តំណាង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ប្រតិកម្ម​ចំពោះ​លោក គឹម សន្តិភាព ដែល​បន្ត​គំរាម​កំហែង និង​បំបែក​សហគមន៍​ខ្មែរ

0:00 / 0:00

ព្រះសង្ឃ និង​តំណាង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ប្រតិកម្ម​ចំពោះ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ដែល​ពួក​គាត់ចោទ​ថា បន្ត​ផ្ញើ​សារ​បែប​គំរាម​កំហែង និង​បំបែក​បំបាក់​សហគមន៍​ខ្មែរ។ ប្រតិកម្ម​បែប​នេះ គឺ​បន្ទាប់​ពី​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត រូប​នេះ បង្ហោះ​សារ​ឲ្យ​តំណាង​សហគមន៍​ខ្មែរ ឈប់​ប្រើប្រាស់​វត្តអារាម​នៅ​ក្រៅ​ប្រទេស ជា​ទី​ជម្រក​នយោបាយ ខណៈ​តំណាង​សហគមន៍​ខ្មែរ ប្រកាស​ជួបជុំ​ពិគ្រោះ​យោបល់​គ្នា នៅ​ក្នុង​វត្ត​ខ្មែរ​ម៉ែលប៊ន នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ អំពី​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត។

ស្រប​ពេល​តំណាង​សហគមន៍​ខ្មែរ ត្រៀម​ជួប​ពិគ្រោះ​យោបល់​គ្នា​នៅ​ក្នុង​វត្ត​ខ្មែរ​ម៉ែលប៊ន នៅ​ថ្ងៃ​ទី២៨ ខែមករា​ខាង​មុខ​អំពី​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន លោក ហ៊ុន ម៉ាណែត នោះ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ដែល​តែង​ជិះ​យន្តហោះ​មក​ជ្រៀតជ្រែក និង​បំបែក​បំបាក់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ជា​ប្រចាំ ក៏​នៅ​មិន​សុខ​ស្រណុក​ខ្លួន​ឡើយ។ លោក បាន​ចាប់​ផ្តើម​បើក​ឆាក​វាយ​ប្រហារ និង​លាប​ពណ៌​តំណាង​សហគមន៍​ខ្មែរ​ល្បីៗ នៅ​អូស្ត្រាលី​ជា​ថ្មី​ម្ដង​ទៀត។

ព្រះសង្ឃ និង​តំណាង​សហគមន៍​ខ្មែរ លើក​ឡើង​ថា សារ​របស់​លោក គឹម សន្តិភាព ដែល​ហាម​មិន​ឲ្យ​តំណាង​សហគមន៍​ខ្មែរ យក​វត្ត​អារាម​ជា​ទី​ជួបជុំ ដើម្បី​តស៊ូ​មតិ សម្រាប់​ផល​ប្រយោជន៍​ជាតិ និង​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​នោះ គឺ​ជា​សារ​បែប​គំរាមកំហែង និង​បំបែក​សហគមន៍​ខ្មែរ។

អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម លោក ហុង លីម ថ្លែង​ថា លោក​ក៏​ជា​មនុស្ស​ម្នាក់​បាន​ចូលរួម​ដឹកនាំ​កសាង​វត្ត​ខ្មែរ​នៅ​អូស្ត្រាលី​ដំបូង​គេ ដើម្បី​ទុក​ជា​កន្លែង​ប្រតិបត្តិ​ព្រះពុទ្ធសាសនា និង​ថែរក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ​នៅ​លើ​ទឹកដី នៃ​ប្រទេស​ពហុ​វប្បធម៌​ចម្រុះ​ជាតិ​សាសន៍​មួយ​នេះ។លោក ហុង លីម បន្ត​ថា ការណ៍​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ជួបជុំ​គ្នា​ក្នុង​វត្តអារាម ដើម្បី​បណ្ដុះ​គំនិត​ស្នេហា​ជាតិ និង​ការ​តស៊ូ​មតិ​នយោបាយ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺ​ជា​រឿង​ត្រឹមត្រូវ ដែល​មាន​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា។ ផ្ទុយទៅវិញ លោក ហុង លីម យល់​ថា ក្រុម​លោក គឹម សន្តិភាព និង​លោក ហ៊ុន ម៉ាណែត ទៅ​វិញ​ទេ ដែល​ជា​អ្នក​ជាន់​ឈ្លី​ព្រះពុទ្ធសាសនា និង​តែងតែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ព្រះសង្ឃ ដែល​ឈឺឆ្អាល​រឿង​សង្គម​ជាតិ។

