ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន រំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងផ្ដល់នីតិសម្បទាឱ្យលោកធ្វើនយោបាយឡើងវិញ ក្រោយលោកបានអនុវត្តទោសរួចរាល់ចំនួន ៣ឆ្នាំដែលតុលាការបានកំណត់។ មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការគួរតែផ្ដល់សិទ្ធិពេញលេញដល់លោក រ៉ុង ឈុន ក្រោយពីលោកបានអនុវត្តទោស ដែលព្យួរសាកល្បងចប់សព្វគ្រប់។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានអនុវត្តទោសដែលព្យួរសាកល្បងរយៈពេល៣ឆ្នាំ រួចរាល់ហើយ គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីតុលាការបានដោះលែងលោកឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ។
លោក រ៉ុង ឈុន រំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងផ្ដល់នីតិសម្បទា ឬការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ឡើងវិញដល់លោក ដើម្បីឲ្យលោកអាចធ្វើនយោបាយឡើងវិញ ។
លោក រ៉ុង ឈុន៖«យើងសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់នីតិសម្បទាឲ្យខ្ញុំវិញដើម្បីឲ្យខ្ញុំពេញលក្ខណៈជាពលរដ្ឋខ្មែរទាំងមូលតែម្ដងព្រោះយើងដឹងហើយថា នៅពេលដែលពុំមាននីតិសម្បទា ដូចជាពេលយើងចង់ឈរនៅតំណែងណាមួយ ដូចជាឈរជាបេក្ខជនតំណាងរាស្ត្រ ឬក៏ព្រឹទ្ធសភាក្ដី ខាងគ.ជ.ប ឬខាងរដ្ឋសភា ឬក្រសួងយុត្តិធម៌មិនផ្ដល់ការអនុញ្ញាតឲ្យយើងឈរទេបាទ»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានដាក់ពាក្យប្ដឹងសុំផ្ដល់សម្បទាឡើងវិញ នៅសាលាឧទ្ធរណ៍ភ្នំពេញ ក្រោមហេតុផលថា លោកបានអនុវត្តទោសរួចរាល់ហើយ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែវិច្ឆិកា ថា សាលាឧទ្ធរណ៍បានទទួលពាក្យបណ្ដឹងសុំផ្ដល់នីតិសម្បទា របស់លោក រ៉ុង ឈុន រួចហើយ ហើយលោកថា សាលាឧទ្ធរណ៍កំពុងបន្តនីតិវិធីលើបណ្ដឹងនេះ។
មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត មានប្រសាសន៍ថា បន្ទាប់ពីលោក រ៉ុង ឈុន បានអនុវត្តទោសរួចរាល់ តុលាការគួរតែផ្ដល់ នីតិសម្បទាឡើងវិញ ជូនដល់លោក។
លោក យី សុខសាន្ត៖«ពាក់ព័ន្ធទៅនឹងអ្នកនយោបាយក៏ដូចគ្នាដែរប្រសិនជា បម្រាមរបស់គាត់ត្រូវហួសពេល ឬក៏បញ្ចប់ អាហ្នឹងគាត់មានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន កាលពីថ្ងៃទី២០ ខែកញ្ញា បានចូលទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត ពាក់ព័ន្ធបទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក រ៉ុង ឈុន បានជាប់ពន្ធនាគារ ២០ខែ ពាក់ព័ន្ធនឹងការចេញសេចក្ដីថ្លែងការណ៍អំពីបញ្ហាកសិករខ្មែរបាត់បង់ដីធ្លីនៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ទៅប្រទេសវៀតណាម។ តុលាការ បានដោះលែងលោក កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមលក្ខខណ្ឌព្យួរទោសសាកល្បងចំនួន ៣ឆ្នាំ ។
អ្នកឃ្លាំមើលបារម្ភថា លោក រ៉ុង ឈុន អាចនឹងមិនទទួលបាននីតិសម្បទាឡើងវិញនោះឡើយ ដោយផ្អែកតាមស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាលកំពុងបន្តធ្វើទុក្ខបុកម្នេញ លើអ្នកនយោបាយ មាននិន្នាការផ្ទុយពីរដ្ឋាភិបាល ដូចជា ការបន្តចាប់ខ្លួនសកម្មជននយោបាយគណបក្សប្រឆាំងដាក់ពន្ធនាគារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។