សាច់ញាតិអ្នកទោសមនសិការរិះគន់មន្ត្រីពន្ធនាគារព្រៃសថា រឹតត្បិតពួកគាត់មិនឱ្យយកអីវ៉ាន់ ឬម្ហូបអាហារដល់គ្រួសាររបស់ពួកគាត់កំពុងជាប់ឃុំ ដែលនាំឱ្យប៉ះពាល់ជីវភាពគ្រួសារ និងសុខភាពអ្នកជាប់ឃុំ។ ទោះជាយ៉ាងណា ប្រធានពន្ធនាគារព្រៃសថា ការកាត់បន្ថយចំនួនអីវ៉ាន់ ឬម្ហូប នេះគឺដើម្បីធានាដល់សន្តិសុខក្នុងពន្ធនាគារ។
ប្រពន្ធមន្ត្រីបក្សប្រឆាំងកំពុងជាប់ឃុំ លោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចន្ថា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃ១១ ខែវិច្ឆិកា ថា ចាប់តាំងពីប្រធានពន្ធនាគារព្រៃស លោក នុត សវនា ឡើងកាន់តំណែងមក មន្ត្រីពន្ធនាគារកាត់បន្ថយចំនួនឥវ៉ាន់ ឬម្ហូបអាហារនាំចូលជាងពាក់កណ្ដាលដែលលោកស្រី បានរៀបចំយកឱ្យប្ដី។ លោកស្រី ព្រំ ចន្ថា ថា អ្នកទោសមនសិការគឺជាអ្នកគោរពបទបញ្ជាផ្ទៃក្នុង និងមិនដែលមានប្រវត្តិយកគ្រឿងញៀន ឬរបស់របរហាមឃាត់អ្វីនោះទេ ដូច្នេះលោកស្រីស្នើឱ្យរដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យលោកស្រីអាចយកឥវ៉ាន់ចូលបានដូចមុន។
លោកស្រី ព្រំ ចន្ថា៖«ដល់ឥឡូវគេអត់ឱ្យយកចូលអ៊ីចឹងមានតែចំណាយលើហ្នឹងច្រើន ហើយដូចខ្ញុំប្រាប់ពីខាងដើម ស្អីក៏ថ្លៃដែរគុណនឹង២ និង៣ អ៊ីចឹង ពួកខ្ញុំអត់មានលទ្ធភាពទេ ពិបាកខ្លាំងមែនទែន អ៊ីចឹងខ្ញុំមានតែស្នើថា ធ្វើមិចក៏ដោយឱ្យយកចូលដូចមុនទៅ ព្រោះខ្ញុំអត់មានពាក់ព័ន្ធអីហ្នឹងគ្រឿងញៀនត្រូវយកចូលទេ»។
ចំណែកប្រពន្ធសកម្មជនបក្សប្រឆាំង លោក វឿង សំណាង គឺ លោកស្រី ទៀង ចិន្តា ថា ការរឹតត្បិតចំនួនឥវ៉ាន់គឺជាការដាក់បន្ទុកទៅលើប្ដីលោកស្រីមិនអាចទទួលអាហារបរិភោគគ្រប់គ្រាន់ និងងាយធ្លាក់ខ្លួនឈឺ ហើយធ្វើឱ្យគ្រួសាររបស់លោកស្រីជួបបញ្ហាជីវភាពខ្លាំងជាងមុនដើម្បីរកលុយផ្ញើឱ្យប្ដីលោកស្រីទិញឥវ៉ាន់នៅក្នុងពន្ធនាគារ។ លោកស្រីថា ឥវ៉ាន់នៅក្នុងពន្ធនាគារមានតម្លៃថ្លៃជាងតម្លៃទំនិញនៅលើទីផ្សារទ្វេដង។ លោកស្រី ទៀង ចិន្តា ថា ប្ដីលោកស្រី និងអ្នកទោសមនសិការផ្សេងទៀតកំពុងជាប់ឃុំទាំងអយុត្តិធម៌ហើយ ដូច្នេះមន្ត្រីពន្ធនាគារគួរតែកែសម្រួលឱ្យអ្នកជាប់ឃុំអាចរស់នៅបានប្រសើរជាងនេះ។
លោកស្រី ទៀង ចិន្តា៖«ប៉ះពាល់ខ្លាំងដោយសារអីរបស់ដែលយើងត្រូវស្លហូបចុករាល់ថ្ងៃ បើយើងយកទៅអត់សូវថ្លៃទេ តែពេលគេឱ្យអត់យើងយកចូល ប្ដីយើងត្រូវទៅទិញនៅក្នុងហ្នឹង ចុះមួយគុណនឹង២ គុណនឹង៣ អ៊ីចឹងវារឹតតែធ្វើឱ្យជីវភាពខ្ញុំនៅក្រៅវាពិបាក ដោយសារយើងត្រូវចំណាយលើគាត់ច្រើនជាងមុន អ៊ីចឹងពិបាកមែនទែន»។