លោក ហុង លីម៖«មុខ​របរ និង​តួនាទី​ភារកិច្ច​របស់​លោក គឹម សន្តិភាព ដែល​ស៊ី​ប្រាក់ខែ អត់​មាន​ធ្វើ​អី​នៅ​ស្រុក​ខ្មែរ មក​តែ​អូស្ត្រាលី ដើម្បី​បំផ្លិចបំផ្លាញ​សង្គម​ខ្មែរ​នៅ​នេះ ដើម្បី​បំបែកបំបាក់ ដើម្បី​បន្ទាប​បន្ថោក ដើម្បី​គំរាម​កំហែង​ ដើម្បី​ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច។ យើង​កំពុង​រក​មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​លោក គឹម សន្តិភាព មក​ទី​នេះ។ ពួក​នេះ បាន​បំពាន​នឹង​ច្បាប់​ជ្រៀតជ្រែក​ពី​រដ្ឋ​បរទេស(Foreign interference)»។

ប្រតិកម្ម​របស់​លោក ហុង លីម នេះ គឺ​បន្ទាប់​ពី​លោក គឹម សន្តិភាព ប្រធាន​អង្គការ​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី (Australia) និង​នូវែលហ្សេឡង់ (New Zealand) នៅ​ថ្ងៃ​ទី២៤ មករា បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក (FB) ដោយ​ភ្ជាប់​រូបថត​លោក ហុង លីម និង​ប្រធាន​សមាគម​ខ្មែរ លោក ជា យូហ៊ន អម​ជាមួយ​សំណេរ​ថា តើ​វត្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជា​កន្លែង​សម្រាប់​ពុទ្ធ​សាសនិក​គោរព​ប្រតិបត្តិ​សាសនា ឬ​នៅ​តែ​ជា​កន្លែង​សម្រាប់​មនុស្ស​មួយ​ក្រុម​ប្រើប្រាស់​ជា​ទីស្នាក់ការ​គណបក្ស​នយោបាយ? មន្ត្រី​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ដែល​ពូកែ​ខាង​គំរាម​កំហែង​ប្រជាពលរដ្ឋ អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​អំពី​រឿង​គុក​ច្រវាក់​ជា​សាធារណៈ​រូប​នេះ ក៏​តាំង​ខ្លួន​ជា​អ្នក​អប់រំ​គេ​ថា គួរ​ណាស់​រក្សា​ទុក​ទី​អារាម​នានា ជា​កន្លែង​គោរព និង​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ជា​មជ្ឈមណ្ឌល​វប្បធម៌ អរិយធម៌​ខ្មែរ ជា​កន្លែង​អប់រំ បង្កើត​មិត្តភាព សាមគ្គីភាព​របស់​ពុទ្ធសាសនិក​គ្រប់​រូប​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​តែ​មួយ។ លោក គឹម សន្តិភាព ដែល​កំពុង​រង​ការ​ចោទ​ថា ចូល​មក​ជ្រៀត​ជ្រែក បំបែក​បំបាក់​សហគមន៍​ខ្មែរ និង​វត្តអារាម ព្រមទាំង​បង្កើត​អង្គការ​សមាគម​ក្លែងក្លាយ​នៅ​ទ្វីប​អូសេអានី ក៏​បាន​ផ្ដាំ​តំណាង​សហគមន៍​ខ្មែរ​ថា កុំ​បន្ត​យក​ទី​អារាម​ធ្វើ​ជា​ទី​ជម្រក​គណបក្ស​នយោបាយ ព្រោះ​ជា​រឿង​មិន​ត្រឹមត្រូវ និង​អាក្រក់​មើល។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក គឹម សន្តិភាព នេះ តំណាង​សហគមន៍​ខ្មែរ កត់​សម្គាល់​ថា ក្រុម​លោក គឹម សន្តិភាព ទៅ​វិញ ដែល​គ្មាន​ចិត្ត​បរិសុទ្ធ​គោរព​ព្រះពុទ្ធ​សាសនា ហើយ​តែងតែ​មាន​មហិច្ឆតា​ក្នុង​ការ​បំបែក​បាក់ និង​ត្រួតត្រា​វត្តអារាម និង​ព្រះសង្ឃ​នៅ​ក្រៅ​ប្រទេស ឲ្យ​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ដល់​ក្រុម​អ្នក​កាន់​អំណាច​សព្វថ្ងៃ។ ជាក់​ស្តែង ដូចជា វត្ត​ខេមរារង្សី នៅ​រដ្ឋធានី​កង​បេរ៉ា នៃ​ប្រទេស​អូស្ត្រាលី ដែល​ក្រុម​លោក គឹម សន្តិភាព តែងតែ​ចេញ​ចូល​ជា​ញឹក​ញាប់​នោះ នៅទីបំផុត អតីត​ព្រះចៅ​អធិការ​វត្ត មួយ​នេះ គឺ​លោក វិន សាវឿន បាន​ក្លាយ​ជា​អ្នក​បម្រើ​នយោបាយ​ឲ្យ​ក្រុម​លោក គឹម សន្តិភាព មក​ដល់​សព្វថ្ងៃ។នេះ​មិន​ទាន់​និយាយ​ដល់​គណបក្ស​កាន់​អំណាច ដែល​បាន​ប្រើ​បណ្តាញ​ត្រួតត្រា​តាម​វត្តអារាម និង​ដាក់​សម្ពាធ​ព្រះសង្ឃ និង​មន្ត្រី​សង្ឃ​នៅ​ក្នុង​ស្រុក ឲ្យ​ទេសនា​អរគុណ​សន្តិភាព និង​ប្រកាស​គាំទ្រ​គណបក្ស​កាន់​អំណាច និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក គឹម សន្តិភាព បានទេ នៅថ្ងៃទី២៤ មករា ដោយ​សារ​លេខ​ទូរស័ព្ទ​របស់​លោក មិន​អាច​ទាក់ទង​បាន។

