ប្រពន្ធសកម្មជនគណបក្សប្រឆាំងលើកឡើងថា ប្ដីរបស់ពួកគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលប្រឈមដល់អាយុជីវិតប្រសិនបើព្យាបាលមិនទាន់ពេលវេលា។ ពួកគាត់ទទូចឱ្យមន្ត្រីពន្ធនាគារយកចិត្តទុកដាក់ចំពោះសុខភាពអ្នកជាប់ឃុំនយោបាយ និងពិនិត្យព្យាបាលអ្នកជំងឺឱ្យបានដិតដល់។
ក្រុមគ្រួសារសកម្មជនបក្សប្រឆាំងព្រួយបារម្ភថា ប្រសិនបើមន្ត្រីពន្ធនាគារនៅតែមិនយកចិត្តទុកដាក់ព្យាបាលជំងឺអ្នកមនសិការទាំងនោះទេ ពួកគេអាចប្រឈមគ្រោះថ្នាក់ដល់ជីវិតនៅថ្ងៃណាមួយជាមិនខាន។
ប្រពន្ធ លោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ កញ្ញា ថា លោកស្រីបានទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារ ហើយថ្មីៗនេះអាការៈជំងឺក្បាលរបស់គាត់ចាប់ផ្ដើមឈឺកាន់តែខ្លាំង ដែលធ្វើឱ្យប្ដីលោកស្រី វិលមុខ ក្អួត ហូបបាយមិនបានបណ្ដាលឱ្យស្រកទម្ងន់ខ្លាំង។ លោកស្រីបារម្ភខ្លាចប្ដីមិនអាចទ្រាំនឹងការឈឺចុកចាប់នេះបាន អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិត។
លោក វឿង សំណាង៖«បញ្ហាសុខភាពគាត់កន្លែងក្បាលហ្នឹងឈឺរហូតគ្រាន់តែថា គាត់នៅខាងក្រៅគាត់មានថ្នាំហូបជាប្រចាំហើយទៅឱ្យពេទ្យពិនិត្យ ដល់ពេលគាត់ទៅហ្នឹងមិនឱ្យពេទ្យពិនិត្យទេ ឱ្យស្ថានភាពគាត់នៅក្នុងហ្នឹងវាអត់ដូចយើងនៅក្រៅវាស្មុគវាអីអ៊ីចឹង ទៅវារឹតតែបង្កឱ្យជំងឺរបស់គាត់រឹតតែធ្វើទុកឡើង»។
កាលពីឆ្នាំ២០១៣ លោក វឿង សំណាង ដែលជាព្រះសង្ឃ បានចូលរួមធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រ ពេលនេះលោក វឿង សំណាង រួមទាំងកម្មករផ្សេងទៀត ត្រូវកងទ័ពឆត្រយោងវាយបង្ក្រាបស្ទើរស្លាប់បាត់បង់ជីវិតនោះ បានបន្សល់ស្នាមរបួស និងការឈឺចាប់រហូតមកដល់សព្វថ្ងៃ។
ស្រដៀងគ្នានេះដែរប្រពន្ធលោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចាន់ថា ថ្លែងថា កាលពីប្ដីលោកស្រីមិនទាន់ជាប់ឃុំសុខភាពមាំមួន គឺមិនអាក្រក់ដូចពេលបច្ចុប្បន្ននេះទេ ។ លោកស្រីបន្តថា មូលហេតុដែលស្ថានភាពជំងឺប្ដីលោកស្រីចេះតែដុនដាបទៅដោយសារបរិយាកាសនៅក្នុងពន្ធនាគារចង្អៀតណែន និងហូបចំណីអាហារគ្មានជីវជាតិធ្វើឱ្យជំងឺកៀបឆ្អឹងប្ដីលោកស្រីកាន់តែធ្ងន់ធ្ងរ។
លោក កាក់ កុម្ភារ៖«មានតែការសោកស្ដាយមានតែការខកចិត្តដោយសាររដ្ឋាភិបាលគាត់ធ្វើមកលើប្រជាពលរដ្ឋខ្លួនឯងជាពិសេសសម្ដេចគាត់ធ្វើអ៊ីចឹង ដាក់ប្រជាពលរដ្ឋខ្លួនឯងហ្នឹងអ៊ីចឹងវាអត់កើតទេ ព្រោះពួកគាត់អត់មានកំហុសសោះ ទី២ទៀតគាត់សុទ្ធតែជាមន្ត្រីនយោបាយ ដែលល្អមានឆន្ទៈអ៊ីចឹងគាត់គួរតែយកធនធានបែបគ្រួសារពួកខ្ញុំហ្នឹងដើម្បីធ្វើការបំពេញកាតព្វកិច្ចមើលថែប្រជាពលរដ្ឋគាត់គួរតែគិតបែបហ្នឹងមិនមែនយកគ្រួសារពួកខ្ញុំដែលគ្មានកំហុសសោះដាក់ពន្ធនាគារទេ»។
