តុលាការ​​នឹង​​បន្តសវនាការ​សំណុំ​រឿងលោក រ៉ុង ឈុន និង​សកម្មជន​ពីរនាក់​ទៀត​នៅដើម​ខែក្រោយ

0:00 / 0:00

តុលាការ​ក្រុងភ្នំពេញនឹងបន្ត​សវនាការ​ជំនុំ​ជម្រះក្តី​លោក រ៉ុង ឈុន​ និង​សកម្មជន​ពីរនាក់​ទៀតនៅដើម​​ខែក្រោយ​ ​បន្ទាប់​ពី​បញ្ចប់​​សវនាការ​នៅព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ។ មេធាវី​​និង​​អ្នកឃ្លាំមើល​​សិទ្ធិមនុស្ស​​អះអាងថា​ ​លោក​រ៉ុង ឈុន ​និង​​សកម្មជន​​ពីរនាក់​​ទៀត​​គ្មាន​កំហុស​នោះទេ​​ និង​​ជំ​រុញ​​ឱ្យ​តុលាការ​​ដោះលែង​​ពួកគេ​​ឱ្យមាន​​សេរីភាព​ឡើង​​វិញ។

អាជ្ញាធរ​បាន​បញ្ជូន​ជនជាប់ចោទ​ទាំង​ ៣​នាក់រួមមាន​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​លោក រ៉ុង ឈុន​សកម្មជន​សិទ្ធិការងារ កញ្ញា សរ កណិកា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ លោក តុន និមល​ចូល​តតាំងក្តី​ក្នុង​សវនាការ។

មេធាវីការពារក្តី​ឱ្យសកម្មជន​ទាំងនេះ​ គឺលោក សំ សុខគង់ ​ប្រាប់​អាស៊ីសេរីថា​ តំណាង​អយ្យការ​និង​ចៅក្រម​ជំនុំជម្រះ​បាន​សួរសំណួរដាក់បន្ទុក​ជាច្រើន ​ចំពោះកូន​ក្តី​របស់លោក។ ​​លោកបន្តទៀត​ថា​ លោក រ៉ុង ឈុន​និង​កញ្ញា សរ កណិកា ​បាន​និយាយ​តទល់គ្នា​ជាមួយ​សមត្ថកិច្ច​ប៉ុន្តែ​ក្រុម​ជំនុំជម្រះ​ព្យាយាម​បង្អាក់​មិនឱ្យ​ពួកគេ​និយាយ​ឱ្យបាន​ក្បះក្បាយ​ឡើយ​។​ចំណែក​ភាគី​ខាងដើម​បណ្តឹង​តាមរយៈមេធាវី​រដ្ឋាភិបាល​ ព្រះរាជអាជ្ញា និង​សាក្សីវិញ ពួកគេ​បាន​សហការគ្នា​សស្រាក់សស្រាំ​ក្នុង​ការ​ដាក់​បន្ទុក​លើជនជាប់ចោទ​។​លោកមេធាវីរូបនេះ​យល់ថា​សវនាការ​នេះ​មិនទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​និង​យុត្តិធម៌​នោះទេ​៖ «​ខាងព្រំដែនក៏ដោយ ខាងសមត្ថកិច្ចក៏ដោយ​ យកមក​ធ្វើ​សក្ខីកម្ម​ព្រឹកមិញ​នេះ ​ហាក់ជា​សក្ខីកម្មមួយ​ដាក់បន្ទុក​ ហើយ​មិនមាន​អ្វីបញ្ជាក់​ ច្បាស់លាស់ ​អ្វី​ដែល​ពួកគាត់​បាន​ផ្តល់សក្ខីកម្ម​ក្នុងនាម​ជាអ្នកជំនាញ ​ខ្ញុំគិតថា​ អ្វីដែល​បាន​លើកឡើង​ក្នុង​សវនាការ ​គឺ​ជា​សក្ខីកម្ម​មួយ​ ដែលមិនមាន​ភាពច្បាស់លាស់​នៅឡើយ ​ក្នុងនាម​អ្នកការពារ​នឹង​សាកសួរគាត់ ​នៅ​សវនាការ​លើកក្រោយ​»​។

