ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា អាជ្ញាធរនៅក្នុងប្រទេសបារាំងអាចនឹងចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង ភ្លាមនៅពេលណា ដែលអ្នកទាំង២ជាន់ទឹកដីបារាំង។
លោកសម រង្ស៊ី អះអាងថា លោក ដែលជាជនរងគ្រោះម្នាក់នៃហេតុការណ៍គប់គ្រាប់បែកចូលក្នុងក្រុមបាតុករ កាលពី ២៤ឆ្នាំមុននោះ បានដាក់បណ្ដឹងរឿងនេះទៅតុលាការក្នុងប្រទេសបារាំង ហើយតុលាការបានស៊ើបអង្កេត និងសន្និដ្ឋានថា លោក ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង ជាប់ពាក់ព័ន្ធការរៀបចំបង្កើតហេតុការណ៍នៅថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។ តែទោះជាយ៉ាងណាក្ដី លោក សម រង្ស៊ី មិនបានបញ្ជាក់អោយច្បាស់ទេថា នោះគ្រាន់តែលទ្ធផលស៊ើបអង្កេត ឬតុលាការប្រទេសបារាំងបានចេញដីកាជាស្រេច ដែលអាចអោយអាជ្ញាធរប្រទេសបារាំងឈានទៅឃាត់ខ្លួនមេដឹកនាំរបបក្រុងភ្នំពេញ និងមន្ត្រីជំនិតរបស់លោកនោះឡើយ៖ « ហើយខ្ញុំទន្ទឹមនឹងសញ្ជាតិខ្មែរ ខ្ញុំក៏មានសញ្ជាតិបារាំងដែរ អ៊ីចឹងតុលាការបារាំងត្រូវតែចាត់ការ។ ឥឡូវហ្នឹងឃើញថា ហ៊ីង ប៊ុនហៀង ពាក់ព័ន្ធមែន ហ៊ុន សែន ហ្នឹង គឺនៅពីក្រោយហ្នឹង។ បើសិន ហ៊ុន សែន និងហ៊ីង ប៊ុនហៀង ហ្នឹងហ៊ានតែមកស្រុកបារាំង គឺខ្នោះ។ បើកុំតែខ្ញុំបានធ្វើការងារជាច្រើនប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំចុងក្រោយនេះ បានខ្ញុំសន្និដ្ឋានអម្បាញ់មិញនេះ សូមឱ្យ ហ៊ុនសែន និងហ៊ីង ប៊ុនហៀង យកសម្ដីខ្ញុំ ហើយបើសឿងធ្វើតាមអ្វី ដែលខ្ញុំជំរុញឱ្យគាត់ធ្វើទៅ ហ៊ានទេ ? ហ៊ានមកស្រុកបារាំងទេ ? ហ៊ីង ប៊ុនហៀង ហ៊ានមកស្រុកបារាំងពេលណាខ្នោះពេលហ្នុង។ ហ៊ុន សែន មកស្រុកបារាំងពេលណាខ្នោះពេលហ្នុង » ។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល និងពីមេបញ្ជាការកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង បាននៅឡើយទេនៅយប់ថ្ងៃទី៣០ ខែមីនា។
ជាមួយគ្នានេះលោក សម រង្ស៊ី ក៏មានគម្រោងថា នឹងប្រើប្រាស់មធ្យោបាយតាមផ្លូវច្បាប់អន្តរជាតិផ្សេងទៀត ពិសេសគឺតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ធ្វើយ៉ាងណារកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងកៀរគរការគាំទ្រពីប្រទេសលោកសេរី ដើម្បីអោយមានអន្តរាគមន៍ដាក់ទណ្ឌកម្មទៅបន្ថែមទៀតលើបុគ្គល ដែលពាក់ព័ន្ធនឹងរៀងនេះ។
របាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI) បញ្ជាក់ថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលកាលនោះជាប្រធាន និងអនុប្រធានក្រុមកងអង្គរក្ស លោក ហ៊ុន សែន ជាអ្នករៀបចំ និងបញ្ជាផ្ទាល់ការគប់គ្រាប់បែកលើអ្នកតវ៉ាអហិង្សា បណ្ដាលឱ្យមានអ្នកស្លាប់មិនតិចជាង ១៦នាក់ និងអ្នករបួសជាង ១០០នាក់។ កាលពីឆ្នាំ២០១៨ រតនាគារអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងមិនឱ្យឧត្ដមសេនីយ៍ ដែលគេរកឃើញថាបានរំលោភសិទ្ធិមនុស្សរូបនេះបានជាន់ទឹកដីអាមេរិកឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។