មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ ប្រកាសថា លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេស គ្រោងនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញយ៉ាងយូរបំផុតរយៈពេលបីខែទៀត ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលស្វាគមន៍ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ក៏ប៉ុន្តែអះអាងថា រដ្ឋាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់នៅពេលដែលមេបក្សប្រឆាំងរូបនេះមានវត្តមាននៅក្នុងប្រទេស។
ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ នេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយរបស់គណបក្សប្រឆាំងនៅក្នុងទីក្រុងមីនីអាប៉ូលិស រដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ មិថុនាកន្លងទៅនេះ។
សេចក្ដីថ្លែងការណ៍របស់គណបក្ស សង្គ្រោះជាតិ បញ្ជាក់ថា ដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ គឺទៅរួមសុខ រួមទុក្ខជាមួយជនរួមជាតិនៅក្នុងប្រទេសកម្ពុជា និងតស៊ូនយោបាយដោយអហិង្សា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដើម្បីឱ្យមានការដោះលែង លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ស្ដារលទ្ធិប្រជាធិបតេយ្យ និងអនុញ្ញាតឲ្យគណបក្ស សង្គ្រោះជាតិ ដំណើរការឡើងវិញ តាមលក្ខខណ្ឌរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។
អនុប្រធានគណបក្ស សង្គ្រោះជាតិ លោកស្រី មូរ សុខហួរ នៅក្នុងវេទិកាអ្នកស្ដាប់បន្ថែមរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១០ មិថុនា បញ្ជាក់ថា លោក សម រង្ស៊ី និងវិលចូលប្រទេសកម្ពុជាវិញយ៉ាងយូរបំផុតក្នុងរយះពេលបីខែខាងមុខទៀត។
លោកស្រីបញ្ជាក់ថា ការដែលគណបក្សមិនប្រាប់ពេលវេលាច្បាស់លាស់នៃដំណើរការវិលត្រឡប់របស់លោក សម រង្ស៊ី គឺដោយសារគណបក្សត្រូវរៀបចំបញ្ហាបច្ចេកទេស និងគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រធានគណបក្សប្រឆាំង។
លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងនឹងក្រៅប្រទេសចូលរួមជាមួយលោក សម រង្ស៊ី វិលចូលប្រទេសវិញផងដែរ៖ «ក្នុងការដំណើរឆ្ពោះទៅប្រទេសកម្ពុជាជាមាតុភូមិរបស់យើង។ យើងទាំងអស់គ្នាដែលនៅក្រៅប្រទេសមិនថាយើងជាអ្នកនយោបាយ ជាអ្នកភៀសខ្លួនទេគឺប្រជារាស្ត្រខ្មែរយើងសូមយកពេលអំពាវនាវនៅពេលនេះដល់ប្រជារាស្ត្រខ្មែរនៅក្រៅប្រទេសធ្វើដំណើរជាមួយយើងខ្ញុំទៅប្រទេសកម្ពុជា » ។
ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាថ្មីម្ដងទៀតថា គម្រោងរបស់លោក វិលចូលប្រទេសវិញ គ្មានអ្វីផ្លាស់ប្ដូរទេ។ លោកបញ្ជាក់ថា សូមឱ្យប្រជាពលរដ្ឋខ្មែរត្រៀមខ្លួនទទួលលោក ហើយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ឈប់ស្ដាប់បញ្ជាពីជនផ្ដាច់ការ ឈប់ទៅបាញ់ប្រហារលើប្រជាពលរដ្ឋស្លូតត្រង់ ដែលតវ៉ាដោយអហិង្សា។
អនុប្រធានគណបក្ស សង្គ្រោះជាតិម្នាក់ទៀត គឺលោក អេង ឆៃអ៊ាង បញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ចាំបាច់ ត្រូវវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីតស៊ូនយោបាយ បន្ទាប់ពីរយៈពេលជាងមួយឆ្នាំក្រោយពេលរបបក្រុងភ្នំពេញរំលាយគណបក្ស សង្គ្រោះជាតិ ដែលមិនអាចតស៊ូនយោបាយនៅក្នុងប្រទេស គឺបានតែតស៊ូនយោបាយនៅក្រៅប្រទេសប៉ុណ្ណោះ៖ «ឆ្នាំ២០១៩ នេះ គឺជាឆ្នាំដែលចាំបាច់ដែលយើងត្រូវតែចូលទៅវិញ។ អញ្ចឹងយើងឃើញថាខែនេះ គឺខែមិថុនាហើយ ៦ខែនៃឆ្នាំ២០១៩។ អញ្ចឹងវានៅសល់ ៦ខែទៀតទេវានឹងដាច់ឆ្នាំ២០១៩។ អញ្ចឹងយើងចាំបាច់វានឹងទៅហើយ។ប៉ុន្តែរយៈពេលជាក់លាក់ថាពេលណាថ្ងៃណា គឺយើងនឹងជួបគ្នាគ្នាបន្តលម្អិតជាមួយគ្នាទៀតហើយនឹងយើងជួបមួយខែក្រោយទៀតយើងនឹងជួប ដើម្បីសម្រេចជាមួយគ្នា ដើម្បីដាក់ថ្ងៃតែម្តង » ។
មេដឹកនាំរបបក្រុងភ្នំពេញបានព្រមានរួចហើយថា រដ្ឋាភិបាលនឹងកាំភ្លើងស្វ័យប្រវត្តិដើម្បីស្វាគមន៍ដំណើរនិវត្តន៍របស់មេគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ប្រសិនបើវិលត្រឡប់មកមាតុប្រទេសតាមព្រំដែនកម្ពុជាថៃ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បញ្ជាក់ថា របបរបស់លោកស្វាគមន៍ដំណើរវិលចូលមកមាតុប្រទេសវិញរបស់លោក សម រង្ស៊ី ក៏ប៉ុន្តែរដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ភ្លាមប្រឆាំង និងលោក សម រង្ស៊ី ពេលដែលមកដល់ប្រទេសកម្ពុជាវិញ៖ «មនុស្សហ្នឹងមានដីកាចាប់ខ្លួន ហើយអត់មានការលើកលែងទោសពីព្រះមហាក្សត្រទេ។ អ៊ីចឹងសមត្ថកិច្ចគេរង់ចាំឱ្យតែឃើញមុខតើ។ ទេឃើញមុខគាត់ គេដាក់ខ្នោះគាត់ មានស្អី ហើយអ្នកជូនទៅ គឺព្រឹទ្ធសភាអាមេរិក ឬរដ្ឋសភាអាមេរិក គេមិនដាក់ខ្នោះទេ ពីព្រោះគាត់អត់មានរឿងអី។ គេអញ្ជើញទៅសណ្ឋាគារ ហើយចំណែកអ្នកមានទោសគេអញ្ជើញទៅសណ្ឋាគារព្រៃសទៅ » ។
ទោះបីមានការព្រមានចាប់ដាក់ពន្ធនាគារពីមន្ត្រីរបបក្រុងភ្នំពេញបែបនេះក្តី ទាំងលោក សម រង្ស៊ី ជាមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សរបស់គណបក្សប្រឆាំងនេះ នៅតែអះអាងថា ដំណើរវិលត្រឡប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនេះ នឹងវិលទៅកម្ពុជាវិញ គឺមានយ៉ាងពិតប្រាកដនៅក្នុងអំឡុងឆ្នាំ២០១៩ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។