សវនាការ​លើកទីបី​នេះ​មានការចូលរួម​តាមដាន​ពី​សំណាក់​តំណាង​ទូតប្រទេស​លោកសេរី​មន្រ្តី​អង្គការ​សង្គមស៊ីវិលនិង​សាច់ញាតិ​អ្នកជាប់ឃុំ​ប្រមាណ ​៣០​នាក់។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យអ្នកស្រី ​អ៊ុក ឆាយ៉ាវី ​ដែល​បាន​ចូលស្តាប់​សវនាការ​នេះឱ្យ​ដឹង​ថាសវនាការនេះ​ប្រៀបបាន​ទៅនឹងឆាក​ល្ខោន​ដែលមាន​ការ​ត្រៀមរៀបចំ​ទុកជាមុន​។​អ្នកស្រី​បន្ត​ថា​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​បកស្រាយខុស​សាច់រឿង​ដោយ​ទៅនិយាយ​រឿង​សកម្មភាព​ការងារ​របស់​ខ្លួន​ទៅ​វិញ។ ​អ្នកស្រី​ស្នើរដ្ឋាភិបាល​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​ដទៃទៀត ឱ្យ​មាន​សេរីភាព​វិញព្រោះពួកគាត់​ធ្វើសកម្មភាព​ដើម្បី​បូរណភាព​ទឹកដី​មិន​មែន​ជាការ​​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​នោះឡើយ​៖ «រដ្ឋាភិបាល​ក៏ដោយគួរតែ​យករឿង​គួរតែពិចារណារឿង​ហ្នឹង​​ម្តង​ទៀត ​ថាតើ​គួរតែ​អ្នក​ដែល​គ្រាន់តែ​ឈឺឆ្អាលហ្នឹង​ ជាប់​ពន្ធនាគារ​ដែរ ​ឬ​ក៏សុខចិត្ត​ឱ្យកូនខ្មែរ​ធ្វើភ្លើ ធ្វើល្ងង់ ​ធ្វើ​ឆ្កួត​ »​។

អ្នក​ស្រី អ៊ុក ឆាយ៉ាវី ​ឱ្យដឹងទៀត​ថា លោក រ៉ុង ឈុន​មានសុខភាព​ទន់ខ្សោយ​ប៉ុន្តែ​លោក​នៅ​តែមាន​ឆន្ទៈ​រឹងមាំ​ដដែល។

នៅក្នុង​ថ្ងៃជំនុំជម្រេះក្តី​នេះ​អាជ្ញាធររបប​ក្រុង​ភ្នំពេញ​បានដាក់​ពង្រាយ​កងកម្លាំង​ចម្រុះ​ជាច្រើន​នាក់​ដើម្បី​ហាមឃាត់​មិន​ឱ្យប្រជាពលរដ្ឋនិង​អ្នកគាំទ្រ​លោក រ៉ុង ឈុន ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​បរិវេណ​តុលាការ​ ដើម្បី​តាម​ដាន​ដំណើរការ​ក្តីនេះឡើយ។

ក្រោយ​បញ្ចប់សវនាការ​នៅវេលាថ្ងៃត្រង់​អាជ្ញាធរ​បាន​បញ្ជូន​លោក រ៉ុង ឈុន ​កញ្ញា សរ កណិកា ​និង​លោក តុន និមល ​ទៅឃុំខ្លួន​នៅពន្ធនាគារព្រៃសរ​វិញភ្លាមៗ​។​តុលាការ​គ្រោង​បន្តសវនាការ​សំណុំ​រឿងនេះ​ទៀត​នៅថ្ងៃទី១០​ខែមីនា​​ខាងមុខ​។

