម្រាប់​ខ្ញុំ​ឃើញ​ថា​នៅ​ក្នុង​នីតិវិធី​ក៏​ពិត​មែន​អាច​តុលាការ​មាន​សិទ្ធិ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​សំណុំ​រឿង​ណា​មួយ​ក្ដី​តែ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ឱ្យ​មាន​សេរីភាព​ក្រៅ​ឃុំ​ផង​ដែរ »

ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត​ លោក ចៅ វាសនា​ មាន​ដើម​កំណើត​​ខ្មែរ​ក្រោម ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី២៥ ខែកក្កដា ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា ចូលរួម​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹក​ឆ្នោត តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។ ប៉ុន្តែ លោក ចៅ វាសនា បាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​នេះ។

លោក ចៅ វាសនា ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្តបន្ទាយមានជ័យ​កាត់ទោស​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ​ពី​បទ​ញុះញង់ និង​បាន​ចេញ​ពី​ពន្ធនាគារ​វិញ​កាល​ពី​ដើម​ឆ្នាំ២០២២ ក្រោយ​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​រយៈ​ពេល ៥ឆ្នាំ​ពេញ​នៅ​ក្នុង​ពន្ធនាគារ។

នៅមុន​ការ​ចាប់​ខ្លួន​ជា​ថ្មី​ទៀត​នៅ​លើក​នេះ លោក ចៅ វាសនា តែងតែ​អះអាង​ថា មាន​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​អូសទាញ​លោក​ឱ្យ​ចុះចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​មិន​ព្រម ហើយ​ថា មន្ត្រី​នោះ​បាន​គំរាម​លោក​ថា អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុ ជីវិត ឬ​ជាប់​ពន្ធនាគារ​បើសិន​ជា​លោក​នៅ​តែ​មិន​ចុះចូល​ជា​មួយ​បក្ស​កាន់​អំណាច។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​ចាត់​ទុក​ក្ដីក្ដាំ​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ដល់​តុលាការ​ដោះ​លែង​លោក ចៅ វាសនា ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥតលក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។