មន្ត្រី​បក្ស​ប្រឆាំង​ថា សមាជិក​សភា​នៅ​អូស្ត្រាលី​គាំទ្រ​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី​ទី​ក្រុង​ស៊ីដនី Sydney ថា សមាជិក​រដ្ឋសភា​អូស្ត្រាលី​គាំទ្រ​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា ការ​ធ្វើ​ការ​នយោបាយ​ការ​ទូត​នៅ​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី កំពុង​ទទួល​បាន​ផល​ជា​បណ្តើរៗ ហើយ។

លេខាធិការរងគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី (Australia) អ្នកស្រី ជី គឹម​អាន បញ្ជាក់ប្រាប់​អាស៊ីសេរី នៅថ្ងៃទី ២០ ខែ សីហាថា តំណាង​រាស្រ្ត​អូស្រ្តាលី​បន្ថែមទៀត ដែល​ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បានជួប សុទ្ធតែបង្ហាញ​ជំហរគាំទ្រ​ ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅកម្ពុជាឆាប់​ៗ​។ អ្នកស្រីបន្ថែមថា សមាជិកសភា​អូស្រ្តាទាំងនោះ គាំទ្រ​ការ​សម្រេចចិត្តរបស់លោក សម រង្ស៊ី ដែលត្រូវ​វិល​ទៅ​ស្រុកខ្មែរវិញនេះ <<គេចាប់អារម្មណ៍គេសរសេរថាគាត់(លោក សម រង្ស៊ី) ក្លាហានដឹកនាំខ្មែរយើងចូលស្រុកវិញ​ដើម្បីទាមទារ​លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរណា >>។

ជំហរ​គាំទ្របន្ថែមពីសមាជិកសភាអូស្រ្តាលីនេះ ត្រូវ​បាន​អ្នកស្រី ជី គឹមអាន បញ្ជាក់ថា ធ្វើ​ឡើង​ក្រោយ​លោក សម រង្ស៊ី បានជួប​តំណាង​រាស្រ្ត​អូស្រ្តាលីនៅទីក្រុង​ ស៊ីដនី នៅ​ថ្ងៃទី ២០ ខែ សីហា ដែលក្នុងនោះលោក សម រង្ស៊ី បានបញ្ជាក់ជំហរ​នយោ​បា​យរបស់ខ្លួន​ និងស្នើទៅសមាជិកសភាអូស្ត្រាលី ឲ្យជួយធ្វើជាសាក្សី​ ក្នុងការវិលចូល​ប្រទេស​កម្ពុជាវិញនេះ។

ក្នុងជំនួប​នោះដែរ អ្នកស្រី ជី គឹម​អាន ថាសមាជិកសភាអូស្ត្រាលី បានបង្ហាញការព្រួយ​បារម្ភ ​ពីឥទ្ធិពល​ចិន​នៅប្រទេស​កម្ពុជា ដោយ​ឃើញមានសារព័ត៌មាន​ចុះ​ផ្សាយ​ថា ចិនបានចុះកិច្ចព្រមព្រៀង​សម្ងាត់​ជាមួយភាគីកម្ពុជា ដើម្បី​ដាក់​មូល​ដ្ឋានកងព័ទ​នៅក្នុងតំបន់​សមុទ្ររាម ខេត្តព្រះសីហនុ និង នៅខេត្តកោះកុង។ អ្នកស្រីបន្តថា អ្នកនយោបាយអូស្ត្រាលី កំពុងតាមដានពីបញ្ហានេះយ៉ាងចិត្តទុកដាក់ <<រឿងវត្តមានចិនដែលថាយកមូលដ្ឋានយោធានៅខ្មែរយើងគេមានការបារម្ភដែរព្រោះរឿងនេះទាក់ទងសន្តិសុខមិនត្រឹមតែអូស្ត្រាលី មិនត្រឹមតែខ្មែរយើងទេ តំបន់នៅជុំវិញហ្នឹង​ក៏ប៉ះពាល់ដែរ >>។

លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ទៅដល់ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី ១៧ ខែ សីហា។ លោកនឹង​បន្ត​ជួបមន្រ្តីអូស្រ្តាលី និង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ​នៅទីនោះ រហូតដល់ថ្ងៃទី ២៦ ខែសីហា នៅ​ទីក្រុង​សំខាន់ៗ​មួយ​ចំនួនដែលពលរដ្ឋរស់នៅច្រើនដូចជា៖ ទីក្រុងស៊ីដនី (Sydney) ទីក្រុងអាដ​ឌឺឡែត (Adelaide) និងទី​ក្រុង​ម៉ែល​ប៊ន ​(Melbourne) ជាដើម។ ក្រៅពីនេះលោកនឹង​ទៅប្រទេស ណូវ៉ែលហ្ស៊េឡង់​ (New Zealand) ដែរ។ មេដឹកនាំគណបក្សសង្រ្គោះជាតិរូបនេះ តែងជួបអ្នកគាំទ្ររបស់ខ្លួន និង​សមជិករដ្ឋសភា និងព្រឹទ្ធសភា នៅតំបន់ដែលលោកចុះទៅ។

អ្នកស្រី ជី គឹមអាន ថា អ្នកគាំ​ទ្រ​គណបក្សសង្គ្រោះជាតិជាច្រើន នៅប្រទេសអូស្ត្រាលីក៏អះអាងដែរថា ពួកគេនឹង​អម​ដំណើរ​លោក សម រង្ស៊ី ក្នុងការវិលត្រឡប់ចូលប្រទេសកម្ពុជានេះ។

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ពេលនេះ​លោក សម រង្ស៊ី កំពុងស្វែងការគាំទ្រពីពលរដ្ឋខ្មែរនៅក្រៅស្រុក និងសហគមន៍អន្តរជាតិ។ លោកយល់ថា ការធ្វើដំណើររបស់លោក សម រង្ស៊ី នៅអូស្ត្រាលី​ កំពុងទទួលបាន​គាំទ្រ​ពីពលរដ្ឋ និងសមាជិករដ្ឋសភា និងព្រឹទ្ធសភា នៅប្រទេសនេះដែលការគាំទ្រនេះផ្តល់​ប្រយោជន៍​​នយោបាយដល់គណបក្សសង្គ្រោះជាតិ <<គាត់មានសំឡេងគាំទ្រកាន់តែច្រើនគាត់អាចយកតម្លៃណឹងមកដាក់ជាការចរចាឬធ្វើឲ្យអ្នកនយោបាយនៅក្នុងប្រទេសមើលអំពីស្ថានភាពណឹងអាចងាកមកការចរចាគ្នាបាន >>។

ចំណែកឯ លេខាគណបក្សសង្រ្គោះជាតិប្រចាំទីក្រុងអាឌឺឡែត (Adelaide) រដ្ឋអូស្ត្រាលីខាងត្បូងលោក ខៀវ តារា ឲ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី ១៧ ខែសីហា កន្លងទៅថា ក្នុងជំនួបរវាងលោក សម រង្ស៊ី ជាមួយសមាជិករដ្ឋសភា និងព្រឹទ្ធសភា នៅទីក្រុងនេះ ពួកគេអះអាងប្រាប់លោក សម រង្ស៊ី ថា សមាជិករដ្ឋសភា និងព្រឹទ្ធសភាអូស្ត្រាលី នឹងជំរុញទៅរ​ដ្ឋាភិ​បាលរបស់ខ្លួនឲ្យ​ដាក់ទណ្ឌកម្មលើក្រុមលោក ហ៊ុន សែន ដូចដែលអាមេរិក​បានធ្វើច្បាប់​ H.R 526 ដាក់​ទណ្ឌកម្ម​លើរបបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។