គណបក្ស​កាន់អំណាច​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​សុំ​ចង​សម្ពន្ធភាព​ជាមួយ​ខ្លួន​ជ្រក​ក្រោម​ដំបូល​របស់​គណបក្ស

0:00 / 0:00

គណបក្ស​កាន់អំណាច មិន​​អនុញ្ញាត​ឱ្យ​គណបក្ស​​​សម្ព័ន្ធមិត្ត​ជិត២០ ដែល​សុំ​ចង​សម្ពន្ធភាព​នយោបាយ​​ជាមួយ​ខ្លួន​នោះ​​ជ្រក​ក្រោម​ដំបូល​របស់​គណបក្ស​នេះ​ទេ។​ អ្នកឃ្លាំមើល​មើល​នយោបាយ យល់​ថា សម្ពន្ធភាព​របស់​គណបក្ស​កាន់អំណាច​ជាមួយ​គណបក្ស​​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ ដើម្បី​បម្រើ​ប្រយោជន៍​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ។

ថ្វីដ្បិត​គណបក្ស​កាន់អំណាច​​យល់​ព្រម​ឱ្យ​គណបក្ស​នយោបាយ​​ជិត​២០ ​​ដែល​សុទ្ធ​សឹង​ជា​គណបក្ស​មិន​សូវ​ធ្វើ​សកម្មភាព​នយោបាយ ​ក្លាយ​ជា​សម្ពន្ធមិត្ត​របស់​ខ្លួន​ក្ដី ប៉ុន្តែ គណបក្ស​ទាំង​នោះ មិន​អាច​រស់​ក្រោម​ឆត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ ឥសាន ឱ្យ​ដឹង​ថា ​ការ​ចង​សម្ព័ន្ធ​របស់​គណបក្ស​កាន់អំណាច​ជាមួយ​គណបក្ស​នយោបាយ​​ទាំង​នោះ​គឺជា​ការ​រក្សា​ឯកភាព និង​អធិបតេយ្យភាព​របស់​គណបក្ស​ទាំង​នោះ​ទៅវិញ​ទៅ​មក​​ ប៉ុន្តែ​មិនមែន​ជា​ការ​ជ្រក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ លោក​លើក​ឡើង​ថា ទៀត​សម្ពន្ធភាព​របស់​គណបក្ស​កាន់អំណាច​ជាមួយ​គណបក្ស​ទាំង​នោះ កើតឡើង​ព្រោះ​​គណបក្ស​ទាំង​នោះ​មាន​គោលនយោបាយ​ដូច​គ្នា​ជាមួយ​គណបក្ស​កាន់អំណាច។ លោក សុខ ឥសាន អះអាង​ទៀត​ថា បើទោះជា​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ក្ដី ប៉ុន្តែ គណបក្ស​របស់​លោក​មិន​ប្រើប្រាស់​សិទ្ធិ​អំណាច​ទៅ​គ្រប់គ្រង​ឬ​បង្គាប់បញ្ជា​ទៅ​លើ​គណបក្ស​​សម្ព័ន្ធមិត្ត​របស់​ខ្លួន​​នោះ​ទេ។

លោក សុខ ឥសាន៖«មិនមែន​ដូច​អ្នក​ដែល​ប្រឆាំង​ថា កាលណា​មក​ចូល​ជាមួយ​គណបក្ស​ប្រជាជន​គេ​ថា មក​ចូល​ក្រោម​ស្លាក​គណបក្ស​ប្រជាជន ក្រោម​ដំបូល​គណបក្ស​ប្រជាជន​ ហើយ​បាន​សេចក្ដី​បាន​ថា ចុះចូល ហើយ​គណបក្ស​ប្រជាជន​មិនដែល​ប្រើ​ពាក្យ​ថា ចុះចូល​ទេ គឺ​គណបក្ស​ណា​ដែល​ចង​សម្ពន្ធភាព​គឺ​យើង​គោរព​ជា​គណបក្ស​ដូច​គ្នា​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់»។

លោក សុខ ឥសាន ឱ្យ​ដឹង​ទៀត​ថា មក​ដល់​ពេល​នេះ មាន​គណបក្ស​នយោបាយ​ជិត​២០​ហើយ​បាន​សុំ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ទោះ​យ៉ា​ណា​ក្ដី លោក​ថា គិត​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​រៀបចំ​របៀប​របប​ការងារ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធ្វើការ​ជាមួយ​គណបក្ស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅឡើយ។ គណបក្ស​ទាំង​នោះ​រួម​មាន គណបក្ស​ខ្មែរ​អង្គរ គណបក្ស​ចលនា​ប្រជាធិបតេយ្យ​ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​ គណបក្ស​មហា​សាមគ្គី​ខ្មែរ​ គណបក្ស​អំណាច​ពលរដ្ឋ​ គណបក្ស​រស្មី​ខេមរា គណបក្ស​ខ្មែរ​សាធារណរដ្ឋ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ជាដើម។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា គណបក្ស​កាន់អំណាច​ មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន ដោយ​​យល់​ព្រម​​ឱ្យ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ជា​សម្ព័ន្ធ​របស់​ខ្លួន​។ លោក​យល់​ឃើញ​ទៀត​ថា នៅ​ពេល​ដែល​គណបក្ស​ទាំង​នោះ​ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​កាន់អំណាច គឺ​គណបក្ស​​ប្រជាជន​កម្ពុជា នឹង​មាន​ឥទ្ធិពល​លើ​គណបក្ស​ទាំង​នោះ ដែល​គណបក្ស​កាន់អំណាច​អាច​ធ្វើ​ឱ្យ​គណបក្ស​ទាំង​នោះ​​ធ្វើ​សកម្មភាព​អ្វី​មួយ​តាម​ការ​ចង់​បាន​របស់​​ខ្លួន។ អ្នកឃ្លាំមើល​នយោបាយ រូប​នេះ ទន្ទឹមគ្នា​នោះ​ដែរ គណបក្ស​សម្ព័ន្ធមិត្ត​ទាំង​​នោះ​ក៏​នឹង​ទទួល​ផល​ប្រយោជន៍​ពី​គណបក្ស​កាន់អំណាច​វិញ​ដែរ​ ដូច​ជា​​តួនាទី ឬ​ទ្រព្យសម្បត្តិ​ជាដើម។