ប្រពន្ធសកម្មជនបក្សប្រឆាំងអះអាងដូចៗគ្នាថា មន្ត្រីពន្ធនាគារគួរតែពិចារណាដោះលែងប្ដីពួកគាត់ឱ្យមានសេរីភាព ពីព្រោះប្ដីពួកគាត់មិនបានប្រព្រឹត្តខុសច្បាប់នោះទេ។ បើទោះជាសកម្មជនបក្សប្រឆាំងនៅក្នុងពន្ធនាគារជួបទុក្ខលំបាកបែបណាក្ដី ក៏ពួកគាត់នៅតែប្រកាន់គោលជំហរមិនចុះចូលជាមួយបក្សកាន់អំណាចដើម្បីថ្នូរដូរយកសិទ្ធិសេរីភាពឡើយ។
ឆ្លើយតបបញ្ហានេះអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា លើកឡើងថា លោកទទួលស្គាល់នៅក្នុងពន្ធនាគារពិតជាខ្វះខាតថ្នាំសង្កូវពិតមែន ប៉ុន្តែបញ្ហាសុខភាពតែងកើតមានជារឿងធម្មតាដោយសារតែនៅក្នុងពន្ធនាគារមានអ្នកទោសច្រើន។
លោក នុត សវនា៖«អ្នកណាក៏មានបញ្ហាដែលចេះចុះរហូត ប៉ុន្តែ យើងមិនអាចឱ្យតែលើកឡើងយើងចេះតែជូនទៅតាមការលើកឡើងហ្នឹងក៏វាពិបាកដល់មន្ត្រីខ្ញុំដែរ ប៉ុន្តែមន្ត្រីពន្ធនាគារយើងចែករំលែកហើយហ្នឹងខិតខំព្យាយាមតាមអ្វីដែលយើងអាចផ្គត់ផ្គង់បាន ប៉ុន្តែមិនឱ្យស្ថិតក្រោមបទដ្ឋានអប្បបរិមាណទេ»។
ទោះជាយ៉ាងណាពាក់ព័ន្ធនឹងស្នើសុំបញ្ជូនអ្នកជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារនេះ អាជ្ញាធរតែងរងការរិះគន់ពីពលរដ្ឋ និងក្រុមអ្នកការពារសិទ្ធិមនុស្ស ថា អនុវត្តច្បាប់មានស្តង់ដារពី ទៅលើអ្នកជាប់ឃុំដោយសារមូលហេតុនយោបាយ។ ផ្ទុយពីឧក្រិដ្ឋជនមួយចំនួនដែលបានប្រព្រឹត្តបទល្មើសធំៗ ពួកគេទទួលបានការអនុគ្រោះពីមន្ត្រីពន្ធនាគារឱ្យនៅក្រៅឃុំព្យាបាលជំងឺ។
ជុំវិញបញ្ហានេះ ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មានប្រសាសន៍ថា ជនជាប់ឃុំពួកគាត់បាត់បង់តែសិទ្ធិសេរីភាពមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែចំពោះបញ្ហាសុខភាពគឺពួកគាត់មានសិទ្ធិទទួលបានការថែទាំ។ លោកបន្តថាអាជ្ញាធរគួរតែពិចារណាឱ្យជនជាប់ឃុំទាំងអស់ទទួលបានការព្យាបាលត្រឹមត្រូវ។
លោក រស់ សុដ្ឋា៖«អាជ្ញាធរដែលទទួលបន្ទុកគ្រប់គ្រងពន្ធនាគារគួរតែពិនិត្យដែលអនុញ្ញាតឱ្យពេទ្យអ្នកឯកទេសសុខភាពរបស់អង្គការ ដូចជាខាងរដ្ឋចូលពិនិត្យសុខភាពត្រូវយកគាត់ទៅពិនិត្យនៅកន្លែងដែលមានម៉ាស៊ីនដែលអាចទុកចិត្តបានដើម្បីឱ្យដឹងថាតើសុខភាពគាត់យ៉ាងដូចម្ដេចហើយត្រូវចាត់វិធានការផ្តល់នូវសេវាសុខភាពឱ្យបានសមស្រប»។
បច្ចុប្បន្នសកម្មជនគណបក្សប្រឆាំង សកម្មជនសង្គម និងអ្នករិះគន់រដ្ឋាភិបាល ប្រមាណ ៧០ នាក់កំពុងជាប់ឃុំនៅពន្ធនាគារ។ តុលាការចោទប្រកាន់ពួកគេភាគច្រើន ពីបទញុះញង់ និងរួមគំនិតក្បត់។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចាត់ទុកការចាប់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។