ប្រធាន​បក្ស​កាន់​អំណាច​នៅ​កម្ពុជា និងរុស្ស៊ី​សហការ​គ្នា​ប្រឆាំង​នូវ​អ្វី​ ដែល​ពួក​គេ​ហៅ​ថា «បដិវត្តន៍​ពណ៌»

0:00 / 0:00

ប្រធាន​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​និង​ប្រធាន​គណបក្ស​កាន់​អំណាច ​រុស្ស៊ី ​សហការ​គ្នា​ ប្រយុទ្ធ​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌។ ប៉ុន្តែ​សង្គម​ស៊ីវិល​ និង​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា ​នៅ​កម្ពុជា​គ្មាន​បដិវត្តន៍​ពណ៌​នោះ​ទេ។

ប្រមុខ​គណបក្ស​ពីរ ដែល​មាន​កំណើត​ជា​កុម្មុយនិស្ត គឺ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​ប្រធាន​គណបក្ស​រុស្ស៊ី​រួបរួម និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​រុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ (Dimitri Medvedev) និយាយ​គ្នា​អំពី​កិច្ច​សហការ​គ្នា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌។

ការ​លើក​ឡើង ​អំពី​កិច្ច​សហការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌​នេះ ក្នុង​ពេល​លោក ហ៊ុន សែន ជួប​សន្ទនា​ប្រមាណ ២០នាទី​ជាមួយ​លោក ឌីមីទ្រី ម៉េដវេដេវ (Dimitri Medvedev) តាម​ប្រព័ន្ធ​វីដេអូ (Online Video) កាល​ពី​ថ្ងៃ​ទី២២ មករា។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ នៅ​ថ្ងៃ​ទី២២ មករា ថា មេ​ដឹក​នាំ​នៃ​គណបក្ស​ទាំង​ពីរ បាន​មើល​ឃើញ​អំពី​ភាព​ចាំ​បាច់ នៃ​កិច្ច​សហប្រតិបត្តិការ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន លើក​ឡើង​ថា គណបក្ស​ទាំង​ពីរ​នឹង​ពិចារណា​បង្កើត​ព្រឹត្តិការណ៍​ចាំបាច់​នានា ដើម្បី​ផ្លាស់​ប្ដូរ​កិច្ច​សហប្រតិបត្តិការ ដែល​ធ្លាប់​មាន​ អស់​រយៈ​ពេល ២៥ឆ្នាំ​កន្លង​មក ដោយ​ការ​ជឿ​ជាក់ ការ​គោរព​គ្នា ការ​យោគ​យល់​គ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ព្រមព្រៀង​គ្នា បង្កើន​ការ​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច នៃ​មន្ត្រី​គណបក្ស​ទាំង​ពីរ។

លោក ហ៊ុន សែន បញ្ជាក់​ថា រុស្ស៊ី​គាំទ្រ​ការ​ដឹក​នាំ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​រឿង​នេះ ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ី​សេរី ​នៅ​ថ្ងៃ​ទី២៣ មករា ថា ការ​សហការ​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង បដិវត្តន៍​ពណ៌​មិន​មែន ជា​រឿង​ខុស​ទេ ពីព្រោះ​ប្រទេស​នីមួយៗ មាន​កិច្ច​សហប្រតិបត្តិការ​គ្នា។

ប៉ុន្តែ លោក​ចង់​ឱ្យ​ងាក​មក​មើល​ទិដ្ឋភាព​បច្ចុប្បន្ន​កម្ពុជា ក្នុង​ដំណាក់​កាល​នេះ​វិញ គឺ​មិន​គួរ​ខិតខំ​ទៅ​ធ្វើ​ពង្រឹង​កិច្ច​សហការ ដើម្បី​កម្ចាត់​បដិវត្តន៍​ពណ៌​ឡើយ​ ពីព្រោះ​ កម្ពុជា​សព្វ​ថ្ងៃ​ មិន​មាន​ក្រុម​ណា​មួយ​ធ្វើ​បដិវត្តន៍​ពណ៌​ទេ ហើយ​បើ​បៀបធៀប​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​រុស្ស៊ី ឃើញ​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ រី​ឯ​រុស្ស៊ី ​ជា​ប្រទេស​ដែល​មិន​មែន​ប្រជាធិបតេយ្យ​សេរី។

លោក នី សុខា ថា កិច្ច​សហប្រតិបត្តិការ​កម្ចាត់​បដិវត្តន៍​ពណ៌​នេះ ធ្វើ​ឱ្យ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ជា​ពិសេស​គណបក្ស​ប្រឆាំង​និង​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច​កាន់​តែ​មាន​ការ​បារម្ភ​និង​ភ័យ​ខ្លាច​ទៅ​វិញ។