លោក រស់ សុដ្ឋា៖«មាន​ពីរ​ទី១ ការ​ប្រកួតប្រជែង​ទៅ​លើ​សង្វៀន​ដោយសេរី​និង​យុត្តិធម៌ ទី២ ក្នុង​ករណី​ដែល​ការ​តវ៉ា ឬ​បាតុកម្ម​អីៗ គឺ​ថា កម្លាំង​តូចៗ ក៏​ជា​កម្លាំង​មួយ​ដែរ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ណា ឧបមា​ថា គណបក្ស​មួយ​មាន​តែ​៥​ម៉ឺន​នាក់​ឧបមា​ថា ២០​គណបក្ស​ឡើង​ប៉ុន្មាន?»។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ទទួល​យក​ការ​សុំ​ចង​សម្ពន្ធភាព​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជិត២០ កាល​​ថ្ងៃ​ទី១១ ខែ​តុលា បើ​ទោះ​ជា​គណបក្ស​មាន​តែ​ឈ្មោះ​តែ​ហាក់​មិន​ឃើញ​ធ្វើ​សកម្មភាព​នយោបាយ​ក្ដី​ ហើយ​គណបក្ស​ខ្លះ​មាន​ត្រឹម​តែ​ឈ្មោះ​ តែ​មិន​បាន​ចូលរួម​ការបោះឆ្នោត​​ក៏​មាន។ ជំហរ របស់​គណបក្ស​កាន់អំណាច​​បែប​នេះ ក្រោយ​ពេល​បក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ចុងក្រោយ​នៅ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់​ថា ការ​ចង់​បាន​របស់​លោក​ ហ៊ុន សែន ពី​សម្ពន្ធភាព​នយោបាយ​នៅ​ពេល​នេះ​ ព្រោះ​ប្រធាន​គណបក្ស​កាន់អំណាច​រូប​នេះ​ចង់​បំបែកបំបាក់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ និង​ជា​ផែនការ​ទប់​ស្កាត់​មិន​​ឱ្យ​គណបក្ស​ផ្សេងៗ​ ទៀត​ទៅ​ចូលរួម​ចលនា​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។ លោក​បន្ត​ទៀត​ទេ បើ​ទោះ​ជា​គណបក្ស​សម្ព័ន្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួល​លាភសក្ការៈ​ពី​គណបក្ស​កាន់អំណាច​ក្ដី ប៉ុន្តែ​គណបក្ស​ទាំង​នោះ​នឹង​ត្រូវ​បាត់បង់​សិទ្ធិ​នយោបាយ ឬ​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​ផង​ដែរ។

លោក គឹម សុខ៖«កាលណា​ចុះ​ហត្ថលេខា​ជាមួយ​លោក ហ៊ុន​ សែន ពួកគេ​នឹង​ដើរ​ជា​អ្នក​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ទី២​ពួកគេ​នឹង​ដើរ​តួ​អុកឡុក​សម្ព័ន្ធ​អ្នក​ដែល​ចង់​បាន​ប្រជាធិបតេយ្យ​ពួកគេ​ដើរ​តួនាទី​សំខាន់​ត្រង់​ហ្នឹង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ទំនង​ជា​ដក​ឃ្លា​នៅ​ពី​ក្រោយ​ពួក​ហ្នឹង ហើយ​ពួក​ហ្នឹង​ធ្វើ​សកម្មភាព​អុកឡុក​អ្នក​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ»។

នៅ​ពេល​គណបក្ស​នយោបាយ​នានា ចាប់​ផ្ដើម​ចង់​មិត្ត​ជា​ពីរ​ប៉ូល​​ដូច្នេះ​ អ្នកឃ្លាំមើល​នយោបាយ​ថា រូបភាព​នេះ​ក៏​ផ្ដល់​ផល​ល្អ ដល់​ពលរដ្ឋ​ម្ចាស់​ដែរ ដែល​ធ្វើ​ឱ្យ​ពួកគាត់​អាច​ដឹង​ថា ក្រុម​គណបក្ស​នយោបាយ​ណា​ខ្លះ​ជា​គណបក្ស​​ប្រឆាំង ហើយ​គណបក្ស​ណា​ខ្លះ​ជា​គណបក្ស​គាំទ្រ​គណបក្ស​កាន់អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។