អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា លោក មិនជឿថា រដ្ឋាភិបាលប្រទេសថៃ យល់ព្រម ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលក្នុងដីថៃឡើយ បើទោះជាខំរកវិធីចរចាបែបណាក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីបក្សប្រឆាំងថា ទោះមេដឹកនាំបក្សប្រឆាំងចូលកម្ពុជា តាមច្រកណា ក៏ដោយ ក៏មានពលរដ្ឋខ្មែររាប់ម៉ឺននាក់ នឹងវិលចូលកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា។
លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលថៃ នឹងមិនជ្រើសយកគណបក្សប្រឆាំង ដែលរដ្ឋាភិបាលនៃរបបលោក ហ៊ុន សែន ចាត់ទុកជាក្រុមឧទ្ទាមក្រៅច្បាប់នោះឡើយ។ លោក ចំអកថា ក្រុមគណបក្សប្រឆាំង គ្មានឋានៈអ្វីទៅចរចាជាមួយរដ្ឋាភិបាលថៃទេ ហើយការដែលថៃ មិនចាប់ខ្លួន អ្នកទាំងនោះជាការល្អប្រសើរបំផុតហើយ៖ «សុំប្អូនពិចារណាមើល ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង មានឋានៈអ្វីទៅចរចាជាមួយរាជរដ្ឋាភិបាលថៃ គេមានវិធានការមិនឲ្យចូល គឺមិនឲ្យចូលហើយ បានគេមិនដាក់ខ្នោះគ្រាន់បើ។ គេឲ្យថយក្រោយហ្នឹង គ្រាន់បើបំផុតហើយ។ ប៉ុន្តែឥឡូវមកចរចាស្អី មានឋានៈនាទីអ្វី គាត់តំណាងរដ្ឋាភិបាលអ្វី ហើយទៅចរចាជាមួយរដ្ឋាភិបាលគេហ្នឹង វាអត់មានទេ អាហ្នឹងនោះ។ គាត់ថា លួងលោមចិត្តកម្មករ ដែលថា ៤០ម៉ឺននាក់នោះ»។
ការលើកឡើងនេះ ក្រោយពេលអនុប្រធានគណបក្សសង្គ្រោះជាតិ ២នាក់ប្រកាសថា បក្សប្រឆាំងរក្សាជំហរដដែល គឺចង់វិលចូលកម្ពុជាតាមច្រកព្រំដែនថៃ ដោយមានពលករខ្មែរក្រៅប្រទេសចូលរួមអមដំណោះ។ បច្ចុប្បន្នគណបក្សនេះ កំពុងចរចាការទូត ជាមួយរដ្ឋាភិបាលថៃ ដើម្បីយកទីតាំងព្រំដែនដឹកនាំកម្មករវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា។ អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា បក្សប្រឆាំងចង់ធ្វើដំណើរឆ្លងកាត់ព្រំដែនថៃទៅកម្ពុជា អត់មានការផ្លាស់ប្ដូរទេ ហើយកំពុងធ្វើការងារ ទាំងការទូត និងកិច្ចការផ្សេងទៀត ជាមួយរដ្ឋាភិបាលថៃ។
បើទោះជារបបក្រុងភ្នំពេញ បានខិតខំប្រឹងប្រែង ផ្ញើសាលក្រមតុលាការ សុំឲ្យរដ្ឋាភិបាលថៃ ជួយចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងចំនួន ៩នាក់ តាមការចោទប្រកាន់របស់តុលាការរបបលោក ហ៊ុន សែន ក៏ដោយ ក៏រដ្ឋាភិបាលថៃ មិនបានចាប់ខ្លួនពួកគេ តាមសំណើឡើយ។ រដ្ឋាភិបាលថៃ មិនបានឃាត់ខ្លួនអ្នកស្រី មូរ សុខហួរ ឬចាប់បញ្ជូនឲ្យកម្ពុជាឡើយ ដោយគ្រាន់តែបង្គាប់ឲ្យចាកចេញពីប្រទេសថៃវិញ។ មេដឹកនាំបក្សប្រឆាំង ៩នាក់ ដែលរបបក្រុងភ្នំពេញ ស្នើសុំឲ្យរដ្ឋាភិបាលថៃ រដ្ឋាភិបាលសមាជិកអាស៊ានផ្សេងទៀត ជួយចាប់ខ្លួន គឺលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហ៊ូ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និងអ្នកស្រី ជូឡុង សូមូរ៉ា។