នាយករង​ទទួលបន្ទុក​ផ្នែកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​(LICADHO) ​លោក អំ សំអាត​យល់​ឃើញថា ​មន្រ្តី​ជំនាញ​គួរបកស្រាយ​ទៅឱ្យ​ប្រជាពលរដ្ឋ​បានយល់​ដឹង​អំពី​បញ្ហា​ព្រំដែនមិនមែន​ចាប់​ខ្លួន​ពលរដ្ឋ​ នៅពេល​ពួក​គាត់និយាយ​ពី​បញ្ហាព្រំដែន​នោះទេ​។ ​លោក​បន្ថែម​ថា អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ នៅតែ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះលែងលោក រ៉ុង ឈុន និង​សកម្មជន​ដទៃ​ទៀត​ព្រោះ​សកម្មភាព​របស់​ពួក​គេកន្លងមក​ជាការ​អនុវត្តន៍​សិទ្ធិ​​បញ្ចេញមតិ​មិន​មែន​​ជា​​បទល្មើស​​នោះ​ទេ​​៖​ ​«​មានជាចម្ងល់ច្រើន​ថា ហេតុអ្វី​បានជា​ករណីហ្នឹង​ការចាប់ខ្លួន​ធ្វើឡើង​ទាំងយប់ ​បើថា​បទល្មើស​ជាក់ស្តែង ​ដែលសមត្ថកិច្ច​លើកថា ​តាំងពីថ្ងៃទី២១ មក ​ចឹង​បើពី​ថ្ងៃទី២១ ដល់ ៣១ ​បើមាន​បទទាក់ទង​នឹងការធ្វើ​ឱ្យវឹកវរ​នឹង​វឹកវរធ្ងន់ធ្ងរ ​ប៉ុន្តែរយៈពេល ​១០​ថ្ងៃហើយ​ មកធ្វើការ​ចាប់ខ្លួន​ទាំង​យប់​ ជាចំណុចមួយ »​។

អាជ្ញាធរ​បានចាប់ខ្លួន​មេសហជីពនិងជាអ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​លោក រ៉ុង ឈុន​កាលពី​យប់ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ២០២០​ក្រោយ​ពីលោក​រិះគន់​បញ្ហា​ព្រំដែន​នៅខេត្តត្បូងឃ្មុំ ដែល​ពលរដ្ឋ​អះអាង​ថាអាជ្ញាធរ​វៀតណាម​រំលោភ​យកដីពួកគាត់​។ ​ចំណែកកញ្ញា សរ កណិកា និងលោក តុន និមល​វិញ​ពួកគេ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ក្រោយ​ពេល​ចូលរួម​តវ៉ា​ឱ្យដោះលែង​លោក រ៉ុង ឈុន​និងជន​ជាប់ឃុំ​មួយ​ចំនួន​ទៀត។ ​តុលាការ​បាន​ចោទ​ប្រកាន់​សកម្មជ​ន​ទាំងបីនាក់​ពី​បទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះដែរ កាល​ពី​សប្តាហ៍មុនតុលាការ​ក្រុង​ភ្នំពេញបាន​កាត់ទោស​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះលោក សួង សុភ័ណ្ឌ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១ឆ្នាំ ៨ខែ (២០ខែ) និង​បង់សំណងឱ្យ​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជាចំនួន ៥សែន​ ដុល្លារអាមេរិក ពីបទ​ញុះញ់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ក្នុង​រយៈពេល​ជាងមួយ​ឆ្នាំមក​នេះ អាជ្ញាធរ​បានចាប់ខ្លួន​​សកម្មជន អ្នក​នយោបាយ និង​យុវជនជិត ៧០នាក់ ដាក់ពន្ធនាគារដោយ​ចោទពីបទ រួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំជាដើម។

អង្គការជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងអង្គការសហប្រជាជាតិបានថ្កោលទោសនិង​ចាត់​ទុក​ការចាប់ខ្លួន​ទាំងនេះ​ថាជាការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។ ពួក​គេ​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​នេះ​ហើយងាក​មកគោរព​សិទ្ធិ​ពលរដ្ឋ​វិញ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។