លោក នី សុខា៖ «កន្លង​មក​ យើង​មិន​ដែល​ សង្កេត​ឃើញ​ ឬ ចាប់​អារម្មណ៍​មាន​ក្រុម​ណា​មួយ​ប៉ុនប៉ង​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌ ក្នុង​ការ​ផ្ដួល​រំលំ​អី​ទាំង​អស់​ហ្នឹង គឺ​យើង​អត់​មាន ហើយ​យើង​មិន​យល់​អត្ថន័យ​បដិវត្តន៍​ពណ៌​ថែម​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ដោយ​សារ​ប្រទេស​កម្ពុជា យើង​ប្រកាន់​ប្រជាធិបតេយ្យ​សេរី។ អ៊ីចឹង វា​អត់​មាន​មតិ​ណា​ត្រូវ​ស្រប​ទាំងអស់​ទេ វា​តែង​មាន​ក្រុម​មតិ​ផ្ទុយ​មតិ​ជំទាស់ ឬ​ក្រុម​ប្រឆាំង​ក្រុម​អី​ហ្នឹង​ហើយ ប៉ុន្តែ អ្វី​ក៏​ដោយ​ខ្ញុំ​ឃើញ​ថា កន្លងមក​ទាំង​ក្រុម​ជំទាស់​ទាំង​ក្រុម​អី​ផ្សេងៗ ហ្នឹង ខ្ញុំ​គិត​ថា​មិន​ដែល​ដើរ​ខុស​អំពី​គន្លង​គោល​ការណ៍​ប្រជាធិបតេយ្យ​ទេ»។

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​សៀវភៅ «ស» រៀបរាប់​ថា កម្ពុជា​កំពុង​កើត​មាន​នូវ​បដិវត្តន៍​ពណ៌​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថា​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ប្រមាណ ៣០០ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន នា​ពេល​នោះ។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី ​នៅ​ថ្ងៃ​ទី២៣ មករា ថា លោក ​ហ៊ុន សែន ព្រមព្រៀង​ជាមួយ​ប្រធាន​គណបក្ស​កាន់​អំណាច​រុស្ស៊ី​នេះ ដើម្បី​ពង្រឹង​អំណាច​ផ្ទៃ​ក្នុង​របស់​លោក ជា​ជាង​ការ​កម្ចាត់​បដិវត្តន៍​ពណ៌ ពីព្រោះ​គ្មាន​អ្នក​ប្រជាធិបតេយ្យ​ណា​នៅ​កម្ពុជា​ធ្វើ​បដិវត្តន៍​ពណ៌​ទេ។ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន បារម្ភ​ខ្លាច​មាន​ការ​ងើប​ឡើង ពី​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត។

លោក​បន្ថែម​ថា លោក ហ៊ុន សែន ប្រើ​នយោបាយ​ប្រឆាំង​បដិវត្តន៍​ពណ៌ ជា​ឧបករណ៍​បិទ​បាំង​កម្សោយ​នៃ​ការ​ដឹក​នាំ​របស់​លោក ហ៊ុន ម៉ាណែត ផង និង​ក៏​ជា​រូបភាព ​គំរាម​កំហែង​ដោយ​ប្រយោល​ដល់​អ្នក​ប្រជាធិបតេយ្យ​និង​ប្រជាពលរដ្ឋ​ផង។

លោក ស៊ុន ចន្ធី៖«អ្នក​បន្ត​វេន​របស់​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ មិន​ទាន់ ទទួល​បាន​ការ​គាំទ្រ​ឱ្យ​បាន​ច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ ដូច្នេះ​ហើយ បាន​ជា​គណបក្ស​កាន់​អំណាច មាន​ការ​ព្រួយ​បារម្ភ ហើយ​លើក​យក​នូវ​បញ្ហា​បដិវត្តន៍​ពណ៌​យក​មក​ធ្វើ​ជា​ការ​បិទ​បាំង​នូវ​ភាព​កម្សោយ​នៃ​ការ​ដឹក​នាំ​របស់​ខ្លួន»។

ពាក្យ​បដិវត្តន៍​ពណ៌​នេះ ​ត្រូវ​បាន​លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ជា​ញឹកញាប់ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ត្រូវ​​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៧ តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​ចោទ​គណ​បក្ស​នេះ និង​លោក កឹម សុខា ថា បាន​រៀប​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ ខ្លឹមសារ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​អតីត​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ សង្គម​ស៊ីវិល​ជាតិ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អន្តរជាតិ​ច្រានចោល​ហើយ​ថា រដ្ឋាភិបាល​កម្ពុជា មិន​មាន​ភស្តុតាង​ណា​មួយ ដើម្បី​គាំទ្រ​ការ​ចោទ ប្រកាន់​របស់​ខ្លួន​អំពី​បដិវត្តន៍​ពណ៌​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។