ក្រៅពីរដ្ឋាភិបាលប្រទេសថៃ រដ្ឋាភិបាលប្រទេសជាសមាជិកអាស៊ានផ្សេងទៀត មិនបានបញ្ជាក់ថា ពួកគេបានទទួល ឬយល់ព្រមទទួលដីកា តាមសំណើរបស់របបក្រុងភ្នំពេញ ឬអត់ទេ។ ចំណែកក្រុមមេដឹកនាំបក្សប្រឆាំង នៅតែអាចធ្វើដំណើរទៅមកក្នុងប្រទេសអាស៊ានមួយចំនួន បានដោយសេរី។
ពាក់ព័ន្ធសំណើរបស់របបក្រុងភ្នំពេញនេះ មន្ត្រីបក្សប្រឆាំងនៅប្រទេសថៃប្រាប់ថា ក្រុមសេរីនិយម ក្នុងប្រទេសថៃ មិនសុខចិត្តទេ និងបានកោះហៅរដ្ឋាភិបាលថៃ ទៅសួរនាំពីករណីហាមប្រាម មិនឲ្យអនុប្រធានគណបក្សសង្គ្រោះជាតិចូលប្រទេសថៃ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ លោក លី រតនៈរស្មី អះអាងបន្ថែមថា ក្រោយការហាមប្រាម អ្នកស្រី មូរ សុខហួរ ក្រុមអ្នកសេរីនិយម បានកោះហៅរដ្ឋាភិបាលថៃ ទៅសួរនាំ។ តែយ៉ាងណា លោកប្រាប់ថា បើទោះរដ្ឋាភិបាលថៃ ឲ្យមេដឹកនាំបក្សប្រឆាំងទាំង ៩នាក់ ចូលតាមដីថៃ ឬមិនអាចចូលបាន ក៏ពលករទាំងអស់បានប្ដេជ្ញាថា នឹងវិលត្រឡប់ទៅទាមទារលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី៩ វិច្ឆិកា តាមការកំណត់ដដែល។
លោក លី រតនៈរស្មី ប្រាប់ថា បើទោះ មេដឹកនាំគណបក្សប្រឆាំង វិលចូលប្រទេសកម្ពុជា តាមផ្លូវណាក៏ដោយ ក៏លោកនឹងដឹកនាំពលកររាប់ម៉ឺននាក់ វិលចូលកម្ពុជា តាមច្រកព្រំដែនថៃដដែល៖ «ខ្ញុំជឿជាក់ថា ការងារការទូតនឹងបានជោគជ័យរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែសម្រាប់ជោគជ័យ ឬមិនជោគជ័យ ខ្ញុំថា អត់សំខាន់សម្រាប់ថ្នាក់ដឹកនាំ អនុប្រធានគណបក្ស ២នាក់ អ្វីទេ ពីព្រោះគាត់នឹងធ្វើដំណើរតាមយន្តហោះរបៀបម្ដេច អាហ្នឹងជារឿងរបស់ពួកគាត់។ ប៉ុន្តែពួកខ្ញុំ ដែលជាអ្នកធ្វើការខាងក្រោម និយាយរួមទៅ ក្នុងនាមយើង ជាអ្នកគ្រប់គ្រងនៅក្នុងប្រទេសថៃ ហើយក្នុងនាមយើងជាជនជាតិខ្មែរ យើងនៅតែមានជំហរច្បាស់លាស់ដដែល ហើយយើងមិនរាថយទេ។ ដំណើរចូលទៅក្នុងប្រទេសនៅថ្ងៃទី៩ ខែវិច្ឆិកានេះ គឺយើងត្រូវតែចូល ហើយខ្ញុំនឹងដឹកនាំបងប្អូន និងថ្នាក់ដឹកនាំដទៃៗ ទៀត ដែលយើងមានស្រាប់ បើកសិទ្ធិឲ្យយើងស្រាប់ ហើយជាមួយនឹងពលករ ពលការិនី យើងនឹងដើរចូលទៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៩ » ។
