ពលរដ្ឋខេត្តសៀមរាបសោកស្ដាយ និងមានមន្ទិលចំពោះអគ្គីភ័យឆាបឆេះព្រះរាជដំណាក់ស្ដេច ក្នុងក្រុងសៀមរាប កាលពីយប់ថ្ងៃទី១២ មីនា។ ពលរដ្ឋអះអាងថា ព្រះរាជដំណាក់ស្តេច សាងសង់តាំងសម័យបារាំង ដែលជាកន្លែងប្រវត្ថិសាស្ត្រ ឋិតក្នុងក្រុងសៀមរាប កៀកនឹងរូបសំណាកព្រះអង្គចេក ព្រះអង្គចម ដែលពលរដ្ឋតែងតែទៅគោរពបូជា បែបប្រពៃណី។
វិទ្យុអាស៊ីសេរីមិនទាន់ទាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជរាំង លោក គង់ សំអុល បាននៅឡើយទេ។
ក៏ប៉ុន្តែ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៣ មីនា បានប្រកាសព័ត៌មានថា ករណីអគ្គីភ័យឆេះអគារ ព្រះរាជដំណាក់តូច ក្នុងព្រះរាជដំណាក់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ មីនា បណ្តាលមកឆ្លងចរន្តអគ្គិសនី ឬ ទុស្សេខ្មែរភ្លើង។
ចំណែកអភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថា កម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ លោកបញ្ជាក់ថា អគ្គីភ័យបានឆាបឆេះអាគារមួយ ក្នុងព្រះរាជដំណាក់សៀមរាប គឺជាកន្លែងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ អភិបាលខេត្តរូបនេះ មិនទាន់បង្ហាញរបាយការណ៍លម្អិត ស្ដីពីការខូចខាតព្រះរាជទ្រព្យ និង អគារព្រះរាជដំណាក់កម្រិតណានៅឡើយទេ មកទល់ពេលនេះ។
ចំណែកពលរដ្ឋរស់នៅក្រុងសៀមរាប លោក សឿន ម៉ាលី ប្រាប់វិទ្យុអាស៊ីសេរីថា ហេតុការណ៍នេះ អាចជាការធ្វេសប្រហែសរបស់អាជ្ញាធរ ព្រោះនៅក្បែរនោះ មានរថយន្តពន្លត់អគ្គីភ័យ នៅជាប់ព្រះរាជដំណាក់ ហើយក្នុងបរិវេណនោះ ក៏មានប៉ូលិសយាមល្បាតជាប្រចាំដែរ។
លោកស្នើដល់អាជ្ញាធរឱ្យបង្ហាញព័ត៌មានឱ្យច្បាស់លាស់ ដើម្បីជម្រះមន្ទិលរបស់ពលរដ្ឋ ព្រោះទីនោះ ជាកន្លែងស្នាក់ព្រះកាយរបស់ព្រះមហាក្សត្រជាច្រើនជំនាន់មកហើយ ដែលគួរតែប្រុងប្រយ័ត្នខ្ពស់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។