គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ ឧសភា ជាទិវាពលកម្មអន្តរជាតិលើកទី១២៩ នេះ បានចេញសេចក្ដីថ្លែងការណ៍រិះគន់ភ្លាមៗ ពាក់ព័ន្ធនឹងឯករាជភាពចំពោះសមាជិកថ្មីរបស់ គ.ជ.ប ដែលបានចូលរួមអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ ជាមួយក្រុមកម្មករ សហជីព នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សេចក្ដីថ្លែងការណ៍ដែលមានហត្ថលេខារបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានសរសេររៀបរាប់ថា បានសង្កេតឃើញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ លោក រ៉ុង ឈុន សមាជិកថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅជាមួយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ លិខិតនោះបានដាក់សំណួរថា តើការចូលរួមរបស់ លោក រ៉ុង ឈុន ពិតជាសក្ដិសមនឹងមានទំនាស់ផលប្រយោជន៍ដែរឬទេ ក្នុងនាមលោកជាសមាជិក គ.ជ.ប? ហើយថា ទង្វើបែបនេះ គឺបង្ហាញនូវទំនាស់ផលប្រយោជន៍ពិតប្រាកដ និងប៉ះពាល់ដល់តម្លៃ គ.ជ.ប ដែលគណបក្សទាំងពីរបានប្ដេជ្ញានឹងធ្វើឲ្យស្ថាប័ននេះឯករាជ្យ និងអព្យាក្រឹត្យ។
ឆ្លើយតបបញ្ហានេះ លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អតីតប្រធានសហភាពសហជីពកម្ពុជា មានប្រសាសន៍ថា នេះជាការព្រួយបារម្ភហួសហេតុរបស់គណបក្សប្រជាជនកម្ពុជា ដោយគ្រាន់តែលោកទៅឃ្លាំមើលក្នុងថ្ងៃលោកឈប់សម្រាកក្រៅម៉ោងរដ្ឋបាល ដែលលោកទៅមិនមែនតំណាងឲ្យស្ថាប័ន គ.ជ.ប និងមិនបានថ្លែងសន្ទរកថាទៅកាន់កម្មករកម្មការិនីនោះទេ ប៉ុន្តែលោកទៅក្នុងនាមលោកជាពលរដ្ឋមួយរូបតែប៉ុណ្ណោះ៖ «ឯករាជភាពរបស់ គ.ជ.ប មិនមានផលប៉ះពាល់អីដែរ។ លោកមិនបានធ្វើខុសបទបញ្ជាផ្ទៃក្នុង គ.ជ.ប ដែរ។ ការថ្លែងការណ៍បែបនេះ ដូចជាខ្លាចវត្តមានខ្ញុំពេកហើយ»។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានផ្ដល់សេចក្ដីទុកចិត្ត និងបោះឆ្នោតគាំទ្រ លោក រ៉ុង ឈុន និងសមាជិកទាំង ៨រូបផ្សេងទៀត ជាសមាជិករបស់ គ.ជ.ប ដែលត្រូវបំពេញតួនាទីអព្យាក្រឹត្យ និងផ្ដាច់ខ្លួនមិនពាក់ព័ន្ធនឹងគណបក្សនយោបាយ សហជីព សង្គមស៊ីវិលនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។