គិតត្រឹមថ្ងៃទី២៥ តុលា នៅសល់រយៈពេល ១៥ថ្ងៃទៀត ដល់ថ្ងៃកំណត់ លោក សម រង្ស៊ី និងក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ សន្យាវិលចូលប្រទេសកម្ពុជា។ លោក លី រតនៈរស្មី អះអាងទៀតថា មានពលករខ្លះ បានចូលទៅដល់កម្ពុជាជាបណ្ដើរៗ ហើយ ដើម្បីត្រៀមទទួល លោក សម រង្ស៊ី ពីខាងក្នុងប្រទេស។
អ្នកវិភាគនយោបាយ លោក គឹម សុខ សង្កេតឃើញថា រដ្ឋាភិបាលថៃ មិនប្រើវិធានការដាច់ណាត់ ឬផ្អៀងទៅរកខាងណាឡើយ គឺថៃ ប្រើវិធីសាស្ត្រឈរផ្លូវកណ្ដាលក្នុងករណីនេះ។ លោកថា រដ្ឋាភិបាលថៃបង្ហាញជំហរមិនឲ្យមេដឹកនាំបក្សប្រឆាំងចូលប្រទេសគេ ដើម្បីរក្សាទំនាក់ទំនងការទូតជាមួយកម្ពុជា និងដើម្បីកុំឲ្យរបបលោក ហ៊ុន សែន ថា ថៃ ធ្វើខុសគោលការណ៍អាស៊ាន។ ប៉ុន្តែថៃ ក៏មិនចាប់ខ្លួន មេដឹកនាំបក្សប្រឆាំងដែរ ដើម្បីកុំឲ្យមានទំនាស់ជាមួយលោកសេរី។
លោក គឹម សុខ ថា បើទោះយ៉ាងណាក្ដី រដ្ឋាភិបាលថៃ នឹងមិនរឹតបន្តឹងខ្លាំងលើអ្នកប្រជាធិបតេយ្យឡើយ គឺនៅតែអាចបង្កលក្ខណៈឲ្យសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គ្រាន់តែមិនឲ្យជួបជុំគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ដល់រាប់ម៉ឺននាក់។ ចំពោះមេដឹកនាំបក្សប្រឆាំងទាំង ៩នាក់វិញ លោក គឹម សុខ យល់ថា រដ្ឋាភិបាលថៃ ក៏នឹងមិនធ្វើទុក្ខបុកម្នេញពួកគេ តាមសំណើរបស់របបក្រុងភ្នំពេញដែរ៖ « ប្រសិនបើមានការបន្ធូរបន្ថយឲ្យចូលណាមួយ ក៏មិនអាចឲ្យចូលដល់ធ្វើសកម្មភាពនយោបាយក្ដុងក្ដាំងក្នុងទឹកដីថៃ ដើម្បីប្រឆាំងនឹងរបបក្រុងភ្នំពេញ របស់លោក ហ៊ុន សែន ដែរ ពីព្រោះ ថៃ ក៏នៅគិតអំពីហេតុផល ដែលរបបក្រុងភ្នំពេញ អាចចោទថា ជ្រៀតជ្រែកផ្ទៃក្នុងនៃប្រទេសកម្ពុជា។ ប៉ុន្តែថៃ មិនអាចសង្កត់សង្កិនជ្រុលទេ ចំពោះអ្នកប្រជាធិបតេយ្យ ដោយថៃបារម្ភថា សហគមន៍អន្តរជាតិ ក៏នឹងថ្កោលទោសខ្លួន អំពីការមិនជួយអ្នកប្រជាធិបតេយ្យដែរ។ ដូច្នេះ ខ្ញុំគិតថា ថៃរកវិធីកណ្ដាលមួយ ដើម្បីរកវិធីសម្របសម្រួល មិនឲ្យមើលឃើញរូបភាពផ្អៀងពេក ទៅខាងភាគីជម្លោះណាមួយ នៃប្រទេសកម្ពុជាទេ » ។
ថ្វីបើមកដល់ពេលនេះ របបក្រុងភ្នំពេញបង្ហាញថា គ្មានបំណងមិនបិទព្រំដែន ឬមិនចេញបញ្ជាហាមក្រុមហ៊ុនយន្តហោះដឹកមេដឹកនាំបក្សប្រឆាំងទាំង ៩នាក់ តែរបបនេះបានព្រមានថា នឹងបើកយុទ្ធនាការបង្ក្រាប ឬឈានដល់កម្ទេច បើសិនរបបនេះ យល់ថា មានសកម្មភាពរដ្ឋប្រហារ នៅថ្ងៃ លោក សម រង្ស៊ី វិលចូលកម្ពុជានោះ។ តែយ៉ាងណាក្ដី តំណាងរាស្ត្រសហរដ្ឋអាមេរិក បានព្រមានតបវិញថា នឹងប្រើទណ្ឌកម្មធ្ងន់ធ្ងរ បើរបបលោក ហ៊ុន សែន ហ៊ានចាប់ខ្លួន វាយបង្ក្រាប ឬបាញ់សម្លាប់ក្រុមអ្នកប្រជាធិបតេយ្យទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។