ការ​បង្ហោះ​សារ​របស់​លោក គឹម សន្តិភាព នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​តំណាង​សហគមន៍​ខ្មែរ តំណាង​អង្គការ​នានា និង​មន្ត្រី​គណបក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​អូស្ត្រាលី បាន​ប្រកាស​គ្រោង​ជួប​ជជែក​គ្នា​នៅ​ក្នុង​វត្ត​ខ្មែរ​ម៉ែលប៊ន នៅថ្ងៃទី២៨ ខែមករា ដើម្បី​ផ្លាស់ប្ដូរ​យោបល់​គ្នា​សម្រាប់​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត ដែល​គ្រោង​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី៦ ខែមីនា។

ព្រះសង្ឃ​គង់​នៅ​វត្ត​ខ្មែរ​ម៉ែលប៊ន គឺ​ព្រះតេជព្រះគុណ ហ៊ុន ប៊ុនយ៉ុង មាន​ថេរ​ដីកា​ថា លោក គឹម សន្តិភាព មិន​បាន​គោរព​ព្រះពុទ្ធ​សាសនា​ពិត​ប្រាកដ​ឡើយ។ ព្រះតេជព្រះគុណ​បន្ត​ថា ប្រសិន​បើ​លោក គឹម សន្តិភាព គោរព​ព្រះពុទ្ធ​សាសនា​ពិត​ប្រាកដ​នោះ គួរតែ​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ ហើយ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ឲ្យ​បាន​ពេញលេញ។

ព្រះតេជព្រះគុណ ហ៊ុន ប៊ុនយ៉ុង៖«គាត់(លោក គឹម សន្តិភាព)ធ្វើបាប​ព្រះសង្ឃ​សឹង​អី។ បំបិទ​សិទ្ធិ​ពលរដ្ឋ ទាំង​ព្រះសង្ឃ​នៅ​ស្រុក​ខ្មែរ អង្គ​ណា​ហ៊ាន​ថា អង្គ​ណា​ហ៊ាន​និយាយ ដឹង​តែ​ចោទ​ប្រកាន់ និង​ចាប់​ផ្សឹក​អី​ហូរហែ។ ញោម គឹម សន្តិភាព និយាយ​អត់​ត្រូវ​ទេ ចំណុច​ហ្នឹង»។

តំណាង​សហគមន៍​ខ្មែរ ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​មាន​ការ​ជ្រៀតជ្រែក និង​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​កម្ពុជា​ក្តី ក៏​ពួក​គាត់ នឹង​បន្ត​ជួបជុំ​ពិគ្រោះ​យោបល់​គ្នា​ជា​បន្ត​បន្ទាប់ និង​បន្ត​គម្រោង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​មុខ​រដ្ឋសភា​រដ្ឋវិចតូរីយ៉ា នៅថ្ងៃទី២ មីនា​ខាង​មុខ។ ពួក​គាត់ បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ដាក់​សម្ពាធ​ទៅ​លោក ហ៊ុន ម៉ាណែត ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បំពេញ​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​សុខ​សន្តិភាព​ពិត​ប្រាកដ។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង លើក​ឡើង​ថា សារ​របស់​លោក គឹម សន្តិភាព នេះ ទំនង​ជា​លោក​ភ្លេច​ថា ទី​នេះ នៅ​ក្រៅ​កម្ពុជា។ ដូច្នេះ លោក និង​គណបក្ស​កាន់​អំណាច មិន​អាច​ប្រើ​អំណាច​បញ្ជា​ឲ្យ​បិទ​ការ​ជួបជុំ​ណា​មួយ ទាំង​នៅ​ក្នុង​ទី​វត្តអារាម ដូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។

