ក្រុមការងារគណបក្សនយោបាយមួយចំនួន កំពុងបន្តសកម្មភាពយ៉ាងមមាញឹកក្នុងការចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥កាន់តែខិតជិតមកដល់។ ប៉ុន្តែអ្នកសង្កេតការណ៍ លើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិនេះ មានការរឹតបន្តឹងផ្នែកនយោបាយជាងអាណត្តិមុន។
ស្របពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កាន់តែខិតជិតមកដល់ គណបក្សនយោបាយធំៗចំនួន២បានដឹកនាំក្រុមការងារចុះមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សា និងបេក្ខជនឈរឈ្មោះបោះឆ្នោត។
ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ ដែលបានដាក់បេក្ខភាពប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិនេះ ក្នុងនោះគណបក្សភ្លើងទៀនកំពុងផុសផុលចុះជួបសកម្មជននៅតាមមូលដ្ឋាន ខណៈគណបក្សនេះមានចំនួនបេក្ខជនឈរឈ្មោះឃុំសង្កាត់ ប្រដំប្រសងនឹងគណបក្សប្រជាជនកម្ពុជា។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែមេសាថា ក្រុមការងារគណបក្សរបស់លោកចុះតាមមូលដ្ឋានជាបន្តបន្ទាប់នេះ ក្នុងបំណងផ្សព្វផ្សាយពីគោលនយោបាយ ដើម្បីឱ្យពលរដ្ឋយល់ដឹងពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ លោកអះអាងថា គណបក្សភ្លើងទៀនបានដាក់ចេញគោលនយោបាយសំខាន់ៗមានជាអាទិ៍ គោរពសិទ្ធអំណាចពលរដ្ឋ ការផ្តល់សេវាសាធារណៈល្អ លុបបំបាត់អំពើពុករលួយ និងការពារទ្រព្យកម្មសិទ្ធប្រជាពលរដ្ឋ៖ «សេវាសាធារណៈហ្នឹងត្រូវតែរហ័ស។ អ្វីដែលយើងអាចធ្វើទៅបាន ដោយមិនមានការរើសអើង មិនប្រកាន់និន្នការនយោបាយអ្វីទាំងអស់ និងចៀសវាងមានអំពើពុករលួយជាដាច់ខាត »។
រីឯ គណបក្សកាន់អំណាចវិញ ក៏បានស្វះស្វែងដឹកនាំក្រុមការងារចុះតាមបណ្តាទូទាំងរាជធានីខេត្ត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់បក្សខ្លួនដែរ។ សកម្មជនគណបក្សប្រជាជនកម្ពុជាភាពច្រើន លើកឡើងនៅតាមបណ្ដាញសង្គម និងរម្លឹកដល់ពលរដ្ឋឱ្យដឹងពីគុណបំណាច់នៃម្លប់សន្តិភាពក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកន្លងទៅថា គណបក្សរបស់លោកគ្រាន់តែបំពេញបន្ថែមនូវចំណុចដែលខ្វះខាតតែប៉ុណ្ណោះ ពីព្រោះកម្មវិធីនយោបាយនៅថ្នាក់មូលដ្ឋាននោះមិនអាចអនុវត្តតែមួយ ឬពីរអាណត្តិហើយទទួលលទ្ធផលនោះទេ។ លោកថា គោលនយោបាយអាទិភាពសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការប្រកួតប្រជែងខាងមុខ ដូចជាវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ។
ចំណែកគណបក្សនយោបាយចំនួនទៀតដែលពុំសូវមានបេក្ខជនឈរឈ្មោះឃុំសង្កាត់ ក៏បានចុះផ្សព្វផ្សាយពីគោលនយោបាយនៅតាមមូលដ្ឋាន និងគណបក្សខ្លះទៀតបានបង្ហាញគោលជំហ និងឆន្ទៈពីការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យនៅតាមបណ្ដាញសង្គម។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សម គន្ធាមី សង្កេតឃើញថា ដំណើរការបោះឆ្នោតឃុំសង្កាត់ក្នុងអាណត្តិនេះ មានការរឹតបន្តឹងជាងអាណត្តិមុន ដោយសារតែគណបក្សដៃគូប្រកួតប្រជែងមួយចំនួនរងការធ្វើទុក្ខបុក្ខម្នេញគ្រប់រូបភាពពីសំណាក់អាជ្ញាធរបក្សកាន់អំណាច។ លោកបន្តថា បើគណបក្សនយោបាយដែលមានបេក្ខជនឃុំសង្កាត់ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាច បន្តរងការគំរាមកំហែងដូចសព្វថ្ងៃនេះ ដំណើរការបោះឆ្នោតនឹងមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ៖ «ជាពិសេសទៅលើគណបក្សនយោបាយទើបបង្កើតថ្មីគឺភ្លើងទៀន។ គេចង់រឹតត្បិតមិនចង់ឱ្យមានភ្នាក់ងារច្រើន ព្រោះអីគណបក្សភ្លើងទៀនគេដាក់បេក្ខជនឃុំសង្កាត់ស្ទើរទូទាំងប្រទេស »។
មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យដឹងថា លោកក៏បានប្រមូលភស្តុតាងជាថ្មីទៀត និងស្នើដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាត់វិធានការលើអាជ្ញាធរប្រើអំពើហិង្សា គំរាមកំហែង ការធ្វើទុក្ខបុកម្នេញ លើសកម្មជនគណបក្សភ្លើងទៀនដែលចុះបំពេញការងារតាមមូលដ្ឋាន។ ជាងនេះទៀត លោកអំពាវនាវដល់ស្ថាប័នតុលាការដោះលែងសកម្មជនភ្លើងទៀនកំពុងជាប់ឃុំក្នុងពន្ធនាគារ ដើម្បីឱ្យពួកគេចូលរួមបោះឆ្នោត និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀនដោយសេរី។
មកទល់ពេលនេះ មានសកម្មជនគណបក្សភ្លើងទៀនចំនួន ៦នាក់ហើយ ក្នុងនោះរួមទាំងសាច់ញាតិរបស់ពួកគេផង ត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារ។ ទន្ទឹមនឹងនេះ សកម្មជនជិត ១០នាក់ទៀត ត្រូវតុលាការកោះហៅទៅបំភ្លឺពីបទញុះញង់ និងបទក្លែងឯកសារដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។
ក្រៅពីនេះសកម្មជន និងបេក្ខជនបក្សនេះជាច្រើននាក់ទៀត ត្រូវបានជនមិនស្គាល់មុខប៉ុនប៉ងធ្វើបាបដោយគប់ដុំថ្មចូលក្នុងផ្ទះ ការប្រើអំពើហិង្សា ដេញធាក់ផ្ដួលម៉ូតូគំរាមកំហែង និងរារាំងបេក្ខជនបក្សភ្លើងទៀនគ្រប់រូបភាពដែរ។ លើសពីនេះ អនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ជឿន សារឹម បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយគ្រួសារជនរងគ្រោះសង្ស័យថា ជាប់ពាក់ព័ន្ធរឿងនយោបាយ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។