បក្ស​កាន់​អំណាច​ព្រមាន​លោក កឹម សុខា ដើរ​ហួស​បន្ទាត់​ក្រហម​តុលាការ ពេល​ចុះ​ជួប​អ្នកគាំទ្រ

0:00 / 0:00

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ព្រមាន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​មិន​ត្រូវធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ដើរ​ហួស​បន្ទាត់​ក្រហម​របស់​តុលាការ​នោះ​ទេ​។ ការព្រមាន​នេះ​ធ្វើឡើង ខណៈ​លោក កឹម សុខា កំពុង​មមាញឹក ជួប​អ្នកគាំទ្រ​រាប់​សិប​តាម​បណ្ដា​ខេត្ត​នានា។

​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ នឹង​ប្រព្រឹត្ត​ឡើង​នៅ ថ្ងៃទី​៥​ខែមិថុនា ខាងមុខ ប៉ុន្តែ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ មិនទាន់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅ​ឡើយ​ទេ​។ ទោះបីជា​យ៉ាងណា លោក​បាន​ស្កាត់​ជួប​អ្នកគាំទ្រ​របស់​ខ្លួន តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប និង​ខេត្ត​មួយ​ចំនួន​ទៀត​។ ពលរដ្ឋ​រាប់​សិប​នាក់​បាន​ជួប​ស្វាគមន៍​លោក កឹម សុខា ពេល​លោក​បាន​ចុះ​តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប រួមមាន​៖ ខេត្ត​កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្តសៀមរាប​ជាដើម។

​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា គឺ​លោក សួន រីដា ឲ្យ​ដឹង​តាម ហ្វេសប៊ុក​ថា ក្រុម​ពលរដ្ឋ​ចង់​ដឹង​ពី​សុខទុក្ខ និង​ចង់​ដឹង​នូវ​ព័ត៌មាន​មួយចំនួន​របស់ លោក កឹម សុខា​។ លោក​ថា លោក កឹម សុខា មាន​ជំហរ​ច្បាស់លាស់​រឹងមាំ​ក្រាញននៀល​លើ​សមរភូមិ​ជាក់ស្តែង ទើប​ពលរដ្ឋ​ខ្មែរ​គ្រប់​ច្រកល្ហក​នៅ​គាំទ្រ និង​ស្កាត់​មក​ជួប នៅពេល​ដឹង​ថា​លោក​កឹម សុខា ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​របស់​ពួកគេ​។

​ជុំវិញ​សកម្មភាព​លោក កឹម សុខា ជួប​អ្នកគាំទ្រ​ខ្លួន​ពេលនេះ​ដែរ មន្ត្រី​បក្ស​កាន់អំណាច​រំលឹក​ថា លោក កឹម សុខា មិន​ត្រូវ​ធ្វើ​សកម្មភាព​ដែល​តុលាការ​ហាមឃាត់​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ព្រមាន លោក កឹម សុខា ថា លោក​មិន​ត្រូវធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដើរ​ហួស​បន្ទាត់​ក្រហម​របស់​តុលាការ​នោះ​ទេ៖ «នេះ​ជា​រឿង​មនោសញ្ចេតនា​របស់​គាត់​ (​ លោក កឹម សុខា​ ) ដែល​ជួប​មហាជន ហើយ​ជាពិសេស​អ្នក​ដែល​ធ្លាប់​គាំទ្រ​គាត់ គឺជា​រឿង​របស់​គាត់ ប៉ុន្តែ កុំ​ឲ្យ​ហួស​បន្ទាត់​ក្រហម​ដែល​តុលាការ​បាន​កំណត់​ជូន​គាត់»។

​ជុំវិញ​ការព្រមាន​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយតប​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ទេ​នៅ​ថ្ងៃទី​២៦ ខែមីនា​នេះ។

ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា នេះ​ដែរ លោក​បាន​ស្នើសុំ​តុលាការ​ចេញទៅ​ប្រជុំ​នៅ​ទីក្រុង​ប៊ែរឡាំង (Berlin)​ប្រទេស​អាល្លឺម៉ង់​(Germany) ប៉ុន្តែ តុលាការ​មិន​អនុញ្ញាត​ឡើយ ហើយ​តម្រូវ​ឲ្យ​លោក​ប្រជុំ​តាម​អនឡាញ​(Onlin)​វិញ​។ តុលាការ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​លោក កឹម សុខា ឲ្យ​សារភាព​ទាំង​លោក​គ្មាន​កំហុស​ដើម្បី​បញ្ចប់​ក្តី​នៅ​តុលាការ​ឲ្យ​បាន​ឆាប់​។ អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ព្រមាន​ថា ប្រសិនបើ​លោក កឹម សុខា សារភាព មានន័យថា លោក កឹម សុខា នឹង​ធ្វើ​អត្តឃាត​នយោបាយ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា អ្វី​ដែល​មន្ត្រី​បក្ស​កាន់អំណាច​ថ្លែង​ដូច្នេះ​គ្រាន់តែ​ចង់​បញ្ជាក់​ថា គេ​បាន​ដឹង​ពី​ការ​ធ្វើសកម្មភាព​របស់ លោក​កឹម សុខា។ លោក​បន្ត​ថា ប្រសិនបើ​បក្ស​កាន់អំណាច ចង់​ចោទប្រកាន់​លោក កឹម សុខា គឺ​មិន​ខ្វះ​ករណី​ចោទ​ប្រកាន់​នោះ​ទេ ក្នុង​នោះ សកម្មភាព លោក កឹម សុខា ចែក​អំណោយ និង​ចុះ​ជួប​ពលរដ្ឋ​ក៏​គេ​អា​ចរក​ចោទប្រកាន់​ថា នេះ​ជា​សកម្មភាព​នយោបាយ​បាន​ដែរ។

អ្នកឃ្លាំមើល​រូប​នេះ​យល់ថា ការ​ធ្វើ​សកម្មភាព​របស់​លោក កឹម សុខា ព្រោះ​លោក​ចង់​ទប់ស្កាត់​មិន​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ចាកចេញ​ទៅ​ចូល​រួម​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ផ្សេង ព្រោះ​ពេល​នេះ​មន្ត្រីជាន់ខ្ពស់​របស់ លោក កឹម សុខា បាន​ចេញពី​លោក​ស្ទើរ​អស់​ទៅ​ហើយ ទៅ​បង្កើត​បក្ស​ថ្មី៖ «ខ្ញុំ​ថា បើ​គេ​ (​ តុលាការ​ ) ចោទប្រកាន់ ចង់​ចាប់​ចង​ដាក់បន្ទុក​គេ​ដាក់​បាន​ហើយ ពីព្រោះ​ថា​គាត់​ (​ លោក កឹម សុខា​ ) ទៅ​ក្រៅ​គេ​មិន​ឲ្យ​ទៅ តែ​ប្រជុំ​អន​ឡាញ​ (Online)​ គេ​ឲ្យ មានអី​ខុសគ្នា​គ្រាន់​មួយ​ទៅ​ផ្ទាល់ មួយ​នៅ​ប្រយោល។ គាត់​ត្រូវ​នៅ​បម្រាម​នយោបាយ មិន​ឲ្យ​ធ្វើ​នយោបាយ ហើយ​កាលណា​គាត់​ធ្វើ​សកម្មភាព​ជួប​សកម្មជន​គាំទ្រ គឺ​ធ្វើ​នយោបាយ​ខុស​បម្រាម​ហើយ»។

មក​ទល់​ពេល​នេះ មាន​គណបក្ស​នយោបាយ​ជាង ១០​បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅពេល​ខាងមុខ​។ គណបក្ស​នាំមុខ​គេ​នៅ​ពេល​នេះ មាន​គណបក្សកាន់អំណាច និង​គណបក្ស​ភ្លើងទៀន​។ មន្ត្រី​គណបក្ស​ភ្លើងទៀន​ភាគច្រើន ជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​។ ពួកគេ​ថា គណបក្ស​ភ្លើងទៀន មាន​គោលនយោបាយ​ស្រដៀង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ពួក​បាន​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​វិញ​។ ការ​កើន​ឡើង​ប្រជាប្រិយភាព​គណបក្ស​ភ្លើងទៀន​នេះ ហើយ​បាន​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​ព្រួយបារម្ភ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកវិភាគ​។ លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៥ មីនា ប្រកាស​ថា លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០២៣​វិញ មិន​ឲ្យ​កូនប្រុស​លោក គឺ លោក ហ៊ុន ម៉ាណែត យក​តំណែង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា វា​អាច​មាន​ការ​ផ្លាស់ប្តូរ ក្រោយ​ការបោះឆ្នោត​រួច​។ ទោះបីជា​យ៉ាងណា អ្នកវិភាគ​ថា លោក ហ៊ុន ម៉ាណែត មិន​មាន​គីឡូ​ដើម្បី​ប្រកួតប្រជែង​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ឡើយ​ទេ៕