លោក តាក់ ម៉េងហ៊ាង៖«សហគមន៍​ខ្មែរ​យើង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត ជាមួយ​ទី​វត្ត​អារាម គឺ​ជា​ទី​កន្លែង ដែល​សហគមន៍​ខ្មែរ តែងតែ​ជួបជុំ​គ្នា​ក្នុង​ន័យ​ថែ​រក្សា​វប្បធម៌ អរិយធម៌​ផង ហើយ​នឹង​ពិភាក្សា​អំពី​កិច្ចការ​នៅ​ក្នុង​សហគមន៍​ផង​ដែរ រួម​ទាំង​ការ​លើក​តម្កើង​ប្រជាធិបតេយ្យ ។ការណ៍​ដែល​មន្ត្រី​បក្សជន​ជាន់ខ្ពស់ ពីក្រៅ​ប្រទេស​លើក​ឡើង​អំពី​ការ​ជួបជុំ​គ្នា​របស់​សហគមន៍​នៅ​ទី​​វត្តអារាម​នេះ គឺ ជា​រូបភាព​មួយ នៃ​ការ​គំរាម​កំហែង​ពី​បរទេស ចូល​​មក​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​នេះ។ សហគមន៍​ខ្មែរ​យើង​មិន​អាច​ទទួល​យក​បាន​អំពី​ការ​ជ្រៀតជ្រែក និង​ការ​គំរាម​កំហែង ការ​យាយី បំបែក​បំបាក់​សហគមន៍​នៅ​ទីក្រុង​ម៉ែលប៊ន ក៏​ដូច​ជា ប្រទេស​អូស្ត្រាលី​នេះ»។

កន្លង​មក លោក ហុង លីម និង​តំណាង​សហគមន៍​ខ្មែរ​ផ្សេង​ទៀត ក៏​ទទួល​រង​ការ​វាយ​ប្រហារ​តាម​បណ្ដាញ​សង្គម​ពី​លោក គឹម សន្តិភាព និង​ដៃជើង​របស់​លោក ជា​ញឹកញាប់​ផង​ដែរ។ធ្ងន់ធ្ងរ​ជាង​នេះ លោក ហុង លីម លោក ជា យូហ៊ន និង​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង ក៏​ទទួល​បាន​លិខិត​គំរាម​សម្លាប់​ចំនួន​ពីរ​លើក​ពី​ជន​មិន​ស្គាល់​មុខ ដែល​តាំង​ខ្លួន​ជា​អ្នក​ការពារ​គ្រួសារ​លោក ហ៊ុន សែន។រដ្ឋាភិបាល​អូស្ត្រាលី ក៏​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ ករណីទាំង​នេះ​ដែរ។ កាលពីឆ្នាំ២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​អ៊ីនធឹណិត​របស់​ប្រទេស​អូស្ត្រាលី​អ្នកស្រី ក្លៀ អូនៀល (Clare O'Neil) បាន​ប្រកាស​ថា រដ្ឋាភិបាល​អូស្ត្រាលី និង​ភ្នាក់ងារ​សន្តិសុខ​អូស្ត្រាលី កំពុង​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​សកម្មភាព​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​គោលដៅ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ យាយី និង​បំភិត​បំភ័យ​ដល់​ពលរដ្ឋ​ខ្លួន​នៅ​លើ​ទឹកដី​អូស្ត្រាលី។ ក្រៅ​ពី​នេះ ក្រុម​តំណាង​រាស្ត្រ​សហព័ន្ធ​អូស្ត្រាលី ក៏​តែងតែ​ទាមទារ​ជា​រឿយៗ ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី បិទ​ទិដ្ឋាការ ឬ​វីសា (Visa) មិន​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល លោក គឹម សន្តិភាព និង​ក្មួយ​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ចូល​ប្រទេស​អូស្ត្រាលី​ត​ទៅ​ទៀត៕