ឆ្លើយតបនឹងរឿងនេះ ប្រធានមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស លោក នុត សវនា ដែលបានឡើងកាន់ដំណែង កាលពីពាក់កណ្ដាលខែមុន លើកឡើងថា មន្ត្រីពន្ធនាគារបានកាត់បន្ថយចំនួនឥវ៉ាន់ហាមឃាត់មួយចំនួនដែលអាចលាក់គ្រឿងញៀន និងអាវុធផ្សេងធ្វើឱ្យបង្កអសន្តិសុខក្នុងពន្ធនាគារ។ លោកច្រានចោលការលើកឡើងថា អីវ៉ាន់នៅពន្ធនាគារថ្លៃជាងតម្លៃនៅទីផ្សារទូទៅ។
លោក នុត សវនា៖«ដល់ពេលគេធ្វើឱ្យដូចៗគ្នាទៅជាលំបាក ចុះគេអត់លំបាកទេអ៊ីចឹង ដូចជាហួសហេតុពេក។ អ៊ីចឹងមិនសួរអ្នកនៅតាមផ្សារ ហេតុអីបានជាអីវ៉ាន់ឡើងថ្លៃ ទៅសួរផ្សារខាងក្រៅមើលហេតុអីបានជាអីវ៉ាន់ឡើងថ្លៃ យកភស្តុតាងមកបញ្ជាក់មកថា នៅក្នុងហ្នឹងលក់២ពាន់ នៅខាងក្រៅលក់១ពាន់ យកភស្តុតាងមកបញ្ជាក់មក»។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា មូលហេតុដែលគ្រួសារតែងយកឥវ៉ាន់ និងម្ហូបអាហារទៅផ្ញើអ្នកជាប់ឃុំគឺដោយសារតែអាហារនៅក្នុងពន្ធនាគារមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់។ លោក នី សុខា ថាមន្ត្រីពន្ធនាគារគួរស្វែងរកដំណោះស្រាយមួយដែលអាចឱ្យសាច់ញាតិរបស់អ្នកជាប់ឃុំយកម្ហូបអាហារទៅបាន ហើយមន្ត្រីពន្ធនាគារក៏អាចពង្រឹងសន្តិសុខពន្ធនាគារ។
លោក នី សុខា៖«យើងគួរតែមានវិធានធ្វើមិចឱ្យអាចរឹតបន្តឹងសុវត្ថិភាព សន្តិសុខបានផង ហើយហ្នឹងអាចជួយសម្រួលឱ្យពួកគាត់អាចយកអាហារចូលឱ្យបានទូលំទូលាយផង ពីព្រោះថាមិនអ៊ីចឹងទេអ្នកជាប់ឃុំទាំងអស់អាចប្រឈមនឹងបញ្ហាសុខភាពដោយសារអាហារហូបចុកយើងអត់គ្រប់គ្រាន់ ហើយមិនមានជីវជាតិស្របនឹងស្តង់ដារ»។
គិតត្រឹមខែវិច្ឆិកា នេះ អ្នកទោសមនសិការប្រមាណ ៨០នាក់កំពុងជាប់ពន្ធនាគារទាំងអយុត្តិធម៌ដោយសារពួកគាត់បានធ្វើសកម្មភាពការពារបរិស្ថាន ការពារសិទ្ធិមនុស្ស និងសកម្មភាពនយោបាយ។ ក្រៅពីការជាប់ឃុំទាំងអយុត្តិធម៌ហើយ អ្នកទោសមនសិការទាំងនេះកំពុងស៊ូទ្រាំរស់នៅក្នុងពន្ធនាគារតូចចង្អៀត និងគ្មានអាហារគ្រប់គ្រាន់ជាដើម។ សាច់ញាតិរបស់អ្នកទោសមនសិការក៏បានស្នើសុំដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការនៅពិធីបុណ្យអុំទូកនាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។